ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​ថៃ បង្ហើប​ពី​ការសម្រុះសម្រួល​ជាមួយ​ក្រុមបាតុករ


ព្រះមហាក្សត្រ​ថៃ ព្រះបាទ Maha Vajiralongkorn និង​ម្ចាស់ក្សត្រី Suthida ស្វាគមន៍​អ្នកគាំទ្រ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃអាទិត្យទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
ព្រះមហាក្សត្រ​ថៃ ព្រះបាទ Maha Vajiralongkorn និង​ម្ចាស់ក្សត្រី Suthida ស្វាគមន៍​អ្នកគាំទ្រ​នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃអាទិត្យទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ថៃ​ បាន​មាន​ព្រះ​រាជ​បន្ទូល​ថា ប្រទេស​របស់​ព្រះអង្គ​ គឺ​ជា «ទឹកដី​នៃ​ការ​សម្រុះសម្រួល»។ ព្រះ​អង្គ​មាន​បន្ទូល​ដូច្នេះ​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​សួរ​ជា​សាធារណៈ​ដ៏​កម្រ​មួយ​អំពី​ការ​តវ៉ា​កន្លង​មក​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​និង​សង្គម​ខ្លាំងក្លា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រផងដែរ។

ព្រះ​មហាក្សត្រ Maha Vajiralongkorn បាន​មាន​បន្ទូល​ដូច្នេះ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ទៅ​កាន់​បណ្តាញ​ទូរទស្សន៍ Channel 4 News របស់​ចក្រភព​អង់គ្លេស នៅពេល​ដែល​ព្រះ​អង្គ​និង​ព្រះ​មហាក្សត្រីយានី Suthida យាង​កាត់​ក្រុម​អ្នក​គាំទ្រ បន្ទាប់ពី​ធ្វើ​ជា​ព្រះរាជ​អធិបតី​នៅ​ក្នុង​ពិធី​សាសនា​មួយ​នៅ​ខាង​ក្រៅ​ព្រះបរម​រាជវាំង​ក្នុង​ទីក្រុង​បាងកក​មក។

បន្ទូល​របស់​ព្រះ​អង្គ​នេះ​ គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ថា​តើ​ព្រះ​អង្គ​នឹង​សម្រុះសម្រួល ​ឬ​ក៏​អត់​តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ដែល​ចង់​ឲ្យ​កាត់​បន្ថយ​ឥទ្ធិពល​របស់​ស្ថាប័ន​ព្រះមហាក្សត្រ។

នៅ​ពេល​សួរ​ថា​តើ​ព្រះ​អង្គ​នឹង​មាន​បន្ទូល​យ៉ាង​ដូច​ម្ដេច​ទៅ​កាន់​ក្រុម​បាតុករ ព្រះ​អង្គ​បាន​មាន​ព្រះ​រាជ​បន្ទូល​ដូច្នេះ​ថា៖ «យើង​ស្រឡាញ់​ពួកគេ​ទាំងអស់​ដូចៗ​គ្នា»។

ទីក្រុង​បាងកក​ បាន​ក្លាយទៅជា​កន្លែង​តវ៉ា​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​អស់​រាប់​សប្តាហ៍ ដែល​ដំបូង​ចាប់ផ្តើម​ដោយ​ការ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី Prayuth Chan-ocha ចុះចេញ​ពី​តំណែង។

លោក Prayuth គឺ​ជា​អតីត​ឧត្តម​សេនីយ៍​យោធា​ដែល​បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ឆ្នាំ ២០១៤។ លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន ក៏ប៉ុន្តែ​ក្រុម​បាតុករ​បាន​និយាយ​ថា ការ​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ ដោយសារតែ​ច្បាប់​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​យោធា៕

XS
SM
MD
LG