វ៉ាស៊ីនតោន — ជាង ៧០ ភាគរយនៃអ្នកជាប់ពន្ធនាគារជិត ៤០.០០០ នាក់ នៅកម្ពុជា គឺជាអ្នកដែលរង់ចាំសាលក្រមស្ថាពរ និងជាប់ឃុំបណ្តោះអាសន្ន ប៉ុន្តែត្រូវជាប់នៅក្នុងទីដែលខ្វះអនាម័យ និងណែនចង្អៀតដូចអ្នកទោសនានាដែរ។ នេះបើតាមការបង្ហាញរបស់អង្គការសិទ្ធិមនុស្ស និងទិន្នន័យពន្ធនាគារ។
ចំនួនអ្នកជាប់ពន្ធនាគាររង់ចាំការកាត់ទោស និងរង់ចាំសាលក្រមស្ថាពរក្នុងប្រទេសកម្ពុជា មានចំនួនខ្ពស់ខ្លាំង បើប្រៀបនឹងប្រទេសជិតខាង។ ប្រទេសវៀតណាម មានតែចំនួន ១២% ប្រទេសថៃ មាន ១៧% និងឥណ្ឌូនេស៊ី មាន ១៩%។ នេះបើតាមអង្គការ World Prison Brief ដែលតាមដានលើទិន្នន័យអ្នកជាប់ពន្ធគារនៅទូទាំងពិភពលោក។
ក្រសួងយុត្តិធម៌បានដាក់បន្ទុកលើចំនួនអ្នកជាប់ពន្ធនាគារខ្ពស់នេះ ទៅលើការកកស្ទះសំណុំរឿងនៅតុលាការ និងបានចាប់ផ្តើមធ្វើយុទ្ធនាការដោះស្រាយ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ មក។
លោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់វីអូអេថា៖ «ពីព្រោះជាគោលការណ៍ច្បាប់ ជាទិដ្ឋភាពបច្ចេកទេស បើកាលណាដោះស្រាយភាពកកស្ទះសំណុំរឿងព្រហ្មទណ្ឌបានទៅលឿន វាចូលរួមចំណែកដោះស្រាយចំនួនអ្នកជាប់ឃុំទាំងអ្នក ដែលមានសាលក្រមស្ថាពរ ហើយទាំងអ្នកឃុំខ្លួនបណ្តោះអាសន្នរង់ចាំដំណើរការនីតិវិធីរបស់តុលាការ»។
គិតត្រឹមដំណាច់ឆ្នាំ ២០២០ គឺតុលាការដោះស្រាយបានចំនួន ៣៥.១០០ នៃសំណុំរឿងព្រហ្មទណ្ឌចាស់ជិត ៤០.០០០ ដែលបានកកស្ទះដែលត្រូវជា ៨៩%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសថា យុទ្ធនាការនេះនឹងបិទបញ្ចប់នៅខែឧសភាខាងមុខនេះ។ នេះជាការពន្យារបន្ថែមពីផែនការដើម ដែលត្រូវបញ្ចប់នៅដំណាច់ឆ្នាំ ២០២០។
ក្រុមអ្នកការពារសិទ្ធិមនុស្សមើលឃើញថា បើការអនុវត្តមានលក្ខណៈស៊ីសង្វាក់គ្នាដូចនៅក្នុងច្បាប់ ក៏អាចជួយសម្រាលបន្ទុកលើពន្ធនាគារផងដែរ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានបញ្ជាក់ប្រាប់វីអូអេថា៖
«ជាគោលការណ៍អន្តរជាតិ គឺគេយកសេរីភាពនៃជនជាប់ចោទ ហើយនៅក្នុងច្បាប់ព្រហ្មទណ្ឌ ក៏គេយកជាមូលដ្ឋាននៃជនជាប់ចោទ បានន័យថា ការជ្រើសរើសនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែការអនុវត្ត វាហាក់ដូចជាមានទំនោរខុសគ្នា អាហ្នឹងហើយវាធ្វើឲ្យការឃុំខ្លួនក្នុងពន្ធនាគារនៅកម្ពុជា វាចង្អៀតណែនលើសលប់ ដែលធ្វើឲ្យប៉ះពាល់ដល់ចំនួនអ្នកនៅឃុំខ្លួន និងសុខភាពពួកគាត់»។
បើទោះបីជាមានការខិតខំកែប្រែយ៉ាងណា ប៉ុន្តែស្ថានភាពពន្ធនាគារកម្ពុជានៅតែមិនល្អប្រសើរនៅឡើយ។ អង្គការការពារសិទ្ធិមនុស្សលីកាដូបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ភាពចង្អៀតណែននៅតែដដែល បើទោះបីជាឃើញថាមានការកែលម្អ មានសង់អគារបន្ថែមខ្លះ ក្នុងពន្ធនាគារក៏ដោយ។
លោក អំ សំអាត បានថ្លែងបន្ថែមថា៖ «នៅក្នុងពេលថ្មីៗ យើងក៏ឃើញមានយុទ្ធនាការពន្លឿននីតិវិធីរបស់ក្រសួងយុត្តិធម៌ នៅតាមសាលាដំបូងរាជធានី ខេត្តក៏ដោយ ក៏ភាពចង្អៀតណែនមិនអាចកាត់បន្ថយបានដែរមកដល់ពេលឥឡូវ»។
បើទោះបីជាមានកង្វះខាតកន្លែងដាក់អ្នកទោសនិងកង្វះអនាម័យ ប៉ុន្តែវានៅតែជាកន្លែងដែលអាជ្ញាធរប្រើប្រាស់ជាឧបករណ៍ ដើម្បីបំបិទសំឡេងអ្នករិះគន់ និងអ្នកដែលមាននិន្នាការប្រឆាំង បើទោះបីជាកំហុសឆ្គងតិចតួចក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកការពារសិទ្ធិមនុស្ស។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានកត់ត្រាថា នៅពេលនេះមានអ្នកទោសនយោបាយចំនួន ៧៥ នាក់ក្នុងនោះជាសកម្មជននយោបាយសកម្មជនបរិស្ថានវ័យក្មេង មេដឹកនាំសហជីពនិងអ្នកសារព័ត៌មាន។
លោក អំ សំអាត នៃអង្គការលីកាដូក៏បានបញ្ជាក់បន្ថែមថា៖ «នៅក្នុងការសង្កេតរបស់ខ្ញុំនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នហ្នឹង បើអ្នកត្រូវបានចាប់ខ្លួន គាត់មានទំនោទៅខាងគណបក្សប្រឆាំង ឬអ្នកដែលធ្វើការងារសង្គម អ្នកបរិស្ថាន អ្នកការពារសិទ្ធិមនុស្សជាដើម យើងឃើញថា ការឃុំខ្លួនបណ្តោះអាសន្នគឺធ្វើឡើងភ្លាមៗ ទោះបីជាមានការស្នើសុំនៅក្រៅឃុំយ៉ាងណាក៏ដោយ ក៏កម្រមានការអនុញ្ញាតឲ្យនៅក្រៅឃុំណាស់»។
លោក ឃឹម ភាណា អតីតចៅសង្កាត់ផ្សារដេប៉ូទី ៣ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងចំណោមអ្នកទោសនយោបាយ ដែលកំពុងជាប់ពន្ធនាគារ។ លោក ឃឹម ភាណា អាយុ ៥៤ ឆ្នាំ មកពីគណបក្សសង្គ្រោះ។
លោកត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី ២ ខែមេសា ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់ កុំឱ្យយោធិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំកាលពីចុងឆ្នាំ ២០១៩។ ចាប់តាំងពីត្រូវចាប់ខ្លួនមក សំណុំរឿងរបស់លោកនៅមិនទាន់ត្រូវតុលាការយកមកកាត់ទោសនៅឡើយទេ ហើយតុលាការក៏បានបដិសេធការសុំនៅក្រៅឃុំជាបន្តបន្ទាប់។
លោកស្រី សុខ បូលីម៉ា ភរិយារបស់លោក ឃឹម ភាណា ព្រួយបារម្ភពីសុខភាពរបស់លោក ដោយសារតែលោកមានជំងឺផ្ទាល់ខ្លួននិងកង្វះអនាម័យក្នុងមន្ទីរឃុំឃាំង៖
«ការប៉ះពាល់គឺមានលើខាងកាយនិងផ្លូវចិត្ត ណាមួយគាត់លើសឈាម ខ្ញុំបារម្ភពីសុខភាពគាត់ណាស់»។
លោកស្រី សុខ បូលីម៉ា ក៏បានត្អូញត្អែរពីការលំបាកជីវភាព ចាប់តាំងពីស្វាមីត្រូវបានចាប់ខ្លួន និងឃុំឃាំង។ លោកស្រីត្រូវបានគេបញ្ឈប់ការងារជាអ្នកបម្រើភេសជ្ជៈនៅក្នុងក្រុមហ៊ុនឯកជនមួយ ដោយសារតែការចេញមកតវ៉ាទាមទារឲ្យដោះលែងស្វាមី។
លោកស្រីបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖ «ពិបាកមែនទែន ដល់ថ្នាក់ដើរសុំខាងបងប្អូនខាងខ្ញុំ និងខាងគាត់។ ពិបាកណាស់ណាមួយ កូនជំពាក់ធនាគារទៀត ហើយរកអត់បាន។ ពិបាកមែនទែន សូម្បីរកការងាធ្វើ ក៏គេបិទដែរ។រ កការងារធ្វើ ក៏គេមិនទទួលដែរ ព្រោះយើងអ្នកខាងហ្នឹង»។
អតីតមេដឹកនាំសកម្មជននិស្សិតមួយរូបទៀត គឺលោក សួង នាគព័ន្ធ ត្រូវតុលាការឃុំខ្លួន មុនការកាត់ទោសអស់រយៈពេលជាង ៤ ខែ មុនពេលដោះលែងវិញ នៅពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ ២០១៩ដោយសារតែបានចូលរួមសកម្មភាពរំលឹកខួបលើកទី ៣ នៃការធ្វើឃាតលោកបណ្ឌិត កែម ឡី និងទាមទារឲ្យបញ្ចប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។
លោក សួង នាគព័ន្ធ បានរៀបរាប់ពីស្ថានភាពពន្ធនាគារថា៖
«បើនិយាយពីបញ្ហានៅក្នុងគុកវាមិនស្រួលទេ។ វាវេទនាណាស់ ពីព្រោះគេបើកទំហំឲ្យយើងតែបីតឹក បណ្តោយតែពីរម៉ែត្រ ដើម្បីឲ្យយើងគេង។ នេះទី ១។ ទី ២ ការរស់នៅណែនណាន់តាន់តាប់។ ទី ៣ អត់មានខ្យល់អាកាស ព្រោះវាហប់។ ទី ៤ ទឹកប្រើប្រាស់ គឺយើងប្រើប្រាស់ទឹកត្រពាំងល្អក់ខួរត្រីអណ្តែង។ យើងមុជទៅវារមាស់វាស្កៀប គឺវេទនាមែនទែន ដូចមនុស្សស្លាប់អីចឹង។ ទី ៥ គឺមានជាតិវិទ្យុសកម្ម ដែលធ្វើឲ្យយើងក្អករមាស់ វាធ្វើឲ្យហ៊ឹងត្រចៀក ឈឺក្បាលរ៉ាំរ៉ៃជាដើម»។
លោក សួង នាគព័ន្ធ បានបន្ថែមថា ក្នុងបន្ទប់ដែលមានទំហំ ៤ម៉ែត្រគុណនឹង ៥ ម៉ែត្រគឺមានដាក់មនុស្សពីជាង ២០ នាក់ដល់ជាង ៣០ នាក់ ហើយពួកគេត្រូវដេកផ្អៀងខ្លួន។
តុលាការបានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ប៉ុន្តែលោកបានភៀសខ្លួនចាកចេញទៅក្រៅប្រទេស បន្ទាប់ពីរងការគំរាមកំហែងសម្លាប់ជាបន្តបន្ទាប់។
នៅពេលនេះ លោក សួង នាគព័ន្ធកំ ពុងរស់នៅជាជនភៀសខ្លួននៅក្នុងប្រទេសស្វីស។ ប៉ុន្តែនៅតែមានសុបិនអាក្រក់ម្តងម្កាលពីការជាប់ពន្ធនាគារនោះ។
លោកបានបញ្ជាក់បន្ថែមប្រាប់វីអូអេថា៖ «ខ្លួនយើងស្រម៉ៃយល់សុបិនថា គេដេញចាប់ពេញគុក។ គេទាត់គេធាក់។ គេជាន់កកប់ភក់ ប៉ុន្តែពេលភ្ញាក់ឡើង យើងលែងផ្តោតលើរឿងហ្នឹង គឺយើងផ្តោតលើការសិក្សាស្រាវជ្រាវពីរឿងឃាតកម្ម លោក កែម ឡី បន្តទៀត»។
ក្នុងការតវ៉ាពីពន្ធនាគារ ដែលមិនធ្លាប់មានមួយគឺសកម្មជនបរិស្ថានវ័យក្មេងមួយរូប គឺកញ្ញា ឈឿន ដារ៉ាវី បានធ្វើឲ្យភ្ញាក់ផ្អើលដល់មហាជន ដោយសារតែបានកោរសក់ចោល ក្នុងពេលដែលការសុំនៅក្រៅឃុំជាបន្តបន្ទាប់ត្រូវបានបដិសេធ។ រូបភាពរបស់នាងដោយមានភ្ជាប់សារទទូចពលរដ្ឋឲ្យ «ក្រោកឡើងស្រុះគ្នា» ដើម្បីសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ត្រូវបានចែកចាយជាច្រើនតាមបណ្តាញសង្គម។
កញ្ញា ឈឿន ដារ៉ាវី ត្រូវបានចោទពីបទ «ញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដោយប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំ ២០២០ ដោយសារតែការចូលរួមតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។
ក្នុងពេលដែលអ្នករិះគន់រដ្ឋាភិបាលត្រូវតុលាការបដិសេធជាបន្តបន្ទាប់មិនឲ្យនៅក្រៅឃុំ ប៉ុន្តែអ្នកខ្លះទៀតត្រូវបានដោះលែង ដោយសារតែមានទ្រព្យធនឲ្យមកសម្រាកព្យាបាលនៅក្រៅឃុំបាន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងការពារចំណាត់ការរបស់តុលាការថា៖
«ការឃុំខ្លួនបណ្តោះអាសន្ន គឺជាអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រម ដែលគាត់ពិចារណាទៅលើលក្ខខណ្ឌដែលមាន នៅក្នុងនីតិវិធីព្រហ្មទណ្ឌ។ សំណុំរឿងខ្លះឃុំខ្លួនបណ្តោះអាសន្ន សំណុំរឿងខ្លះ មិនឃុំខ្លួន គឺវាផ្អែកទៅលើស្ថានភាពជាក់ស្តែងនៃសំណុំរឿងនីមួយៗ។ ពីសំណុំរឿងមួយ ទៅសំណុំរឿងមួយ មិនអាចដូចគ្នាបានទេ»។
មន្ត្រីពន្ធនាគារបានទទួលស្គាល់ថា ស្ថានភាពពន្ធនាគារនៅតែមិនទាន់ដល់កម្រិតបច្ចេកទេសត្រឹមត្រូវនៅឡើយទេ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វីអូអេថា៖
«តាមពិតទៅ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងជនជាប់ឃុំ ក៏ដូចជាការធ្វើកម្មវិធីអប់រំកែប្រែ តាមនីតិវិធីសម្បទារ គឺចំនួនដែលអាចធ្វើឲ្យការងារ យើងមានប្រសិទ្ធភាព ទាល់តែសមាមាត្រនឹងចំនួនមន្ត្រីនិងហេដ្ឋារចនាសម្ព័ន្ធរបស់យើងថា អាចធ្វើបានប៉ុណ្ណា។ តាមការអនុវត្តជាក់ស្តែង ចំនួនដែលសមរម្យបំផុតបើបានក្រោម ២០.០០០ ទើបបានល្អ។ បើបានក្រោម ២០.០០០ គឺមន្ត្រីខ្ញុំ គាត់ស្រួលធ្វើការ ទាំងការងារសន្តិសុខ ទាំងការងារអប់រំកែប្រែនីតិសម្បទារ ទាំងការថែទាំសុខភាពជនជាប់គុក»។
លោកបានបន្ថែមថា ក្នុងពេលបច្ចុប្បន្នអ្នកដែលមានសាលក្រមស្ថាពរតែ ២៧ ភាគរយនៃអ្នកជាប់នៅក្នុងពន្ធនាគារចំនួន ៣៩.២០០ នាក់ហើយ គ្រាន់តែអ្នកត្រូវឃុំខ្លួនរង់ចាំសវនាការមានជាង ១៧.២០០ នាក់ ដែលត្រូវជា ៤៣% និងក្រៅពីនោះជាអ្នករង់ចាំសាលក្រមស្ថាពរ ដោយសំណុំរឿងនៅកកជាប់ក្នុងនីតិវិធី ប្រកបដោយការិយាធិបតេយ្យនៃប្រព័ន្ធតុលាការកម្ពុជា។
យ៉ាងណាក៏ដោយ លោក នុត សវនា យល់ថា យុទ្ធនាការរបស់ក្រសួងយុត្តិធម៌បានជួយដោះស្រាយភាពកកកុញ នៅក្នុងពន្ធនាគារបានខ្លះដែរ៖
«ដោយសារលទ្ធផលខិតខំរបស់ក្រសួងយុត្តិធម៌ និងតុលាការដែលគាត់ប្រកាន់គោលការណ៍ថ្មីហ្នឹង ទើបគាត់ទើបចំនួនអ្នកជាប់ឃុំនៅពន្ធនាគារមិនកើនទេ ប៉ុន្តែបើអត់ធ្វើអីចឹងទេប្រហែលជាឡើងជិតដល់ ៥ ម៉ឺននាក់ហើយ មកដល់ពេលនេះ»។
អតីតគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិកំពុងធ្វើយុទ្ធនាការ «បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា» ដើម្បីជំរុញឲ្យមានការដោះស្រាយបញ្ហាឃុំខ្លួន មុនការកាត់ទោសនេះ និងការសម្លាប់សកម្មជននិងអ្នកនយោបាយ ក្នុងពេលកន្លងមក។ គណបក្សសង្គ្រោះជាតិបានថ្លែងថា ចំណាត់ការរបស់តុលាការកម្ពុជាបានធ្វើឲ្យពលរដ្ឋបាក់ស្បាត មិនហ៊ានបញ្ចេញមតិរិះគន់ទេ ដោយសារតែការចាប់ឃុំឃាំងក្នុងពន្ធនាគារភ្លាមៗ ដោយមិនអនុញ្ញាតឲ្យពួកគេបាននៅក្រៅឃុំទេ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបន្ថែមថា៖ «ដូច្នេះទង្វើទាំងអស់នេះបើយើងទាំងអស់គ្នា មិនគិតគូរមិនរកដំណោះស្រាយណាទេ របបហ្នឹងវានឹងនៅបន្តរហូត។ អីចឹងហើយបានទាក់ទងនឹងចលនាមួយនេះ គឺចលនាបញ្ចប់និទណ្ឌភាព ក៏វាចូលរួមចំណែកដើម្បីឲ្យបញ្ចប់រឿងហ្នឹងដែរ។ ឥឡូវនេះបងប្អូនភាគច្រើន គាត់មានការភ័យខ្លាច គាត់មិនហ៊ានចេញ ដើរទាមទារតវ៉ាជាចំហទេ ប៉ុន្តែគាត់ឈឺចាប់»។
យុទ្ធនាការ «បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា» នេះ បានចាប់ផ្តើមតាំងពីខែកក្កដាមក ដោយគណៈកម្មការបញ្ចប់និទណ្ឌភាពនៅកម្ពុជា ដោយបានបង្ហាញសកម្មជនសង្គមនិងបរិស្ថាន ដែលបានស្លាប់ទៅហើយ ដែលមានដូចជាលោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក ជា វិជ្ជា និងតារាភាពយន្តគឺអ្នកស្រី ពិសិដ្ឋ ពិលីការ ជាដើម។
យុទ្ធនាការនេះ មានអ្នកចូលរួមចុះហត្ថលេខាចំនួនជិត ៦ ម៉ឺននាក់ត្រឹមខែមីនានេះ សម្រាប់ការស្នើឲ្យចុះហត្ថលេខាលើញត្តិតាមអនឡាញ។
ទន្ទឹមនឹងនោះ ក៏មានការចងក្រងឯកសារពីជនរងគ្រោះទាំងនោះ និងការសិក្សាពីលទ្ធភាពឲ្យក្រុមគ្រួសារជនរងគ្រោះដែ លនៅក្រៅប្រទេសអាចប្តឹងផ្តល់នៅតុលាការក្នុងប្រទេស ដែលពួកគេស្នាក់នៅផងដែរ។ គណបក្សសង្គ្រោះជាតិរំពឹងថា វានឹងឲ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៕