ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរក្រោម​ខំ​តស៊ូមតិ​ឲ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​លើ​ទឹក​ដី​កម្ពុជា​ក្រោម


រូបឯកសារ៖ លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (សឹង សុផាត/VOA)
រូបឯកសារ៖ លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (សឹង សុផាត/VOA)

ការបន្ត​កិច្ចប្រឹង​ប្រែង​តស៊ូមតិ​លើ​ឆាក​អន្តរជាតិ​ គឺដើម្បី​ធ្វើឲ្យ​មានសេរីភាព ​និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​បារាំង បាន​កាត់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​វៀតណាម​កាលពី​៧០ឆ្នាំ​មុន​ផង​ដែរ។

ក្រុមអ្នក​តស៊ូ​មតិ​ខ្មែរកម្ពុជា​ក្រោម បាន​បន្ត​ការតស៊ូមតិ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ នៅក្នុង​ពេល​ពួកគេ​ប្រុងប្រៀប​រៀបចំ​សន្និសីទ​ធំ​មួយ​ក្នុង​ប្រទេស​ហូឡង់ ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ឲ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​ជោគវាសនា​ដោយ​ខ្លួនឯង​និង​សេរីភាព ហើយ នឹង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​ទៅ វៀតណាម​គ្រប់គ្រង​កាលពី​ឆ្នាំ​១៩៤៩។

ក្រុម​មេដឹកនាំ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​ជុំវិញ​ពិភពលោក​និង​ក្រុម​អ្នកជំនាញ​នានា នឹង​ជួប​ប្រជុំគ្នា​នៅក្នុង​ទីក្រុង ឡាអេ ​ប្រទេស​ហូឡង់​នៅដើម​ខែមិថុនា​ឆ្នាំ២០១៩​ខាងមុខ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ ពិភពលោក​លើក​ទី២ ​ដែល​ផ្តោតលើ «សិទ្ធិ​ខ្មែរក្រោម​ក្នុងការ​សម្រេច​ជោគ​វាសនា ដោយ​ខ្លួនឯង‍»​ ក្នុង​ពេល​ជាមួយគ្នា​ដែល​មាន​ការប្រារព្ធ​ខួបលើក​ទី៧០ ​នៃ​ការបាត់បង់ ទឹកដី​កម្ពុជា​ក្រោម។ ​ការបន្ត​កិច្ចប្រឹង​ប្រែង​តស៊ូមតិ​លើ​ឆាក​អន្តរជាតិ​ គឺដើម្បី​ធ្វើឲ្យ​មានសេរីភាព ​និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​បារាំង បាន​កាត់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​វៀតណាម​កាលពី​៧០ឆ្នាំ​មុន​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅសប្តាហ៍​នេះ ​ដើម្បីជួប​ប្រជុំ​ជា មួយ​ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​ និង​ទីភ្នាក់ងារ​អន្តរសាសនា​អាមេរិក​ដើម្បី​បន្តការ តស៊ូមតិ ​និង​ជម្រាប​ពីស្ថានភាព​សិទ្ធិមនុស្ស ​និង​ សេរីភាព​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោមផង​នោះ​ លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​បាន​ថ្លែង ប្រាប់ ​VOA ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ការ​តស៊ូមតិ​លើ​ឆាក​អន្តរជាតិ​នេះគឺ​ធ្វើ​ឡើង តាមច្បាប់​និង​បែប​អហិង្សា។

«ហើយ​យើង​ក៏មិន​ចង់​ធ្វើអ្វី​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បងប្អូន​ខ្មែរក្រោម​ដែរ​ យើង​ធ្វើតាម រយៈការទូត​អន្តរជាតិ​ តាមផ្លូវ​ច្បាប់​អន្តរជាតិ​ដោយ​សន្តិវិធី‍»។

លោក ​ប្រាក់ សេរីវុឌ្ឍ​បាន​អះអាង​ថាអ្វី​ដែល​លោក​ធ្វើ​ចលនា​លើ​ឆាក​អន្តរជាតិ​គឺ​ដើម្បី ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ និង​ពលរដ្ឋ​ខ្មែរ ​បាន​យល់​ពី​សិទ្ធិ​របស់ខ្លួន​ ហើយ​ហ៊ាន​ចូលរួម​តវ៉ា និង​ទាមទារ​ការបាត់​បង់​ទឹកដី​និង​សិទ្ធិ​ផ្សេងៗ​ ជាពិសេស​ការសម្រេច​ជោគ​វាសនា ដោយ​ខ្លួនឯង​ដូចនៅ​ក្នុង​ប្រទេស​ជាច្រើន ​រួមទាំង​ប្រទេស ​ទីម័រខាងកើត ​ដែល​បាន ទាមទារ​ឯករាជ្យ​ពីឥណ្ឌូនេស៊ី​ ហើយ​ត្រូវ​អន្តរជាតិ​គាំទ្រ។​លោក ​បាន​ដក​ស្រង់​សម្តី របស់​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ម្នាក់​ដែល​លោក​មិនប្រាប់​ឈ្មោះ​ពេញ​ហើយ​បាន​ចូលរួម​ជាវាគ្មិន​កាលពី​សន្និសីទ​កន្លង​ទៅ​មក​បញ្ជាក់​អំពី​ក្តីសង្ឃឹម​លើការ​ទាមទារ ទឹកដី​កម្ពុជា​ក្រោម​ថា៖

«គាត់ថា​ប្រទេស​កម្ពុជា​ដូចជា​អ្នកទិញ​ឡាន​មួយថ្មី​ចេស ​គឺ០ ម៉ៃល ​(Zero mile) ​ហើយ បារាំង​ហ្នឹង​ជាអ្នក​ខ្ចី​ឡាន​ខ្មែរ​យក​ទៅបើក​ ពេល​បើក​រួចហើយ​ក្នុង​ឆ្នាំ​១៩៤៩ ​មិនសង មកខ្មែរ​ឬកម្ពុជា​ជាម្ចាស់​វិញទេ​ តែយក​ឡាន​ទៅលក់​ឲ្យយួន​ (វៀតណាម)។ ​រដ្ឋាភិបាល ខ្មែរ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​មិនដែល​បាន​ចុះហត្ថលេខា​លក់ឡាន​ឲ្យយួន​ឬប្រគល់​ឡាន ហ្នឹងឲ្យ​យួនទេ ​គឺថា​បារាំង​យកទៅ​ដោយ​រំលោភ​ច្បាប់។ ​ឥឡូវ​វាចង់​៧០ឆ្នាំ​ហើយ​បើ គិតតាម​ច្បាប់​ ឡាន​ទោះបី​យួន​យក​ទៅប្រើ​៧០ឆ្នាំ​ក៏ដោយ​ប៉ុន្តែ​ឈ្មោះ​ឡាន​ហ្នឹង​ នៅ​តែ​ជា​ឡាន​របស់​ខ្មែរ​ តែគាត់​គ្រាន់តែ​វាស្តាយ​ប៉ុណ្ណេះ ​ឡាន​កាលពី​គេយក​ទៅ​នៅថ្មី ​០ ម៉ៃ ​បើក​តិចតួច​នៅប្រើ​ការកើត ​តែដល់​ប្រើអស់​រយៈពេល​៧០ឆ្នាំ​ក្រែង​លោម៉ាស៊ីន វាពុក ​ទំរាំ​បាន​វិញ​ហ្នឹង​វាពុក​ បានន័យ​ថាខ្មែរ​នឹង​រលាយ​អស់​ពូជសាសន៍‍»។

លោក​ទទូចថា​អាជ្ញាធរ​វៀតណាម​ត្រូវ​បញ្ឈប់​នូវអ្វី​ដែល​លោក​បាន​ចោទ​ប្រកាន់​ថា មាន​ការរិត​ត្បិត​សេរីភាព​សាសនា ​ការរំលោភ​សិទ្ធិ​ខ្មែរកម្ពុជា​ក្រោម។

«រឿងនេះ​សម្រេច​នៅលើ​រដ្ឋាភិបាល​វៀតណាម។ បើ​រដ្ឋាភិបាល​វៀតណាម​ចង់​រស់នៅ ជាមួយ​បងប្អូន​ខ្មែរក្រោម​ដូច​ជនជាតិ​ដទៃ​គ្រប់សាសន៍​ដែល​មក​រស់នៅ​សហរដ្ឋ អាមេរិក​ ហើយ​អាច​រស់នៅ​សុខដុមរមនា​នឹងគ្នា​ រដ្ឋាភិបាល​វៀតណាម​ត្រូវ​ផ្តល់ សេរីភាព ​សមភាព​ វាមិន​បាន​ស្មើគ្នា​១០០​ ភាគរយ​ តែក៏​ប្រហែល​នៅ​អាមេរិក ​ដែល​យើង​ជា​ជនភៀស​ខ្លួន​គ្រប់​សាសន៍​មកនៅ​បាន​នោះ។ ​ការណ៍​នោះ​វាអាច​មើល​មុខគ្នា បាន​សុខ​យូរ​អង្វែង​ តែបើ​វៀតណាម​ចាត់ទុក​យើងថា​ជា​ទាសករ ​ធ្វើបាប​យើង​ស្រេច តែចិត្ត ​(នោះមិន​អាចទៅ​រួចទេ) ​គឺ ​ទីណា​មាន​ការជិះជាន់​ ទីនោះ ​មានការ​រើបម្រះ‍»។

លោក​ ត្រាន់ ម៉ានរិន្ទ ​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅ សហរដ្ឋ​អាមេរិក​បាន​អះអាងថា​នៅឯ​សន្និសីទ​ក្នុង​ទីក្រុង​ឡាអេ ​ដែលជា​ទីស្នាក់ការ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីនោះ​ នឹងមាន​ការពិភាក្សា​គ្នា​ស៊ីជម្រៅ​ទៅលើ ការសម្រេច​វាសនា​ដោយខ្លួន​ឯង​របស់​ខ្មែរក្រោម​ដែលជា​ជនជាតិ​ដើមភាគ​តិច​នៅលើ ទឹកដី​ខ្មែរ ​ដែល​វៀតណាម​កំពុង​កាន់​កាប់។

«ចប់ពីហ្នឹង​ទៅយើង​នឹង​ប្រមូល​នូវគំនិត​របស់​អស់លោក​វាគ្មិន​ដែលជា​អ្នកជំនាញ​ការ ខាង​ជនជាតិ​ដើម ​ខាងការ​សម្រេច​វាសនា​ខ្លួនហ្នឹង​ យើង​ប្រមូល​គំនិត ​កន្លែង​ណាល្អ កន្លែងណា​យើងអាច​ធ្វើទៅ​បាន ​យើង​នឹង​សិក្សា‍»។

លោក​បាន​អះអាងថា​ ដែនដី​ប៉ាពួ​ខាងលិច​( West Papua ) ​នៃប្រទេស​ឥណ្ឌូនេស៊ី​បាន ដាក់ញត្តិ​ទៅកាន់​អង្គការ​សហប្រជាជាតិ​ ដើម្បី​សម្រេច​ជោគ​វាសនា​ដោយខ្លួន​ឯង ដែល​លោក​ថា​នេះជា​រឿង​ពិសេស​ណាស់។

«សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​នៅ​វៀតណាម មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​សិទ្ធិហ្នឹង​ មិន​មែន​សហព័ន្ធ​ទេ ​ហើយ​សម្រេច​យ៉ាងណា​គឺស្ថិតនៅ​លើ​ប្រជាពលរដ្ឋ ​មិនមែន សហព័ន្ធ​ទេ។​ រូបមន្ត​សម្រេច​មាន២​ឬ៣។​ទី១ ​គឺសុខចិត្ត​នៅដូច​ជា​សភាព​ការណ៍ សព្វថ្ងៃ​អីចឹង។​ ទី២ ​ជារដ្ឋ​ស័្វយ័ត​។ ទី៣ ​គឺផ្តាច់ខ្លួន​ជារដ្ឋ​ឯករាជ្យ​រឿងហ្នឹង​ហើយ​ដែល ថា​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ​ដែលមាត្រា​ទី៣​នៅ​(ក្នុងច្បាប់)​ជនជាតិ​ដើម​ហ្នឹង​គេបាន​និយាយ​ច្បាស់​ក្នុងរឿង​ហ្នឹង។ ​ហើយ​បែរ​មករឿង​កម្ពុជា​ក្រោមវិញ​គឺ​ថា​ទិសដៅ របស់​យួន​សព្វថ្ងៃ​ហ្នឹង​គឺគេ​ចង់លុប​បំបាត់​ខ្មែរកម្ពុជា​ក្រោម ​ខ្មែរយើង​នៅឯ​កម្ពុជា​ក្រោម គោលដៅ​គេវែង​ឆ្ងាយ‍»។

ទឹកដី​ខ្មែរកម្ពុជា​ក្រោម​ ដែលមាន​ទំហំ​៨៩០០០​គីឡូម៉ែត្រ​ការ៉េ​ត្រូវ​បារាំង​កាត់ឲ្យ​ទៅ ស្ថិតនៅ​ក្រោមការ​គ្រប់គ្រង​របស់​វៀតណាម​កាលពី​ថ្ងៃទី៤ ​ខែមិថុនា​ ឆ្នាំ​១៩៤៩ ​ហើយ បច្ចុប្បន្ន​នេះ ​មាន​ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់​កំពុង​រស់នៅ​ទីនោះ ​ដែល​ក្រុម​អ្នក តស៊ូមតិ​បាន​ចោទ​ប្រកាន់​ថា​ពលរដ្ឋ​ជាច្រើន​ទទួល​រងការ​កៀបសង្កត់​ផ្នែក​សាសនា ដូចជា​មិនឲ្យ​ខ្មែរក្រោម​ប្រត្តិបត្តិ​តាម​ព្រះពុទ្ធសាសនា​គណៈ​ថេរវាទ ​និងគ្មាន​ការ​រៀបចំ ប្រព័ន្ធ​សាសនា​ដែល​ខ្មែរក្រោម​ទទួល​យកបាន​ គ្មាន​ត្រា​ជា​ភាសា​ខ្មែរ ​មិនអនុញាត​ឲ្យ មាន​ការ​ជ្រើសរើស​ព្រះចៅ​អធិការវត្ត​ដោយខ្លួន​ឯង ​តែត្រូវ​តែង​តាំង​ពីអាជ្ញាធរ​វិញ​ មិន​ឲ្យមាន​ការនិយាយ​ភាសា​ខ្មែរ​នៅតាម​កន្លែង​ធ្វើ​ការងារ ​គ្មានថ្ងៃ​ឈប់​សម្រាក​នៅពេល បុណ្យ​ធំៗ​ និងការ​រិតត្បិត​លើបញ្ហា​ផ្សេងៗ​ទៀត។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ​Human ​Rights ​Watch ​ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​ឆ្នាំ ២០១៨ ​និង​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្មីៗនេះ​បាន​អះអាង​ពីការ​កើតមាន​ការ​រំលោភ សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​វៀតណាម​រួមទាំង​ការចោទ​ប្រកាន់​និង​ចាប់ឃុំ ខ្លួនក្រុម​ជំទាស់​ផងដែរ។​ អង្គការ​នេះបាន​អំពាវនាវ ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ ឲ្យមាន​ការ​ផ្លាស់ប្តូរ​និងសុំ​ឲ្យ​សហភាព​អឺរ៉ុប​ផ្អាកកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រហូត​ទាល់ តែបញ្ហា​គោរព​សិទ្ធិមនុស្ស​បានប្រសើរ​ឡើង។

រូបឯកសារ៖ លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)

លោក ​ហ្វៀល រ៉ប៊ឺតសុន ​(Phil Robertson) ​នាយក​រង​អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​បានថ្លែង​ថា​អាជ្ញាធរ​វៀតណាម​ព្យាយាម​គ្រប់​គ្រង​យ៉ាង​តឹងរឹង​លើ​ពលរដ្ឋ​ខ្មែរក្រោម​ដោយសារ​តែការ​សង្ស័យ​ខ្លាំង​ពេក។

«ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​មិនអាច​គេចផុត​ពីការ​តាមដាន ​និង​ការគ្រប់​គ្រង​របស់ រដ្ឋាភិបាល​វៀតណាមទេ។​ លោក​អ្នកដឹង​ទេ​ រឿងនេះ​គឺជា​ការតាម​ដាន​ទាំង​បំពាន ខ្លាំង​ណាស់។​ នេះជា​កិច្ចប្រឹង​ប្រែង​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរក្រោម​ ជាកិច្ច​ប្រឹងប្រែង​យាយី ដល់​មេដឹកនាំ​ខ្មែរក្រោម​ទាំង​ឡាយ ​និង​ព្យាយាម​បង្ខំ​ឲ្យ​សហគមន៍​ខ្មែរកម្ពុជា​ក្រោម ធ្វើតាម​បទដ្ឋាន​ដែលមាន​ក្នុង​ប្រទេស​វៀតណាម‍»។

លោកថា​ការ​ព្យាយាម​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរក្រោម​យ៉ាង​តឹងរឹង​ទៅលើ​សាសនា​និង សង្គម​រស់នៅ​របស់​ពួកគេ​គឺជា​ការ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ខ្មែរ ក្រោម​យ៉ាង​ខ្លាំង។

«អ្វីដែល​សំខាន់នោះ​គឺអាច​ថា​រដ្ឋាភិបាល​វៀតណាម​ត្រូវ​ផ្តល់​ភាព​ស័្វយ័ត​កម្រិត​ជាក់ លាក់​មួយ​ដល់​ខ្មែរក្រោម​ដើម្បី​គ្រប់គ្រង​កិច្ចការ​របស់គេ​ដោយ​ខ្លួនឯង‍»។

លោក​ថា វៀតណាម​គួរតែ​ឲ្យ​ខ្មែរក្រោម​គ្រប់គ្រង​សាសនា​ដោយ​ខ្លួនឯង ​គ្រប់គ្រង វត្តអារាម​ដោយ​ខ្លួនគេ ​អាច​បង្រៀន​ភាសា​ខ្មែរ ​ជាជាង​ភាសា​វៀតណាម ​ឬក៏​មាន ជម្រើស​ជាភាសា​ខ្មែរ ​ហើយនឹង​គ្មានការ​ជ្រៀតជ្រែក​ទៅលើ​កិច្ចការ​និងសិទ្ធិ​របស់ ពលរដ្ឋ​ខ្មែរក្រោម ​ជាពិសេស​នោះ​អាជ្ញាធរ​វៀតណាម​ត្រូវបញ្ចប់​ការរំលោភ​សេរីភាព នៃ​ការបញ្ចេញ​មតិ​ និង ​សេរីភាព​នៃការ​ជួប​ប្រជុំ​ ដែលត្រូវ​បាន​រិតត្បិត​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម៕

XS
SM
MD
LG