ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​រងគ្រោះ​ត្រៀម​ខ្លួន​ឡើង​សវនាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម

  • សុខ ខេមរា

សំណុំ​រឿង​០០២​ មានជន​ជាប់ចោទ​២​នាក់​​ ដែល​ជា​មេ​ដឹកនាំ​កំពូល​នៃ​របប​ខ្មែរ ក្រហម​គឺ​នួន ជា ​បងធំ​ទី២​ និង​ខៀវ សំផន​ ដែល​ជា​ប្រមុខ​រដ្ឋ។​

ក្រុម​ជន​រងគ្រោះ​ដែល​ជា​អ្នក​ដាក់​ពាក្យ​​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ត្រូវ​គេ​ផ្តល់​​ឱកាស​ក្នុង​ការ​ផ្តល់សក្ខី​កម្ម​ ឬ​និយាយ​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរ​ក្រហម​ទាក់ទង​នឹង​ សំណុំ​រឿង​០០២ ​វគ្គទី១។

វ៉ាស៊ីនតោន៖​ ជន​រងគ្រោះ​ត្រៀមខ្លួន​ធ្វើ​សក្ខីកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​នៅ​ក្នុង​សវនាការសប្តាហ៍​ខាង​មុខ។​

ក្រុម​ជន​រងគ្រោះ​ដែល​ជា​អ្នក​ដាក់​ពាក្យជាដើម​បណ្តឹង​រដ្ឋប្បវេណី​ត្រូវ​គេ​ផ្តល់ឱកាស​ក្នុង​ការ​ផ្តល់សក្ខី​កម្ម​ ឬ​និយាយ​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរ​ក្រហម​ទាក់ទង​នឹង​ សំណុំ​រឿង​០០២ ​វគ្គទី១។​ ពួកគេ​នឹង​និយាយ​នៅ​ក្នុង​សវនាការ​៤​ថ្ងៃ​ដែល​ចាប់​ ផ្តើម​ពីថ្ងៃទី​២៧​ ខែ​ឧសភា​ដល់ថ្ងៃ​ទី៤​មិថុនា​ខាងមុខ​ទាក់ទង​នឹង​បញ្ហា​ជម្លៀស​ ពលរដ្ឋ​ចេញពី​លំនៅដ្នាន​ដោយ​បង្ខំ។​ ក្រុម​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ស្វាគមន៍​ការ​វិវត្តន៍​នេះ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួមមួយរបស់​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​សុក្រ​ក្នុង​ប្រទេស​បារាំង​ និង​ប្រទេស​កម្ពុជា​គឺ​អង្គការ​ FIDH ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​អះអាង​ថា ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​១៣​រូប​ នឹង​ផ្តល់​សក្ខីកម្ម​អំពី​ផល​ប៉ះពាល់​ដល់​ជីវិត​របស់​ពួកគេ​ដែល​កើត​ចេញ​ពីនយោបាយ​ឧក្រិដ្ឋ​របស់​ខ្មែរ​ក្រហម​ចំពោះ​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ។​

លោក ​Patrick Baudouin​ ប្រធាន​កិត្តិយស​អង្គការ ​FIDH ​បាន​ថ្លែង​ថា៖ ​

​«នេះ​គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​សម្រាប់​ដើម​បណ្តឹង​រដ្ឋប្បវេណី។​ សវនា​ការ​ទាំង​នេះ​ផ្តល់​ឱកាស​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​បញ្ចេញ​សម្លេង​របស់​ពួកគេ​ដើម្បី​និយាយ​អំពី​ការ​ប៉ះពាល់​ផ្លូវកាយ​ ផ្លូវចិត្ត ​និង​សម្ភារៈ​ដែល​កើត​ចេញ​ពី​បទ​ឧក្រិដ្ឋ​ទាំងឡាយ​ចំពោះ​ជីវិត​របស់​ពួក​គេ ​និង​ជីវិត​របស់​ក្រុម​គ្រួសារ​ពួកគេ»។​

លោក​ធន សារ៉ាយ​ នាយក​នៃ​អង្គការ​អាដហុក ​និង​អ្នកស្រី​ពុង ឈីវកេកនៃ​អង្គការ​លីកាដូ​ បាន​បន្ទរ​ដែរ​ចំពោះ​សារៈ​សំខាន់​ដែល​សាលាក្តី​ផ្តល់​ឲ្យ​ជន​រងគ្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​បញ្ចេញ​សម្លេង​របស់​ខ្លួន ​និង​ធ្វើ​សក្ខីកម្ម​ប្រឆាំង​នឹង​មេ​ដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ នៅក្នុង​សវនាការ។​

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នេះ​បាន​និយាយ​ថា៖

«អង្គការ ​FIDH ​ អង្គការ​អាដហុក​ អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​ធានា​ថា​ ​ការ​ឈឺ​ចាប់​របស់​ជន​រងគ្រោះ​ត្រូវបាន​ទទួល​ស្គាល់​ក្នុង​សាលក្រម​ស្ថាពរ​ហើយ ជាពិសេស​ទាក់ទង​នឹង​សំណង»។​

សំណុំ​រឿង​០០២​មាន​អ្នក​ដាក់ពាក្យ​ប្តឹង​ជាង​៤០០០​នាក់។​ តែ​ពួក​គេ​តិចតួច​ ណាស់​ដែល​មាន​ឱកាស​ផ្តល់​សក្ខីកម្ម​ក្នុង​ពេល​ជំនុំ​ជម្រះ​ទោស។​

សំណុំ​រឿង​០០២​មានជន​ជាប់ចោទ​២​នាក់ដែល​ជា​មេ​ដឹកនាំ​កំពូល​នៃ​របប​ខ្មែរ ក្រហម​គឺ​នួន ជា ​បងធំ​ទី២​ និង​ខៀវ សំផន​ ដែល​ជា​ប្រមុខ​រដ្ឋ។​ ជន​ទាំងពីរ​ត្រូវ​ បាន​គេ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ ទាក់ទង​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១​លាន​៧​សែន​នាក់ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩៕
XS
SM
MD
LG