ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​ព័ត៌មាន​ថា​យានយន្ត​ស្លាកលេខ​«Press‍»​សុទ្ធ​តែ​ខុស​ច្បាប់

  • ពិន ស៊ីសុវណ្ណ

រូបឯកសារ៖ លោក ខៀវ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា។

លោក​ ខៀវ កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​និង​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ​ព្រមាន​ថា ​អ្នក​ប្រើ​ស្លាក​លេខ​ក្លែង​បន្លំ​ អាច​នឹង​ជាប់​ពន្ធនាគារ​ ដោយ​លោក​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា «ប្រយ័ត្ន​ជាប់​គុក‍»។

ក្រសួង​ព័ត៌មាន​បាន​ព្រមាន​ដល់​អ្នក​ ដែល​ប្រើប្រាស់​ស្លាកលេខ​រថយន្ត ​និង​ម៉ូតូ​«Press‍»​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ ដោយ​សារ​វា​ជា​ទង្វើ​ខុស​ច្បាប់​ ក្នុង​ខណៈ​ដែល​អាជ្ញាធរ​កំពុង​ពង្រឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក។

លោក​ ខៀវ កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​និង​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ​ព្រមាន​ថា ​អ្នក​ប្រើ​ស្លាក​លេខ​ក្លែង​បន្លំ​ អាច​នឹង​ជាប់​ពន្ធនាគារ​ ដោយ​លោក​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា «ប្រយ័ត្ន​ជាប់​គុក‍»។

លោក​ អ៊ុក គឹមសេង ​អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ VOA កាលពី​ថ្ងៃច័ន្ទ​ថា ​លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ​ គឺ​ដើម្បី​រំឭក​អ្នក​សារ​ព័ត៌មាន​ទាំងឡាយ​ណា​ ដែល​បាន​ប្រើប្រាស់​ស្លាក​លេខ​ក្លែង​បន្លំ​នេះ​ បំពាក់​លើ​រថយន្ត​ ម៉ូតូ​របស់​ខ្លួន ​ព្រោះ​នេះ​សុទ្ធតែ​ជា​រឿង​ខុស​ច្បាប់​ ហើយ​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ។

«ពុំ​មាន​សមត្ថ​កិច្ច​ណា​មក​ត្អូញត្អែរ​ប្រាប់​ក្រសួង​ព័ត៌មាន​ទេ។ ហើយ​ក្រសួង​ព័ត៌មាន​ក៏​មិន​ដែល​បាន​ចេញ ​ឬក៏​អនុញ្ញាត​ឲ្យ​ប្រើ​ មាន​ស្លាក​លេខ​បែប​ហ្នឹង​ដែរ។​ អញ្ចឹង​គ្រាន់តែ​ថា​ យើង​ធ្លាប់​ឃើញ​យាន​យន្ត​ខ្លះ​ប្រើ​ស្លាកលេ​ខ​ហ្នឹង។ ហើយ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ព្រងើយ​កន្តើយ​មិន​ត្រួត​ពិនិត្យ មិន​ធ្វើការ​ទៅ​តាម​ច្បាប់​ទម្លាប់​របស់​គាត់។​ អញ្ចឹង​គាត់គួរ​តែ​ធ្វើ​កិច្ចការងារ​របស់​គាត់»។

លោក​អនុរដ្ឋ​លេខាធិការ​បាន​បន្ថែម​ថា ​ច្បាប់​មិន​មាន​ចែង​អំពី​ការ​ផ្តល់​ស្លាក​លេខ PRESS​ នេះ​ទេ ហើយ​ក្រសួង​ព័ត៌មាន​ក៏​មិន​ដែល​ផ្តល់​ស្លាក​លេខ​នេះ​ដែរ។​ ដូចនេះ​ ស្លាក​លេខ​នេះ​សុទ្ធតែ​ខុស​ច្បាប់។

ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ព្រមាន​មិន​ឲ្យ​អ្នក​កាសែត​ល្មើស​ច្បាប់​ដោយ​ពាក់​ស្លាក​លេខ​ PRESS ​លើ​យានយន្ត​របស់​ខ្លួន​នោះ មន្ត្រី​ប៉ូលិស​ចរាចរណ៍​និយាយ​ថា ​ស្លាកលេខ​ PRESS ​ជារឿង​អតីតកាល ​ហើយ​រូប​ភាព​បង្ហោះ​តាម​បណ្តាញ​សង្គម​ Facebook ​ភាគ​ច្រើនជា​រូបថត​ចាស់។

លោក​ រុន​ រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និយាយ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ប៉ូលិស​ចរាចរណ៍​ធ្វើការ​ពង្រឹង​ច្បាប់​ស្មើគ្នា​ ដោយ​មិនមាន​ការ​យោគយល់​ចំពោះ​អ្នក​កាសែត​ទេ។​

«ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​លើ​ដង​ផ្លូវ​នេះ ​ឲ្យតែ​ឃើញ​ខុស​ មិន​ថា ស្លាក​លេខ ​PRESS​ ឬស្លាក​លេខ​អ្វី​ផ្សេងៗ​ទេ។ អាហ្នឹង​គឺ​បទ​ក្លែង​ហើយ។​ ហើយ​ស្លាក​លេខ​កាសែត​ហ្នឹង​មិនមែន​ស្លាក​លេខ​ពិសេស​ឯ​ណា!»​

ទោះ​ជា​យ៉ាង​ណា​ក្តី​ អ្នក​សារព័ត៌មាន​សង្កេត​ឃើញ​ថា ​ម្ចាស់​យានយន្ត​ដែល​ពាក់ស្លាក​លេខ ​PRESS ​ភាគច្រើន ​មិនមែន​ជាអ្នក​កាសែត​មាន​ស្ថាប័ន​ច្បាស់​លាស់​ មិនមែន​ជា​អ្នក​កាសែត​អាជីព​ ឬ​មិនមែន​ជាអ្នក​កាសែត​តែ​ម្តង។​

លោក ​ប៉ែន បូណា ​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ​ពន្យល់​ប្រាប់​ VOA ​ថា ​គេ​ប្រើ​ស្លាក​លេខ​នេះ​ដោយសារ​ប៉ូលិស​ចរាចរណ៍​ចៀសវាង​ការ​ប្រឈម​មុខ​ជា​មួយ​អ្នក​កាសែត។​

«អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ប្រើប្រាស់​ស្លាក​លេខ​ហ្នឹង​ ហើយ​កន្លង​មក​យើង​បាន​អំពាវនាវ​... យើង​បាន​ឲ្យ​គាត់​ឈប់​ប្រើ​អាហ្នឹង​ទៅ។​ ហើយ​លើសពី​ហ្នឹង​ទៅ​ទៀត ​មិនត្រឹម​តែ​អ្នក​សារព័ត៌មាន​ទេ ​មាន​អ្នក​ខ្លះ​នោះ ​គាត់​មិនមែន​ជា​អ្នក​សារព័ត៌មាន​ផង​ គាត់​ប្រើ​អា​ហ្នឹង​ដែរ។​ ខ្ញុំ​បាន​ឃើញ​គេ​បង្ហោះ​តាម ​Facebook ​ថ្ងៃមុន។ ​ជាង​ជួសជុល​កង្ហា​តាម​ភូមិ​ តាម​អី​ គាត់​ដាក់​លេខ​ម៉ូតូ​គាត់ ​PRESS ​ដែរ»។

ប្រធាន​ក្លឹប​អ្នក​កាសែត​នេះ​បន្ថែម​ថា ​អ្នក​កាសែត​គួរឈប់​ប្រើ​ស្លាក​លេខ ​PRESS ​ដើម្បី​ជា​គំរូ​ការ​សម្រាប់​អ្នក​ពាក់​ស្លាក​លេខ​ក្លែង​បន្លំ​ផ្សេង​ទៀត​ដែល​គេច​ពន្ធ។​

«បើសិន​គាត់​ អ្នក​សារព័ត៌មាន ហើយ​នៅ​ប្រើ​ស្លាក​លេខ ​PRESS ​នោះ ​សុំ​មេត្តា​ផ្លាស់ប្តូរ​ទៅ។ ​យើង​ប្រើប្រាស់​ស្លាក​លេខ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ចេញ​ដោយ​ក្រសួង​សាធារណការ​ ដូច​គេ​ ដូចឯង​ អញ្ចឹង​ទៅ​បាទ ដើម្បី​ចៀសវាង​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ»។

ក្រៅពី​ស្លាក​លេខ​ PRESS​ នោះ​ នៅ​មាន​ស្លាកលេខ​ផ្សេងទៀត​តំណាង​ឲ្យ​ស្ថាប័ន​ តែ​ត្រូវ​ជន​ល្មើស ​ឬ​អ្នក​មាន​អំណាច​យក​មក​ពាក់​លើ​រថយន្ត​ផ្ទាល់​ខ្លួន ​ដើម្បី​រួច​ពី​ការ​បង់ពន្ធ។ ស្លាក​លេខ​ដែល​រងការ​រិះគន់​ច្រើន​នោះ​ មាន​ដូច​ជា ​ខ.ម. ​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ ​ន.ប. ​ស្លាក​លេខ​នគរបាល​រដ្ឋ ​ស្លាក​លេខ​រាជ​រដ្ឋាភិបាល​ និង​ NGO ​ស្លាក​លេខ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម។​

លោក​ រុន រ័ត្នវាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​បន្ថែម​ថា​ពី​លើ​ការ​ពង្រឹង​ច្បាប់​ប្រឆាំង​អ្នក​បើកបរ​ក្នុង​ភាព​ស្រវឹង​ដែល​បង្ក​គ្រោះ​ថ្នាក់​ច្រើន​បំផុត​នោះ ​ ​ប៉ូលិស​ចរាចរណ៍ ​ហើយ​នឹង​មន្ត្រី​អគ្គ​នាយកដ្ឋាន​គយ ​នឹង​សហការ​គ្នា​ត្រួត​ពិនិត្យ​ឯកសារ​របស់​យាន​យន្ត​ពាក់ស្លាក​លេខ​ពិសេស​ ដែល​មិន​តម្រូវ​ឲ្យ​បង់​ពន្ធ។​

លោក​ឲ្យ​ដឹង​ថា ​អគ្គ​នាយកដ្ឋាន​គយ​ទុក​ពេល​រហូត​ដល់​ថ្ងៃទី​១​ ខែ​មេសា​ ឲ្យ​ម្ចាស់​យានយន្ត​បង់ពន្ធ និង​ធ្វើ​ស្លាក​លេខ​ត្រឹមត្រូវ​សម្រាប់​យានយន្ត​របស់​ខ្លួន។

«ខាង​គយ​ក៏​គាត់​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ហ្នឹង​ដែរ​ ដើម្បី​ត្រួត​ពិនិត្យ​មធ្យោបាយ​លើ​ដង​ផ្លូវ​ហ្នឹង។ ​អញ្ចឹង​បើ​ការ​ត្រួត​ពិនិត្យ​ឃើញ​ថា មិនមាន​ពន្ធត្រឹមត្រូវ​ អា​ហ្នឹង​ខាង​គយ​គាត់​នឹង​អនុវត្ត​តាម​ច្បាប់​របស់​គាត់​ហើយ»។​

លោក​និយាយ​ថា​ ម្ចាស់​យានយន្ត​ ដែល​ក្លែង​បន្លំ​ពាក់​ស្លាក​លេខ​ពិសេស​ដើម្បី​គេច​ពន្ធ​នោះ​ នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ ហើយ​ជនល្មើស​អាច​នឹង​មាន​ទោស​ពី​បទ​ក្លែង​បន្លំ៕​

XS
SM
MD
LG