ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សកម្មជន​កម្ពុជា​មាន​ផែនការ​តវ៉ាប្រឆាំង​​​លោក​ហ៊ុនសែន​នៅ​​អូស្រ្តាលី​ក្នុង​​សន្និសីទ​កំពូល​​ក្នុង​តំបន់


លោក​ ហ៊ុន សែន ងាក់​មក​កាន់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ជាមួយ​លោក Malcolm Turnbull នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី មុន​ពេល​ចាប់​ផ្តើម​កិច្ច​ប្រជុំ​កំពូល កាល​ពី​ថ្ងៃ​ទី​១៦ មីនា ២០១៨។
លោក​ ហ៊ុន សែន ងាក់​មក​កាន់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ជាមួយ​លោក Malcolm Turnbull នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី មុន​ពេល​ចាប់​ផ្តើម​កិច្ច​ប្រជុំ​កំពូល កាល​ពី​ថ្ងៃ​ទី​១៦ មីនា ២០១៨។

សកម្មជនជា​ច្រើន​កំពុង​រៀប​ចំផែនការ​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន ទៅ​កាន់​ប្រទេស​អូស្រ្តាលី​ដើម្បី​ចូល​រួម​សន្និសីទ​កំពូល​ប្រចាំ​តំបន់។​ មេដឹក​នាំ​ខ្មែរ​ដែល​កាន់​ដំណែង​ដ៏​យូរអង្វែង​នេះ ​បាន​គំរាម​កំហែង​វាយ​តប់​ជន​ណា​ដែល​តវ៉ា​ប្រឆាំង​នឹង​វត្ត​មាន​របស់​លោក​នៅសន្និសីទ​កំពូល​នេះ។

អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ដែលត្រូវ​បាន​ហាម​ឃាត់​ប្រហែល​១ពាន់​នាក់​និ​យាយ​ថា ​ពួក​គេ​នឹង​តវ៉ា​ប្រឆាំងដំណើរ​ទស្ស​ន​កិច្ច​របស់នាយករដ្ឋ​មន្រ្តី​ហ៊ុន ​សែន​ទៅ​កាន់​ប្រទេស​អូស្រ្តាលី។ ​អ្នក​គាំទ្រ​ទាំង​នេះ​មាន​បំណង​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​សន្និសីទ​កំ​ពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ស៊ីដនី ​ថ្វី​បើ​មាន​ការគំរាម​កំហែង​មក​ពី​មេដឹកនាំ​កម្ពុជា​ដែល​កាន់​អំណាច​យូរ​អង្វែង​នេះ​ថា លោក​នឹង​តាមពួកគេដល់​ផ្ទះ​ហើយ​នឹង​វាយ​អ្នក​ទាំង​នោះ​ដែល​មាន​ផែនការ​ដុតរូប​ទីង​មោង​របស់​លោក។

​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​និយាយ​ថា៖ «បើ​អ្នកឯងមានសិទ្ធិ​ដុត​រូប​ទីង​មោង​របស់​ខ្ញុំ ​យើង​មាន​សិទ្ធិ​វាយ​អ្នក​ឯងដែរ។​គ្មាន​អ្វី​ខុស​ទេ។​ខ្ញុំ​នឹង​តាម​អ្នកឯង​ទៅ​ដល់​ផ្ទះ​ហើយ​នឹង​វាយ​អ្នកឯង‍»។

ពួក​អ្នកគាំទ្រ​គណបក្ស​ប្រជា​ជន​របស់​លោក​ ហ៊ុន សែន ប៉ាន់​ប្រមាណថា ​មាន​អ្នកគាំទ្រ​រហូត​ដល់​៣​ពាន់​នាក់​នឹង​ចូលរួម​បាតុកម្ម​ប្រឆាំង​តបត​វិញ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ដើម្បី​គាំទ្រ​លោក​ហ៊ុន ​សែន​ដែល​ជា​មេដឹកនាំ​កាន់​អំណាចដ៏​យូរ​អង្វែង​នេះ។

ពួក​អ្នក​រិះ​គន់​បាន​ចោទ​ប្រកាន់​លោក​ ហ៊ុន សែន​ ពីការ​រំលោភ​សិទ្ធិ​មនុស្សជាបន្ត​បន្ទាប់​ហើយ​ជឿ​ជាក់​ថា ​ការ​បង្ក្រាប​របស់​លោក​ទៅ​លើ​ពួក​ប្រឆាំង​មាន​ជាប់​ទាក់​ទិន​នឹងការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ។

លោក ​Jimmy Neam ដែល​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​កម្ពុជា​នៅ​ទសវត្សរ៍​១៩៨០ ​និយាយ​ថា គេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​នាយករដ្ឋ​មន្រ្តី​ហ៊ុន ​សែន​ចូល​ក្នុង​ប្រទេស​អូស្រ្តាលី​ទេ។ លោក Jimmy Neam បាន​និយាយ​ថា៖ «លោក​ហ៊ុន ​សែន ​មិន​គួរ​ទទួល​បាន​ការ​ស្វាគមន៍​នៅ​ប្រទេស​ដ៏​ល្អ​នេះ​ទេ។ លោក​មាន​ឈាម​យ៉ាង​ច្រើន​ប្រឡាក់​នៅ​ដៃ​របស់​លោក។ខ្ញុំ​គិត​ថា ​លោក​ជា​ជន​ផ្តាច់​ការ។​យើង​ស្គាល់​លោក​ហ៊ុន ​សែន។​ លោក​បាន​កាន់​អំណាច​ជិត​៤០​ឆ្នាំ​ហើយ លោក​បានគ្រប់​គ្រង​ប្រទេស​នេះ​ដោយ​ប្រើ​កណ្តាប់​ដៃ​ដែក‍»។

លោក​ Gareth Evans ​អតីត​រដ្ឋ​មន្រ្តីការ​បរទេស​អូស្រ្តាលី​បាន​និយាយ​ថា ​ការ​ឆ្លើយ​តប​របស់​សហគមន៍​អន្តរជាតិ​ដល់​ការចោទ​ប្រកាន់​ពីការ​ប្រើ​អំណាច​ហួស​របស់​លោក​ហ៊ុន សែន​នោះ​មាន​ភាព​ទន់​ខ្សោយ​ពេក។

មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត​ដែល​កំពុង​ប្រឈម​ការពិនិត្យ​ពិច្ច័យ​ដ៏​ខ្លាំង​ពី​សាកល​លោក​ក៏ត្រូវ​គេ​រំពឹង​នឹង​ចូល​រួម​សន្និសីទ​កំពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ដែរ។​ លោក​ស្រី​ អង់ សានស៊ូជី មេដឹកនាំ​ប្រទេស​មីយ៉ាន​ម៉ា ​បាន​ទទួលរង​នូវការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​មិន​ចាត់​វិធានការ​នៃ​អំពើ​ហឹង្សា​ដល់​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីយ៉ា​កាន់​សាសនា​អ៊ី​ស្លាម។ ការណ៍​នេះ​នឹងក្លាយ​ជា​ការ​បង្ហាញ​នៅ​បរ​ទេស​លើក​ដំបូង​របស់​លោកស្រី​ចាប់​តាំង​ពី​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​យ៉ាង​ច្រើន​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​រត់​ចេញ​ពី​ប្រទេស​មីយ៉ានម៉ា​មក។

លោក ​Duterte​ ប្រធានាធិបតី​ហ្វីលីពីន​និយាយ​ឥត​សំចៃ​ដែលទទួលរង​ការ​រិះគន់​ចំពោះ​សង្គ្រាម​ប្រឆាំង​ថ្នាំ​ញៀន​ពោរពេញ​ដោយ​អំពើ​ហឹង្សានោះ មិន​ចូល​រួម​សន្និសីទកំពូល​ប្រចាំ​តំបន់​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​នៅ​ចុង​សប្តាហ៍​នេះ​ទេ។

អូស្រ្តាលី ​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ដោយ​ផ្ទាល់​លើ​ការ​គំរាម​កំហែង​របស់​លោក​ហ៊ុន សែនដល់​ពួក​បាតុករ​ទេ ក៏ប៉ុន្តែ ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «មិន​បាច់​និយាយ​ក៏​ដឹង​ដែរថា ​អំពើ​ហិង្សា ឬ​ការ​គំរាម​កំហែង​ដោយ​ហិង្សា​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទេ‍»។

នេះ​ជា​លើក​ដំបូង​ដែល​ប្រទេស​អូស្រ្តាលី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​អាស៊ាន។​ ពាណិជ្ជកម្ម​និង​សន្តិសុខ​ក្នុង​តំបន់​ត្រូវ​គេ​រំពឹង​គ្រប​ដណ្តប់​ការ​ពិភាក្សា​នោះ។​ អាស៊ាន​ជា​សមា​គម​ប្រជាជាតិ​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​មាន​ប្រទេស​១០​ជាសមា​ជិក៕

XS
SM
MD
LG