ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​ព្រមាន​ចាត់​វិធាន​ការ ​បើ​មាន​អំពើ​ពុករលួយ​ក្នុង​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​កក​ស្ទះ


រូបឯកសារ៖ លោក កើត រិទ្ធ​​ រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌​ ចូលរួមកិច្ចប្រជុំមួយជាមួយតំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ក្រសួង​យុត្តិធម៌​ រាជធានីភ្នំពេញ កាលពីថ្ងៃ​ទី៧ ខែឧសភា​​ ឆ្នាំ២០២០។ (រូបថតដោយក្រសួងយុត្តិធម៌)
រូបឯកសារ៖ លោក កើត រិទ្ធ​​ រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌​ ចូលរួមកិច្ចប្រជុំមួយជាមួយតំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ក្រសួង​យុត្តិធម៌​ រាជធានីភ្នំពេញ កាលពីថ្ងៃ​ទី៧ ខែឧសភា​​ ឆ្នាំ២០២០។ (រូបថតដោយក្រសួងយុត្តិធម៌)

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក​ កើត រិទ្ធ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ប្រកាស​បើក​យុទ្ធនាការ​ជា​ផ្លូវការ​ដើម្បី​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​ ខេត្ត​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក​យុត្តិធម៌​ដល់​ជន​កំពុង​ជាប់ឃុំ​ និង​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។​

ក្នុង​សន្និសីទ​ព័ត៌មាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​យុត្តិធម៌​ ​លោក​ កើត រិទ្ធ​ មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿង​ញៀន​ដែល​ចាប់​ផ្តើម​ តាំង​ពី​ចុង​ឆ្នាំ ​២០១៦ ​និង​យុទ្ធនាការ​ប្រឆាំង​បទ​ល្មើស​ផ្សេង​ទៀត​ បាន​ធ្វើ​ឲ្យ​មាន​កំណើន​នៃ​សំណុំ​រឿង​នៅ​តុលាការ​ជាន់​ទាប​រាជធានី​ និង​ខេត្ត។ លោក​បន្ត​ថា​ ការ​បើក​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នេះ ​គឺ​ជា​តម្រូវ​ការ​ចាំបាច់ ​ដើម្បី​កែ​ទម្រង់​ស្ថាប័ន​តុលាការ​ផង​ និង​សម្រាល​បន្ទុក​ក្នុង​ពន្ធនាគារ​ផង។​

«គោល​បំណង​ទីមួយ​ កាត់​បន្ថយ​ ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលាដំបូង​ ក្នុង​គោល​ដៅ​ដើម្បី​ពន្លឿន​ការ​រក​យុត្តិធម៌​ជូន​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស។ ​ទីពីរ ​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំ​រឿង​ មាន​ន័យ​ស្មើ​នឹង​លើក​កម្ពស់​ស្ថាប័ន​មួយ​នេះ​ ដើម្បី​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណុំ​រឿង​ដែល​នឹង​ចូល​មក​ថ្មីៗ​បន្ត​ទៀត​ ជាពិសេស​ គឺ​ការ​ផ្តល់​សេវា​យុត្តិធម៌​ហ្នឹង​ បាន​កាន់​តែ​ប្រសើរ​ជាង​មុន​ និង​ឆាប់​រហ័ស​ជាង​មុន។​ គោល​បំណង ​ទី​បី​ គឺ​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​នេះ​ នឹង​មាន​បច្ច័យ​មួយ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ​ផង​ដែរ»។

បើ​តាម​ទិន្នន័យ​ដែល​ក្រសួង​យុត្តិធម៌​ប្រមូល​បាន​ គិត​ត្រឹម​ថ្ងៃ​ទី​ ១៤​ ខែ​មេសា ​ឆ្នាំ​ ២០២០​ សាលា​ដំបូង​រាជធានី​ ខេត្ត​មាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ដែល​កំពុង​ចាត់​ការ​សរុប​ចំនួន​ ៣៩.១៥២​ សំណុំ​រឿង។​ ក្នុង​នោះ​ គ្រឿង​ញៀន​មាន​ចំនួន ​៦.២៦០ ​សំណុំ​រឿង។​ អ្នក​ជាប់​ឃុំ​នៅ​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​មាន​ចំនួន​ ៦.៩០០​ នាក់។​

ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា​គ្រាន់តែ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សំណុំ​រឿង​ដែល​នៅ​សល់​មិន​ទាន់​ចាត់​ការ​រួច​គិត​ត្រឹម​ឆ្នាំ ​២០១៩​ មាន​រហូត​ដល់ ​១២.០០០ ​សំណុំ​រឿង​ ហើយ​សំណុំ​រឿង​ដែល​ចូល​ថ្មី​ មាន​ជា​មធ្យម​ប្រមាណ​ពី​ ៧០០​ រឿង​ទៅ ​៩០០​ រឿង​ក្នុង​មួយ​ខែ​ ដែល​ធ្វើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិន​អាច​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​បាន។​

លោក​រដ្ឋមន្រ្តី​យុត្តិធម៌​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​ដែល​ថា​ បញ្ហា​ពុក​រលួយ​ធ្វើ​ឲ្យ​សំណុំ​រឿង​កក​ស្ទះ​នៅ​តុលាការ។​

ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំ​រឿង​ និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ ឬ​មណ្ឌល​អប់រំ​កែប្រែក្រសួង​យុត្តិធម៌​ លើក​ទឹក​ចិត្ត​ឲ្យ​ព្រះ​រាជអាជ្ញា​ប្រើ​វិធី​ចោទ​ប្រកាន់​ តាម​រយៈ​ការ​បញ្ជូន​រឿង​ដោយ​ផ្ទាល់​ទៅ​ចៅក្រម​ ដើម្បី​ជំនុំ​ជម្រះ​សម្រាប់​បទ​មជ្ឈឹម​ ដោយ​ចៀស​វាង​ការ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ចំពោះ​សំណុំ​រឿង​ដែល​មិន​ចាំបាច់។​

ជាង​នេះ​ទៅ​ទៀត ​ក្រសួង​លើក​ទឹក​ចិត្ត​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ប្រើ​ប្រាស់​វិធាន​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ជំនួស​ឲ្យ​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ ចំពោះ​បទ​មជ្ឈឹម​មួយ​ចំនួន​ដែល​ការ​ឃុំ​ខ្លួន​ពុំមែន​ជាការ​ចាំបាច់។ ​ក្រសួង​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​ប្រើប្រាស់​គោល​ការណ៍​ព្យួរទោស​ ចំពោះ​បទ​មជ្ឈឹម​មិន​ធ្ងន់​ធ្ងរ ​ជាពិសេស​ការ​ព្យួរ​ទោស​សាកល្បង ​ដោយ​មាន​ភ្ជាប់​នូវ​កាតព្វ​កិច្ច​មួយ​ចំនួន​សម្រាប់​ទណ្ឌិត​អនុវត្ត។​

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក​ កើត​ រិទ្ធ (នៅខាងស្តាំដៃទីពីរ) នៅក្នុងសន្និសីទ​ព័ត៌មាន​ ធ្វើឡើង​នៅ​ទីក្រុងភ្នំពេញ​ ថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក​ កើត​ រិទ្ធ (នៅខាងស្តាំដៃទីពីរ) នៅក្នុងសន្និសីទ​ព័ត៌មាន​ ធ្វើឡើង​នៅ​ទីក្រុងភ្នំពេញ​ ថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

ទោះ​ជាយ៉ាង​ណា ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ លោក ​កើត រិទ្ធ​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា ​ ​ ក្រសួង​យុត្តិធម៌​នឹង​មិន​ជ្រៀត​ជ្រែក​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​នោះ​ទេ​ ដោយ​ចាត់​ទុក​ថា​រាល់​ការ​សម្រេច​របស់​ចៅក្រម​ជា​ឆន្ទានុសិទ្ធិ​របស់​ពួក​គេ។​

សេចក្តី​ណែនាំ​ដាច់​ដោយ​ឡែក​មួយ​របស់​លោក ​កើត រិទ្ធ​ លើក​ឡើង​ថា ​ដើម្បី​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​តុលាការ​ជាន់​ទាប​ ​ចៅក្រម​ស៊ើបសួរ​ គប្បី​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពន្លឿន​ការ​អនុវត្ត​នីតិវិធី​ស៊ើបសួរ​ឲ្យបាន​ឆាប់​រហ័ស​ ប្រក​បដោយ​ស្មារតី​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​និង​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។​

លោក ​កើត រិទ្ធ​ ដែល​ទើប​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ឲ្យ​ដឹង​ថា​ រយៈ​ពេល​យុទ្ធនាការ​នេះ​គឺ​ចន្លោះ​ពី​ ៦​ខែ​ទៅ​៩​ខែ។ ​លោក​ព្រមាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​តុលាការ​ ​ប្រសិន​បើ​មន្ត្រី​រូប​ណា​ប្រព្រឹត្ត​អំពើ​ពុករលួយ។​

លោក​ថ្លែង​ថា៖ ​«មាន​ន័យ​ថា​ បើ​សិន​ជា​មាន​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​យុទ្ធនាការ​នេះ​ គឺ​ក្រសួង​យុត្តិធម៌​នឹង​ ចាត់​វិធី​ឆ្លើយ​តប​ដោយ​ម៉ឺងម៉ាត់​ ទីមួយ។ ​ទីពីរ​ ក្រសួង​យុត្តិធម៌​ក៏​បាន​ជួប​ជាមួយ​សាលា​ជម្រះ​ក្តី​ជាន់​ខ្ពស់​ដែរ​ ហើយ​បន្ត​ទៅ​ទៀត​នេះ​ នឹង​ជួប​ជាមួយ​នឹង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ដើម្បី​ធានា​ថា​ កំហុស​ផ្នែក​វិជ្ជាជីវៈ​ក៏ត្រូវ​តែ​ឆ្លើយ​តប​ជាមួយ​ការ​ទទួល​ខុសត្រូវ​ផ្នែក​វិជ្ជាជីវៈ​ដែរ​ ហើយ​វិន័យ​ធំជាង​គេ​ផ្នែក​វិជ្ជាជីវៈ​ ដែល​អាច​រក​ឃើញ​កំហុស​ គឺ​ការ​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ»។​

នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ក្តីក្តាំ​ ដែល​កក​ស្ទះ​នៅ​សាលា​ដំបូង​រាជធានី​ខេត្ត​នេះ​ ក្រសួង​យុត្តិធម៌​ក៏​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ ​ដើម្បី​ទប់​ស្កាត់​អំពើ​ពុករលួយ។​ ក្រសួង​យុត្តិធម៌​ក៏​បាន​បង្កើត​គណៈ​កម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង ​នៅ​តាម​សាលាដំបូង​រាជធានី​ ខេត្ត។​ ក្រុម​ការងារ​ចំនួន ៤​ ក្រុម ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចុះ​អនុវត្ត​យុទ្ធនាការ​នេះ។​

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​កាល​ពី​សប្តាហ៍​មុន ​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ក្រោយ​បាន​សម្ភាស​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​នៃ​ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ ដោយ​ក្នុង​នោះ​រក​ឃើញ​អំពើ​ពុក​រលួយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដោយ​មាន​ការ​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​ផង​ដែរ។​

បើ​តាម​របាយ​ការណ៍​នេះ ​មាន​ការ​បង្ខំ​ឲ្យ​ផ្តល់​ប្រាក់​ដល់​ប៉ូលិស​ ដើម្បី​ផ្លាស់​ប្តូរ​របាយ​ការណ៍​ដែល​ដាក់​ទៅ​តុលាការ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ធ្ងន់​ធ្ងរ​ និង​ឲ្យ​មាន​ការ​ដោះលែង​លឿន ​ឬ​មាន​ការ​កាត់​ទោស​ស្រាល ​ឬ​ក៏​ដោះ​លែង​មនុស្ស​ដែល​គ្មាន​កំហុស ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។​

លោក​ កើត រិទ្ធ​ បាន​ច្រាន​ការ​ចោទ​ប្រកាន់​ដែល​ថា​ មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌​ ដូច​ជា​ការ​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ ដើម្បី​ជាថ្នូរ​នឹង​ការ​បាន​ប្រាក់​មក​វិញ។​

លោក​ថ្លែងថា៖​«ចំពោះ​និយាយ​រឿង​ការ​លើក​ឡើង​ អំពី​រឿង​ឃុំ​ខ្លួន​ដើម្បី​ យក​ប្រាក់​ឃុំ​ខ្លួន​អី​ហ្នឹង​ ខ្ញុំ​គិត​ថា​ នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង។ ​ដូច​ខ្ញុំ​លើក​ទឹក​ចិត្ត​មុន​ហ្នឹង​អ៊ីចឹង​ថា​យើង​ប្រកាន់​ខ្ជាប់​ថា ​ប្រទេស​យើង​នីតិរដ្ឋ​ យក​ច្បាប់​ជា​ធំ។ ពេល​ដល់​ពេល​មាន​បញ្ហា​ យើង​អត់​រក​ផ្លូវ​ច្បាប់​យក​មក​ពិនិត្យ។​ ឥឡូវ​បើ​គេ​ឃុំ​ ដើម្បី​ជម្រិត​ទារ​ប្រាក់​ ប្តឹង​ទៅ! ​ប្តឹង​បាន!​ ច្បាប់​អនុញ្ញាត​ឲ្យ​ប្តឹង!​ ប៉ុន្តែ​យើង​អត់​ប្តឹង!​ ហើយ​ដល់​ពេល​អត់​ប្តឹង​ យើង​ថា​ គេ​លើក​ឡើង​មក​អ៊ីចឹងៗ។​ បើ​អត់​ប្តឹង​ តើ​ចាត់​ការ​យ៉ាង​ម៉េច?​ ចាត់​ការ​យ៉ាង​ម៉េច?​ បញ្ហា​របស់​យើង​នៅត្រង់​កន្លែង​ហ្នឹង»។​ ​

លោក ​អំ សំអាត ​នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ថ្លែង​ប្រាប់​ VOA​ នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ដាក់​យុទ្ធនាការ​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ ដែល​លោក​យល់​ថា​ អាច​បន្ថយ​ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស។​

លោក​និយាយថា៖​ «វា​រាង​យឺត​ពេល​បន្តិច។​ ក៏​ប៉ុន្តែ​គ្រាន់​តែ​ថា វា​ជា​ចំណុច​វិជ្ជមាន​មួយ​ សម្រាប់​ការ​បង្កើត​គណៈ​កម្មការ​នេះ​ដើម្បី​យុទ្ធនាការ​ ជំរុញ​ការ​កក​ស្ទះ​សំណុំ​រឿង​តាម​បណ្តា​រាជធានី​ខេត្ត​ ពីព្រោះ​កន្លង​មក​ដោយសារ​តែ​ភាព​កកស្ទះ​នៃ​សំណុំ​រឿង​តាម​បណ្តា​សាលា​ដំបូង​រាជធានី​ខេត្ត​នេះ​ ក៏​វា​ជា​ការ​ជំរុញ​ឲ្យ​មាន​ភាព​ចង្អៀត​នៃ​ពន្ធនាគារ​ហ្នឹង​មួយ​ផ្នែក​ដែរ»។ ​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ក៏​ចង់​ឃើញ​ការ​អនុវត្ត​យុទ្ធនាការ​នេះ​បាន​ឆាប់​រហ័ស​ ហើយ​ក្រុម​ការងារ​ពាក់​ព័ន្ធ​ក៏​ត្រូវ​បង្ហាញ​តម្លាភាព​របស់​ខ្លួន​ក្នុង​ពេល​ចូល​រួម​បំបែក​សំណុំ​រឿង​ទាំង​ឡាយ​ណា​ ដែល​បាន​កប់​ចោល​ជា​យូរមក​ហើយ​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG