ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលា​ឧទ្ធរណ៍​​កំពុង​កំណត់​នីតិវិធី​ជម្រះ​រឿងក្តី​ទាក់​ទិន​នឹង​ឃាតកម្ម​លើ​​លោក​​កែម ឡី​ ក្រោយ​ទទួល​បណ្តឹង​របស់​ជួប សំលាប់


រូបឯកសារ៖ ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

អឿត អាង​ ឬ​ ​ជួប សំលាប់​ ​ដែល​អះអាង​ថា​ ខ្លួន​បាន​បាញ់​សម្លាប់​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​មួយ​រូប​គឺ​លោក​កែម ឡី​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​ ​និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ កាល​ពី​ថ្ងៃទី​២៣​ ​ខែ​មិនា​ កន្លង​ទៅ។​

សាលា​ឧទ្ធរណ៍​កំពុង​កំណត់​នីតិវិធី​ជម្រះ​រឿងក្តី​ទាក់​ទិន​នឹង​ឃាតកម្ម​លើលោក​កែម ឡី​ ក្រោយ​ទទួល​បណ្តឹង​របស់ជួប សំលាប់​សុំ​បន្ធូរ​បន្ថយ​ទោស ​ដែល​ប្តឹង​ជំទាស់​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់​ទោស​ឲ្យខ្លួន​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នក​នាំពាក្យសាលា​ឧទ្ធរណ៍នា​ថ្ងៃ​ពុធ។​

អឿត អាង​ ឬ​ ​ជួប សំលាប់​ ​ដែល​អះអាង​ថា​ ខ្លួន​បាន​បាញ់​សម្លាប់​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ​មួយ​រូប​គឺ​លោក​កែម ឡី​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​ ​និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ កាល​ពី​ថ្ងៃទី​២៣​ ​ខែ​មិនា​ កន្លង​ទៅ។​

បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​បាន​ជិត​មួយ​ខែ​ ​គឺ​នៅ​ថ្ងៃទី​២១ ​ខែ​មេសា​នេះ​ ​លោក​មេធាវី​យុង ផានិត​ ​ដែលការពារ​ក្តី​ឲ្យ​ជួប សំលាប់​ ​នា​ពេល​នោះ​ ​បាន​ដាក់​បណ្តឹង​ប្តឹង​ឧទ្ធរណ៍​ ​សុំ​បន្ធូរ​បន្ថយ​ទោស​ឲ្យ​កូនក្តីរបស់​លោក។​

លោក​ទូច ថារិទ្ធ​ ​អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​សាលា​ឧទ្ធរណ៍​ទើប​តែ​ទទួល​បាន​បណ្តឹង​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​របស់​ឈ្មោះ​ ​អឿត អាង ​ហៅ​ជួប សំលាប់​ និង​ថា ប្រធាន​សាលា​ឧទ្ធរណ៍​កំពុង​ពិនិត្យ ដើម្បីកំណត់​ពីកាល​បរិច្ឆេទ​ ​និង​ចៅក្រម​ដែល​ត្រូវ​ទទួល​បន្ទុក។

លោក​ទូច ថារិទ្ធមាន​ប្រសាសន៍​ថា៖​

«សំណុំរឿង​ហ្នឹង​បាន​មក​ដល់​សាលា​ឧទ្ធរណ៍​ហើយ ​ប៉ុន្តែ​ចៅ​ក្រម​គាត់​កំពុង​ពិនិត្យ​លើ​សំណុំ​រឿង​ហ្នឹង។​ ​អត់ទាន់​បាន​ដាក់​កម្មវិធី​ជំនុំជម្រះ​នៅ​ឡើយ​ទេ។​ ​អាស្រ័យ​ទៅ​លើ​ខាង​ឯកឧត្តម​ប្រធាន។​ ​គាត់​ចាត់​ទៅ​ចៅក្រម​មួយ​ណា​ ដើម្បី​ឲ្យ​គាត់​ទទួល​បន្ទុក​ទៅលើ​ការ​ដោះ​ស្រាយ​សំណុំរឿង​ហ្នឹង​ ​បាន​គាត់អាចបន្ត​នីតិវិធី​បាន​ទៅ​មុខ​ទៀត»។

លោក​យុង ផានិត​ ​មេធាវី​ការពារ​ក្តី​ឲ្យ​ជួប សំលាប់ក្នុងដំណាក់កាល​សវនាការ​ជំនុំ​ជម្រះនៅ​សាលា​ដំបូង​ ​ក៏​បាន​ឱ្យ​ ​VOA​ ​ដឹង​ដែរ​ថា​ ​មូលហេតុនៃ​ការដាក់​ពាក្យ​បណ្តឹង​សុំ​បន្ធូរ​បន្ថយ​ទោស​ ​ដោយ​សារ​ ជួប សំលាប់​លើកឡើង​ថា ​ទោស​ដែល​តុលាការ​ប្រកាស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ​ ​ជា​ទោស​ដែល​ធ្ងន់ធ្ងរ​ពេក។​ ​លោក​បញ្ជាក់​ថា ​បើ​យោ​ង​តាម​ការ​ការពារ​ក្តី​ឲ្យ​ជួប សំលាប់កន្លង​មក​ ​ជួប សំលាប់​ ​គួរតែ​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស។​

លោក​មេធាវី​យុង ផានិត​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​យល់​ឃើញ​ថា ​គួរ​តែ​គាត់​ត្រូវ​បាន​ស្ថាន​សម្រាល​ទោស​មួយ​ផ្នែក​ ​ព្រោះ​តាម​ដែល​យើង​ឃើញ​សកម្ម​ភាព​គាត់​ ​ទាក់ទង​ទៅ​នឹង​បុគ្គលិក​លក្ខណៈ​របស់​គាត់​ និង​ស្ថានភាព​ក្នុង​ការ​ដែល​គាត់​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​ គឺ​គាត់​គួរតែ​ទទួល​បាន​ស្ថាន​សម្រាល»។​

លោក​យុង ផានិត​បន្ថែម​ថា​ ​លោក​បាន​បញ្ចប់​ភារកិច្ច​ជាមេធាវី​ការពារ​ក្តី​ឲ្យ​ជួប សំលាប់​ ​បន្ទាប់ពី​លោក​បាន​ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​កាលពី​ចុង​ខែ​មេសា។​ ​ទោះ​ជា​យ៉ាង​ណា​ លោក​ថា​ ​រហូត​មកដល់ពេល​នេះ ​លោក​មិនទាន់​បាន​ទទួល​ដំណឹង​ពី​សមាភាព​មេធាវី​ដែល​នឹង​ត្រូវ​ការពារជួប សំលាប់​ក្នុង​ដំណាក់កាលជំនុំ​ជម្រះ​នៅសាលា​ឧទ្ធរណ៍​ទេ។​

សពអ្នកវិភាគសង្គមលោក​កែម ឡី ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ​ ដឹកទៅ​កាន់​វត្ត​មួយនៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។
សពអ្នកវិភាគសង្គមលោក​កែម ឡី ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ​ ដឹកទៅ​កាន់​វត្ត​មួយនៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក​កែម ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ ​និង​ជា​អ្នក​វិភាគ​សង្គម​ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ​នៅ​ស្តាម៉ាត​ ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ ​ក្នុង​រាជធានី​ភ្នំពេញ។​

ក្រោយ​ការ​បាញ់​សម្លាប់​ភ្លាមៗ​ ​សមត្ថកិច្ច​ចាប់​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ ​ខ្លួន​មាន​ឈ្មោះជួប សំលាប់​ ​ហើយ​ថា​ ​ការ​បាញ់​សម្លាប់​លោក​កែម ឡីគឺ​ ដោយ​សារ​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​រូប​នេះ​ ​ជំពាក់​លុយ​ខ្លួន​ចំនួន​៣.០០០​ដុល្លារ​មិន​ព្រម​សង។​ ​ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ​និង​ក្រុ​មគ្រួសារ​របស់​លោក​កែម ឡី​មិនអស់​ចិត្ត​ ​និង​បាន​លើក​ឡើង​ថា​ ​ជួប សំលាប់បាន​ប្រឌិតការ​ជំពាក់​បំណុល​នេះ​ឡើង។​

លោក​កែម រិទ្ធីសិត​ ​ប្អូន​ប្រុស​បង្កើតរបស់​សព​លោក​កែម ឡី​ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បណ្តឹង​សុំ​បន្ធូរ​បន្ថយ​ទោស​របស់​ជួប សំលាប់​ទេ​ ក៏ប៉ុន្តែ​លោក​ប្រាប់​ ​VOA​ ​ថា​ លោក​ ​និង​ក្រុម​គ្រួសារ​កំពុង​ស្វែង​រក​មេធាវី​ដើម្បី​ប្តឹង​ឲ្យ​តុលាការ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ជួប សំលាប់​ក្នុង​សវនាការ​ ​ដែល​ថា ​ការ​បាញ់​សម្លាប់​នោះ​កើត​ឡើង​ដោយ​សារ​លោក​កែម ឡីបាន​ជំពាក់​លុយ​ជួប សំលាប់​ចំនួន​៣.០០០​ដុល្លារ​ ​មិន​ព្រមសង។​

លោក​កែម រិទ្ធីសិត​បញ្ជាក់​ថា៖​

«ខ្ញុំ​ដែល​ជា​ប្អូន​ ​ឬ​ម្តាយ​នេះ​ ​គឺ​មិន​ទទួល​យក​ទេ​ ដែល​ថា​ ជំពាក់​លុយ​៣​ពាន់​ហ្នឹង​ ​ឈាន​ដល់​កា​រ​សម្លាប់។​ ​ព្រោះ​លុយ​៣​ពាន់​ ​បើ​ជំពាក់​គឺ​ គួរតែ​មាន​ការ​ទារ​ណា​មួយ​ ​ឬ​មួយ​ក៏​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ។​ ​អីចឹងបាន​ថា​ ​យើង​បដិសេធ​កន្លែង​ហ្នឹង»។​

បើទោះ​បីជា​ជួប សំលាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏ដោយ​ ​ប៉ុន្តែ​មន្ទិល​សង្ស័យ​ពាក់ព័ន្ធ​នឹង​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​កែម ឡី​ ​នៅ​តែ​មិន​ជ្រះ​ស្រឡះ​ពី​ក្នុងចិត្ត​របស់អ្នក​គាំទ្រ​ និង​អ្នក​ចូលចិត្ត​អ្នក​វិភាគ​ដ៏ល្បី​រូប​នេះ។

ការ​បាញ់​សម្លាប់​លោក​កែម ឡីកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយ​ការណ៍​ចុង​ក្រោយ​មួយ​របស់​អង្គការ​ ​Global Witness​ ​ដែល​បាន​លាត​ត្រដាង​អំពី​អាជីវកម្ម​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ដែល​មាន​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​២០០​លាន​ដុល្លារ។​

ក្នុង​សវនាការជំនុំជម្រះ​ជួប សំលាប់​កាល​ពី​ដើម​ខែ​មីនា​ ​តុលាការ​បាន​បង្ហាញ​ភស្តុតាង​ ​និង​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​មួយ​ចំនួន​ដែល​យក​ចេញ​ពី​កន្លែង​កើត​ហេតុ។​ ​ប៉ុន្តែ​ទាំង​ក្រុម​គ្រួសារ​របស់​លោក​កែម ឡី​ ​និង​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍សង្គម​ ​លើក​ឡើង​ថា​ ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នោះ​ ​មិន​ទាន់គ្រប់គ្រាន់​ ​និងបាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ជុំវិញ​ឃាតកម្ម​ដ៏​រន្ធត់​នេះ៕

XS
SM
MD
LG