ក្រុមអ្នកច្បាប់ និងអ្នកពាក់ព័ន្ធក្នុងការពង្រឹងការគោរពសិទ្ធិមនុស្សនិយាយថា សំណុំរឿងកកស្ទះនៅតុលាការគឺដោយសារហេតុផលសំខាន់ៗមួយចំនួនដូចជាកង្វះបន្ទប់សាលសវនាការ ភាពលាយឡំគ្នានៃរឿងក្តីដែលចៅក្រមចាត់ការ និងការមិនប្រើនីតិវិធីបញ្ជូនរឿងដោយផ្ទាល់ទៅចៅក្រមដើម្បីជំនុំជម្រះសម្រាប់បទមជ្ឈឹម ដោយចៀសវាងការបញ្ជូនទៅចៅក្រមស៊ើបសួរចំពោះសំណុំរឿងដែលមិនចាំបាច់។
កាលពីថ្ងៃច័ន្ទរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសបើកយុទ្ធនាការជាផ្លូវការដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលជាផ្នែកមួយនៃការរកយុត្តិធម៌ដល់ជនកំពុងជាប់ឃុំ និងបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
លោកមេធាវី សុក សំអឿន ដែលច្រើនការពារក្តីពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនោះ យល់ថា កង្វះបន្ទប់កាត់ក្តី ជាហេតុផលសំខាន់មួយនៅពីក្រោយការកកស្ទះសំណុំរឿង។ មួយវិញទៀត គឺការបែងចែកសំណុំរឿងមិនមានភាពច្បាស់លាស់ ពោលគឺចៅក្រមមួយរូបអាចទទួលបន្ទុកកាន់រឿងក្តីចម្រុះទាំងរឿងព្រហ្មទណ្ឌផង និងរដ្ឋប្បវេណីផង។
លោកមានប្រសាសន៍ថា៖ «ទីមួយ អាចបន្ទប់សវនាការ។ ដូចនៅប្រទេសគេ ចៅក្រមម្នាក់បន្ទប់សវនាការមួយ ហើយយើងចៅក្រមឡើង៤០នាក់បន្ទប់ប៉ុន្មាន? បួនប្រាំហ្នឹង! ធ្វើម៉េចគ្រប់?ហើយ អាហ្នឹងទីមួយ។ទីពីរ អាចពាក់ព័ន្ធនឹងបញ្ហាការងារដែរ។ បើសិនជា ចៅក្រម គាត់... ព្រោះ ចៅក្រមសព្វថ្ងៃកាត់រដ្ឋប្បវេណីផង កាត់ព្រហ្មទណ្ឌផង ស៊ើបផងអីផងហ្នឹងអ៊ីចឹងទៅ។ ជួនកាលវាអាច បញ្ចាំការងារគ្នា។បើសិនជាឲ្យចៅក្រមស៊ើបផ្សេង ចៅក្រមជម្រះផ្សេង អាហ្នឹងដូចជាមិនស្ទះទេ»។
លោកមេធាវីសង្កេតឃើញថាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក៏ជាផ្នែកមួយដែលធ្វើឲ្យសំណុំរឿងកកស្ទះដែរ។ លោកពន្យល់យ៉ាងដូច្នេះថា៖ «ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌរបស់យើង មានការបញ្ជូនទៅជម្រះផ្ទាល់ មានណា៎។ ក៏ប៉ុន្តែ ខ្ញុំសង្កេតឃើញ ចៅក្រមអត់ទាន់ដែលប្រើជម្រះផ្ទាល់ហ្នឹងទេ ច្រើនតែទុកឃុំបណ្តោះអាសន្នសិន»។
លោកស្រី ជាប សុធារី មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុប្រាប់វីអូអេនៅថ្ងៃពុធនេះថា ខេត្តជាប់មាត់សមុទ្រមួយនេះ មានសំណុំរឿងព្រហ្មទណ្ឌជាច្រើនមិនត្រូវបានដោះស្រាយ។ លោកស្រីបន្តថា មានអ្នកជាប់ពន្ធនាគារប្រមាណ២ពាន់នាក់ដែលភាគច្រើនមានការពាក់ព័ន្ធបទលើ្មសគ្រឿងញៀន។
លោកស្រីបន្ថែមថា ភាពអសកម្មនៃការជម្រះសំណុំរឿងចាស់ៗនេះ បណ្តាលមកពីការផ្លាស់ប្តូរចៅក្រមស៊ើបសួរ និងកង្វះសាលសវនាការដែលមានតែពីរសាលប៉ុណ្ណោះនៅតុលាការក្នុងខេត្តនេះ។ លោកស្រីបន្តថា សំណុំរឿងខ្លះទៀតត្រូវបានគេកប់ចោលរយៈពេល៣ទៅ៥ឆ្នាំ ដោយសារជនជាប់ចោទដែលស្ថិតនៅក្រៅឃុំនោះ មិនបានរំឭកក្រុមមន្ត្រីតុលាការបើកការជំនុំជម្រះ។
លោកស្រីមានប្រសាសន៍ថា៖ «ទីមួយវាមកពី សំណុំរឿងវាអត់ទាន់បានបញ្ចប់ការស៊ើបសួរហើយមួយទៀត ដោយសារតែពេលខ្លះ យើងខ្វះសាលជំនុំជម្រះដែរ ដោយសារបន្ទប់ជំនុំជម្រះហ្នឹងគឺមានតែពីរទេ»។
លោកស្រីបន្ថែមថា៖ «សំណុំរឿងខ្លះ គឺ៣ឆ្នាំ៤ឆ្នាំ ក៏អត់ទាន់យកមកជម្រះដែរ...យូរ ទៅបាន...ដោយសារតែការដាស់តឿន ឬក៏ដូចថា វាយូរពេកទៅ ជនដែល ពាក់ព័ន្ធផលប្រយោជន៍ក្នុងសំណុំរឿងហ្នឹង គាត់មកដាស់តឿនអ៊ីចឹងទៅ បានចៅក្រមដាក់ពេលវេលាដើម្បីបិទសំណុំរឿងបញ្ជូនទៅជម្រះអីអ៊ីចឹង»។
មូលហេតុនៃការកកស្ទះសំណុំរឿងនៅតុលាការត្រូវរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ អះអាងថា ដោយសារសាលាដំបូងរាជធានីខេត្តមិនមានចៅក្រមគ្រប់គ្រាន់ និងមិនមានសម្ភារៈគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងដំណើរការសវនាការជំនុំជម្រះ។ លោករដ្ឋមន្រ្តីបន្ថែមថាការបង្រ្កាបបទល្មើសគ្រឿងញៀនច្រើន ក៏ជាមូលហេតុនាំឲ្យសំណុំរឿងមានច្រើនហើយមានជនជាប់ឃុំច្រើននៅពន្ធនាគារ។
លោក លីម ប៊ុនហេង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ និយាយថា លោកមិនអាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងដែលកកស្ទះ និងមិនអាចលើកពីមូលហេតុនៅពីក្រោយការធ្វើឲ្យមានសំណុំរឿងទុកចោលមិនដោះស្រាយទេ។លោកនិយាយថា លោកជាប់ប្រជុំ។
«បាទ ខ្ញុំសុំអត់មានយោបល់ ដោយសារ ខ្ញុំឥឡូវកំពុងប្រជុំ»។
លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកោះកុង និយាយកាលពីថ្ងៃអង្គារថា លោកត្រូវការពេលវេលា ដើម្បីសាកសួរខាងរដ្ឋបាល។
«តាហ្នឹង សុំឆែកជាមួយ នឹងខាងរដ្ឋបាលសិនណ៎ាបង»។
វីអូអេព្យាយាមសុំការអត្ថាធិប្បយពីលោកអ៊ុន សុវណ្ណធានីម្តងទៀត នៅថ្ងៃពុធនេះ តែលោកមិនលើកទូរស័ព្ទ។
លោក ម៉ាន់ បូរ៉េត ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពត ក៏បានបដិសេធមិនផ្តល់ការអធិប្បាយដែរ។ លោកមានប្រសាសន៍ថា៖ «ឥឡូវខ្ញុំជាប់ប្រជុំសិនណា៎!វែងឆ្ងាយណាស់បើឆ្លើយ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃពុធនេះ។
ក្រុមមន្ត្រីមួយចំនួននៃគណៈកម្មការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត បានចាប់ផ្តើមចុះទៅបំពេញការងាររបស់ខ្លួន នៅតាមសាលាដំបូងរាជធានី ខេត្ត បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសចាប់ផ្តើមយុទ្ធនាការនេះកាលពីថ្ងៃច័ន្ទ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន និងជាប្រធានក្រុមការងារទីបួននៃគណៈកម្មការនេះ បានប្រាប់ VOA ថា មន្ត្រីក្រសួងយុត្តិធម៌នឹងផ្តល់ជំនួយខាងបច្ចេកទេស និងច្បាប់ ដើម្បីសម្រួលដល់ការសម្អាតសំណុំរឿងដែលបានកកស្ទះនៅតាមសាលាដំបូងរាជធានី និងខេត្ត តាមរយៈការអនុវត្តយុទ្ធនាការនេះ។លោក ជិន ម៉ាលីន ដែលបានចុះទៅជួបមន្ត្រីតុលាការនៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង បន្តថ្លែងការពារថាក្រសួងយុត្តិធម៌មិនជ្រៀតជ្រែកក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់តុលាការនោះទេ។
លោកនិយាយថា៖«យន្តការដែលក្រសួងបង្កើតឡើងនេះ គឺដើម្បីធ្វើការសម្របសម្រួល ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ដែលតុលាការជួបប្រទះ រួមទាំងផ្តល់នូវការគាំទ្រ។ ការគាំទ្រហ្នឹង មានការគាំទ្រផ្នែកច្បាប់ បច្ចេកទេស ការគាំទ្រផ្នែកមធ្យោបាយសម្ភារៈ និងការគាំទ្រក្នុងកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធដទៃទៀត»។
លោកបន្ថែមថា៖ «អ៊ីចឹង ក្រុមការងារនេះ គឺទៅដើម្បីជួយផ្តល់ការគាំទ្រ ធ្វើការសម្របសម្រួលជូននិងដោះស្រាយបញ្ហាប្រឈមជូន មិនមែនទៅសម្រេច សេចក្តីជំនួសតុលាការទេ។ ចំណែកឯការអនុវត្តការសម្រេចសេចក្តីគឺជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការដែលមិនមាននរណាអាចជ្រៀតជ្រែកបាននោះទេបាទ»។
កាលពីថ្ងៃច័ន្ទ លោក កើត រិទ្ធ ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ព្រមានបណ្តេញចេញពីក្របខណ្ឌតុលាការ ប្រសិនបើមន្ត្រីរូបណាប្រព្រឹត្តអំពើពុករលួយ ក្នុងពេលអនុវត្តយុទ្ធនាការដោះស្រាយក្តីក្កាំដែលកកស្ទះនៅតាមសាលាដំបូងរាជធានីខេត្ត។
លោក អំ សំអាតនាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ កត់សម្គាល់ថាកិច្ចសហការរវាងក្រសួងយុត្តិធម៌និងអង្គភាពប្រឆាំងអំពើពុករលួយ ទំនងជាអាចធ្វើឲ្យមន្ត្រីតុលាការមិនហ៊ានធ្វើសកម្មភាពមិនប្រក្រតី ដូចជាស៊ីសំណូកសូកប៉ាន់នោះទេ។
«អំណាចឯករាជ្យភាពរបស់តុលាការ គឺនៅឆន្ទានុសិទ្ធិ នៃការសម្រេចចិត្ត ឧទាហរណ៍ថា ដំណើរការនៃសវនាការ ឬក៏ការសម្រេចចិត្ត របស់ចៅក្រម របស់ព្រះរាជអាជ្ញាអាហ្នឹងមិនអាចជ្រៀតជ្រែកបានទេ ពីព្រោះអាហ្នឹងជាឯករាជ្យភាព។ប៉ុន្តែបើសិនជាចៅក្រមព្រះរាជអាជ្ញាគាត់ធ្វើខុសច្បាប់ អាហ្នឹងគឺគណៈកម្មការយុទ្ធនាការហ្នឹង គាត់អាចចាត់វិធានការតាមផ្លូវច្បាប់»។
បើតាមទិន្នន័យដែលក្រសួងយុត្តិធម៌ប្រមូលបាន គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ សាលាដំបូងរាជធានី ខេត្តមានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការសរុបចំនួន ៣៩.១៥២សំណុំរឿង។ ក្នុងនោះ គ្រឿងញៀនមានចំនួន ៦.២៦០ សំណុំរឿង។ អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន៦.៩០០នាក់។
ក្រសួងយុត្តិធម៌បញ្ជាក់ថា គ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចគិតត្រឹមឆ្នាំ ២០១៩ មានរហូតដល់ ១២.០០០ សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី ៧០០ រឿងទៅ ៩០០ រឿងក្នុងមួយខែ ដែលធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញ មិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបាន។
ជាផ្នែកមួយនៃការកាត់បន្ថយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ នានក្រសួងយុត្តិធម៌លើកទឹកចិត្តឲ្យព្រះរាជអាជ្ញាប្រើវិធីចោទប្រកាន់ តាមរយៈការបញ្ជូនរឿងដោយផ្ទាល់ទៅចៅក្រម ដើម្បីជំនុំជម្រះសម្រាប់បទមជ្ឈឹម ដោយចៀសវាងការបញ្ជូនទៅចៅក្រមស៊ើបសួរចំពោះសំណុំរឿងដែលមិនចាំបាច់។
ជាងនេះទៅទៀត ក្រសួងលើកទឹកចិត្តឲ្យចៅក្រមស៊ើបសួរប្រើប្រាស់វិធានការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសឲ្យការឃុំខ្លួនជាបណ្តោះអាសន្ន ចំពោះបទមជ្ឈឹមមួយចំនួនដែលការឃុំខ្លួនពុំមែនជាការចាំបាច់។ ក្រសួងក៏បានលើកទឹកចិត្តឲ្យចៅក្រមជំនុំជម្រះប្រើគោលការណ៍ព្យួរទោស ចំពោះបទមជ្ឈឹមមិនធ្ងន់ធ្ងរ ជាពិសេសការព្យួរទោសសាកល្បង ដោយមានភ្ជាប់នូវកាតព្វកិច្ចមួយចំនួនសម្រាប់ទណ្ឌិតអនុវត្ត៕