លោករដ្ឋមន្រ្តីការបរទេសសរអា John Kerry បានថ្លែងថា សរអាបានចាប់ផ្តើមគោលនយោបាយមួយនៃការប្រែប្រួលនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសគុយបា។ លោក Kerry បានធ្វើសេចក្តីអត្ថាធិប្បាយដូច្នេះនៅក្រោយកិច្ចប្រជុំជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីថ្ងៃសៅរ៍ជាមួយលោកប្រធានាធិបតីគុយបា Raul Castro នៅក្រៅសន្និសីទកំពូលមួយក្នុងតំបន់។ លោក Kerry ថ្លែងថា រដ្ឋបាលលោក អូបាម៉ានឹងធ្វើសេចក្តីសម្រេចនៅពេលឆាប់ៗថាតើគួរដកប្រទេសគុយបាចេញពីបញ្ជីប្រទេសដែលគាំទ្រភេរវកម្មឬមិនគួរ។
លោក Kerry បានប្រាប់អ្នកធ្វើសេចក្តីសម្ភាសន៍នៃបណ្តាញព័ត៌មានកាលពីថ្ងៃអាទិត្យថា គោលនយោបាយសរអាបច្ចុប្បន្ននៃទណ្ឌកម្មផ្តាច់ទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចដែលបានចាប់ផ្តើមបន្ទាប់ពីលោក Fidel Castro បានដណ្តើមយកអំណាចក្នុងឆ្នាំ ១៩៥៩ «មិនបានប៉ះពាល់ទៅលើមនុស្សដែលយើងចង់តម្រង់ទិសដៅទៅរកនោះទេ»។
លោក Kerry ថ្លែងថា ការប្រែប្រួលនឹងចាប់ផ្តើមធ្វើយឺតៗមុនដំបូងជាមួយទំនាក់ទំនងការទូត ហើយក្រោយមកជាមួយដំណាក់កាលធ្វើឲ្យមានភាពប្រក្រតីនៅគ្រប់វិស័យ។
កិច្ចប្រជុំរបស់លោកប្រធានាធិបតី អូបាម៉ា កាលពីថ្ងៃសៅរ៍ជាមួយលោក Castro ជាកិច្ចប្រជុំទីមួយរវាងមេដឹកនាំប្រទេសទាំងពីរក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅនេះ៕