ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៧០ឆ្នាំ​ក្រោម​ការត្រួតត្រា​របស់​វៀតណាម ​ការតស៊ូ​របស់​ខ្មែរ​ក្រោម​មានសំទុះ​ឡើងវិញ


អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។ (រូបផ្តល់​ឲ្យ​ដោយ​ក្រុម​អ្នក​រៀប​ចំ​សន្និសីទ)
អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។ (រូបផ្តល់​ឲ្យ​ដោយ​ក្រុម​អ្នក​រៀប​ចំ​សន្និសីទ)

ក្រុម​ពលរដ្ឋ​និងព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម​ដែល​​នៅ​ជុំវិញ​ពិភពលោក​និង​ក្រុម​សកម្មជន​តស៊ូ​បរទេស​​​គ្មាន​តំណាង​​នៅ​អង្គការ​សហប្រជាជាតិ​រួមទាំង​អ្នកជំនាញសិទ្ធិ​មនុស្ស​​អន្តរជាតិ​​ចំនួន​២០០នាក់​បាន​​ជួប​ប្រជុំគ្នា​នៅ​ឯ​សន្និសីទ​លើកទី២ស្តីពី​​«សិទ្ធិ​​ខ្មែរក្រោម​ក្នុងការ​សម្រេច​ជោគ​វាសនា​ដោយ​ខ្លួន​ឯង‍»។

សកម្មជនខ្មែរកម្ពុជា​ក្រោម​រក្សា​ក្តីសង្ឃឹម​ថាពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​នឹង​មាន​សិទ្ធិ​សេរីភាព​ពេញលេញក្នុងពេល​ខាងមុខ​ដោយសារតែ​មានយន្តការច្បាប់និង​ការយល់​ដឹង​កាន់តែ​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​ពី​បុព្វហេតុរបស់ពួកគេ​ក្នុងការទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​នៅ​លើ​ទឹកដី​កំណើតប៉ុន្តែ​បាន​អះអាង​ពីការបន្ត​ប្រើប្រាស់​យន្តការអហិង្សា​។ ​

ក្រុម​ពលរដ្ឋ​និងព្រះសង្ឃ​ខ្មែរកម្ពុជា​ក្រោម​ដែលនៅ​ជុំវិញ​ពិភពលោក​និង​ក្រុម​សកម្មជន​តស៊ូ​បរទេស​គ្មាន​តំណាងនៅ​អង្គការ​សហប្រជាជាតិ​រួមទាំង​អ្នកជំនាញសិទ្ធិ​មនុស្សអន្តរជាតិចំនួន​២០០នាក់​បានជួប​ប្រជុំគ្នា​នៅ​ឯ​សន្និសីទ​លើកទី២ស្តីពី«សិទ្ធិខ្មែរក្រោម​ក្នុងការ​សម្រេច​ជោគ​វាសនា​ដោយ​ខ្លួន​ឯង‍»​និង​ក៏​ដើម្បីរំឭក​ដល់រយៈពេល​៧០ឆ្នាំនៃការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​វៀតណាម​ផង​ដែរ។

ពិធី​ដែលមាន​លក្ខណៈ​អន្តរជាតិ​នេះត្រូវ​បាន​ប្រារព្ធឡើង​ក្នុង​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​កាលពី​ថ្ងៃសៅរ៍​ទី​១ ខែមិថុនា​។

លោក សឺន ស៊ូប៊ែរ្តិ៍ ​អតីត​សមាជិកក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ការណ៍​ដែល​ប្រទេស​បារំាងបាន​ប្រគល់ទឹកដី​ខ្មែរកម្ពុជា​ក្រោម​ឱ្យ​ទៅ​វៀតណាម​គ្រប់​គ្រង​គឺ​ជា​រឿង«​អយុត្តិធម៌‍»មួយ ​ដូច្នេះ​មានតែ​យន្តការច្បាប់​អន្តរជាតិ​ទេ​ដែល​អាច​ទាមទារ​សិទ្ធិ​សម្រាប់​ពលរដ្ឋ​ខ្មែរកម្ពុជាក្រោម​ឡើងវិញ។​

លោក​ ស៊ូប៊ែរ្តិ៍​បាន​បន្ថែម​ថា៖

«ដូច្នេះហើយ​យើងត្រូវតែ​ទាមទារ​ក្នុងមូលដ្ឋានច្បាប់​ ទាមទារ​សិទ្ធិ​សេរីភាព​និងការសម្រេច​វាសនា​ខ្លួនឯងហ្នឹងដែល​អង្គការ​សហប្រជាជាតិ​បាន​ចារនៅក្នុងធម្មនុញ្ញ​របស់​ខ្លួន​។ យើង​អត់​ចង់​ទៅ​បះបោរ​ដូច​ជាយួន​គំរាមកំហែង​ទៅ​អង្គការ​សហប្រជាជាតិ​ថា​ឱ្យ​ខ្មែរក្រោម​មានសិទ្ធិ​សេរីភាព វាគឺ​ជា​ការបំបែក​ស្រុកយួន។ យើង​អត់​ចង់ធ្វើ​អីចឹង​ពីព្រោះ​យើង​ស្រុក​ខ្មែរ​និង​ស្រុក​យួន គឺ​យើង​នៅក្នុង​តំបន់​មួយ​ដែលគេ​ហៅ​ថា​អាស៊ាន​ហើយម្ល៉ោះហើយ​វា​អត់​អាច​ទៅ​ឈ្លោះ​គ្នាបាន‍ទេ»។

សន្និសីទ​រយៈពេល​មួយថ្ងៃនេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម វិទ្យាស្ថាន​ហាវ៉ៃ​សម្រាប់​សិទ្ធិ​មនុស្ស និង​អង្គការ​ពលរដ្ឋ​និង​ប្រជាជាតិ​គ្មានតំណាង ហើយ​មាន​វាគ្មិន​សំខាន់ៗដែល​ចូលរួម​ចែក​រំលែក​បទពិសោធនៃការតស៊ូ​របស់​ពួកគេ​និងសិក្សា​ពី​ក្រុមខ្មែរ​កម្ពុជា​ក្រោម។ ពួកគេ​មក​ពី​ចលនា​រួបរួម​តស៊ូ​រំដោះ​ប៉ាពួខាងលិច (United Liberation Movement for West Papua) សភាជាតិ​កាតាឡូញ៉ា (Catalan National Assembly) និង​ សហព័ន្ធ​អាស៊ីរី​នៃ​អឺរ៉ុប​(Assyrian Confederation of Europe) ។

អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។ (រូបផ្តល់​ឲ្យ​ដោយ​ក្រុម​អ្នក​រៀប​ចំ​សន្និសីទ)
អ្នកចូលរួមក្នុង​សន្និសីទ​ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។ (រូបផ្តល់​ឲ្យ​ដោយ​ក្រុម​អ្នក​រៀប​ចំ​សន្និសីទ)

សកម្មជនខ្មែរកម្ពុជាក្រោមលើកឡើងថា​ផ្អែកលើ​បទពិសោធន៍នៃក្រុមតស៊ូ​ទាំងនេះ​ដែល​ចំណាយ​ពេល​តស៊ូ​ជាយូរ​ឆ្នាំ​មកហើយ​ប៉ុន្តែ​នៅ​មិន​ទាន់​បាន​សម្រេច​គោលដៅ គឺ​ពួកគេដឹងថាការពឹង​ពាក់មហាអំណាច​ដើម្បី​បុព្វហេតុរបស់​ជនជាតិ​ខ្លួន​ក៏​ត្រូវ​ថ្លឹងថ្លែង​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ចដែល​គេ​អាច​នឹង​ទទួល​បាន​វិញនិងកត្តាខ្លួនឯងផងដែរ។

លោក​ប្រាក់ សេរីវុឌ្ឍ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមបាន​លើកឡើង​ថា​ក្រុមសកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ខិតខំ​ពង្រឹងបន្ថែម​ទៀត​លើ​កិច្ចការផ្នែកការទូតដោយ​ទាក់ទង​ប្រទេស​ធំៗ​ដែល​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាមួយ​នឹង​វៀតណាម។ ទន្ទឹមនឹងនោះដែរ​គឺ​ការពង្រឹង​ធនធានមនុស្ស​បន្ថែម​ដែលមានក្រុម​យុវជន​ដើម្បី​បន្ត​បុព្វហេតុ​ក្នុង​រយៈពេល​យូរ។

លោក​បាន​បន្ថែម​ថា៖

«បញ្ហា​ធនធាន​មនុស្ស​ក៏យើង​ត្រូវ​រៀបចំ​ពីឥឡូវទៅរហូត​ទៅដល់មុខ​ហ្នឹង​ពីព្រោះយើង​មិន​អាច​ពឹង​ផ្អែក​តែលើ​អ្នក​ដែល​ធ្វើ​ការ​ជំនាន់ឥឡូវទៅមុខ​ទៀត​បាន​ទេ​ គឺ​ត្រូវមានមនុស្ស​ដែល​ផ្លាស់ប្តូរ​យើង​គឺ​អ្នកដែលមានគំនិតថ្មីៗ​ យុវជនជំនាន់ក្រោយ​សម្រាប់​ឱ្យ​យល់​ហើយ​ធ្វើ​ម៉េច​ផ្សព្វផ្សាយ​ឱ្យ​ច្រើន​ជាងនេះ​ទៅទៀត​ដើម្បី​ឱ្យ​បងប្អូនខ្មែរ​នៅ​ទឹកដីកម្ពុជាក្រោម​បាន​យល់ច្បាស់​ពី​ស្ថានការណ៍អន្តរជាតិ​ ពីច្បាប់​ទម្លាប់​អន្តរជាតិ​។ អីចឹងទៅ​ហ៊ាន​ងើបតស៊ូ តវ៉ា​ដោយ​សន្តិវិធីច្រើន​ជាងមុន‍»។​

រូបឯកសារ៖ លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (សឹង សុផាត/VOA)
រូបឯកសារ៖ លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (សឹង សុផាត/VOA)

អាណានិគម​បារំាងបានសម្រេច​កាត់ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​ឬកូសាំងស៊ីន ទៅ​ឱ្យ​ស្តេច​បាវ​ដាយរបស់​វៀតណាមគ្រប់គ្រងជាផ្លូវការតាំងពីថ្ងៃទី​៤ខែមិថុនា ឆ្នាំ​១៩៤៩ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​នឹង​ព្រះមហាក្សត្រខ្មែរទេ។ ចំណាត់ការនាពេលនោះ​គឺ​ក្នុងគោលបំណងទប់​ស្កាត់​ការរីក​រាលដាល​នៃ​ក្រុម​កុម្មុយនិស្ត​ដែល​បាន​គ្រប់គ្រង​វៀតណាមខាងជើងរួចទៅហើយ។ ដែនដីកម្ពុជា​ក្រោមមានទំហំ​៦៧.៧០០​គីឡូម៉ែត្រ​ការ៉េនិង​ត្រូវ​ជា​២១ខេត្ត​ដែល​មាន​កោះ​ធំៗ​ចំនួន​ពីរ​គឺ​កោះត្រល់​និង​កោះត្រឡាច។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​ប៉ាន់ស្មាន​ថា​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៧​លាន​នាក់​កំពុងរស់​នៅ​ក្នុង​ទឹកដី​ដូនតា​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម។ នៅ​ប្រទេស​កម្ពុជា​ ខ្មែរ​កម្ពុជា​ក្រោម​មានចំនួន​១,២លាននាក់។ ក្រៅពីនោះ​នៅ​ជុំវិញ​ពិភពលោកមាន​ចំនួន​ប្រហែល​៤០.០០០នាក់ដែលភាគច្រើន​គឺ​រស់នៅសហរដ្ឋ​អាមេរិក​ដែល​មានចំនួនរហូតដល់​ជាង​៣០.០០០​នាក់។ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​បាន​វាយ​តម្លៃ​ថា​ពលរដ្ឋ​វៀតណាម​ដើម​កំណើតខ្មែរ(ជាឈ្មោះផ្លូវការ) មាន​ប្រហែល​តែ​១,៤លាននាក់តែប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​ភាគច្រើន​កាន់ព្រះពុទ្ធសាសនា​នីកាយ​ថេរវាទនិង​និយាយ​ភាសា​ខ្មែរ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ មានវត្តចំនួន​៥៦០​ស្ថិតនៅ​ក្នុង​ដែន​ដី​កម្ពុជា​ក្រោមហើយសកម្មជនបានសាងសង់​វត្ត​ថ្មីនៅ​ទូទាំង​ពិភព​លោកដែលសរុប​ទាំងអស់​ចំនួន​៤០ទៀត។

ក្នុងរយៈពេល​៧០ឆ្នាំ​កន្លងមក​នេះ​មានអ្នកតស៊ូ​ខ្មែរ​កម្ពុជាក្រោម​មួយ​ចំនួន​បាន​ដឹកនាំ​ចលនា​តស៊ូ​បះបោរ​ប្រដាប់​អាវុធ​ទាំង​ក្នុងរបប​សាធារណរដ្ឋ​វៀតណាម ឬ​វៀតណាម​ខាងត្បូង​រហូតដល់របប​កុម្មុយនីស្ត​វៀតណាម​ប៉ុន្តែបាន​រង​នូវការបង្ក្រាប​ទៅវិញយ៉ាងជូចត់។ នេះ​បើតាមការរៀបរាប់​របស់​អតីត​អ្នកតស៊ូខ្លះ​ក្នុងពេល​កន្លងមក។

​បច្ចុប្បន្ន​ខ្មែរកម្ពុជា​ក្រោម​រងការរំលោភ​បំពាន​ផ្នែកសិទ្ធិមនុស្ស​ដែល​ប៉ះពាល់​ដីស្រែចម្ការ​ការ​ធ្វើទុក្ខបុកម្នេញ​ខាងផ្នែក​សាសនា កង្វះការសិក្សា​ភាសា​ខ្មែរឱ្យ​បាន​ទូលំទូលាយ គ្មានសិទ្ធិ​សេរីភាព​ក្នុងការ​និយាយ​ស្តី ​ផលប៉ះពាល់ខាងផ្នែកបរិស្ថាន​លើ​ជីវភាព​រស់​នៅនិង​ត្រូវ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​ដើម្បី​ស្វែងរកការងារធ្វើហើយ​អ្នកខ្លះ​ក៏ត្រូវ​រត់ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ដើម្បី​គេចចេញ​ពីការធ្វើទុក្ខ​បុកម្នេញ​ទាំងនោះ។

យ៉ាងណាក៏ដោយ​សកម្មជន​មើលឃើញ​ថា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មានចំណុចខ្លាំង​ដែល​ពួកគេ​អាច​នឹង​ប្រើប្រាស់​តាមផ្លូវច្បាប់នោះគឺការ​រក្សា​អត្តសញ្ញាណជាតិ​ដែលមានការ​គោរព​ព្រះពុទ្ធសាសនា រក្សា​វប្បធម៌​ខ្មែរ​ហើយ​ត្រូវ​បន្តប្រើប្រាស់ភាសា​និង​អក្សរ​សាស្រ្ត​ខ្មែរ​ជាដើម។

លោក សឺន ស៊ូប៊ែរ្តិ៍​ បាន​បន្ត​ថា៖

«នៅស្រុកក្រោមយើងនៅរក្សាភាសា​របស់យើង​ អក្សរសាស្រ្ត​របស់យើង។ នេះជាការសង្ឃឹម​យ៉ាងខ្លាំង​ដើម្បីតស៊ូតទៅមុខទៀត ដូចព្រះអង្គ​មហាឃោសនន្ទ​លោក​មានសង្ឃដីការ​កាលពី​លោក​នៅ​មាន​ជីវិត​នៅឡើយ​ថា​យើង​ត្រូវ​ធ្វើ​មួយ​ជំហានម្តងមួយ​ជំហានម្តង​ទៅមុខ​កុំ​ថយ​ក្រោយ។ ម្ល៉ោះហើយ​យើង​បាន​លទ្ធផល​ជាច្រើន​រួចទៅហើយ​យើង​អត់​ថយក្រោយ​ទេ​រហូតដល់គោល​បំណង​របស់យើង​បាន​សម្រេច‍»។

រូបឯកសារ៖ លោក សឺន ស៊ូប៊ែ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ថ្លែង​ទៅ​កាន់​ព្រះសង្ឍ​ និង​អ្នក​ចូលរូម ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​០៤​មិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ ដែល​បច្ចុប្បន្ន​ហៅថា កម្ពុជា​ក្រោម​ ​ឲ្យ​ប្រទេសវៀតណាមនៅ​ឆ្នាំ​១៩៤៩។ ​(VOA)
រូបឯកសារ៖ លោក សឺន ស៊ូប៊ែ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ថ្លែង​ទៅ​កាន់​ព្រះសង្ឍ​ និង​អ្នក​ចូលរូម ប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​០៤​មិថុនា​ ឆ្នាំ​២០១៦ នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​៦៧​ឆ្នាំ​ ថ្ងៃ​អាណានិគម​បារាំង​កាត់​ផ្ទេរ​ទឹកដី​ខ្មែរ ដែល​បច្ចុប្បន្ន​ហៅថា កម្ពុជា​ក្រោម​ ​ឲ្យ​ប្រទេសវៀតណាមនៅ​ឆ្នាំ​១៩៤៩។ ​(VOA)

លោករ៉ាលហ្វ​ ​បាន់ជ្ហិ៍​ (Ralph Bunche) អគ្គលេខាធិការ​នៃអង្គការ​ពលរដ្ឋ​និង​ប្រជាជាតិ​គ្មាន​តំណាង​បានបន្ថែម​ថា៖

«ដរាបណា​ពលរដ្ឋ​នៅ​រក្សា​បាន​វប្បធម៌ ទំនាក់ទំនង និង​សាមគ្គីភាព​ឆ្លងព្រំដែន គឺ​ពួកគេ​មាន​ឱកាស​ហើយនិង​បើសិនជា​បស្ចិមប្រទេស​ដូច​ជា​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ដាក់សម្ពាធខ្លះ​លើ​វៀតណាម​ឱ្យ​បើកសិទ្ធិ​ផ្តល់​សិទ្ធិ​ស៊ីវិល​និង​នយោបាយ​នោះគឺ​សហគមន៍​និង​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ប្រើប្រាស់​សិទ្ធិដែល​ផ្តល់​ឱ្យ​ដើម្បី​គ្រប់គ្រង​ដោយ​ខ្លួន​ឯងបាន‍»។

លោកចូស្សួរ កូផើ (Joshua Cooper) ​ប្រធាន​វិទ្យាស្ថាន​ហាវ៉ៃ​សម្រាប់​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មាន​មូលដ្ឋាន​ច្បាប់​ក្នុង​ការទាមទារ​របស់​ពួកគេ​ដែលមាន​ចែង​នៅក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​ដោយផ្អែក​តាម​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល​និង​សិទ្ធិ​នយោបាយ​និង​អនុសញ្ញាស្តីពី​សេដ្ឋកិច្ច សង្គមកិច្ច​និង​វប្បធម៌។

លោក​ចូស្សួរបាន​ពន្យល់បន្ថែមថាសន្និសីទ​នេះ​ជាការពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែលមាន​សិទ្ធិ​សេរីភាព​ក្នុងការបដិបត្តិសាសនា​ ការចូលរួម​របស់​យុវជន​ក្នុង​ការធ្វើ​សេចក្តី​សម្រេច​ចិត្ត​និង​សិទ្ធិ​ក្នុងការកំណត់អត្តសញ្ញាណ​ផ្ទាល់ខ្លួន​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​កំណត់​ខុស​លើពួកគេ។​

លោក​ចូស្សួរ បាន​បន្ថែម​ថា៖

«ដូច្នេះ​វាគឺជាការសំឡឹងមើលវិធី​ថ្មីមួយ​ឆ្ពោះទៅមុខ​ដែល​ខ្មែរក្រោម​អាច​វិលត្រឡប់​មក​រកប្រព័ន្ធ​ជនជាតិដើម​ដែល​ពួកគេ​រស់នៅ​ដោយ​សុខសាន​ជាមួយ​នឹង​ធម្មជាតិ ជាមួយ​នឹង​ទន្លេ​មេគង្គ ប៉ុន្តែ​ក៏ផ្តល់​នូវ​អនាគតមួយ​ដល់​កូនចៅ​ជំនាន់នេះ​និង​ជំនាន់​ក្រោយ​។ ដូច្នេះ​ដីធ្លី​មាននៅ​ទីនោះសម្រាប់​ពួកគេ​ហើយ​សំខាន់ជាងនេះ​ទៀត​គឺ​វប្បធម៌​មួយ​ដែល​កំណត់​គោល​នយោបាយ​និង​ធានា​យ៉ាងច្បាស់​ថា​សន្តិភាព​នឹង​កើតមានឡើង​សម្រាប់ពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុងពេល​អនាគត‍»។​

លោកស្រី កៀន សុធី ​ប្រធាន​យុវជននៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមបាន​ទទូច​ឱ្យ​យុវជនដទៃទៀត​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ទាមទារ​សិទ្ធិស្វ័យសម្រេច​ជោគវាសនា​របស់​ខ្លួន​ហើយ​បាន​ស្នើ​ឱ្យ​ជនរួមជាតិ​រក្សាក្តីសង្ឃឹម៖

«ដូច្នេះ​ហើយ​ថ្វីត្បិតតែ​យើង​នៅក្រោម​អាណានិគមយួន​មែន​ ហើយ​អ្វីដែល​យើង​ចង់​និយាយ​មាន​ការលំបាក​ខ្លាំងមែនទែន​ក៏ប៉ុន្តែ​យើង​ត្រូវតែ​ស៊ូទ្រាំ​ហើយ​មានក្តីសង្ឃឹម​ថា​យើង​មាន​សហព័ន្ធដែល​ជា​ពន្លឺ​មួយ​ដែលខ្លាំង​មែនទែន​ដែលនឹង​ជួយ​បង្ហាញ​ផ្លូវដើម្បី​ឱ្យ​យើង​មាន​សេរីភាព​ក្នុងការនិយាយស្តី​ក្នុង​ព្រះពុទ្ធសាសនា​ហើយ​ជាពិសេស​ក្នុងការដែល​យើង​ចង់​សម្រេច​វាសនា​ដោយ​ខ្លួនឯង‍»។​

ក្រុមសកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​នៅ​ទូទាំងពិភពលោ​ក​តែងតែ​ដឹកនាំធ្វើបាតុកម្ម​នៅសហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​និង​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​ទាំងនោះ​ឱ្យ​លើកឡើង​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​ខ្មែរកម្ពុជាក្រោម​នៅរាល់ពេល​ដែលមាន​ក្រុមប្រតិភូ​ត្រូវ​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម។

លោកប្រាក់ សេរីវុឌ្ឍ​ក៏បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ចងចាំថា​ខ្មែរកម្ពុជា​ក្រោម​ក៏​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ផងដែរ។

«រឿងរ៉ាវ​តស៊ូ​របស់​យើង​បើបងប្អូនខ្មែរ​នៅកម្ពុជា​មិន​ខ្វល់មិន​រវីរវល់ទេ​ ការប្រឹងរបស់​ខ្មែរ​ក្រោម​ទទេ​មិន​គ្រប់កម្លាំងទេ​ ត្រូវគិត​ដល់បងប្អូនខ្មែរក្រោម​ទោះបី​តាមផ្លូវចិត្តក្តី​ឱ្យ​តែ​យល់​រឿង​យើង។ នេះ​ហើយ​ជារឿង​មួយ​ដែល​យួន​វាព្រួយបារម្ភ​។ យួន​វាមិន​ចង់​ឱ្យ​ខ្មែរ​នៅ​កម្ពុជា​យល់​ដឹង​ពីរឿង​កម្ពុជា​ក្រោម​ ហើយ​បំភ្លេច​រឿង​ហ្នឹង​ថា​រឿងនៅស្រុកយួន​ប៉ុន្តែបើខ្មែរនៅកម្ពុជា​ចេះ​នឹក​ឃើញ​ដល់​កម្ពុជា​ក្រោម​គឺ​រឿង​យើង​អត់បាត់ទេ‍»។

លោក​ក៏បានអំពាវនាវ​ដល់អាជ្ញាធរ​កម្ពុជា​ជួយសម្រួល​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទទួល​បាន​ការជ្រកកោន​ផងនៅ​ពេល​ដែលពួកគេ​រត់ភៀសខ្លួន​មក​ដល់ទឹកដីកម្ពុជា៕ ​

XS
SM
MD
LG