ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​សកម្ម​ជន​ចង់​ឃើញ​សេចក្តី​លម្អិត​ស្តី​ពី​កិច្ច​សន្យា​ប្រេង​រវាង​កេនយ៉ា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ចិន


រូបឯកសារ៖ នាវា​ប្រេង Celsius Riga ដឹក​ប្រេង​ឆៅ​ផលិត​នៅ​ប្រទេស​កេនយ៉ា កំពុង​ស្ថិត​នៅ​ក្នុង​ផែ​មួយ​ក្នុង​ពិធី​មួយ​នៅ​​ក្រុង Mombasa ប្រទេ​កេនយ៉ា កាល​ពី​ខែ​សីហា ២០១៩។

ប្រទេស​កេនយ៉ា ​បាន​នាំ​ប្រេង​ចេញ​មុន​ដំបូង​របស់​ខ្លួន​ដែល​មាន​តម្លៃ​ប្រ​ហែល​១២លាន​ដុល្លារ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ប្រេង​ចិន​មាន​ឈ្មោះ​ថា ChemChina។

សមាជិក​អង្គការ​សង្គម​ស៊ីវិល កំពុង​ទាម​ទារ​ឲ្យ​មាន​តម្លា​ភាព និងឲ្យ​រដ្ឋាភិបាល​កេនយ៉ា​បង្ហាញ​ថាតើ​ក្រុម​ហ៊ុន​ចិន​នោះ ​បាន​ឈ្នះការ​ដេញ​ថ្លៃ​ដើម្បី​ទិញ​ប្រេង​យ៉ាង​ដូចម្តេច​និង​ថាតើប្រទេស​កេនយ៉ា​ទទួល​បាន​ប្រាក់​ចំណូលប៉ុន្មានពីការ​លក់​នោះ។​

បន្ទាប់​ពី​ការ​រុក​រក​អស់​ជា​ច្រើន​ឆ្នាំ​មក ​កេនយ៉ា​បាន​នាំ​ចេញ​ប្រេង​ឆៅ​ជា​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ខែ​មុន។

នៅ​ពេល​ដែល​មាន​ការ​រំភើប​ពី​ការ​ចូល​រួម​របស់​កេនយ៉ាក្នុង​បញ្ជី​របស់​ប្រទេស​ផលិត​ប្រេង ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ ​កំពុង​ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ប្រេង​សម្ងាត់​ជា​មួយ​ក្រុម​ហ៊ុន​ចិន។

លោក ​Charles Wanguhu​ ជា​អ្នក​សម្រប​សម្រួល​នៃ​អង្គការ​ស៊ីវិល​ Civil Society Platform ​ស្តីពី​ប្រេង​និង​ឧស្ម័ន​ឬ ​(KCSPOG)​ ដែល​ជា​ក្រុម​តស៊ូ​មតិដែល​ធ្វើ​ការអំពី​បញ្ហា​ប្រេង​និង​ឥស្ម័ន។​ លោក​និយាយ​ថា ​ពួក​គេ​ចង់​ដឹង​ថា​តើ​កេនយ៉ា ​នឹង​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ដ៏​ល្អ​បំផុត​សម្រាប់​ធនធាន​របស់​ខ្លួន​ដែរ​ឬ​ទេ។

លោក​ Wanguhu ​ថ្លែង​ថា៖ «បញ្ហា​ពិបាក​បំផុត​ដែល​កំពុង​បន្ត​មាន​ឡើងក្នុង​ផ្នែក​នេះ ​គឺ​ការខ្វះ​ការ​បញ្ចេញ​ឯកសារ​ត្រឹម​ត្រូវ។ ដូច្នេះ ​ក្រសួង ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មាន​ការ​ធ្វើ​ទៅ​តាម​ដំណើរ​ការ​ដេញថ្លៃ​ប្រេង ​ក៏ប៉ុន្តែ ​ឧទាហរណ៍ ​យើង​មិន​អាច​ចូល​ទៅ​មើល​ឯកសារ​នៃ​ការ​ដេញ​ថ្លៃ​ស្តីពី​ក្រុមហ៊ុន​ផ្សេង​ទៀត ​បាន​ដេញ​ថ្លៃ​ហើយ​ថាតើក្រុមហ៊ុន​ទាំង​នោះ​បាន​ដេញក្នុង​តម្លៃ​ប៉ុន្មាន​នៅ​ពេល​ដែល​ពួក​គេ​ទទួល​យក​ក្រុមហ៊ុន ChemChina ​ដែល​ជា​អ្នក​ទិញ​នោះ។​ យើង​បាន​សុំ​ឲ្យ​មាន​ដំណើរ​ការ​តម្លាភាព​កាន់​តែ​ខ្លាំង​ឡើង​នៃ​ការ​ដាក់​ដេញ​ថ្លៃ​ទាំង​នេះ​ដែល​យើង​អាច​និយាយ​ថា ​ប្រទេស​នេះ​មានកិច្ច​ព្រម​ព្រៀង​ដ៏​ល្អ​នោះ»។

លោក​ Andrew Kamau​ ប្រធាន​រដ្ឋបាល​ប្រេង​ឥន្ធនៈ​របស់​កេនយ៉ា និយាយ​ថា ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ថា​តើ​ក្រុមហ៊ុន​ណា​បាន​ទិញ​ប្រេង​ហើយ​នឹង​ថា​តើ​ក្រុម ហ៊ុន​នោះ​ទិញ​ប្រេង​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ ជា​ការ​គ្រប់​គ្រាន់​ហើយ។

លោក ​Kamau ​និយាយ​ថា៖ «វា​ជា​ការ​អត្ថាធិប្បាយ​មិន​ត្រឹម​ត្រូវ​ទេ។ យើង​បាន​ប្រាប់​ពួក​គេ​ថា​តើ​ក្រុម​ហ៊ុន​ណា​ដែល​ទិញ​ប្រេង​នោះ។ តើ​តម្លៃ​ប៉ុន្មាន​ដែល​ពួក​គេ​ទិញ​និង​ចំនួន​ប៉ុន្មាន។ តើ​ពួកគេ​ចង់​បាន​អ្វីទៀត? ​លោក​ដឹង​ហើយ​ថា ​មនុស្ស​មាន​ការ​ភ័យ​ខ្លាច​គ្រប់​ប្រភេទ ​ដូច្នេះ ​ខ្ញុំ​ប្រាកដ​ជា​មិន​អាច​និយាយ​អំពី​បញ្ហា​នេះ​ទេ។ ក្រសួង​ក៏​មាន​ការ​ស្ទាក់​ស្ទើរ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ថា​តើ​គេ​ចំណាយ​ប៉ុន្មាន​នៅ​ក្នុង​ការ​រុក​រក​ប្រេង​នោះ»។

ចិន​បាន​ជួយ​កេនយ៉ា​ធ្វើ​ផ្លូវ​ថ្នល់​និង​ផ្លូវ​រទេះ​ភ្លើង​ប្រកប​ដោយ​ស្តង់ដា​មួយ​ដែល​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ។

លោក ​Wanguhu​ និយាយ​ទៀត​ថា ​លោក ​ភ័យខ្លាច​ពី​អនាគត ប្រសិនបើ​ចិន​នឹង​ក្លាយ​ជា​អ្នក​ទិញ​ប្រេង​ដ៏​សំខាន់​មួយ​មកពី​កេនយ៉ា​នោះ។

លោក Wanguhu​ និយាយទៀត​ថា៖ «បញ្ហា​ប្រឈមគឺ​ថា ​យើង​បាន​ជំពាក់បំណុល​ចិន​យ៉ាង​ច្រើន​ដែល​មាន​នៅ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ជុំវិញ​តំបន់​ផ្លូវ​រទេះ​ភ្លើង (SGR) ហើយ​បំណុលនេះ​ច្រើន​ណាស់​ដែល​យើង​មើល​ឃើញ​ថា ប្រេង​របស់​យើង​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ចិន ហើយ​ភាព​គ្រោះថ្នាក់​នេះ​ធ្វើ​ឲ្យ​យើង​មិន​អាច​សង​បំណុល​ដែល​យើង​អាច​ធ្លាក់​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មិន​សាក​សម្យ​សម្រាប់​ប្រទេស​យើង»។

លោកស្រី ​Hellen Odegi​ ជា​អ្នក​ជំនាញ​ប្រេង​និង​ឧស្ម័ន​និយាយ​ថា​ ប្រវត្តិសាស្រ្ត​មិនអនុគ្រោះ​ដល់​កេនយ៉ាន​ទេ នៅ​ពេល​ដែល​និយាយ​ពី​ការ​រៀប​ចំ​ចាត់​ចែង​ធន​ធាន​សាធារណៈ​នោះ។

លោកស្រី Hellene បាន​ថ្លែង​ថា៖ «ផ្នែក​មួយ​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​នោះ​គឺ ​ពីព្រោះ​តែ​ប្រវត្តិសាស្រ្ត​ដែល​យើង​មាន​នៅ​ក្នុង​ប្រទេស​កេនយ៉ា​គឺ​ការ​ប្រើ​ប្រភព​ធន​ធាន​មិន​ត្រឹម​ត្រូវ ​យើង​មិន​បានទទួល​ស្គាល់​ពី​ការ​ប្រឈម​មុខ​មួយ​ទៀត​ដូចជា​អ្វី​ដែល​យើង​បាន​ឃើញ​កាល​ពី​៣ឆ្នាំ​កន្លង​មក​នេះ​ ដែល​ប្រាក់​យ៉ាង​ច្រើន​បាន​បាត់​បង់​នៅ​ក្នុងរដ្ឋាភិបាល​ស្រុក​និង​រដ្ឋាភិបាល​កណ្តាល ​ដូច្នេះ​យើង​មិន​បាន​រក​ប្រាក់​ហើយ​ប្រាក់​នេះ ​នឹង​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​ក្រុម​ហ៊ុន​២​តែ​ប៉ុណ្ណោះ»។

ប្រទេស​កេនយ៉ា ​បាន​ផលិត​ប្រេង​ប្រហែល​២​ពាន់​ធុង​ក្នុង​មួយ​ថ្ងៃ។ កាលពី​ខែ​មុន ក្រុម​ហ៊ុន​រុក​រក​ប្រេង ​Tullow​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ផលិតផល​ប្រេង​អាច​កើន​ឡើង​ដល់​១​សែន​ធុង​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០២៤៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG