ប្រធានាធិបតីប្រទេស អ៊ុយក្រែន លោក Petro Poroshenko ថ្លែងថា កងយោធារបស់លោកបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីនាំយកអាវុធធុនធ្ងន់ត្រឡប់ទៅបន្ទាត់ជួរមុខវិញក្នុងប្រទេស អ៊ុយក្រែនភាគខាងកើត ដោយបន្តថាក្រុមឧទ្ទាមដែលរុស្ស៊ីគាំទ្រនៅតែរំលោភបទឈប់បាញ់គ្នាដែលបានសម្រេចនៅដើមខែនេះ។
លោក Poroshenko បានថ្លែងនៅថ្ងៃសុក្រនេះថា កងយោធា អ៊ុយក្រែន «បានត្រៀមខ្លួនគ្រប់ពេលដើម្បីតទល់នឹងពួកសត្រូវ»។
លោកថ្លែងទៀតថា ការគម្រាមមផ្នែកយោធាមួយពីទិសខាងកើតនៅមានជានិច្ច ទោះជាបទឈប់បាញ់គ្នាបានចូលជាធរមានក៏ដោយ ដែលហាក់ដូចជាការថ្លែងសំដៅទៅរកប្រទេស រុស្ស៊ី។
នៅពេលជាមួយគ្នានោះ អ្នកនាំពាក្យយោធា អ៊ុយក្រែន ម្នាក់ថ្លែងថា ទាហានរដ្ឋាភិបាល ៣ នាក់បានស្លាប់ និង ៧ នាក់ទៀតត្រូវរបួសក្នុងរយៈពេលមួយថ្ងៃនេះ បន្ទាប់ពីមានរយៈពេល ២ ថ្ងៃដែលគ្មានទាហានណាម្នាក់ ត្រូវស្លាប់។
លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បានថ្លែងនៅថ្ងៃសុក្រនេះថាមានការជឿនលឿននៅក្នុងការដកគ្រឿងអាវុធធុនធ្ងន់ចេញពីប្រទេស អ៊ុយក្រែនភាគខាងកើត ដោយលោកបានបញ្ជាក់អំពីសារៈសំខាន់ក្នុងការគោរពតាមមាត្រាដទៃទៀតនៃបទឈប់បាញ់គ្នា រួមមានបញ្ហាមនុស្សធម៌សំខាន់ៗ និងការកែទម្រង់រដ្ឋធម្មនុញ្ញ នៅក្នុងតំបន់ Donbas នៃប្រទេស អ៊ុយក្រែន ភាគខាងកើតនោះផង។
ក្នុងព្រឹត្តិការណ៍ដទៃទៀត នៅថ្ងៃសុក្រនេះ មន្រ្តីប្រទេស អេស្ប៉ាញ បាននិយាយថា កងនគរបាលបានចាប់ខ្លួនជនជាតិ អេស្ប៉ាញ ៨ នាក់ដែលគេសង្ស័យថាបានធ្វើការវាយប្រយុទ្ធឲ្យក្រុមឧទ្ទាមគាំទ្រ រុស្ស៊ី នៅក្នុងប្រទេស អ៊ុយក្រែនភាគខាងកើត៕