នៅពេលមានការលើកសំណើពីតំណាងពលរដ្ឋខ្មែរក្រោមឲ្យរដ្ឋាភិបាលកម្ពុជាសម្រួលដល់ពលរដ្ឋខ្មែរក្រោមឲ្យបានចុះបញ្ជីកំណើត និងធ្វើអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនជាជនជាតិខ្មែរនៅឯអង្គការសហប្រជាជាតិនោះ ប្រទេសចំនួន៣ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិខ្មែរក្រោមនេះ ក្នុងនោះមានការអនុម័តយកវិធានការចាំបាច់ទាំងអស់ដើម្បីធានាថា អ្នកដែលចាប់កំណើតនៅកម្ពុជាអាចទទួលបានសញ្ជាតិខ្មែរ ហើយមានសិទ្ធិទទួលឯកសារអត្តសញ្ញាណ។
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៤ ដែលធ្វើការពង្រឹងការគោរពសិទ្ធិមនុស្សទូទៅ និងសិទ្ធិពលរដ្ឋខ្មែរក្រោម ក៏ដូចជាការលើកកម្ពស់សិទ្ធិរបស់ពលរដ្ឋជនជាតិដើមភាគតិច បានចូលរួមជាមួយអង្គការសមាគមខ្មែរក្រោមចំនួន៥ ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន៣ដែលបានបង្ហាញការយកចិត្តទុកដាក់លើសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែល VOA ទទួលបាន។
ប្រទេសចំនួន៣ ដែលបានលើកឡើងអំពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម រួមមាន ប្រទេសតូហ្គូនៅតំបន់អាហ្វ្រិកខាងលិច ប្រទេសម៉ិកសិកនៅតំបន់អាមេរិកខាងជើង និងប្រទេសអេស្ប៉ាញនៅប៉ែកអឺរ៉ុប។
ប្រទេសទាំង៣បានផ្តល់អនុសាសន៍៣សំខាន់ៗ ដែលមានទំនាក់ទំនងនឹងការការពារសិទ្ធិខ្មែរក្រោម នៅពេលប្រទេសទាំងនេះបានចូលរួមពិនិត្យរបាយការណ៍ជាសាកលតាមកាលកំណត់ ឬហៅថា UPR លើកទី៣២របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅឆ្នាំ២០១៩នេះ។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល និងសមាគមចំនួន៩ ក្នុងនោះមានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសហគមន៍ខ្មែរកម្ពុជាក្រោម (KKKC) ចុះថ្ងៃទី២៨ខែមីនា បានសរសេរថា ប្រទេសទាំង៣បានផ្តោតទៅលើបញ្ហាជាច្រើន រួមមានការប្រឆាំងនឹងការរើសអើងពូជសាសន៍ និងការចុះបញ្ជីកំណើតពលរដ្ឋដែលកើតនៅលើទឹកដីប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងអំពីអនុសាសន៍របស់ប្រទេសទាំង៣ដែលអនុសាសន៍ទាំងនោះរួមមាន៖
«បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងការរើសអើងជនជាតិភាគតិច រើសអើងពូជសាសន៍ ហើយបង្កើតផែនការសកម្មភាពជាតិប្រឆាំងនឹងការរើសអើងនិងប្រកាន់ពូជសាសន៍ […] ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការចុះឈ្មោះក្នុងបញ្ជីកំណើតសម្រាប់មនុស្សទាំងអស់ដែលកើតនៅក្នុងប្រទេសកម្ពុជា រួមមានជនជាតិភាគតិច និងប្រជាជនដែលមានការពិបាកក្នុងការចុះឈ្មោះដូចជាសហគមន៍នៅតាមព្រំដែន[...] អនុម័តយកវិធានការចាំបាច់ទាំងអស់ដើម្បីធានាថា អ្នកដែលកើតនៅក្នុងប្រទេសកម្ពុជាអាចទទួលបានសញ្ជាតិខ្មែរ ហើយមានសិទ្ធិទទួលឯកសារអត្តសញ្ញាណផងដែរ»។
លោកសឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា អនុសាសន៍ដែលប្រទេសទាំងនេះ បានលើកឡើងគឺស្របនឹងការចង់បានរបស់បងប្អូនខ្មែរក្រោម ដែលលោកអះអាងថា នៅប្រឈមផលវិបាកមួយចំនួនក្នុងការចុះបញ្ជីកំណើត ឬក៏ការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណជាជនជាតិខ្មែរ។
លោកថា ការណ៍នេះផ្ទុយនឹងការលើកឡើងថា «ខ្មែរក្រោមគឺជាខ្មែរតែមួយ»។
«បើយើងនិយាយទៅតាមគោលនយោបាយរបស់រដ្ឋ គាត់តែងតែលើកឡើងថា ខ្មែរក្រោមមកពីកម្ពុជាក្រោម មកដល់កម្ពុជាគឺជាខ្មែរ ដូច្នេះហើយ យើងបានអំពាវនាវទៅដល់រដ្ឋាភិបាលហ្នឹងឲ្យគាត់មានចែងឲ្យច្បាស់នៅក្នុងគោលនយោបាយរបស់រដ្ឋ ចែងឲ្យច្បាស់នៅក្នុងច្បាប់របស់រដ្ឋ នៅក្នុងការទាក់ទងអារឿងអត្តសញ្ញាណប័ណ្ណ ទាក់ទងអារឿងការចុះបញ្ជីកំណើត [អីជាដើមនៅក្នុងហ្នឹង]។ យើងបានសំណូមពរទៅដល់ពួកគាត់ជារឿយៗ ហើយដូច្នេះ វាពាក់ព័ន្ធទៅនឹងអនុសាសន៍ហ្នឹងក៏យើងបានស្នើផងដែរ»។
តំណាងពលរដ្ឋខ្មែរក្រោមរូបនេះបានបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានបានបន្តសហការជាមួយខាងពលរដ្ឋខ្មែរក្រោម ដើម្បីបញ្ជាក់ឯកសារមួយចំនួនដល់ពលរដ្ឋខ្មែរក្រោមដើម្បីអនុញ្ញាតឲ្យពួកគាត់បានរស់នៅប្រទេសកម្ពុជា។ ក៏ប៉ុន្តែលោកថា ពលរដ្ឋខ្មែរក្រោមទាំងនោះនៅប្រឈមនឹងផលវិបាក ពេលពួកគាត់ទៅធ្វើលិខិតរដ្ឋបាលផ្សេងៗទៀតផងដែរ តួយ៉ាងដូចជាលិខិតអត្រានុកូលដ្ឋានជាដើម។
យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបបានថ្លែងថា រដ្ឋាភិបាលកម្ពុជា ចាត់ទុក និងស្រឡាញ់ពលរដ្ឋខ្មែរក្រោម ដូចជាបងប្អូនបង្កើត។ តែការចុះបញ្ជីកំណើត ឬក៏ធ្វើប័ណ្ណសម្គាល់ខ្លួនជាជនជាតិខ្មែរនោះតម្រូវឲ្យមានការបញ្ជាក់អាសយដ្ឋានបច្ចុប្បន្នពិតប្រាកដ និងឯកសារបញ្ជាក់ពីទីកន្លែងកំណើត។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មន្ត្រីទទួលបន្ទុកចុះបញ្ជីកំណើត និងធ្វើប័ណ្ណសម្គាល់ខ្លួននឹងមិនស្ទាក់ស្ទើរចិត្តដើម្បីបំពេញកិច្ចការទាំងអស់នេះ ដល់ពលរដ្ឋខ្មែរក្រោមនោះទេ ប្រសិនបើពួកគាត់ បំពេញបានលក្ខខណ្ឌដូចបានពណ៌នាខាងលើនេះ។
«ការចុះបញ្ជីប្រជាពលរដ្ឋខ្មែរធម្មតាខ្មែរគឺខ្មែរ ដូចយើងធ្វើអត្តសញ្ញាណប័ណ្ណអ៊ីចឹង! ហ្នឹងហើយអត្តសញ្ញាណប័ណ្ណ ឬទីកន្លែងកើត ថ្ងៃកំណើត ហើយនឹងឈ្មោះថ្ងៃខែឆ្នាំកំណើត ទីកន្លែងអាសយដ្ឋាន បច្ចុប្បន្នហ្នឹងហើយ។ សំខាន់បំផុត ប៉ុណ្ណឹង»។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះអះអាងថា កម្ពុជាគ្មានការរើសអើងលើពលរដ្ឋខ្មែរក្រោមនោះឡើយ ពោលគឺកម្ពុជាបានដង្ហែតាមព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចនរោត្តមសីហនុ ដែលព្រះអង្គចាត់ទុកថា ពលរដ្ឋខ្មែរមកពីទឹកដីកម្ពុជាក្រោមគឺជាជនជាតិខ្មែរ។
«ព្រះបរមរតនកោដ្ឋ លោកមានបន្ទូលហើយ ពេលបងប្អូនលោកនៅខាងណោះ គឺជាជនជាតិស្ថិតក្រោមច្បាប់គេខាងហ្នុងទៅ។ ពេលដែលគាត់មកជាខ្មែរ មិនចាំបាច់សុំសញ្ជាតិទេគឺជាជនជាតិខ្មែរ ហើយយើងប្រកាន់នូវគោលការណ៍ហ្នឹង ឲ្យគាត់មានទីលំនៅច្បាស់លាស់ទៅ»។
នាយឧត្តមសេនីយ៍ខៀវ សុភ័គថ្លែងបញ្ជាក់បន្ថែមអំពីការណ៍ដែលកម្ពុជា គ្មានការរើសអើងលើពលរដ្ឋខ្មែរក្រោមយ៉ាងដូច្នេះ៖
«យើងដឹងស្រាប់ហើយ ខ្មែរយើង បើខ្មែរកម្ពុជាក្រោមគាត់មិនចាំបាច់អី ក៏យើងបេះដូងស្គាល់គ្នាដែរ មិនដែលមានការរើសអើងទេ ឲ្យតែយើងចេញពីខ្មែរកម្ពុជាក្រោមដឹងតែខ្មែរយើងទទួលភ្លាមទៅហើយ។ ខ្មែរកម្ពុជាក្រោម ក៏អ៊ីចឹងដែរ»។
រហូតមកដល់ពេលនេះមិនទាន់មានស្ថិតិជាក់លាក់បញ្ជាក់ពីចំនួនប្រជាជនខ្មែរក្រោមដែលបានមករស់នៅ ឬក៏ចាប់កំណើតក្នុងប្រទេសកម្ពុជាទេ។ នេះបើតាមការបញ្ជាក់របស់លោកសឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។
លោកសឺន ជុំជួនបានឲ្យដឹងថា តាមការប៉ាន់ស្មាន មានពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួនប្រមាណជាង១លាននាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះមានពលរដ្ឋខ្មែរក្រោមចំនួនពី២០ទៅ៣០ភាគរយនៃពលរដ្ឋប្រមាណ១លាននាក់នោះ មិនទាន់មានឯកសារបញ្ជាក់ការរស់នៅស្របច្បាប់នៅកម្ពុជានៅឡើយ។ លោកថា ពលរដ្ឋខ្មែរក្រោមភាគច្រើនដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា គឺជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងជាអ្នកប្រកបរបរជាងសំណង់ ឬកម្មករសំណង់៕