ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ព្រះរាជអាជ្ញា៖​ គុក​ទួលស្លែង​គួរ​បញ្ចូល​ក្នុង​សំណុំ​រឿង​០០២


គុគ​ទួលស្លែង​ឬ​មន្ទីរ​ស២១​គឺជា​គុក​ឧក្រិដ្ឋ​ដ៏​ធំ​បំផុត​របស់​ពួក​ខ្មែរក្រហម​ខោអាវ​ខ្មៅ។​ ជន​រង​គ្រោះ​នៅទីនេះ​យ៉ាង​តិច​១២៣៨០​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ចោល។
គុគ​ទួលស្លែង​ឬ​មន្ទីរ​ស២១​គឺជា​គុក​ឧក្រិដ្ឋ​ដ៏​ធំ​បំផុត​របស់​ពួក​ខ្មែរក្រហម​ខោអាវ​ខ្មៅ។​ ជន​រង​គ្រោះ​នៅទីនេះ​យ៉ាង​តិច​១២៣៨០​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ចោល។
ការិយាល័យ​សហ​ព្រះ​រាជអាជ្ញា​ដាក់​ពាក្យ​បណ្តឹង សារទុក្ខ​ទៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​សុក្រ​ ប្រឆាំង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ដែល​មិន​ព្រម​បញ្ចូល​គុក​ទួលស្លែង​ក្នុង​សំណុំ​រឿង​០០២។

សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ទទូចជាថ្មី​ម្តង​ទៀត​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​មន្ទីរ​សន្តិសុខ​ស២១ ​ឬ​ដែល​គេ​ស្គាល់​ថា​ គុក​ទួលស្លែង​ចូល​ក្នុង​សំណុំ​រឿង​០០២/១​ក្រោយពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ទាត់​ចោល​សំណើនេះ​កាលពី​ចុងខែ​មេសា។​
សំណើនេះ​ធ្វើ​ឡើង​ក្នុង​បណ្តឹង​ឧទ្ធរណ៍​ទៅកាន់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​១០​ ឧសភា ​ប៉ុន្តែ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ​នេះ។​

លោកស្រី​ជា លាង ​សហ​ព្រះរាជអាជ្ញា​កម្ពុជា​និង​លោក ​Andrew Cayley​ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បានស្នើ​នៅ​ក្នុង​បណ្តឹង​សារទុក្ខ​នោះ​ឲ្យ​តុលាការ​ជាន់ខ្ពស់​នេះ​សម្រេច​ដាក់​មន្ទីរស២១​ ចូល​ក្នុង​ការ​កាត់ក្តី​ដំណាក់​កាល​ទី១​នៃ​សំណុំ​រឿង​០០២ ​ឬ០០២/១​និង​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងបើក​សវនាការ​ស្តីពី​ភស្តុតាង​ដោយ​គ្មាន​អូស​បន្លាយ​ពេល​វេលា។​

បន្ថែម​ពី​នោះ​ទៀត​ សហ​ព្រះរាជអាជ្ញា​ទាំង​ពីរ​បាន​ទទូចឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ពិចារណា​លើ​បណ្តឹង​សារទុក្ខ​នេះ​ជា​ការ​ប្រញ៉ាប់។​

កាលពី​ថ្ងៃទី​២៩​ខែ​មិនា ​លោក​ចៅក្រម ​និល ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ បាន​ប្រកាស​នៅក្នុង​សេចក្តី​សម្រេច​មួយ​លើ​ការ​បំបែក​នីតិ​វិធី​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​ ដែល​កំពុង​ដំណើរការ​នេះ​ដោយ​បាន​កំណត់​វិសាល​ភាព​នៃ​ការ​កាត់ទោស​ដំណាក់កាល​ទី១​ក្នុង​សំណុំ​រឿង​០០២​នេះ​ត្រឹមតែ​ការ​ជម្លៀស​ជំហាន​ទី១​ និង​ជំហាន​ទី២ ​និង​បញ្ចូល​ទីតាំង​សម្លាប់​មនុស្ស​នៅ​ទួល​ពោធិ៍​ជ្រៃ​តែ​ប៉ុណ្ណោះ។​

លោកស្រី​ជា លាង ​និង​លោក ​Andrew Cayley ​បាន​អះអាង​នៅ​ក្នុង​បណ្តឹង​សារទុក្ខ​របស់​ខ្លួន​ថា ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​មាន​កំហុស​អង្គហេតុ​និង​អង្គ​ច្បាប់​ក្នុង​ការ​ទាត់ចោល​ការ​ស្នើ​សុំ​ឲ្យ​ដាក់​បញ្ចូល​គុក​ទួលស្លែង​ក្នុង​ការ​កាត់​ទោស​ដំណាក់កាល​ទី១​នៃ​សំណុំ​រឿង​០០២​នេះ។​

សហ​ព្រះរាជអាជ្ញា​បាន​លើក​ហេតុផល​ថា​ ការ​បញ្ចូល​មន្ទីរ​ស ២១​ក្នុង​ការ​កាត់​ក្តី​ជំហាន​ដំបូង​នៃ​សំណុំ​រឿង​ទី១​នេះ​នឹង​ដាក់​បន្ថែម​នូវ​បទ​ល្មើស​ដែល​ទាក់ទង​នឹង​ការ​ឃុំឃាំង ​ការ​ធ្វើ​ទារុណកម្ម ​ការ​ធ្វើ​ទាសករ​ ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា ​និង​រំលោភ​ផ្លូវភេទ។ ​បទ​ឧក្រិដ្ឋ​ទាំង​នេះ​ដែល​បាន​ប្រព្រឹត្ត​លើ​ក្រុម​ជាតិ​សាសន៍​ និង​ជាតិពន្ធ​ រួមមាន​ជនជាតិ​វៀតណាម ​ចាម ​ចិន​និង​ជន​ជាតិ​ភាគតិច​ផ្សេង​ទៀត។

លោក​ឡាស អលសិន​ (Lars Olsen) ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ទទួល​បណ្តឹង​របស់​ក្រុម​សហ​ព្រះរាជអាជ្ញា​រួចហើយ។​

«ឥឡូវ​នេះ ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មាន​រយៈ​ពេល​បី​ខែ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​លើ​បណ្តឹង​សារទុក្ខ​នេះ»។​

មន្ទីរ​ស២១​គឺជា​គុក​ឧក្រិដ្ឋ​ដ៏​ធំ​បំផុត​របស់​ពួក​ខ្មែរក្រហម​ខោអាវ​ខ្មៅ។​ ជន​រង​គ្រោះ​នៅទីនេះ​យ៉ាង​តិច​១២៣៨០​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ចោល៕​
XS
SM
MD
LG