ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​​Kerry ​និង​​រដ្ឋមន្រ្តី​​ការ​បរទេស​​ចិន​​ពិភាក្សា​​សិទ្ធិ​​ដែនដី


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​John Kerry និង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ Wang Yi បាន​ចាប់​ដៃ ក្រោយ​ពី​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ ​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការ​បរទេស​ក្នុង​ទី​ក្រុង​ប៉េកាំង នា​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​សៅរ៍នេះ​លោករដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi បាននិយាយប្រាប់​លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា John Kerry ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​ថា ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ការពារអធិបតេយ្យភាព​ និង​បូរណភាព​ដែនដី​របស់​ខ្លួន​មាន​ភាព​រឹងមាំ​ដូច​ជា​ដុំ​ថ្ម ហើយ«មិន​រង្គើ​ទេ»។

ការអត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង​ បន្ទាប់​ពីអ្នកការទូត​កំពូលទាំង​ពីរ​នាក់នេះ​បាន​ធ្វើការ​ចរចា​គ្នា​ ដោយ​បាន​ពិភាក្សាអំពី​បញ្ហា​មួយ​ចំនួន​ ដែល​មាន​រួម​បញ្ចូល​ពាណិជ្ជកម្ម កម្មវិធី​បរមាណូ​នៃ​ប្រទេស​កូរ៉េខាង​ជើង និង​ភាព​តានតឹង​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក Kerry បាន​មាន​ប្រសាសន៍​ថា «យើង​មាន​កង្វល់​អំពី​ល្បឿន​ និង​ទំហំ​នៃ​ការ​ចាក់​ដី​លើ​តំបន់ផ្កាថ្ម ដើម្បី​បង្កើត​តំបន់មាន​ផ្ទៃ​ដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។ ហើយ​លោក​បាន​សុំ​ដល់​ប្រទេសចិន​ឲ្យ​ធ្វើការ​ចរចា​ជា​បន្ទាន់​ជាមួយ​សមាគម​អាស៊ាន​អំពីគោលការណ៍​ណែនាំ ដែល​ត្រូវ​តែ​ធ្វើតាម​ដើម្បី​ដោះស្រាយ​សកម្មភាព​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ។​

ស.រ.អា និង​សមាជិក​ភាគ​ច្រើន​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍សង្ស័យ​ថា​សកម្មភាព​ទាំង​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានគោលដៅ​កសាង​កោះ​តូចៗ​នៅ​ក្នុងដែន​សមុទ្រ​ ដែលចិនអាចទាមទារថា​ជា​របស់​ផង​ខ្លួន។​

លោក Wang បាន​ផ្តល់​សញ្ញា​ថា ​នៅ​ពេល​ដែល​ប្រទេសចិន​ប្រុងប្រៀប​ធ្វើការ​ចរចា​ ខ្លួននឹង​មិន​បញ្ឈប់ការ​កសាង​ទាំងនេះ​ទេ ដែល​លោក​បាន​មាន​ប្រសាសន៍ថា​«ជា​អ្វី​មួយ​ដែល​ឋិត​ពេញ​លេញ​នៅ​ក្នុង​ទំហំនៃអធិបតេយ្យភាព​នៃ​ប្រទេស​ចិន»។

ប្រទេស​ចិន​បាន​ពង្រឹង​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការចាក់ដី​លើ​តំបន់​ផ្កា​ថ្ម ដើម្បីបង្កើត​តំបន់​មាន​ផ្ទៃ​ដី​នៅ​ក្នុង​តំបន់ប្រជុំ​កោះ​ Spratly ដែលប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និង​កោះ​តៃវ៉ាន់ បានទាម​ទារ​ផ្នែក​ខ្លះ​ថាជា​របស់​ខ្លួន​៕

XS
SM
MD
LG