ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Khan ​និយាយ​ថា​ប៉ាគីស្ថាន​នឹង​ឈរ​ជាមួយ​ពលរដ្ឋ ​Kashmir


បាតុករ​ដុត​រូប​តំណាង​នាយ​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi ក្នុង​ពេល​មាន​បាតុកម្ម​ទូទាំង​ប្រទេស​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​តំបន់​កាស្មៀ តាម​ការ​អំពាវ​នាវ​របស់​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន Imran Khan ក្នុង​ទីក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​៣០ សីហា ២០១៩។
បាតុករ​ដុត​រូប​តំណាង​នាយ​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi ក្នុង​ពេល​មាន​បាតុកម្ម​ទូទាំង​ប្រទេស​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​តំបន់​កាស្មៀ តាម​ការ​អំពាវ​នាវ​របស់​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន Imran Khan ក្នុង​ទីក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី​៣០ សីហា ២០១៩។

មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​មហា​បាតុកម្ម​នៅ​តាម​ផ្លូវ​នានា​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​ឥណ្ឌា​ដែល​បាន​ដក​ឋានៈ​ភាព​ពិសេស​របស់​តំបន់​ Kashmir ​គ្រប់គ្រង​ដោយ​ឥណ្ឌា។

ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​ឈប់​អស់​រាប់​នាទី​ ខណៈ​ភ្លេងជាតិ​របស់​ប៉ាគីស្ថាន​និង​ Kashmir​ ត្រូវ​បាន​ចាក់​តាម​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៅ​ពេល​រសៀល។

នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក ​Imran Khan ​បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​កក​កុញ​ក្នុង​រដ្ឋធានី​ឥស្លាម៉ាបាដ​ ថា ​សារ​របស់​យើង​នៅ​ថ្ងៃ​នេះ​គឺ​ថា ​ដរាប​ណា​ពលរដ្ឋ​រស់​នៅ​តំបន់​ Kashmir ​គ្មាន​សេរីភាព​ នោះ​យើង​នឹង​ឈរ​នៅ​ជាមួយ​ពួក​គេ។ ​

ការ​សម្រេច​របស់​ឥណ្ឌា​ក្នុង​ការ​លុប​ចោល​ឋានៈភាព​ពិសេស​សម្រាប់​ប្រទេស​ដែល​មាន​រដ្ឋ​តែ​មួយ​គត់​មាន​ពលរដ្ឋ​កាន់​សាសនា​ឥស្លាម​ភាគច្រើន​មួយ​នេះ បាន​បណ្តាល​ឲ្យ​មាន​បម្រាម​គោចរ​នៅ​ទូទាំង​រដ្ឋ​ ហើយ​ប្រព័ន្ធ​ទូរគមនាគមន៍​ត្រូវ​បាន​កាត់​ផ្តាច់​ និង​បាន​កាត់​ពលរដ្ឋ​ Kashmir ​រាប់​លាន​នាក់​ចេញ​ពី​ពិភព​លោក។ ​បណ្តាញ​ផ្សព្វ​ផ្សាយ​ឥណ្ឌា​បាន​រាយការណ៍​ថា​ មេដឹក​នាំ​នយោបាយ​ សកម្មជន​ និង​ក្រុម​តំណាង​សង្គម​ស៊ីវិល​ទាំង​អស់​ជិត​៤០០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

រដ្ឋាភិបាល​ឥណ្ឌា​បាន​ការពារ​ចំណាត់​ការ​របស់​ខ្លួន​នៅ​តំបន់​ Kashmir ​ថា មាន​សារៈ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ក្នុង​តំបន់​ និង​បាន​និយាយ​ទៀត​ថា​ ពួក​គេ​ទំាង​អស់​គ្នា​នឹង​ទទួល​បាន​អត្ថប្រយោជន៍។

ចំណាត់​ការ​របស់​ឥណ្ឌា​ចំពោះ​តំបន់​ Kashmir​ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី Khan ពណ៌នា​ម្តង​ហើយ​ម្តង​ទៀត​ថា​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​Narendra Modi ដូច​ទៅ​នឹង​របប​ហ្វាស៊ីស​ និង​ពួក​ជ្រុល​និយម។

លោក​ Khan​ ក៏​បាន​ប្រៀប​ប្រដូច​រដ្ឋាភិបាល​របស់​លោក ​Modi ​ជាមួយ​នឹង​របប​ណាហ្ស៊ី​អាល្លឺម៉ង់​ និង​បាន​ចោទ​ប្រកាន់​ទង្វើរ​របស់​លោក​ Modi ​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ប៉ាគីស្ថាន​និង​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​ប្រទេស​ឥណ្ឌា៕

XS
SM
MD
LG