រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃពុធនេះ បានប្រាប់ឲ្យកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានថ្នាក់ក្រោមជាតិត្រៀមខ្លួន ដើម្បីតាមដានអ្នកជាប់ឃុំ ដែលអាចត្រូវដោះលែងនៅពេលខាងមុខតាមនីតិវិធីច្បាប់ ដោយលោកប្រកាសគាំទ្រយុទ្ធនាការរបស់ក្រសួងយុត្តិធម៌។
កាលពីថ្ងៃទី១៨ ខែឧសភា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសបើកយុទ្ធនាការជាផ្លូវការដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលជាផ្នែកមួយនៃការរកយុត្តិធម៌ដល់ជនកំពុងជាប់ឃុំ និងបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០១៩ និងដាក់ទិសដៅការងារឆ្នាំ ២០២០ រដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង បានថ្លែងថា អ្នកដែលជាប់ឃុំ ហើយអនុវត្តទោសជិតចប់ តុលាការអាចនឹងដោះលែង ប៉ុន្តែលោកថា សំខាន់គឺផ្តោតលើបទល្មើសស្រាល មិនមែនជាឧក្រិដ្ឋកម្មនោះទេ។
លោក ស ខេង បន្តថា អ្នកដែលត្រូវដោះលែងនឹងក្លាយជាបន្ទុករបស់អាជ្ញាធរមានសមត្ថកិច្ចតាមបណ្តាខេត្ត ក្នុងការតាមដានសកម្មភាពរបស់ពួកគេ ដោយធានាថា ពួកគេនឹងប្រព្រឹត្តល្អក្នុងសហគមន៍។ លោកថា ភាពចង្អៀតណែនក្នុងពន្ធនាគារជាបញ្ហាមួយ ដែលនាំឲ្យមានការចំណាយច្រើនរបស់រដ្ឋ និងការរិះគន់អំពីសិទ្ធិមនុស្សផងដែរ។
លោកថ្លែងថា៖ «អញ្ចឹងវាអាចធ្លាក់ទៅជាបន្ទុករបស់រដ្ឋបាលដែនដីរបស់យើង(ដែល)សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ ដើម្បីគ្រប់គ្រងសន្តិសុខនៅកន្លែងហ្នឹង។ វាមិនច្រើនទេ វារាយប៉ាយទេ។ ឧបមាយើងសម្រាលបន្ធូរបន្ថយបាន ១ ម៉ឺននាក់ វាមួយម៉ឺនហ្នឹង មិនមែនទៅមួយខេត្ត ពីរខេត្តទេ វារាយគ្រប់តែកន្លែង»។
លោករដ្ឋមន្រ្តីបន្តថា រដ្ឋាភិបាលនឹងរៀបចំបញ្ជីឲ្យជាក់លាក់នៃអ្នកដែលត្រូវដោះលែង និងដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់សមត្ថកិច្ច។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងរកមធ្យោបាយផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានេះផងដែរ។
លោក ស ខេង អំពាវនាវឲ្យអ្នកដែលអាចនឹងត្រូវដោះលែងទាំងនោះ កសាងខ្លួនជាថ្មី ជាមនុស្សល្អក្នុងសង្គម ហើយកុំប្រព្រឹត្តបទល្មើសបន្តទៀត។
លោកបន្ថែមថា៖ «បន្ធូរបន្ថយ បន្ធូរហើយ ប៉ុន្តែបើអ្នកណាដែលគេកែប្រែ ទៅល្អអញ្ចឹងទៅ យើងក៏ស្វាគមន៍អញ្ចឹងទៅ។ បើអ្នកឯងចេញទៅហើយ ស្រាប់តែទៅប្លន់ ទៅលួច ទៅធ្វើអំពើផ្តេសផ្តាសទៀត ត្រូវចាប់មកវិញ ដដែល»។
លោករដ្ឋមន្រ្តីមហាផ្ទៃមានប្រសាសន៍ទៀតថា ការដោះលែងនេះក៏ជាយន្តការមួយដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណា នៅក្នុងពន្ធនាគារផងដែរ។
លោកបញ្ជាក់ថា៖ «ប៉ុនយើងអត់ទេ យើងធ្វើតាមដំណើររបស់យើង តាមនីតិវិធីរបស់យើង មិនឲ្យឃ្លាតឆ្ងាយពីច្បាប់នោះទេ។ បើថា យើងនរណាក៏ដោះដែរ ខ្លាចជំងឺហ្នឹង វាទៅជារឿងផ្សេងមួយទៀត»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា យុទ្ធនាការរបស់ក្រសួងយុត្តិធម៌មិនមែនជាយុទ្ធនាការដោះលែងអ្នកជាប់ពន្ធនាគារនោះទេ តែលោកថា ការដោះលែងនឹងធ្វើឡើងទៅតាមគោលការណ៍ច្បាប់របស់កម្ពុជា ដែលក្នុងនោះមានការលើកលែងទោសដល់អ្នកដែលប្រព្រឹត្តល្អនៅក្នុងពន្ធនាគារ។
ប៉ុន្តែលោកថា ការលើកលែងទោស ត្រូវធ្វើទៅតាមច្បាប់គឺពួកគេត្រូវជាអ្នកជាប់ទោសពីរភាគបីរួចទៅហើយ ហើយជាមនុស្សដែលប្រព្រឹត្តល្អក្នុងពន្ធនាគារ។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងបើគាត់ទោសស្រាល គាត់ជិតចប់ហើយ គាត់ធ្វើការកែប្រែខ្លួនបានល្អ អាហ្នឹងគណៈកម្មការអាចពិនិត្យមើលផ្តល់ការលើកលែងទោស ឬក៏បន្ថយទោសដល់គាត់ គាត់អាចចេញមុនពេលកំណត់បាន»។
បើតាមលោក ជិន ម៉ាលីន ការលើកលែងទោសនេះបន្ថែមលើយន្តការផ្សេងទៀតដែលក្រសួងយុត្តិធម៌កំពុងតែធ្វើការជាមួយមន្រ្តីតុលាការនៅតាមបណ្តាខេត្ត ដើម្បីពន្លឿនសំណុំរឿងដែលកកស្ទះ ហើយព្យាយាមរកមធ្យោបាយដាក់ឲ្យមាន «ការព្យួរទោសសាកល្បង»។ លោកបញ្ជាក់ថា ការព្យួរទោសនេះនឹងធ្វើឡើងដោយចៅក្រមដែលយល់ថាជាករណីស្រាល ហើយអាជ្ញាធរមានសមត្ថកិច្ចអាចតាមដាន ទៅតាមលក្ខខណ្ឌមួយចំនួន។
លោក ជិន ម៉ាលីន ដែលជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ មិនអាចបញ្ជាក់អំពីចំនួនមនុស្សដែលនឹងត្រូវលើកលែងទោស និងព្យួរទោសនោះទេ គឺអាស្រ័យលើគណៈកម្មការ និងចៅក្រម ដែលលោកថាមានឆន្ទានុសិទ្ធិក្នុងការសម្រេច។
លោកមានប្រសាសន៍ថា៖ «ព្រោះយុទ្ធនាការយើង មិនមែនយុទ្ធនាការដោះលែងអ្នកទោសទេ មិនមែនដោះលែងជនជាប់ឃុំទេ។ យើងអត់មានគោលការណ៍ថាត្រូវដោះលែងប៉ុន្មាន ដោះលែងប៉ុន្មានទេ។ គឺអ្វីៗទៅតាមនីតិវិធីច្បាប់។ ហើយការសម្រេចគឺនៅលើចៅក្រម ដែលមានអំណាចឆន្ទានុសិទ្ធិ អត់មានអ្នកណាទៅបញ្ជាគាត់បានទេ»។
កាលពីដើមខែមេសា ឆ្នាំ ២០២០ លោក ស ខេង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ កម្ពុជាមានអ្នកជាប់ឃុំនៅទូទាំងប្រទេស សរុបចំនួន ៣៨.៩៩០ នាក់ ដែលក្នុងនោះមានទណ្ឌិតចំនួន ១០.១២០ នាក់។ ក្នុងចំណោមអ្នកជាប់ឃុំជិត ៤ ម៉ឺននាក់នោះ មានអ្នកជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ប្រមាណ ២២.០០០ នាក់ គឺស្មើប្រមាណ ៧៥ ភាគរយនៃចំនួនអ្នកជាប់ឃុំទាំងអស់។
កាលពីថ្ងៃទី១៣ ខែឧសភា អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយ ក្រោយសម្ភាសអ្នកធ្លាប់មានបទពិសោធន៍នៃការចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយក្នុងនោះរកឃើញអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដោយមានការបង្ខំឲ្យឆ្លើយសារភាពផងដែរ។
ចំណុចសំខាន់នៃរបាយការណ៍នេះនិយាយអំពីយន្តការនៃការពង្រឹងច្បាប់ ដោយមានការចាប់ខ្លួនជនល្មើសដែលរងការចោទប្រកាន់ ហើយនាំឲ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ ការចោទប្រកាន់នៃការធ្វើទារុណកម្ម ការបំពាននៅមណ្ឌលកែប្រែគ្រឿងញៀន និងបញ្ហាអំពើពុករលួយ ដែលទាក់ទងនឹងការឃុំខ្លួនមនុស្សមិនមានកំហុស។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ជំរុញកុំឲ្យវិធានការការដោះលែង ឬការដាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នមានពាក់ព័ន្ធនឹងអំពើពុករលួយ និងជំរុញការអនុវត្តឲ្យស្មើភាពគ្នាក្នុងចំណោមអ្នកជាប់ឃុំទាំងអស់។
លោកថ្លែងថា៖ «ប៉ុន្តែរឿងដែលសំខាន់ហ្នឹង គឺយើងចង់ឲ្យនីតិវិធីនៃការដោះលែងក្តី នៃការដាក់មនុស្សនៅក្រៅឃុំក្តី គឺធ្វើឡើងដោយមិនមានអំពើពុករលួយពាក់ព័ន្ធនៅក្នុងកិច្ចការហ្នឹង។ ទីពីរ ឲ្យមានតម្លាភាព ធ្វើម៉េចឲ្យមានភាពស្មើភាពគ្នា»។
លោកបន្តថា ការដោះលែងក៏ត្រូវមានការពិចារណាឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការខឹងសម្បារនឹងការដោះលែងនេះ ហើយនាំឲ្យពួកគេមានភាពភ័យខ្លាចថា ជនដែលត្រូវដោះលែងបង្កហានិភ័យដល់ប្រជាពលរដ្ឋក្នុងសហគមន៍៕