ក្រុមយោធាមីយ៉ាន់ម៉ានិយាយថា ខ្លួនកំពុងស៊ើបអង្កេតទៅលើការស្លាប់នាពេលថ្មីៗនេះរបស់ក្មេងប្រុសមូស្លីមពីរនាក់ និងកុមារម្នាក់ផ្សេងទៀត ដែលរងរបួសនៅក្នុងហេតុការណ៍ ដែលត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់ក្មេងៗជាអ្នករកគ្រាប់មីន នៅពេលដែលការបាញ់ប្រហារបានផ្ទុះឡើងរវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាខាន់ ដែលជាក្រុមប្រដាប់អាវុធស្វែងរកឯករាជ្យភាព។
នាយឧត្តមសេនីយ៍ឯក Zaw Min Tun អ្នកនាំពាក្យម្នាក់សម្រាប់កងកម្លាំង Tatmadaw របស់កងទ័ពភូមា បាននិយាយថា៖ «យើងកំពុងបើកការស៊ើបអង្កេតទៅលើហេតុការណ៍នោះ ក្នុងករណីណាដែលមានភាពខុសគ្នា ឬចំណុចខ្សោយក្នុងការដោះស្រាយករណីនោះ»។
លោក Zaw Min Tun បាននិយាយថាកងកម្លាំង Tatmadaw បានយកសាកសពក្មេងប្រុសទាំងពីរនាក់នោះ ទៅកាន់ភូមិរបស់ពួកគេនៅភូមិ Pyin-shay ដែលជាតំបន់មូស្លីមមួយ ហើយបាននាំយកកុមារដែលរងរបួសទៅមន្ទីរពេទ្យយោធាមួយ ដើម្បីព្យាបាល។ ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសដែលប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធ។
អត្តសញ្ញាណរបស់កុមារទាំងនោះ មិនត្រូវបានចេញផ្សាយទេ។
យោងតាមកងកម្លាំងក្នុងប្រទេសស្តីពីការតាមដាននិងរាយការណ៍អំពីការរំលោភបំពានដ៏ធ្ងន់ធ្ងរលើកុមាររបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពី៥ តុលាបានបង្ហាញថា ក្មេងប្រុសពីរនាក់ត្រូវបានសម្លាប់ក្នុងទីក្រុង Buthidaung រដ្ឋ Rakhine នៅក្នុងការបាញ់ប្រហាររវាងកងកម្លាំង Tatmadaw និងកងទ័ពអារ៉ាខាន់។
ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីកុមារដែលស្ថិតក្នុងចំណោមកសិករមួយក្រុម ដែលមានគ្នា ១៥ នាក់ត្រូវបានបង្ខំឲ្យដើរនាំមុខកងកម្លាំង Tatmadaw ដើម្បីធានាថា ផ្លូវដើរទៅកាន់ជំរំយោធា គឺមិនមានគ្រាប់មីនក្នុងដី ដើម្បីការពារទាហានពីការបាញ់ប្រហារពីសត្រូវ។
កងកម្លាំងនោះនិយាយថា៖ «នៅតាមផ្លូវ ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំង Tatmadaw និងកងទ័ព Arakan ដែលបន្ទាប់មកក្មេងប្រុសពីរនាក់បានបាត់បង់ជីវិត ដោយសារត្រូវគ្រាប់កាំភ្លើង»។
កងកម្លាំងក្នុងប្រទេសស្តីពីការតាមដាននិងរាយការណ៍អំពីការរំលោភបំពានដ៏ធ្ងន់ធ្ងរលើកុមារ របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសមីយ៉ាន់ម៉ា ក៏បានលើកឡើងដែរថា៖ «យើងអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាពនិងពេញលេញទៅលើឧបទ្ទវហេតុ និងអ្នកដែលទទួលខុសត្រូវលើការប្រើប្រាស់និងសម្លាប់កុមារ»។
អ្នកភូមិ Pyin-shay ម្នាក់ដែលមិនចង់បញ្ចេញឈ្មោះ បានប្រាប់វីអូអេភូមាថា កងកម្លាំង Tatmadawបានបង្ខំអ្នកភូមិ ១៥ នាក់ ឲ្យធ្វើជាអ្នកជញ្ជូនឥវ៉ាន់ នៅពេលដែលយោធាកើនឡើង។
អ្នកភូមិរូបនោះថ្លែងថា «ក្រុមកងទ័ពអារ៉ាខាន់ មិនបានបាញ់ពួកគេទេ»។
លោកបន្តថា៖ «ពួកគេបានស្លាប់នៅក្នុងការបាញ់ប្រហាររវាងកងទ័ពអារ៉ាខាន់ និងយោធាមីយ៉ាន់ម៉ា។ ក្រុមយោធាមិនបានដោះលែងពួកគេ។ ពួកគេរត់ដើម្បីចង់រួចជីវិត។ យើងបានយកសាកសពចំនួនពីរមកភូមិវិញ ហើយកប់ពួកគេ»។
រដ្ឋ Rakhine ដែលនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា មានព្រំប្រទល់និងប្រទេសបង់ក្លាដែស និងឈូងសមុទ្របេងហ្គាល់។ ជនជាតិភាគតិចនៅរដ្ឋ Rakhine កំពុងធ្វើសង្គ្រាមដើម្បីចង់បានឯករាជ្យភាពប្រឆាំងនឹងក្រុមជនជាតិ Bamar ដែលមានគ្នាច្រើន ហើយការប្រយុទ្ធរវាងក្រុមកងទ័ពអារ៉ាខាន់ ឬ (AA) និងកងកម្លាំង Tatmadaw បានគំរាមកំហែងដល់ប្រជាជនស៊ីវិល នេះបើយោងតាមក្រុមមនុស្សធម៌។
នៅពេលដែលរដ្ឋ Rakhine ដែលជាលំនៅស្ថានរបស់ជនរ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាមប្រមាណ ៧៥០.០០០ នាក់ ដែលរត់គេចទៅជំរំក្នុងប្រទេសបង់ក្លាដែសពលរដ្ឋក្នុងរដ្ឋ Rakhine មានសាសនានិងក្រុមជនជាតិភាគតិចចម្រុះ និងស្មុគស្មាញហើយក៏ជាលំនៅស្ថានរបស់ជនជាតិភាគតិចពីរដ្ឋ Rakhine ដែលកាន់សាសនាព្រះពុទ្ធ។
យោងតាម អ.ស.ប. តាំងពីពាក់កណ្តាលឆ្នាំ ២០១៩ តំបន់ដែលក្មេងប្រុសពីរនាក់បានស្លាប់នោះ គឺជាតំបន់ក្តៅគគុក សម្រាប់ការរំលោភបំពានរបស់កងទ័ពប្រឆាំងនឹងកុមារ។
ទីភ្នាក់ងាររបស់អ.ស.ប. បានលើកឡើងថា ឧបទ្ទវហេតុចុងក្រោយនេះ គឺជាការក្រើនរំលឹកមួយ «ថាកុមារនានាស្ថិតក្នុងហានិភ័យនៃការត្រូវបានសម្លាប់ ឬធ្វើឲ្យរងរបួស នៅពេលណាដែលពួកគេជាប់ទាក់ទងជាមួយនឹងកងកម្លាំងប្រដាប់អាវុធ និងក្រុមដែលមានសមត្ថភាព ឬមុខងារណាមួយដោយមិនគិតពីរយៈពេលនៃការទាក់ទងរបស់ពួកគេ»។
ទីភ្នាក់ងារទាំងនេះក៏បានប្រកាស «អាសន្ន» ដោយព្រមានពីកើនឡើងគួរឲ្យភ្ញាក់ផ្អើល ក្នុងរបាយការណ៍ដែលបានរាយការណ៍ពីកុមារដែលត្រូវបានសម្លាប់និងរងរបួសក្នុងប្រទេសមីយ៉ាន់ម៉ា។
កុមារច្រើនជាង ១០០ នាក់ត្រូវបានសម្លាប់ ឬធ្លាក់ខ្លួនពិការក្នុងជម្លោះអំឡុង ៣ ខែដំបូងក្នុងឆ្នាំ ២០២០ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនសរុបក្នុងឆ្នាំ ២០១៩ ជាពិសេសបានកើនលើសចំនួនកុមារដែលបានស្លាប់ក្នុងឆ្នាំ ២០១៨។ នេះបើយោងតាម អ.ស.ប.។
ឧបទ្ទវហេតុថ្មីបំផុតនេះបានកើតឡើងក្នុងរយៈពេល ១២ ខែនៃការដកឈ្មោះកងកម្លាំង Tatmadaw ចេញដោយសារបានប្រើកុមារមិនទាន់គ្រប់អាយុ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីកុមារនិងជម្លោះប្រដាប់អាវុធឆ្នាំ ២០២០។ នេះបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិដែលបានកត់សម្គាល់៕
ប្រែសម្រួលដោយ ទុំ ម្លិះ