ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាហ្រ្វិក​ខាងកើត ​ចាប់​ផ្តើម​គម្រោង​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ


ប្រព័ន្ធ​បំពង់​បង្ហូរ​​ប្រេង​​​ថ្មី​មួយ ​ពី​ស៊ូដង់​ខាងត្បូង​
ប្រព័ន្ធ​បំពង់​បង្ហូរ​​ប្រេង​​​ថ្មី​មួយ ​ពី​ស៊ូដង់​ខាងត្បូង​

មេដឹកនាំ​ប្រទេស​កេនយ៉ា(Kenya) អេត្យូពី(Ethiopia) និងស៊ូដង់​ខាងត្បូង​(South Sudan) បាន​បើក​សម្ពោធ​ការ​សាងសង់​កំពង់ផែ​ ដែល​ជាផ្នែក​មួយ​នៃ​គម្រោងហេដ្ឋារចនា​សម្ព័ន្ធ​យ៉ាងធំ​សម្បើម​ ដើម្បី​ភ្ជាប់​ប្រទេស​ទាំង​បី។ ផែនការ​នេះ រាប់បញ្ចូល​ទាំងប្រព័ន្ធ​បំពង់​បង្ហូរប្រេង​ថ្មី​មួយ ​ពី​ស៊ូដង់​ខាងត្បូង​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​នេះគេច​ផុត​ពី​ការដឹកជញ្ជូន​ប្រេងឆៅឆ្លង​កាត់​តាម​ប្រទេស​ជិតខាង​និងគូ​ប្រជែង​របស់ខ្លួន ​គឺ​ប្រទេស​ស៊ូដង់(Sudan)។

កំពង់ផែ​ ឡាមូ (Lamu) គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​គម្រោងសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដែល​ត្រូវបាន​ស្គាល់ថា​ជា ​ច្រក​របៀង ​ឡាបសេត (Lapsset) ដែល​មានគោល​ដៅជំរុញ​ពាណិជ្ជកម្មរវាង​ប្រទេស​កេនយ៉ា អេត្យូពី និង​ស៊ូដង់​ខាងត្បូង។ បន្ទាប់ពីបានថ្លែង​ កាល​ពី​ថ្ងៃ​សុក្រ នៅឯ​ពិធី​បញ្ចុះបឋមសិលា ​ក្នុងទី​ក្រុង ​ឡាមូ លោក​ប្រធានាធិបតីកេនយ៉ា វ៉ាយ គីបាគី ​មាន​ប្រសាសន៍​ថា ​គម្រោង​នេះ ​បង្ហាញ​ឲ្យ​ឃើញពី​ការ​បោះ​ជំហាន​ទៅ​មុខ​ដ៏​សំខាន់ សម្រាប់​ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់​តំបន់​។​

ផែនទី​ប្រទេសស៊ូដង់​ខាងត្បូង​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​នឹងកេនយ៉ាង និងអេត្យូពី។
ផែនទី​ប្រទេសស៊ូដង់​ខាងត្បូង​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​នឹងកេនយ៉ាង និងអេត្យូពី។

​«​ខ្ញុំ​ជឿជាក់​ថា​ ថ្ងៃ​នេះ​ នឹងត្រូវបាន​ចារ​ទុកក្នុង​ប្រវត្តិសាស្រ្ត ថាជា​ពេលវេលា​កំណត់​មួយ ​ដែល​យើង​ធ្វើការអភិវឌ្ឍន៍​យ៉ាងធំធេង​ ដើម្បីភ្ជាប់ប្រជាពលរដ្ឋរបស់​យើង​ ជាមួយ​នឹង​ឱកាស​ជាច្រើនក្នុង​វិស័យសេដ្ឋកិច្ចនិងសង្គម ​នៅ​ពេល​ខាង​មុខ។»​

ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ជិត ២៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​ គម្រោង​នេះ​មិនមែន​ជា​គម្រោងតូចតាច​ឡើយ។

ក្រៅ​ពី​កំពង់​ផែ ច្រក​របៀង​ ឡាបសេត (Lapsset) ​ក៏​ត្រូវបាន​រំពឹង​ថា​នឹង​មាន​ផ្លូវ​រថភ្លើង​ទំនើប​ចម្ងាយ​១ពាន់៦០០​គីឡូម៉ែត្រ​ ផ្លូវហៃវ៉េ​ចម្ងាយ​១ពាន់៧០០​គីឡូម៉ែត្រ​ និង​អាកាសយានដ្ឋាន​អន្តរជាតិចំនួន​បី​ទៀតផង។

គម្រោង​នេះ ក៏​នឹង​អំពាវ​នាវសុំ​ឲ្យ​មានបំពង់​បង្ហូរប្រេង​ថ្មី​មួយ ដែលនឹង​នាំ​ប្រេងរបស់​ប្រទេស​ស៊ូដង់ខាងត្បូង ទៅ​កាន់​កំពង់​ផែ​ថ្មី​ដែរ។

ស៊ូដង់​ខាងត្បូង ត្រូវ​បាន​បង្ខំ​ឲ្យ​ពឹង​ផ្អែកលើ​បំពង់​បង្ហូរ​ប្រេង ដែលឆ្លង​កាត់​តាមប្រទស​ស៊ូដង់ ​ប៉ុន្តែ​កាល​ពី​ខែ​មករា បានបញ្ឍប់​ការ​ផលិត​ប្រេង​ ដោយសារមាន​ជម្លោះជាមួយស៊ូដង់​ខាង​ជើង​ ទាក់​ទង​នឹង​តម្លៃសម្រាប់​ការបង្ហូរប្រេង​ឆ្លងកាត់។

​មាន​ការ​ព្រួយបារម្ភជាច្រើន​ទៀត​ទៅលើ​កំពង់ផែ ឡាមូ​។ ប្រជាពលរដ្ឋមួយ​ចំនួន​នៃសហគមន៍​ស្វាហ៊ីលី (Swahili) នៃ​តំបន់ឆ្នេរ​យ៉ាងស្ងប់​ស្ងាត់​និងគួរឲ្យចាប់អារម្មណ៍​ បាន​ជំទាស់​ទៅ​នឹង​ការ​សាងសង់នេះ។​

ញាត្តិមួយ​ ដែល​ត្រូវបានផ្សព្វផ្សាយ​ដោយអង្គការ​មួយ​ ​ឈ្មោះ​ថា«​ជួយ​សង្គ្រោះទី​ក្រុង​ឡាមូ» ឬ​ហៅ​ជា​ភាសាអង់គ្លេស​ថា Save Lamu លើក​ឡើង​ពីភាពខ្វះ​ការ​សម្របសម្រួល​ជាមួយ​អជ្ញាធរ​មូលដ្ឋាន និង​ព្រួយ​បារម្ភ​ពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​។ ​អ្នក​ដទៃ​ទៀត ​បារម្ភ​ថា ដីធ្លីរបស់​ខ្លួន នឹងត្រូវ​រឹបអូស​ដោយ ក្រុម​អ្នក​វិនិយោគ​ដែលអន្ទះសារ​ចង់​បាន​ខ្លាំង។​

លោក​ប្រធានាធិបតី​ គីបាគី ​បាន​ព្យាយាមនិយាយសម្រាល​ចំពោះ​ភាពមន្ទិល​សង្ស័យ​នោះ ដោយ​ប្រាប់អ្នក​តាំង​លំនៅក្នុង​ទី​ក្រុង​ឡាមូ​ថា ​កម្មសិទ្ធិ​លើ​ទ្រព្យ​សម្ប​ត្តិរបស់ពួកគេ​ ​ត្រូវ​បានការពារ​ នៅក្នុងរដ្ឋធម្មនុញ្ញ​ថ្មី៕

ប្រែសម្រួលដោយ គឹង ភិរុណ

XS
SM
MD
LG