ដោយមិនបានបង្ហាញមុខនៅសាលាឧទ្ធរណ៍ នៅថ្ងៃពុធ លោក កឹម សុខា នៅថ្ងៃដដែលនេះ បានផ្ញើលិខិតថ្វាយព្រះពរព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មុនខួបចម្រើនព្រះជន្មរបស់ព្រះអង្គ។ នេះបើផ្អែកតាមលិខិតមួយច្បាប់ដោយមានហត្ថលេខារបស់លោក កឹម សុខា ដែលត្រូវបានបង្ហោះលើគេហទំព័រហ្វេសប៊ុកបស់លោកនៅថ្ងៃពុធ ទី១៣ ខែឧសភានេះ។
ព្រះមហាក្សត្រនរោត្តម សីហមុនី ដែលទើបយាងត្រឡប់មកពីប្រទេសចិនវិញជាមួយព្រះមាតារបស់ព្រះអង្គ កាលពីថ្ងៃច័ន្ទ នឹងមានព្រះជន្មគម្រប់ ៦៨ ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភានេះ។
លិខិតរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកម្ពុជារំលាយក្នុងប្រទេសកម្ពុជារូបនេះ បានសរសេរដោយបួងសួងនិងថ្វាយព្រះពរអង្គព្រះមហាក្សត្រសូមឲ្យ «ព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូប»។
លោក កឹម សុខា ត្រូវបានចោទប្រកាន់និងជំនុំជម្រះទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅថ្ងៃទី១៣ ខែឧសភានេះដែរ លោក សម រង្ស៊ី មេដឹកនាំកំពូលម្នាក់ទៀតនៃគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នរស់នៅប្រទេសបារាំង ក៏បានបង្ហោះសារមួយដោយអំពាវនាវឲ្យអ្នកនយោបាយខ្មែរចាស់ៗ «លាលែងពីតំណែងទាំងអស់គ្នា ដើម្បីផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយឡើងមកដឹកនាំប្រទេស»វិញម្តង៕