ក្រុមអង្គការសមាគមការពារអ្នកកាសែតធំៗចំនួន៣០នៅជុំវិញពិភពលោក បានជំរុញរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) ឲ្យរក្សាការសន្យារបស់លោក ក្នុងការការពារសុវត្ថិភាពអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានដែលធ្វើការនៅក្នុងស្ថានភាពគ្រោះថ្នាក់។ នេះបើយោងតាមលិខិតរបស់ក្រុមអង្គការសមាគមអ្នកសារព័ត៌មានទាំងនេះ ដែលបានផ្ញើតាមសារអេឡិចត្រូនិកទៅកាន់លោក ចន ឃែរី កាលពីថ្ងៃអង្គារកន្លងទៅនេះ។
ការផ្ញើលិខិតរបស់ក្រុមអង្គការសមាគមការពារអ្នកកាសែតនេះបានធ្វើឡើង ក្រោយពីលោក ឃែរី កាលពីឆ្នាំមុនបានរៀបចំសន្និសីទដ៏សំខាន់មួយ ដើម្បីស្វែងរកវិធីសាស្ត្រនានា ក្នុងការការពារសុវត្ថិភាពអ្នកសារព័ត៌មានឲ្យកាន់តែប្រសើរជាងមុន ទាំងអ្នកសារព័ត៌មានដែលធ្វើការឲ្យស្ថាប័នជាក់លាក់ ទាំងអ្នកសារព័ត៌មានគ្មានស្ថាប័នជាក់លាក់ ។
បណ្ដុំអង្គការសមាគមការពារអ្នកកាសែតទាំងនេះបានសរសេរនៅក្នុងលិខិតរបស់ពួកគេថា៖«ពួកយើងសរសេរលិខិតនេះ ដើម្បីធ្វើបច្ចុប្បន្នភាពជាមួយលោក [ឃែរី] អំពីកិច្ចប្រឹងប្រែង ដែលអង្គការប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ព្រមទាំងអ្នកសារព័ត៌មានខ្លួនឯងផ្ទាល់បាននិងកំពុងធ្វើ ដើម្បីការពារអ្នកសារព័ត៌មាន ហើយក៏ស្នើសុំការធ្វើបច្ចុប្បន្នភាពពីលោក [ឃែរី] ផងដែរ អំពីការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិកនោះ»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ សម្ព័ន្ធអង្គការសារព័ត៌មាន និងក្រុមហ៊ុនសារព័ត៌មានធំៗបានប្រមូលផ្តុំគ្នា ដើម្បីអនុម័តគោលការណ៍ស្តីពីការការពារសុវត្ថិភាពអ្នកសារព័ត៌មាន ដែលគ្មានស្ថាប័នជាក់លាក់ឬ Freelance Journalist Safety Principles។ គោលការណ៍នេះមានគោលបំណងបង្កើតវប្បធម៌សុវត្ថិភាពនៅតាមអង្គការសារព័ត៌មានអន្តរជាតិ។
រហូតមកដល់ពេលនេះ មានអង្គការជាង៩០ហើយបានចុះហត្ថលេខាគាំទ្រគោលការណ៍នេះ។
ក្រុមអង្គការសមាគមការពារអ្នកកាសែត ដែលរួមទាំងគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (Committee to Protect Journalists ) និងអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ជាដើម បានលើកឡើងនៅក្នុងលិខិតរបស់ពួកគេថា នៅក្នុងពិធីជួបជុំគ្នារបស់ក្រុមអង្គការសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីឆ្នាំមុន លោក ចន ឃែរី បានធ្វើការប្តេជ្ញាថា នឹងបង្កើត«ផែនទីបង្ហាញផ្លូវ»មួយ សម្រាប់ឲ្យក្រសួងការបរទេសអាមេរិក ធ្វើការទៅលើបញ្ហាសុវត្ថិភាពអ្នកសារព័ត៌មាននេះ។ ប៉ុន្តែ ក្រុមអង្គការទាំងនេះ និយាយថា មួយឆ្នាំក្រោយមក ដំណើរការនេះមានភាពយឺតយ៉ាវ។
ដូច្នេះ ពួកគេបានជំរុញឲ្យលោក ឃែរី គោរពតាមការប្ដេជ្ញាចិត្តរបស់លោក ដោយផ្តោតទៅលើចំណុចបីសំខាន់ៗ គឺទី១ បង្កើតពិធីការឲ្យស្ថានទូត និងបេសកកម្មអាមេរិកអំពីរបៀបជួយអ្នកសារព័ត៌មាន ដែលធ្វើការក្នុងស្ថានភាពគ្រោះថ្នាក់។ ទី២ ឲ្យស្ថានបេសកកម្មទាំងនេះ ធ្វើការជាមួយបណ្ដាប្រទេស ដែលហាមឃាត់មិនឲ្យនាំចូលសម្ភារៈសម្រាប់ការពារសុវត្ថិភាពអ្នកសារព័ត៌មាន និងទី៣ គឺដាក់បញ្ហានិទណ្ឌភាពនៃការសម្លាប់អ្នកកាសែត ជាបញ្ហាការទូតមួយរបស់អាមេរិកជាមួយប្រទេសដទៃទៀត។ នេះបើយោងតាមលិខិតរបស់ក្រុមអង្គការសារព័ត៌មានដដែលនេះ៕