លោករដ្ឋមន្ត្រីការបរទេស ស.រ.អា. John Kerry ថ្លែងថា បុរស ស្ត្រី និងកូនក្មេងនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនត្រូវបានសម្លាប់ ធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។
លោក Kerry បានថ្លែងយ៉ាងដូច្នេះនៅថ្ងៃច័ន្ទនេះ ក្នុងទីក្រុងហ្សឺណែវ ដែលនៅទីនោះលោកបានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ កាលពីមុននេះ លោកនាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីបានថ្លែងប្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប.ថា មានការជឿនលឿនទៅមុខពាក់ព័ន្ធនិងបទឈប់បាញ់គ្នានៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកបានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងកៀវ ដកខ្លួនឲ្យឆ្ងាយពីក្រុមដែលលោកហៅថា «ពួកនិយមជ្រុល» នោះ។
ស.រ.អា. និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងតែពិចារណាអំពីការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ ចំពោះសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលនៅទីនោះ លោកប្រធានាធិបតី Petro Proshenko បាននិយាយថា ក្រុមបំបែករដ្ឋដែលគាំទ្រដោយប្រទេសរុស្ស៊ី បន្តបំពានលើកិច្ចព្រមព្រៀងឈប់បាញ់។
ការិយាល័យ អ.ស.ប. ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សបាននិយាយនៅថ្ងៃច័ន្ទនេះថា មនុស្សចំនួនជាង៦ពាន់នាក់បានស្លាប់តាំងពីខែមេសាឆ្នាំ២០១៤ មក «ទោះជាមានបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ»៕