មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានអះអាងថា សេចក្តីណែនាំថ្មីមួយរបស់ក្រសួង ជាការក្រើនរំឭកដល់មន្រ្តីតុលាការឲ្យបន្តអនុវត្តគោលការណ៍ដែលក្រសួងបានដាក់ចេញ កាលពីកន្លងទៅ ដើម្បីធានាកុំឲ្យមានសំណុំរឿងកកស្ទះ តាមរយៈការពន្លឿនការកាត់ទោស និងការដាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងករណីជាក់ស្តែង។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យរបស់ក្រសួង បានថ្លែងថា គោលការណ៍នេះ ត្រូវបន្តអនុវត្តដដែល ដើម្បីកុំឲ្យមានការកកស្ទះសំណុំរឿង។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «ជាការដាស់ស្មារតីមិនមែនថាយុទ្ធនាការចប់ហើយ វិធានការទាំងអស់ហ្នឹង អត់អនុវត្ត អត់ទេ។ ទោះបីជាវិធានការហ្នឹងចប់ក៏ដោយ វិធានការហ្នឹង គឺត្រូវតែបន្តអនុវត្តជានិរន្តរ៍ ដើម្បីប្រយោជន៍យុត្តិធម៌ព្រហ្មទណ្ឌ»។
នៅក្នុងសេចក្តីណែនាំថ្មីមួយ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ធ្វើឡើងក្រោយក្រសួងបានបិទបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ កាលពីកន្លងទៅ ក្រសួងយុត្តិធម៌បានលើកឡើងថា តុលាការគប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ សេចក្តីណែនាំឲ្យដឹងទៀតថា តុលាការត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់របបនៃការព្យួរទោស ជាពិសេសការព្យួរទោសសាកល្បងឲ្យអស់លទ្ធភាព និងឲ្យបានទូលំទូលាយ ផ្នែកតាមអង្គហេតុជាក់ស្តែងនៃសំណុំរឿងនីមួយៗ។
ចៅក្រមស៊ើបសួរគប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការអនុវត្តនីតិវិធីស៊ើបសួររបស់ខ្លួនឲ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះ បើតាមសេចក្តីណែនាំ។
ក្រសួងយុត្តិធម៌បន្ថែមថា ក្រសួងបានពិនិត្យឃើញថា អយ្យការអមសាលាដំបូងរាជធានីខេត្តពុំសូវបានប្រើវិធីចោទប្រកាន់ តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាមៗនោះទេ។ ដូច្នេះការតែងប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈិមតាមរយៈការបើកការស៊ើបសួរ ជាបច្ច័យនាំឲ្យមានការកើនឡើងជាច្រើននូវសំណុំរឿងនៅក្នុងដំណាក់កាលស៊ើបសួរ។
ក្រសួងយុត្តិធម៌បន្ថែមថា វិធានការនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពុំសូវត្រូវបានប្រើឲ្យបានទូលំទូលាយឡើយ។
ក្រសួងលើកទឹកចិត្តឲ្យចៅក្រមស៊ើបសួរ «ប្រើឲ្យអស់លទ្ធភាពនិងឲ្យបានទូលំទូលាយ» ដោយផ្អែកលើអង្គហេតុជាក់ស្តែងនៃសំណុំរឿងនីមួយៗ ក្នុងការសម្រេចជ្រើសយកការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ក្រសួងបញ្ជាក់ថា៖ «ការឃុំខ្លួនបណ្តោះអាសន្ន គប្បីត្រូវបានប្រើសម្រាប់តែចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរ ហើយក្នុងលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជាពិសេសក្នុងករណីដែលការឃុំខ្លួនបណ្តោះអាសន្ននោះ គឺជាមធ្យោបាយតែមួយគត់និងចាំបាច់ ដើម្បីធានាដល់ដំណើរការស៊ើបសួរតែប៉ុណ្ណោះ»។
កាលពីខែមិថុនា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានបិទបញ្ចប់យុទ្ធនាការដោះស្រាយសំណុំកកស្ទះ ក្រោយចំណាយពេលប្រមាណ១ឆ្នាំ ដើម្បីបំបែកសំណុំរឿងព្រហ្មទណ្ឌទូទៅ បានជាង៩០%នៃសំណុំរឿងកកស្ទះទាំងអស់ជិត៤ម៉ឺនសំណុំរឿង។
ក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងបានបង្ហាញថា តាមរយៈយុទ្ធនាការដែលបានដំណើរការតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សាលាដំបូងរាជធានីខេត្តទូទាំងប្រទេសបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង៣៧.៩០០សំណុំរឿង ស្មើនឹង៩៦%នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩.៥០០សំណុំរឿង។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានប្រាប់វីអូអេថា ការក្រើនរំឭកជារឿងល្អមួយ ប៉ុន្តែលោកជំរុញឲ្យមន្រ្តីតុលាការមាន«ឆន្ទៈ»ក្នុងការអនុវត្តនីតិវិធី ដើម្បីដោះស្រាយសំណុំរឿងកកស្ទះ។ លោកជំរុញឲ្យមាន«ស្មារតីភ្ញាក់រឭកជាឆន្ទៈ» ជាការអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនជាប្រចាំ។
លោកបន្ថែមថា សេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌មិនមែនជាការបំពានកិច្ចការរបស់តុលាការទេ ព្រោះតុលាការមានឆន្ទានុសិទ្ធិក្នុងការសម្រេច ហើយនេះជាបែបបទរដ្ឋបាល និងជាការដាស់តឿនដល់ចៅក្រមព្រះរាជអាជ្ញាសម្រាប់ពន្លឿននីតិវិធីតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំនៅតែបារម្ភហ្នឹង ខ្ញុំបារម្ភថាអាការពន្លឿននីតិវិធីនេះ អាចធ្វើបានលឿន តែក្នុងយុទ្ធនាការក្រសួងយុត្តិធម៌។ តែក្រោយពីក្រសួងយុត្តិធម៌បញ្ចប់យុទ្ធនាការទៅ បញ្ហានីតិវិធីនេះ ត្រូវបានអូសបន្លាយ ដូចមុនពេលក្រសួងយុត្តិធម៌បើកយុទ្ធនាការ»។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនេះ ក្រសួងយុត្តិធម៌បានកោតសរសើរចំពោះការចូលរួមរបស់មន្រ្តីតុលាការទាំងអស់ ហើយធានាបាននូវការអនុវត្តយ៉ាងត្រឹមត្រូវនូវអភិក្រមការងារ គឺ«លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។ ក្រសួងយុត្តិធម៌បញ្ជាក់ថា យុទ្ធនាការរយៈពេលប្រមាណ១ឆ្នាំនេះ ក៏បានជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ នូវបុគ្គលសរុបចំនួន៣៩.៣០១នាក់ ដែលក្នុងនោះមានការដោះលែងពីពន្ធនាគារ ការសម្រេចមិនឃុំខ្លួន និងការសម្រេចបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ជំនួសឲ្យការចោទប្រកាន់ជាដើម៕