ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​ថា ​ពុំ​មាន​«ភាព​មិន​ប្រក្រតី»​ក្នុង​ការ​ពន្លឿន​សំណុំ​រឿង​កកស្ទះ​ជិត​២៨.០០០


រូបឯកសារ៖ ក្រុមកុមារដែល​ជាកូនៗ​របស់​ស្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុង​អំឡុងពេល​នៃការបណ្តេញចេញ​ដោយ​បង្ខំនៅ​តំបន់​បឹងកក់​ពាក់​រូបថត​ម្តាយ​នៅលើ​ថ្ងាស នៅក្នុង​ការតវ៉ា​មួយ​នៅមុខ​ក្រសួង​យុត្តិធម៌​ក្នុងរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១២។
រូបឯកសារ៖ ក្រុមកុមារដែល​ជាកូនៗ​របស់​ស្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​ក្នុង​អំឡុងពេល​នៃការបណ្តេញចេញ​ដោយ​បង្ខំនៅ​តំបន់​បឹងកក់​ពាក់​រូបថត​ម្តាយ​នៅលើ​ថ្ងាស នៅក្នុង​ការតវ៉ា​មួយ​នៅមុខ​ក្រសួង​យុត្តិធម៌​ក្នុងរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១២។

មន្រ្តី​ក្រសួង​យុត្តិធម៌​អះអាង​ថា ​ពុំ​មាន​«ភាព​មិន​ប្រក្រតី»​ណា​មួយ​រក​ឃើញ​នោះ​ទេ ​នៅ​ក្នុង​សំណុំ​រឿង​កក​ស្ទះ​ ដែល​ក្រសួង​បាន​ជួយ​សម្រួល​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បាន​ប្រមាណ​២៨.០០០​សំណុំ​រឿង ​ក្នុង​រយៈ​ពេល​៥​ខែ​នៃ​យុទ្ធនាការ​ដែល​រៀបចំ​ដោយ​រដ្ឋមន្រ្តី​ថ្មី​ គឺ​លោក​ កើត រិទ្ធ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​១៦​ ខែ​តុលា ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​១៥០​ថ្ងៃ​ គឺ​ស្មើ​នឹង​៥​ខែ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ដោះ​ស្រាយ​ការ​កកស្ទះ​សំណុំ​រឿង​សាលា​ដំបូង​រាជធានី​ខេត្ត​ទូទាំង​ប្រទេស ​បាន​ដោះ​ស្រាយ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​កក​ស្ទះ​ទាំង​ដំណាក់​កាល​អយ្យការ​ ទាំង​ដំណាក់​កាល​ស៊ើប​សួរ ​និង​ដំណាក់​កាល​ជំនុំ​ជម្រះ​ សរុប​ជាង​២៧.៧០០​សំណុំ​រឿង ​គឺ​ស្មើ​នឹង​៧១​ភាគរយ​នៃ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​កក​ស្ទះ។​

បើ​តាម​ក្រសួង​យុត្តិធម៌​ ក្នុង​ចំណោម​សំណុំ​រឿង​ដែល​ដោះ​ស្រាយ​នេះ ​មាន​១០.៣០០​សំណុំ​រឿង ​ជា​សំណុំ​រឿង​ដែល​ត្រូវ​បាន​ជំនុំ​ជម្រះ​ គឺ​ស្មើ​នឹង​៨២​ភាគរយ​នៃ​សំណុំ​រឿង​ទាំង​អស់​ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ។​ ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា ​សាលា​ដំបូង​រាជធានី​ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ក៏​បាន​ដោះ​ស្រាយ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​ចូល​ថ្មី​ជាង​២០.២០០​សំណុំ​រឿង​ផងដែរ។​

ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​«ជោគជ័យ​នៃ​ការ​អនុវត្ត​យុទ្ធនាការ» ​និង​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​របស់​ចៅក្រម ​ព្រះ​រាជ​អាជ្ញា ​ក្រឡា​បញ្ជី​ អាជ្ញា​សាលា ​និង​មន្រ្តី​រាជការ​ពាក់ព័ន្ធ។ ​ក្រសួង​យុត្តិធម៌​បន្ថែម​ថា ​ ការ​អនុវត្ត​នេះ​ប្រកាន់​ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ​គឺ «លឿន ​ត្រឹម​ត្រូវ យុត្តិធម៌​ និង​មិន​ពុក​រលួយ»។​

ក្រសួង​យុត្តិធម៌​មិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ តើ​មនុស្ស​ប៉ុន្មាន​នាក់ ​ដែល​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​ព្យួរ​ទោស​នោះ​ទេ។​

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​ជា​រដ្ឋ​លេខាធិការ​ មាន​ប្រសាសន៍​ថា​ ពុំ​មាន​«ភាព​មិន​ប្រក្រតី»​ណាមួយ​នៅ​ក្នុង​សំណុំ​រឿង​កក​ស្ទះ​ទាំង​នេះ​ទេ។​ លោក​បន្ត​ថា ការ​កកស្ទះ​សំណុំ​រឿង​នេះ ​គឺ​ដោយសារ​កំណើន​សំណុំ​រឿង ​ហើយ​កង្វះ​ខាត​ធនធាន​មនុស្ស ​បច្ចេក​ទេស​ និង​ហិរញ្ញ​វត្ថុ​នៅ​តាម​តុលាការ​ទូទាំង​ប្រទេស។​

លោក​ប្រាប់ VOA ​ថា៖ ​«ចំពោះ​បញ្ហា​ប្រឈម​ភាព​មិន​ប្រក្រតី​អី ដូច​ជា​មិន​មាន​អី​នោះ​ទេ។​ ហើយ​យើង​ឃើញ​ថា​ គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ បាន​អនុវត្ត​ទៅ​តាម​ផែន​ការ​ ទៅ​តាម​វិធានការ​នៃ​យុទ្ធនាការ ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ​និង​ប្រកាន់​ខ្ជាប់​អភិក្រម​ដែល​យើង​បាន​ដាក់​ចេញ​ គឺ​លឿន ឆាប់​រហ័ស​ ត្រឹម​ត្រូវ​យុត្តិធម៌​ និង​មិន​ពុក​រលួយ»។​

លោក​បន្ថែម​ថា៖ ​«មូល​ហេតុ​កក​ស្ទះ​ វា​មិន​មែន​កំហុស​របស់​មន្រ្តី​ណា​មួយ​នោះ​ទេ។​ វា​ជា​កត្តា​សត្យា​នុម័ត ដោយសារ​តែ​យុទ្ធនាការ​ទប់​ស្កាត់​បង្រ្កាប​បទ​ល្មើស​របស់​រដ្ឋាភិបាល ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ គឺ​អនុវត្ត​ទទួល​បាន​ជោគជ័យ»។​

លោក​បន្ត​ថា​ នៅ​ដំណាច់​ឆ្នាំ​នេះ ​តុលាការ​នឹង​សម្រេច​បញ្ចប់​សំណុំ​រឿង​កក​ស្ទះ​ទាំង​អស់​ ដែល​មាន​នៅ​មុន​ថ្ងៃ​ចាប់​ផ្តើម​យុទ្ធនាការ​ គឺ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា​ឆ្នាំ​២០២០។​

លោក ​ជិន ម៉ាលីន ​មិន​ទាន់​អាច​បញ្ជាក់​ពី​ទិន្នន័យ​នៃ​អ្នក​ដែល​ចេញ​ពី​ការ​ឃុំ​ឃាំង​ទេ​ដោយ​លោក​គ្រាន់​តែ​ឲ្យ​ដឹង​ថា​ ​នឹង​បង្ហាញ​ពេល​បញ្ចប់​យុទ្ធនាការ។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា​ គួរតែ​បង្ហាញ​ចំនួន​ជន​ដែល​ត្រូវ​បាន​ដោះលែង ​និង​ព្យួរ​ការ​លើក​លែង​ទោស​ជាដើម។​

លោក​បញ្ជាក់​ថា៖​ «ហើយ​តាម​ដែល​យើង​ទទួល​មក​ ក៏​មាន​អ្នក​ដែល​ត្រូវ​បាន​ដោះ​លែង​មួយ​ចំនួន​មក​ ដូច​ជា​កាត់​តម្រឹម ​ឬ​ក៏​ការ​ព្យួរ​ទោស ​ឬ​ក៏​ការ​លើក​លែង​ចោទ​អី​ជា​ដើម​...​ប៉ុន្តែ​ចំណុច​សំខាន់ ​គឺ​យើង​មិន​បាន​ដឹង​ថា​ តើ​ជន​ដែល​ជាប់​ឃុំ​ប៉ុន្មាន​ដែល​ធ្វើ​ការ​ដោះ​លែង?​ ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​អី​ជា​ដើម»។​

លោក​ ក៏​ជំរុញ​ឲ្យ​មាន​វិធានការ​ចំពោះ​ចៅក្រម ​ឬ​ក៏​ព្រះ​រាជអាជ្ញា​ណា​ដែល​មិន​អនុវត្ត​តាម​នីតិវិធី ​ឬ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​សំណុំ​រឿង។​

លោក​ អំ សំអាត ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​យន្តការ​នេះ ​ហើយ​តុលាការ​គួរ​តែ​ពន្លឿន​នីតិវិធី​នេះ​ជា​រៀង​រហូត​ កុំ​រង់​ចាំ​តែ​ពេល​មាន​វិធានការ​ពី​ក្រសួង​យុត្តិធម៌។​

លោក ​ស៊ឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លើក​ឡើង​ថា​ វា​ជា​រឿង​ល្អ​ដែល​ក្រសួង​បាន​ដោះ​ស្រាយ​សំណុំ​រឿង​កកស្ទះ ​តាម​រយៈ​ការ​ពន្លឿន​សំណុំ​រឿង​ទាំង​នេះ។​

លោក​សង្ឃឹម​ថា​ គោល​ការណ៍​នេះ ​ត្រូវ​បាន​អនុវត្ត​តាម​អភិក្រម​ដែល​ក្រសួង​បាន​ប្រកាស។ ​លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ ខ្ញុំ​យល់​ថា​ គួរ​តែ​មាន​ការ​ត្រួត​ពិនិត្យ​នៅ​ក្នុង​ការ​អនុវតុ្ត​ក្នុង​រឿង​ហ្នឹង​ដែរ ​ ហើយ​ក៏​ស្នើ​ថា​ បើ​សិន​ជា​មាន​ការ​អនុវត្ត​ទាំង​អស់​ហ្នឹង ​ផ្ទុយ​ប្រាសចាក​ពី​ការ​លើក​ឡើង​របស់​ក្រសួង ភាគី​ពាក់​ព័ន្ធ​គួរ​តែ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ក្រសួង​យុត្តិធម៌​ដែរ​ដើម្បី​មាន​វិធានការ​ទៅ​លើ​មន្រ្តី​ពាក់ព័ន្ធ​ណាមួយ​ដែល​ប្រព្រឹត្ត​ផ្ទុយ​អំពី​អភិក្រម​របស់​ក្រសួង​ដែល​បាន​លើក​ឡើង»។​

មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​រូប​នេះ ​ចង់​ឃើញ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​អនុវត្ត​ច្បាប់​មាន​ភាព​ត្រឹមត្រូវ ​ឯករាជ្យ ​កុំ​មាន​និន្នាការ​នយោបាយ ​និង​កុំ​មាន​បញ្ហា​អំពើ​ពុក​រលួយ ​ដែល​រង​ការ​រិះគន់​ពីស្ថាប័ន​អន្តរ​ជាតិ ​និង​សាធារណ​ជន។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​យើង​ចង់​ឃើញ​កំណែ​ទម្រង់​ពី​ស្ថាប័ន​យុត្តិធម៌​ទាំងអស់​ហ្នឹង ​ឲ្យ​មាន​ភាព​ឯករាជ្យ​ភាព​ អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​មិន​ប្រកាន់​ទៅ​លើ​និន្នា​ការ​នយោបាយ​ មិន​មាន​ការ​រើស​អើង​ចំពោះ​សកម្មជន​មនសិការ​សង្គម​អី​ជា​ដើម»។​

ក្រសួង​យុត្តិធម៌ ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្រ្តី​ថ្មី​ លោក ​កើត រិទ្ធ ​កាល​ពី​ខែ​ឧសភា ​បាន​បើក​យុទ្ធនាការ​មួយ ​ដើម្បី​បន្ថយ​ការ​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ និង​សំណុំ​រឿង​កក​ស្ទះ​នៅ​តុលាការ។ ​ ក្រសួង​យុត្តិធម៌​ឲ្យ​ដឹង​ថា​ យុទ្ធនា​ការ​នេះ​នឹង​ពន្លឿន​ការ​កាត់​ក្តី ​និង​បង្កើន​ការ​ប្រើប្រាស់​នីតិវិធី​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​ និង​ការ​ព្យួរ​ទោស។​

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក ​កើត រិទ្ធ ​មាន​ប្រសាសន៍​កាល​ពី​ខែ​ឧសភា​ថា​ បើ​តាម​ទិន្នន័យ​ដែល​ក្រសួង​យុត្តិធម៌​ប្រមូល​បាន​ គិត​ត្រឹម​ថ្ងៃ​ទី​១៤​ ខែ​មេសា ​ឆ្នាំ​២០២០​សាលា​ដំបូង​រាជធានី​ ខេត្ត​មាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ដែល​កំពុង​ចាត់​ការ​សរុប​ចំនួន​ ៣៩.១៥២​សំណុំ​រឿង។​ ក្នុង​នោះ​ គ្រឿង​ញៀន​មាន​ចំនួន​៦.២៦០​សំណុំ​រឿង។​

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ លោក ​កើត រិទ្ធ​ មាន​ប្រសាសន៍​កាល​នោះ​ថា​ ក្រសួង​យុត្តិធម៌​នឹង​មិន​ជ្រៀត​ជ្រែក​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​ទេដោយ​ចាត់​ទុក​ថា​ រាល់​ការ​សម្រេច​របស់​ចៅក្រម​ជា​ឆន្ទានុសិទ្ធិ​របស់​ពួក​គេ៕​

XS
SM
MD
LG