ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​សង្កេត​មើល​បេក្ខជន​និង​គោល​នយោបាយ ​មុនបោះ​ឆ្នោត​រើសប្រធានាធិបតី


ពុទ្ធសាសនិក​ម្នាក់​និង​ទង់ជាតិ​អាមេរិក​ នៅ​ក្នុង​ព្រះវិហារ​នៃ​វត្ត​ពុទ្ធិការាម នៅ​ក្នុងប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ ទន់ សុវណ្ណ ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)
ពុទ្ធសាសនិក​ម្នាក់​និង​ទង់ជាតិ​អាមេរិក​ នៅ​ក្នុង​ព្រះវិហារ​នៃ​វត្ត​ពុទ្ធិការាម នៅ​ក្នុងប្រោសព្រំ រំឭកគុណ និង​តែងតាំង​លោក​ ទន់ សុវណ្ណ ជា​ប្រធាន​កិត្តិយស​នៃ​វត្ត​ពុទ្ធិការាម កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

ក្រុម​ជន​អន្តោ​ប្រវេសន៍​ខ្មែរ​ ដែលមាន​សញ្ជាតិ​អាមេរិក​ក្នុងរដ្ឋ​មីនីសូតា​មួយ​ចំនួន​កំពុង តាម​ដាន​បេក្ខជន​ប្រធានាធិបតី​អាមេរិក ​និង គោល​នយោបាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​របស់​បេក្ខជន​ទាំង​នោះ ​មុននឹង​សម្រេច​ចិត្តថា​ត្រូវ​បោះឆ្នោត​គាំទ្រ​បេក្ខជនណា​និង​គណបក្ស​ណា។

បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​កំពុង​ឃោសនា​រក​សំឡេង​គាំទ្រ​ដើម្បី​ទទួលបាន​ការ​តែងតាំង​ជា​ផ្លូវការ​ពី​គណបក្ស​ និង​ទទួល​បាន​ការគាំទ្រ​ពីក្រុម​អ្នក​បោះឆ្នោត។ ហើយ​នៅ​ទីបំផុត​បេក្ខជន​ម្នាក់​ដែល​អាច​រើស​ចេញ​ជាផ្លូវការ​ពី​បេក្ខជន​ទាំងជាង​២០​នាក់ ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​នេះ ​នឹងត្រូវ​ប្រកួត​ជាមួយនឹង​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ដែល​កំពុងកាន់​អំណាច​បច្ចុប្បន្ន។

មាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ ​លោក​ ស្រ៊ុន តាំង ហ៊ាង​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុងទី ក្រុង ​Bloomington ​រដ្ឋ​មីនីសូតា​ ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ជា​ជន​ភៀស​ខ្លួន កាល​ពី​ទសវត្សរ៍​១៩៨០​រួចផុត​ពី​របប​ខ្មែរក្រហម ​បាន​អះអាង​ថា​ ភាគច្រើន​បំផុត​ លោកទៅ​បោះឆ្នោត​រើស​ប្រធានាធិបតី​ តែ​ពេល​នេះលោក​កំពុង​តាម​ដាន​ការ​ឃោសនារបស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក។

លោក ស្រ៊ុន តាំងហ៊ាង ម្ចាស់រោងចក្រ និង​ក្រុមហ៊ុន​ឈ្មោះ Quality Tech Services ក្នុង​សង្កាត់ Bloomington រដ្ឋមីនីសូតា ផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
លោក ស្រ៊ុន តាំងហ៊ាង ម្ចាស់រោងចក្រ និង​ក្រុមហ៊ុន​ឈ្មោះ Quality Tech Services ក្នុង​សង្កាត់ Bloomington រដ្ឋមីនីសូតា ផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

«ខ្ញុំនៅ​មើល​ទៀតថា​ candidate​ (បេក្ខជន)​ ណា​ដែល​អាច​គ្រាន់​បើជាង ​លោក​ត្រាំ ​ឬ មួយ​ត្រាំ ​ព្រោះ​ជួនកាល​យើង​មើល​ទៅ​គឺថា ​យើង​អត់អាច​មាន​ជម្រើស ​យើង​អាច​រើស ត្រាំ វិញ​ក៏ថា​បាន​។​ រឿង​ហ្នឹង​ស៊ីសង​លើអ្វី​ដែល​យើងត្រូវ​ we just ​select ​the ​best ​of the worse ​ជ្រើសរើស​បេក្ខជន​ល្អក្នុង​ចំណោម​បេក្ខជន​អាក្រក់​បំផុត‍»។

លោកថា ​លោក​មិនសូវ​ចូលចិត្ត​បេក្ខជន​ណា​ដែល​គិតតែ​ពីរឿង​ក្នុង​ស្រុក​ខ្លាំង​ពេកនោះ​ទេ។

«ទី១ ​យើង​មើល​របៀប​ថា ​និយាយ​ដោយ​សច្ចភាព​ទៅ​ បើគេ​និយាយ​រឿង​ដំឡើង​ពន្ធអី ខ្ញុំមិន​សូវចូល​ចិត្តទេ​ និយាយ​មែន​ទែន ​តែបើ​គេ​និយាយ​បញ្ចុះ​ពន្ធ​ដូចរឿង​ចូល​ចិត្តបន្តិច។​ ទី២ ​យើង​មើល​រឿង​សម្លឹង​មើល​ (focus) ផ្តោត​ទៅលើ​រឿង​អន្តរជាតិ។​ បេក្ខជនមួយៗ​មក ​តើគេ​ផ្តោត​ទៅលើ​រឿង​ផល​ប្រយោជន៍​ជាតិ​ (national interest) ​ឬ ​ផ្តោត​លើក្រៅ​ប្រទេស។ ​បើគេ​ផ្តោត​ទៅក្រៅ​ច្រើនជាង ​ខ្ញុំចូល​ចិត្ត​ជាង‍»។

លោក ស្រ៊ុន តាំងហ៊ាង បន្ថែមថា ក្នុងនាម​ជា​ប្រទេស​មហា​អំណាច​សហរដ្ឋ​អាមេរិកត្រូវការ​គ្រប់គ្រង​សេដ្ឋកិច្ច​ពិភព​លោក។

«យើងវា​ត្រូវការ ​Business​ (ពាណិជ្ជកម្ម)​ ហើយ​ពាណិជ្ជកម្ម​ទាល់តែ​យើង​ទាក់ទង​ទៅខាង​ក្រៅ​បាន​ខ្លាំង​ បាន​យើង​អាច​ដណ្តើម​ទីផ្សារ ​(market )​និយាយ​មែនទែន​ទៅ​ ហើយ​បើយើង​បណ្តោយ​ឲ្យគេ​យក​ទីផ្សារ ​យើង​មាន​បញ្ហា​ហើយ។ ​អីចឹង​យើង​ត្រូវតែ​ខ្លាំង និង​ប្រកួត​ប្រជែង​ឲ្យបាន​ច្រើន​ ហើយ​ជាពិសេស​មិនចង់​ឲ្យពួកកុម្មុយនិស្ត dominate គ្រប់គ្រង​ផង។​ សម័យ​មុន​គឺ​កុម្មុយនិស្ត ​ហើយ​ដល់​ឥឡូវថា​កុម្មុយនិស្ត​អស់​ ក៏​ប៉ុន្តែ​របប​ផ្តាច់ការ​ក៏ឃើញ​ថា វា​ក៏ច្រើន​ដែរ​ណាស់‍»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​លើក​យក​ឧទាហរណ៍​សម័យ​ខ្មែរក្រហម​មក​បញ្ជាក់​ ដែល​លោក​បាន​ឆ្លង​កាត់យ៉ាង​វេទនា​ ហើយ​ពលរដ្ឋ​ខ្មែរ​ជាង ​១លាន​ ៧ សែន​នាក់ ​ត្រូវ​សម្លាប់និង​រាប់ម៉ឺន​សែន​នាក់​ទៀត​ត្រូវ​ព្រាត់​ប្រាស់​ក្រុម​គ្រួសារ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​រដ្ឋមីនីសូតា​ម្នាក់​ទៀត​គឺ​លោក​ចិន្តា សួគ៌ ​ដែល​បាន ភៀស​ខ្លូន​មក​តាម​ជំរំ​ជន​ភៀស​ខ្លួន​ចេញ​ពី​របប​ខ្មែរក្រហម​មករស់​នៅ​អាមេរិក​តាំងពី តូច​បាន​ថ្លែងថា​ លោក​តាម​ដាន​មុននឹង​បោះឆ្នោត​ដល់​បេក្ខជន​ណា​ ដែល​គិតគូរ​ពីរឿងអ្វី​ដែល​លោក​ចូលចិត្ត​ ហើយនឹង​ធ្វើ​ទំនាក់​ទំនង​ជាក្រុម​អ្នក​នយោបាយ​អាមេរិកាំង ដើម្បី​ជួយ​ដល់​សហគមន៍​ខ្មែរ​ ដូចជា​ត្រូវ​អញ្ជើញ​អភិបាល​ក្រុង​មកចូល​រួម​នៅក្នុងកម្មវិធី​បុណ្យ​វត្ត​មុនីសុតារាម​ជាដើម​ ដោយ​មិន​ចាំបាច់​មាន​លិខិត​ផ្លូវការ​។

«ហើយ​ខ្ញុំ​អត់បាន​ផ្ញើ​លិខិត​អញ្ជើញ​សមរម្យ​ទេ ​ព្រោះ​យើង​ស្គាល់​គាត់ ​ធ្លាប់​រត់​មុខការជាមួយ​គាត់​ រឿង​អញ្ចឹងៗ​វា​សំខាន់​នៅស្រុក​អាមេរិក‍»។

លោក ចិន្តា សួគ៌ នាយករង​ក្រុមហ៊ុន Ludwig Financial Group នៅ​សង្កាត់ Minneapolis រដ្ឋមីនីសូតា។ (សាយ មុន្នី/VOA)
លោក ចិន្តា សួគ៌ នាយករង​ក្រុមហ៊ុន Ludwig Financial Group នៅ​សង្កាត់ Minneapolis រដ្ឋមីនីសូតា។ (សាយ មុន្នី/VOA)

លោកថា​ បញ្ហា​ដែល​លោក​តាម​ដាន ​មាន​ឧទាហរណ៍​មួយចំនួន​ដូចជា​ថាតើ​បេក្ខជនណាមាន​គោល​នយោបាយ​សេដ្ឋកិច្ចល្អ ​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន ​និង​ដូចជា​ការ​ធ្វើកំណែ​ទម្រង់​ផ្នែក​អប់រំ​ជាដើម។​ លោក​ ចិន្តា សួគ៌​ បាន​បន្តថា ​បើខ្មែរ​យើង​ចូល​ក្នុងនយោបាយ​អាមេរិក​វាល្អ ​ព្រោះ​យើង​មាន​សំឡេង​ កែប្រែ​សង្គម​ និងជួយ​សហគមន៍។

«បើ​យើង​ចូលរួម​អីចឹង​ ហើយ​យើង​ចូល​ជនជាតិ​(សញ្ជាតិ)​ទៅ​ ជាពិសេស​ចូល​សញ្ជាតិតែម្តង។​ បើសិន​យើង​នៅ​ដល់ឆ្នាំ​ហើយ ​យើងអាច​ចូល​សញ្ជាតិ​បាន​ហើយ​យើង​ចូលសញ្ជាតិ ​ហើយ​យើង​អាច​បោះឆ្នោត​បាន​ ព្រោះ​ជួនកាល​យើង​បោះឆ្នោត​ហ្នឹង​ទៅ ​យើងមាន​សំឡេង ​ដូចថា​យើង​ចង់​បាន​អីចេះ​ យើង​ចង់​បាន​អញ្ចុះ​ យើងមាន​សំឡេង។​ បើ​យើង​អត់​ទៅ​បោះឆ្នោត ​យើង​អត់​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​សហគមន៍​អាមេរិកាំង​ទេ សហគមន៍​សាសន៍​ផ្សេងៗ ​យើង​អត់រីក​ចម្រើន ​ហើយ​អត់ចេះ​ច្រើន​ទៀត‍»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ជា​ជន​អន្តោ​ប្រវេសន៍​មករស់​នៅ​ក្នុង​រដ្ឋ​មីនីសូតា​ប្រមាណ ១០ឆ្នាំ​គឺ ​លោក ​សរ ជេដ្ឋា ​បាន​ថ្លែងពី​ការ​ចូលរួម​របស់​លោក​ក្នុងការ​បោះឆ្នោត​នៅ សហរដ្ឋ​អាមេរិក។

«ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ទៅ​បោះឆ្នោត​ព្រោះអី​សន្លឹក​ឆ្នោតខ្ញុំ​មួយ​សន្លឹក ​ខ្ញុំអាចសម្រេចថា ខ្ញុំនឹង​ជ្រើស​រើស​អ្នកណា​ម្នាក់​ ដែល​ខ្ញុំពេញ​ចិត្ត​ពេញចិត្ត​របៀបម៉េច? ​ឧបមារ​ថា ​ខ្ញុំ​ចូល​ចិត្ត​បេក្ខជន​សុភាព​រាបសារ ​ចូលចិត្ត​ភាព​មោះមុត​ ម៉ឺងម៉ាត់ ​ខ្ញុំនឹង​ជ្រើសរើសបេក្ខភាព​នោះ ​ខ្ញុំមិន​បាន​ចាប់អារម្មណ៍​ថា​ អ្នកណា​បក្ស​ខាងណា ​អ្នកណា​បក្ស​ខាងណីទេ ​ព្រោះខ្ញុំ​ធ្វើម៉េច​ដើម្បី​ឲ្យ​ប្រធានាធិបតី​ដែលនឹង​ឡើង​កាន់​អំណាច​ដែលខ្ញុំ​បោះ​ឆ្នោត​ជូនហ្នឹង ​គឺថា​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​នឹង​យើង​ខ្ញុំ។​នេះ​ជាបំណង​ប្រាថ្នារបស់​ពួក​យើង​ខ្ញុំ ​ជាពិសេស​ខ្ញុំនេះ​ឯង ​ដែល​ប្រាថ្នា​ចង់​ឲ្យ​ប្រធានាធិបតី​ហ្នឹង​គឺថា​មានបេះដូង​ឬក៏​មាន​សកម្មភាព​ល្អប្រសើរ ​ដែល​ខ្ញុំ​ចាត់ទុក​ថាអាច​ទទួល​យក​បាន‍»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចង់​បាន​ប្រធានាធិបតី​ដែល​សមរម្យ
សូម​រង់ចាំ

No media source currently available

0:00 0:00:54 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​បន្តថា ​មាន​បញ្ហា​ជាច្រើន​ដែល​លោក​ឃ្លាំមើល​មុនការ​បោះឆ្នោត​ គឺ​សេរីភាព ​ការ​ធានា​សុខភាព​ ការ​គោរព​ច្បាប់​ជាដើម។

«ទំនោរ​នឹង​ចំណង់​របស់​អ្នក​បោះឆ្នោត​ ជាពិសេស​យើងខ្ញុំ​ហ្នឹង​ ក៏គិត​ទាក់​ទង​ដល់​ហ្នឹងទាំងអស់​គ្នា​ ទាំង​ផ្លូវ​សង្គម​ដូចខ្ញុំ​និយាយ​រួចហើយ​ទាំង​សេរីភាព​ ហើយ​នឹង​សុខភាព ក៏យើង​បាន​គិតគូរ​ដែរ។ ​នៅទីនេះ​បើនិយាយ​ពីសុខភាព​គេល្អ​ណាស់ ​ល្អយក​តែ​មែនទែន‍»។

លោក​ក៏ប្រាថ្នា​ចង់ឲ្យ​មានការ​អនុវត្តន៍​ច្បាប់ ​និង​សេរីភាព ​សន្តិភាព ​យុត្តិធម៌​ពិត ប្រាកដ​កើត​មាន​ដល់​ប្រទេស ​និង​ពលរដ្ឋ​កម្ពុជា​ក្នុងប្រទេស​កំណើត។

លោក សេក កុសល នាយក​អង្គការ​ IKARE នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង​ Saint Paul រដ្ឋ​មីនីសូតា​ កាលពី​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
លោក សេក កុសល នាយក​អង្គការ​ IKARE នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​ក្នុង​ទី​ក្រុង​ Saint Paul រដ្ឋ​មីនីសូតា​ កាលពី​ថ្ងៃ​ទី​២៧ ​ខែ​ឧសភា ​ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ពលរដ្ឋ​ខ្មែរអាមេរិកាំង​នៅរដ្ឋ​មីនីសូតា​ លោក ​សេក កុសល ​ដែល​ជួយ​កិច្ចការ​សង្គម តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ផ្នែក​សិល្បៈ ​បាន​អះអាង​ថា ​លោក​ចូល​ចិត្ត​បេក្ខ​ជន​ណា​ដែល​មាន​គោល​នយោបាយ​មិនសូវ​យកពន្ធដា​ច្រើន​ពេក ​ជួយ​ដល់​ជីវភាព​ពលរដ្ឋ ​ជាពិសេស​បញ្ហា​អន្តោ​ប្រវេសន៍​ឬហៅថា ​Immigration​ ដែល​លោក​ចង់​ឃើញមាន​អំណោយ​ផលខ្លាំង​ដល់ខ្មែរ​យើង។

«យើង​ចង់​មាន​ឱកាស​ដើម្បី​ឲ្យប្អូនៗ​យើង​មកពី​ប្រទេស​កម្ពុជា ​មាន​ឱកាស​មក​រៀន សូត្រ​នៅ​សហរដ្ឋ​អាមេរិក។​ អីចឹង​អ្វីទាក់​ទង​លើ​បញ្ហា​អន្តោ​ប្រវេសន៍​ ខ្ញុំយក​ចិត្ត​ទុក ដាក់​មែនទែន ​ហេតុអ្វី? ​ព្រោះវា​ប៉ះពាល់​ដល់​ការងារ​សង្គម​របស់​យើង‍»។

សម្រាប់​បេក្ខជន​ប្រធានាធិបតី​ថ្មី ​លោកនឹង​សម្រេចចិត្ត​នៅ​នាទី​ចុងក្រោយ។

«ខ្ញុំវិញ ​ខ្ញុំ​ព្យាយាម​កុំ​សម្រេច​ចិត្ត​មុន​ពេល​ឃើញ​បេក្ខជន​ទាំងអស់​នៅមុខ​យើង ​តែ​ខ្ញុំទោះជា​យ៉ាងម៉េច​ក៏ដោយ ​ខ្ញុំអត់​ចង់​ចែក​រំលែក​ឲ្យអ្នក​ជុំវិញ​ខ្ញុំ​ហ្នឹង ​បោះឆ្នោត​តាម​ខ្ញុំទេ ព្រោះជួន​កាល​ខ្ញុំ​ក៏បោះ​ឆ្នោត​ខុស​ដែរ​អីចឹង ​ខ្ញុំក៏​ចង់​រៀន​សូត្រ​ពីគាត់​ដែរ។ ​តែអ្វីដែល ខ្ញុំអាច​ចែក​រំលែក​ហ្នឹង ​តើហេតុអ្វី​បានជា​ខ្ញុំធ្វើ​ការងារ​ដូចខ្ញុំ​ហ្នឹង ​បេក្ខ​ជន​ដែល​ខ្ញុំចង់បាន​ហ្នឹងគាត់​គិត​ម៉េចដែរ?​ តែបើ​ថាខ្ញុំ​មាន​ឈ្មោះ​ណា​ដែលខ្ញុំ​បោះឆ្នោត​ឲ្យ​ អត់ទាន់មាន​ទេ‍»។

បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ពិភាក្សា​ដេញ​ដោល​គ្នា​នៅ ទីក្រុង​ម៉ៃយ៉ាមី​ រដ្ឋផ្ល័រីដា​ កាល​ពីចុង​ខែមិថុនា​ ក្នុងនោះ​គេសង្កេត​ឃើញ​បេក្ខជនលេចធ្លោរ​ជាច្រើន​បាន​ផ្តោត​លើ​បញ្ហា​អន្តោប្រវេសន៍ ​និងបញ្ហា​សុខាភិបាល​ផងដែរ។

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ និងពលរដ្ឋ​អាមេរិកាំង​ជាង​ ២២៤ ​លាន​នាក់​នឹង ត្រូវ​ចេញ​ទៅ​បោះឆ្នោត​រៀងរាល់ ​៤ឆ្នាំម្តង ​នៅថ្ងៃ​ទី៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​ខាងមុខដើម្បី​ជ្រើស​រើស​ប្រធានាធិបតី​ដែល​ច្បាប់​កំណត់​ឲ្យកាន់​អំណាច​បាន​តែពីរអាណត្តិ ឬ៨​ឆ្នាំ​នោះ៕

XS
SM
MD
LG