កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានបរិហាររិះគន់ប្រទេសកូរ៉េខាងជើងអំពីការបង្ក្រាបលើសេរីភាពអ៊ិនធឺណិតនៃពលរដ្ឋខ្លួនហើយលោកបានថ្កោលទោសប្រទេសកុម្មុយនិស្តនេះអំពីការលបលួចចូលវាយប្រហារក្នុងគេហទំព័ររបស់ក្រុមហ៊ុនផលិតខ្សែកុន Sony Pictures នៅ Hollywood។
នៅខណៈលោកមានប្រសាសន៍នៅឯសាកលវិទ្យាល័យកូរ៉េក្នុងក្រុងសេអ៊ូល អ្នកការទូតកំពូលអាមេរិកាំងរូបនេះបានសរសើរប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនចំពោះសេរីភាពខាងអ៊ិនធឺណិត របស់ប្រទេសទាំងពីរនេះ នៅពេលដែលលោកវាយប្រហារតាមពាក្យសម្តីដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាង អំពីការកម្រិតការប្រើប្រាស់អ៊ិនធឺណិតពេញលេញនៅក្នុងប្រទេសដែលនៅដាច់ពីគេមួយនេះ ដែលអ៊ិនធឺណិតអាចប្រើប្រាស់បានត្រឹមតែពួកវរជនមួយចំនួនតូចដែលមានបុព្វសិទ្ធិតែប៉ុណ្ណោះ។
លោក Kerry បានមានប្រសាសន៍ថាស.រ.អា.មានជំនឿថា គោលនយោបាយឌីជីថល «គួរស្វះស្វែងបំពេញសក្តានុពលរបស់បច្ចេកវិទ្យា ដោយប្រើប្រាស់វាជាយានមួយសម្រាប់ស្ថិរភាពសាកលនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រើវាជាវិធីបញ្ចូលរបៀបថ្មីមួយសម្រាប់ពង្រឹងតម្លាភាពរបស់រដ្ឋាភិបាលនិងធ្វើឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវផងដែរ»។
មន្ត្រីយោធាកូរ៉េខាងត្បូងជាន់ខ្ពស់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានព្រមានកាលពីពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើងបានបង្កើនសមត្ថភាពវាយប្រហារតាមអ៊ិនធឺណិតរបស់ខ្លួនច្រើនក្រាស់ក្រែលដោយបានបន្ថែមអ្នកធ្វើការថ្មីៗជិតមួយពាន់នាក់«ដែលត្រូវបានចាត់ឱ្យធ្វើការលបលួចវាប្រហារចូលក្នុងគេហទំព័រនិងការបង្ករឿងឯទៀតៗតាមអ៊ិនធឺណិត៕