ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្តកណ្តាល​ថា យោធា​វៀតណាម​សង់​ជម្រក​រឹងមាំ​ថ្មី​នៅ​ព្រំដែន


សកម្មភាពនគរបាលខេត្តកណ្តាល ត្រួតពិនិត្យតំបន់ព្រំដែនដែលយោធាវៀតណាមបានបោះតង់នៅលើតំបន់ដែលមិនទាន់មានភាពឯកភាពគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ (រូបថតដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
សកម្មភាពនគរបាលខេត្តកណ្តាល ត្រួតពិនិត្យតំបន់ព្រំដែនដែលយោធាវៀតណាមបានបោះតង់នៅលើតំបន់ដែលមិនទាន់មានភាពឯកភាពគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ (រូបថតដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

ការផ្តើមសាងសង់ជម្រក​រឹងមាំ​របស់វៀតណាម​នេះ ធ្វើឡើង​ក្រោយពី​មាន​របាយការណ៍​ថា យោធា​វៀតណាម បានបង្កើន​ការបោះតង់​នៅតាម​តំបន់​ព្រំដែន រហូត​ដល់ ២៥៦កន្លែង ទោះជាមាន​ការជំទាស់ និងទាមទារ​ពីរដ្ឋាភិបាល​កម្ពុជា​ឲ្យភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ ហើយ​រក្សា​តំបន់​ដែល​មិនទាន់​មានការឯកភាព​គ្នាឲ្យ​នៅ​ស្ថានភាព​ដូចមុន។

អាជ្ញាធរ​ខេត្ត​កណ្តាល​ដែល​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ​បាន​រាយ​ការណ៍​ថាភាគី​កងទ័ព​ការពារ​ព្រំដែន​របស់​វៀតណាម ​បាន​សាងសង់​ជម្រក​រឹងមាំ​មួយ​ ជំនួស​ឲ្យ​ការ​បោះ​តង់​នៅ​ចំណុច​ដែល​ចែក​ព្រំប្រទល់​រវាង​ស្រុក​ទិនចូវ​របស់​វៀតណាម​និង​ស្រុក​លើក​ដែក​របស់​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​លិខិត​របស់​ស្នងការ​ខេត្ត​កណ្តាល​ដែល​វីអូអេ​បាន​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ការ​ផ្តើម​សាងសង់​ជម្រក​រឹងមាំ​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម​នេះ​ កើត​មាន​ឡើង​ ក្រោយ​ពី​មាន​របាយ​ការណ៍​កន្លង​មក​ថាយោធា​វៀតណាម​បាន​បង្កើន​ការ​បោះ​តង់​នៅ​តាម​តំបន់​ព្រំដែន ​រហូត​ដល់​ ២៥៦​កន្លែង​ ទោះ​បី​ជា​មាន​ការ​ជំទាស់​ និង​ទាមទារ​ពី​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំង​នោះ​ចេញ​ ហើយ​រក្សា​តំបន់​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ឲ្យ​នៅ​ស្ថានភាព​ដូច​មុន។​

លិខិត​របស់​ស្នងការ​ខេត្ត​កណ្តាល​លោក​ឧត្តម​សេនីយ៍​ទោ ​ឈឿន សុចិត្ត​ ចុះ​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០២០​ បាន​ពណ៌នា​ថា​ កាលពី​ថ្ងៃ​២៥​ ខែ​សីហា​ កម្លាំង​នគរបាល​ និង​យោធា​ការពារ​ព្រំដែន​កម្ពុជា​ចំនួន​១៥​នាក់ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្អម​សំណ​ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​តង់ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម​ ប៉ុស្តិ៍​៩២៥​វិញសឿង​របស់​ភូមិ​ភូវី ឃុំភូឡុក​ ស្រុក​ទិនចូវ​ ខេត្ត​អានយ៉ាង​ដែល​នៅ​ទល់​នឹង​ភូមិ​ក្អមសំណ​ក្រោម​ ឃុំ​ក្អម​សំណ​ ស្រុក​លើក​ដែក​ខេត្ត​កណ្តាល។​ពេល​នោះ​អាជ្ញាធរ​ខ្មែរ​បាន​ជួប​ភាគី​វៀតណាម​កំពុង​សាងសង់​តង់​ថ្មី ​ដែល​ពួកគេ​ថា​ជា​ជម្រក​រឹងមាំ ​សាង​សង់​«អំពី​ឈើ​ សសរ​ថ្ម​ កម្ពស់​៣ម៉ែត្រ​ ទំហំ​បណ្តោយ​៥ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ ដំបូល​ប្រក់​ស័ង្កសី​ ដោយ​ឃ្លាត​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​កម្ពុជា​គ្រប់​គ្រង​បច្ចុប្បន្ន ​ប្រមាណ​១២០​ម៉ែត្រ។

លិខិត​របស់​ស្នងការ​ប៉ូលិស​ខេត្ត​កណ្តាល​ដែល​រាយ​ការណ៍​ទៅ​អភិបាល​ខេត្ត​កណ្តាល​ឲ្យ​ដឹង​ទៀត​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា​បាន​ទៅជួប​ជាមួយ​ប្រធាន​ប៉ុស្តិ៍​៩២៥​វិញសឿង ​ដើម្បី​ទាមទារ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​សកម្ម​ភាព​សាងសង់​តង់​ថ្មី។​ ប៉ុន្តែ​ភាគី​វៀតណាម​បញ្ជាក់​ថា​ គេ​ធ្វើ​តាម​បញ្ជា​ថា្នក់​លើ​របស់​គេ​ ហើយ​ថ្នាក់​លើ​របស់​គេ​មាន​«គម្រោង​សាង​សង់​តង់​ថ្មី​ (ជា​ជម្រក​រឹងមាំ)​ ចំនួន​៤​គោល​ដៅ​នៃ​១០​គោល​ដៅ​ចាស់​ដែល​មាន​ស្រាប់»។

នៅ​ថ្ងៃ​បន្ទាប់​ទៀត ​គឺ​ថ្ងៃទី​២៦ ខែ​សីហា​ អភិបាល​ស្រុក​លើក​ដែក​ និង​កម្លាំង​ពាក់​ព័ន្ធ​បាន​ទៅ​ស្នើឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការ​សាងសង់​ជាបន្ទាន់​នៅ​ចំណុច​ដដែល​នោះ​ ប៉ុន្តែ​ភាគីវៀតណាម​មិន​ព្រម​ឯកភាព​បញ្ឈប់​ការ​សាង​សង់​នោះ​ឡើយ។​នេះ​បើ​តាម​លិខិត​របស់​ស្នង​ការ​ខេត្ត​កណ្តាល។​

លោក​ គ្រុយ ម៉ាឡែន​ នាយក​រដ្ឋបាល​សាលា​ខេត្ត​កណ្តាល​និយាយ​ថា​សាលា​ខេត្ត​មិន​ទាន់​មាន​ព័ត៌មាន​ពាក់​ព័ន្ធ​លិខិត​របស់​លោក​ស្នង​ការ​ខេត្ត​កណា្តល​នោះ​ទេ។ ​វីអូអេ​ព្យាយាម​សុំការ​អធិប្បាយ​បន្ថែម​ពី​លោក​ គង់ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល ​តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

លោក​នាយ​ឧត្តម​សេនីយ៍​ ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ លោក​បាន​ឃើញ​លិខិត​របស់​ស្នងការ​ខេត្ត​កណ្តាល​បញ្ជូន​មក។​លោក​បន្ត​ថាការ​សាងសង់​ជម្រក​ថ្មី​ពី​សំណាក់​យោធា​ការពារ​ព្រំដែន​របស់​វៀតណាម​នៅ​តំបន់​ដែល​រាយ​ការណ៍​ដោយ​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​នោះ​ គឺ​មិន​បាន​រំលោភ​ដែនដី​កម្ពុជា​ទេ ​ពោល​គឺវៀតណាម​បាន​សង់​នៅ​លើ​ទឹកដី​របស់​គេ​ ហើយ​កម្ពុជា​គ្រាន់​តែ​ទាម​ទារ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ប៉ុណ្ណោះ។​

«អ្នក​ណា​ដែល​បញ្ជាក់​ធ្វើ​លើ​ដី​យើង​ មែនទេ។​ គេធ្វើ​លើ​ដី​គេ​ទេ ​យល់​ទេ? ​ ប៉ុន្តែ​គ្រាន់​ថា​កន្លង​មក​ ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ជជែក​គ្នា​ ហើយ​អាជ្ញាធរ​ខេត្ត​សង​ខាង​ គឺធ្លាប់​បាន​មាន​កិច្ច​ប្រជុំ​ កាលណា​មាន​សកម្ម​ភាព​អី​តាម​បណ្តោយ​ព្រំដែនទោះ​ខាង​យើង​ ទោះ​ខាង​គេ​ យើង​ត្រូវ​ជូន​ដំណឹង​គ្នា​តែ​ប៉ុណ្ណឹង​ទេ។​ហើយ​អ្វីដែល​គេ​ធ្វើ​នេះ​ គឺ​ធ្វើ​លើ​ដី​គេ ​ក៏ប៉ុន្តែ​គាត់​អត់​បាន​ជូន​ដំណឹង​មក​យើង​ អ៊ីចឹង​ទាំង​ថៃ​ ទាំង​ឡាវ​ ទាំង​វៀតណាម​ ជាមួយ​ខ្មែរ​នេះ​ សុទ្ធ​តែ​មាន​ កំណត់​ហេតុ​ប្រជុំ​ ជជែក​រឿង​ហ្នឹង​ទាំង​អស់​គ្នា»។​

វីអូអេ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ វ៉ា គឹមហុង ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​ ប្រាប់​VOA​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​មិន​អាច​សម្រេច​ចិត្ត​ថា​នឹង​ចុះ​ទៅ​ពិនិត្យ​តំបន់​ចម្រូង​ចម្រាស​នោះ​ ឬ​យ៉ាងណា​ទេ​ដោយ​សារ​លោក​មិន​ទាន់​ទទួល​បាន​លិខិត​របស់​លោក​ស្នង​ការ​ខេត្ត​កណ្តាល។​

«មិន​ទាន់​បាន​ឃើញ​លិខិត​ផង​ ខ្ញុំ​ចុះ​ទៅ​ធ្វើ​ម៉េច?»​

កាល​ពី​ខែ​ឧសភា​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ជំទាស់​ និង​ទាមទារ​ឲ្យ​ភាគី​វៀតណាម​រុះរើ​ការ​បោះ​តង់​ចំនួន​៣១​កន្លែង​នៅ​តាម​តំបន់​ព្រំដែន ​ហើយ​រក្សា​តំបន់​ដែល​មិន​ទាន់​មាន​ការ​ឯក​ភាព​គ្នា​ឲ្យ​នៅ​ស្ថានភាព​ដដែល។​ ក្រសួង​ការបរទេស​ក៏​ធ្លាប់​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឲ្យ​មក​បំភ្លឺ​អំពី​ករណី​វៀតណាម​បោះ​តង់​៣១​កន្លែង​នោះ។ ​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ គេ​មិន​ទាន់​ដឹង​ថា​ ភាគី​វៀតណាម​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ។​

រូបឯកសារ៖ សកម្មភាពនគរបាលខេត្តកណ្តាល ត្រួតពិនិត្យតំបន់ព្រំដែនដែលយោធាវៀតណាមបានបោះតង់នៅលើតំបន់ដែលមិនទាន់មានភាពឯកភាពគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ (រូបថតដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
រូបឯកសារ៖ សកម្មភាពនគរបាលខេត្តកណ្តាល ត្រួតពិនិត្យតំបន់ព្រំដែនដែលយោធាវៀតណាមបានបោះតង់នៅលើតំបន់ដែលមិនទាន់មានភាពឯកភាពគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ (រូបថតដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល)


អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​ កុយ គួង ​ធ្លាប់​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ​ថា​ វៀត​ណាម​បាន​បោះតង់​និង​ដាក់​កម្លាំង​យោធា​ចំនួន​៣១​កន្លែង​នៅ​ស្រុក​លើក​ដែក​ និង​ស្រុក​កោះធំ​ក្នុង​ខេត្ត​កណ្តាល។​

លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ កោត​សរសើរ​អាជ្ញាធរ​កម្ពុជា​ចំពោះ​ការ​ចេញ​មុខ​តវ៉ា​ការ​សាង​សង់​ជម្រក​ថ្មី​ ហើយ​រឹងមាំ​របស់​ភាគី​វៀតណាម។ ប៉ុន្តែ​លោក​ថា​ភាគី​កម្ពុជា​ត្រូវ​ខ្នះខ្នែង​ប្រើ​ប្រាស់​យន្ត​ការ​អន្តរជាតិ​សំខាន់ៗ​ ដូច​ជា​ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ និង​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ ដើម្បី​ឲ្យ​វៀតណាម​«បន្ទន់​ភាព​គឃ្លើន​របស់​ខ្លួន»។​

«រដ្ឋាភិបាល​ត្រូវ​ធ្វើ​វិធាន​ការ​ហ្នឹង​ បាន​អាច​ការពារ​បូរណ​ភាព​ទឹកដី​បាន។​ ​ហើយកន្លង​មក​នេះ​ត្រឹម​តែ​ធ្វើការ​កំណត់​ ត្រឹម​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម​វៀតណាម​អត់​បាន​ឆ្លើយ​តប​ អត់​បាន​ដក​តង់​ទៅ​វិញ​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​អីថ្មី​ទេ។​ អាហ្នឹង​យើង​ឃើញ​ថា ​ជំហរ​របស់​កម្ពុជា​នៅ​ខ្សោយ​ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​ មេដឹក​នាំ​កម្ពុជា​ហ្នឹង​ធ្លាប់​បាន​លើក​បន្តុប​ដោយ​វៀតណាមកាលពី​ទសវត្សរ៍​ទី​៨០​ ​នៅ​ជំពាក់​គុណ​វៀតណាម​ អាហ្នឹង​គិត​ថា​ វៀតណាម​ជា​ចៅហ្វាយ​ ជា​បង​ធំ»។​

អតីត​តំណាង​រាស្ត្រ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​កាលពី​ឆ្នាំ​២០១៦​ ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នោះ​ បន្ថែម​ថា​ កម្ពុជា​គួរមាន​វិធាន​ការ​យោធា​ ដូច​អ្វី​ដែល​កម្ពុជា​ធ្លាប់បាន​ធ្វើ​កន្លង​មក​ដើម្បី​ឆ្លើយ​តប​នឹង​សកម្មភាព​បំពាន​របស់​ថៃ​នៅ​តំបន់​ព្រះវិហារ​ និង​ឡាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង។​

លោក​នាយ​ឧត្តម​សេនីយ៍​ ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា​ កម្ពុជា​មិនអាច​មាន​វិធានការ​យោធា​ជាមួយ​វៀតណាម​ ដោយ​សារ​តាម​អ្វី​ដែល​លោក​អះ​អាង​ម្តង​ហើយ​ម្តង​ទៀត​នោះ​ គឺ​ការ​ធ្វើ​រោង​នោះ​ ស្ថិត​នៅ​លើ​ទឹក​ដី​វៀតណាម។​

«តាម​គាត់​ប្រឆាំង​គាត់​លើក​អីចេះ​ គាត់​ចង់​ឲ្យ​បាន​ស្រុក​ខ្មែរ​ធ្វើ​សង្គ្រាម។​ ប៉ុន្តែ​សួរ​ឲ្យ​ប្រឆាំង​ហ្នឹង​ គាត់​លើក​កងទ័ព​ទៅ​ពីណា?ទៅដេញ​វៀតណាម​ចេញ​ ពី​លើ​ដី​គេ?​ គឺយើង​ធ្វើ​ចឹង​ម៉េច​បាន?​ អានេះ​ គ្រាន់​ជា​គំនិត​ចោទ​ប្រកាន់​ ដើម្បី​កេង​ចំណេញ​នយោបាយ​ ឬក៏​ចង់​បង្អាប់​រដ្ឋាភិបាល​អីចេះ​ អីចុះ​ ដោយ​សារ​ ប្រើ​ពាក្យ​លើក​បន្តុប​ លើក​អីអ៊ីចឹង​ជា​ដើម​បាទ។​តាម​ពិត​គេ​ធ្វើ​ការ​គេ​ប្រយ័ត្ន​ប្រយែង​ ហើយ​បើ​និយាយ​ពី​បំពាន​បូរណភាព​ទឹក​ដី ​អត់​មាន​ទេ»។​

លោក​ មាស នី​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ដាក់​ជា​ចម្ងល់​ថា​ បើ​សិន​ជា​ការសង់​ជម្រក​របស់​ទាហាន​ការពារ​ព្រំដែន​នៅ​ចំណុច​ព្រំដែន​រវាង​ខេត្ត​អានយ៉ាង​របស់​វៀតណាម​ និង​ខេត្ត​កណ្តាល​របស់​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​ទឹក​ដី​វៀតណាម​ ហេតុ​ដូច​ម្តេច​បាន​ជា​ អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កណ្តាល​ត្រូវ​រាយ​ការណ៍​អំពី​សកម្ម​ភាព​នោះ។​

«អាហ្នឹង​ចឹង​ បាន​ន័យ​ថា​ ប្រហែល​ជា​ការ​បោះតង់​ហ្នឹង​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ការ​សង្ស័យ​ថា​ ជា​តំបន់​ស។​ ហើយ​បើសិនជា​គេ​មក​បោះ​នៅ​លើ​តំបន់​ស​ ហើយ​រុញ​ទៅ​រក​ការ​ពង្រឹង​និង​គេ​ហៅថា​ជា​ជំរុំ​មួយ​ដែល​សាងសង់​ រឹង​មាំ​អាហ្នឹង​ខ្ញុំ​គិត​ថា​ គេ​អាច​នៅ​កន្លែង​នេះ​យូរ​ត​ទៅ​ទៀត​ ហើយ​អាច​មាន​បំណង​អីផ្សេង​ក្រៅ​ពី​រឿង​គ្រាន់​តែ​កូវីដ»។​

លោក​បន្ថែម​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ភាគី​កម្ពុជា​ រួម​មាន​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ត្រូវ​ធ្វើ​ការ​រួម​គ្នា ​ដោយ​ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដោយ​ផ្ទាល់​ដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​ពី​សាធារជន។​

នៅ​ក្នុង​បញ្ហា​ព្រំដែន​នេះ​ លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហជីព​មួយ​រូប​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ​ក្រោយ​ពី​លោក​បាន​និយាយ​រិះគន់​ថា​ ការបោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ មាន​ភាព​មិន​ប្រក្រតី។ ​ចំណែក​មេដឹកនាំ​គណ​បក្ស​ខ្មែរ​ឈ្នះ​ គឺលោក ​សួង សុភ័ណ្ឌ ​ក៏ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​លោក​បាន​រិះគន់​ការងារ​របស់​គណៈ​កម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា។

លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្ត្រ​គណបក្សជំទាស់​ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​ អះអាង​ថា​ជា​យុទ្ធ​សាស្ត្រ​កន្លង​មក​ គឺ​នៅ​ពេល​វៀតណាម​ ចង់​វាត​ទី​ដី​កម្ពុជា​នៅ​តំបន់​ណាវៀតណាម​ចង់​ចូល​ទៅ​កាន់​កាប់​តំបន់​នោះ​ឲ្យ​បាន​សិន​ រួច​ចរចា​តាម​ក្រោយ​។ លោក​ថា ​កម្ពុជា​តែងតែ​ចាញ់​ប្រៀបការ​ចរចា​ជាមួយ​ភាគីវៀតណាម។​

គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ ​កម្ពុជា ​និង​វៀតណាម​បាន​សម្រេច​បោះ​បង្គោល​ព្រំដែន​ និង​ខណ្ឌ​សីមា​បាន​៨៤​ភាគ​រយ​ ហើយ​គណៈ​កម្មាធិការ​នេះ​អះអាង​ថា​មិន​ធ្វើ​ឲ្យ​ជាតិ ​និង​ប្រជា​ជន​ខាត​បង់ទឹក​ដី​ឡើយ៕

XS
SM
MD
LG