ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ក្រុមជនប្រដាប់អាវុធបានវាយប្រហារទៅលើសាកលវិទ្យាល័យក្រុងកាប៊ុល ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ ដែលធ្វើឲ្យមានការបាញ់តតាំងគ្នា អស់ជាច្រើនម៉ោង ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច១៩នាក់បានស្លាប់ និង២២ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅក្នុងគ្រឹះស្ថានអប់រំដ៏ធំបំផុតមួយរបស់ប្រទេសដែលត្រូវបានហែកហួរដោយភ្លើងសង្រ្គាមមួយនេះ។
ការវាយប្រហារនេះកើតឡើងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅនៅទីនោះ ដែលត្រូវបានចូលរួមដោយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមជនប្រដាប់អាវុធ បានសម្រុកចូលក្នុងសាកលវិទ្យាល័យក្នុងក្រុងកាប៊ុលកាលពីព្រឹកថ្ងៃចន្ទ ហើយបានបើកការបាញ់រះតែម្តង ដែលបណ្តាលឲ្យមានភាពច្របូកច្របល់។ វីដេអូដែលត្រូវបានបង្ហោះលើបណ្តាញ Twitter ដោយទូរទស្សន៍អាហ្វហ្គានីស្ថាន Tolo បានបង្ហាញពីភាពផ្អើលច្របូកច្របល់ ក្នុងពេលដែលសិស្សនិស្សិតកំពុងរត់គេចចេញពីការបាញ់ប្រហារ ដោយគេឮសំឡេងគ្រាប់កាំភ្លើងនៅខាងក្រោយខ្នងពួកគេផងដែរ។
ក្រុមមន្ត្រីសន្តិសុខ ភ្លាមៗនោះ ក៏បានឡោមព័ទ្ធនិងបិទច្រកចេញចូលក្នុងបរិវេណកើតហេតុនោះតែម្តង។ គេឃើញមានរថពាសដែកធុនធ្ងន់របស់កម្លាំងសន្តិសុខបានមកដល់ខាងក្រៅរបងសាកលវិទ្យាល័យនោះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា កម្លាំងសន្តិសុខបានចូលមកធ្វើអន្តរាគមន៍ ប៉ុន្តែបានធ្វើសកម្មភាពដោយយឺតៗ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជនស៊ីវិល។
គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃការបាញ់ប្រហារនោះនៅឡើយទេ ហើយក្រុមឧទ្ទាមតាលីបង់ ក៏បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕