ខណៈដែលមេដឹកនាំនៃបណ្តាប្រទេសអាស៊ាននឹងជួបប្រជុំគ្នាជាមួយមេដឹកនាំអាមេរិកនៅក្នុងរដ្ឋកាលីហ្វ័ញ៉ានៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈនេះ ក្រុមអ្នកតស៊ូមតិខាងសារព័ត៌មានឯករាជ្យសង្ឃឹមថា សហរដ្ឋអាមេរិក នឹងចាប់យកឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន~អាមេរិកនេះ ដើម្បីដាក់សម្ពាធលើមេដឹកនាំអាស៊ានទាំងនេះ ឲ្យអនុញ្ញាតឲ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមអ្នកតស៊ូមតិខាងសារព័ត៌មានឯករាជ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា មន្ត្រីអាមេរិក គួរចាប់យកឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកនៅសប្តាហ៍ក្រោយនេះ ដើម្បីជំរុញមេដឹកនាំអាស៊ាន ឲ្យអនុញ្ញាតឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសរបស់ពួកគេ។
លោក ហ្សន គ្រីស្ពីន (Shawn Crispin) តំណាងជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃគណៈកម្មការការពារអ្នកកាសែត (ឬ Committee to Protect Journalists) បានមានប្រសាសន៍បែបនេះ ពីទីក្រុងបាងកក នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយជាមួយ VOA កាលពីពេលថ្មីៗនេះ។
«យើងសង្ឃឹមថា លោកប្រធានាធិបតី អូបាម៉ា នឹងផ្តល់អាទិភាពលើតម្រូវការ ខាងសេរីភាពសារព័ត៌មានដ៏ទូលំទូលាយជាងនេះ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នេះ នៅក្នុងកិច្ចប្រជុំនោះ» ។
មេដឹកនាំនៃប្រទេសទាំង១០ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន គ្រោងនឹងជួបប្រជុំគ្នា ជាមួយមេដឹកនាំអាមេរិក ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១៥និង១៦ខែកុម្ភៈនេះ ដើម្បីពិភាក្សាបញ្ហាមួយចំនួនរួមទាំងពាណិជ្ជកម្មនិងសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។
ប៉ុន្តែលោក ហ្សន គ្រីស្ពីន នៃគណៈកម្មការការពារអ្នកកាសែត ថ្លែងថា ទំនាក់ទំនងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងភាគីទាំងពីរ(អាស៊ាននិងអាមេរិក) គួរតែត្រូវបានកំណត់ ទៅលើការអនុញ្ញាតឲ្យមានសេរីភាពសារព័ត៌មានកាន់តែទូលំទូលាយថែមទៀត ដោយផ្អែកលើស្មារតីនៃលទ្ធិប្រជាធិបតេយ្យតាមបែបអាមេរិកាំង។
«នៅពេលដែលសហរដ្ឋអាមេរិកងាកមករកតំបន់អាស៊ីអាគ្នេយ៍ម្ដងទៀត ដោយសារតែសារសំខាន់ខាងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រនៃតំបន់នេះ ជាពិសេស ដើម្បីឲ្យមានលំនឹងជាមួយចិន នៅក្នុងល្បែង ប្រកួតប្រជែងគ្នារវាងមហាអំណាចទាំងពីរនេះ យើងសង្ឃឹមថា សហរដ្ឋអាមេរិក នឹងរក្សាអាទិភាពលើបញ្ហាដូចជា សេរីភាពសារព័ត៌មាន និងច្បាស់ណាស់ ក្នុងន័យទូលំទូលាយជាងនេះ គឺការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសទាំងនេះ»។
សេរីភាពសារព័ត៌មាន ត្រូវបានគាបសង្កត់ តាមរយៈច្បាប់និងបទប្បញ្ញត្តិថ្មីៗ ដែលបង្កើតឡើងដោយរដ្ឋាភិបាលភាគច្រើននៃប្រទេសក្នុងតំបន់អាស៊ាននេះ។ នេះបើយោងតាមអង្គការ Freedom House។
អង្គការដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកដដែលនេះ បានលើកឡើងថា ទោះបីជាច្បាប់ស្ដីពីរបបសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកំណត់និងការពារការងាររបស់អ្នកសារព័ត៌មានក៏ដោយ ក៏ច្បាប់នៅក្នុងប្រទេសឡាវ និងវៀតណាម បានតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយ ដើរតួជាប្រព័ន្ធឃោសនារបស់រដ្ឋ ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនោះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតត្រាផ្ទាល់ពីរដ្ឋាភិបាលឬគណបក្សតែមួយ ដែលគ្រប់គ្រងប្រទេសទាំងនេះ។
លោក ហ្សន គ្រីស្ពីន នៃគណៈកម្មការការពារអ្នកកាសែត ថ្លែងថា ការចូលពាក់ព័ន្ធរបស់អាមេរិក ទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គួរតែសំអាងលើការអនុញ្ញាតឲ្យមានសេរីភាពសារព័ត៌មានច្រើនជាងមុននៅក្នុងតំបន់នេះ និងការដោះលែងអ្នកសារព័ត៌មានឯករាជ្យ ដែលកំពុងជាប់ពន្ធនាគារ ដោយសារការបំពេញការងារសារព័ត៌មានរបស់ពួកគេ តួយ៉ាងដូចជា អ្នកសរសេរព័ត៌មានតាមគេហទំព័រផ្ទាល់ខ្លួននៅក្នុងប្រទេសវៀតណាមជាដើម។
«នៅពេលដែលសហរដ្ឋអាមេរិក ចូលប្រឡូកជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ យើងសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្វើការទាមទារ មិនត្រឹមតែ ឲ្យមានការដោះលែងអ្នកសារព័ត៌មាន ដែលជាប់ពន្ធនាគារប៉ុណ្ណោះទេ តែថែមទាំងទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសអាស៊ាន អនុញ្ញាតឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យតាមបណ្ដាញអ៊ីនធឺណិត និងតាមគ្រប់ទម្រង់ទាំងអស់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយតាមរលកធាតុអាកាសផងដែរ» ។
លោក ហ្សន គ្រីស្ពីន មានប្រសាសន៍បន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ហើយ មានសារព័ត៌មានបោះពុម្ព និងផ្សាយតាមវិទ្យុតិចតួចប៉ុណ្ណោះ ដែលមានឯករាជ្យភាព ហើយហ៊ានផ្សព្វផ្សាយព័ត៌មានរិះគន់រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែ អ្នកវិភាគខ្លះ លើកឡើងថា គេរំពឹងថា មេដឹកនាំនៃភាគីទាំងពីរគឺអាស៊ាននិងអាមេរិក នឹងផ្តល់អាទិភាពទៅលើបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខតំបន់ ជាជាងបញ្ហាសេរីភាពសារព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅសប្តាហ៍ក្រោយនេះ។
តែទោះជាយ៉ាងនេះក្តី លោក ហ្សន គ្រីស្ពីន នៃគណៈកម្មការការពារអ្នកកាសែត លើកឡើងថា ទោះបីជាមេដឹកនាំទាំងនេះ នឹងផ្តោតសំខាន់ទៅលើកំណើនសេដ្ឋកិច្ចក៏ដោយ ក៏ក្នុងពេលទន្ទឹមគ្នានេះ ពួកគេ ចាំបាច់ ត្រូវតែផ្តល់អាទិភាពដល់បញ្ហាសេរីភាពសារព័ត៌មាននិងសារព័ត៌មានឯករាជ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ដើម្បីធានាថា កំណើនសេដ្ឋកិច្ចដែលប្រទេសទាំងនេះ សម្រេចបាន គឺមានតម្លាភាពនិងស្ថិរភាពយូរអង្វែង៕