ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​វិនិច្ឆ័យ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស៊ុត​​​ សង​ថ្លៃ​ជំងឺ​ចិត្ត​​១៧​លាន​៧​សែន​ដុល្លារ​​ក្នុង​ការ​តម្លើង​ថ្លៃ​នៅ​ទសវត្សរ៍​២០០០


រូបឯកសារ៖ សត្វ​មាន់មួយក្បាល​ឈរ​ជិត​ពង​មាន់​មួយ​កាលពីថ្ងៃទី​១០ មករា ឆ្នាំ២០២៣។
រូបឯកសារ៖ សត្វ​មាន់មួយក្បាល​ឈរ​ជិត​ពង​មាន់​មួយ​កាលពីថ្ងៃទី​១០ មករា ឆ្នាំ២០២៣។

គណៈ​វិនិច្ឆ័យ​នៃ​តុលាការសហព័ន្ធ​មួយ​ក្នុង​រដ្ឋ​ Illinois បាន​ចេញ​សាលក្រមមួយ ដែល​បង្គាប់​ឲ្យ​ផ្តល់​ជំងឺ​ចិត្តជា​ទឹក​ប្រាក់​ចំនួន១៧​លាន​៧​សែន​ដុល្លារ​អាមេរិក​ ទៅ​ឱ្យ​ក្រុមហ៊ុន​ផលិត​ម្ហូប​អាហារ​ធំ​ៗ​មួយ​ចំនួនក្នុង​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​ដាក់​ពាក្យ​ប្តឹងប្រឆាំងនឹងក្រុមហ៊ុន​ផលិត​ស៊ុត​ ជុំវិញ​ការ​រួម​គំនិត​គ្នាក្នុង​ការ​ដាក់​កម្រិត​ការ​ផ្គត់ផ្គង់​ស៊ុត​ក្នុង​សហរដ្ឋ​អាមេរិកកាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ។ នេះបើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

ចំនួន​ទឹក​ប្រាក់ជា​សំណង​ជំងឺ​ចិត្ត​នេះកើន​ឡើង​៣​ដងក្រោម​ច្បាប់​សហព័ន្ធ​ ដែល​មាន​ចំនួន​សរុប​ជាង​៥៣​លាន​ដុល្លារ​អាមេរិក។​ សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ ត្រូវ​បាន​ប្រកាស​នៅថ្ងៃ​ទី​១​ ខែ​ធ្នូ​កន្លង​ទៅ​ នៅ​ក្នុង​សំណុំ​រឿង​ប្តឹង​ផ្តល់​ដែល​អូស​បន្លាយ​ពេល​ជា​យូរ​មក​ហើយ​ ប្រឆាំង​ទៅ​នឹង​ក្រុមហ៊ុនផ្គត់​ផ្គង់​ស៊ុត​ដែល​ត្រូវ​បានដាក់​ប្តឹង​ទៅ​តុលាការ​សហព័ន្ធ​កាល​ពីឆ្នាំ​២០១១។

ក្រុមហ៊ុន​ផលិត​អាហារធំៗ​មួយ​ចំនួន​ដូច​ជា​ក្រុមហ៊ុន​ Kraft Foods Global, Incនិង​ក្រុម​ហ៊ុន The Kellogg Company​ ជា​ដើម បាន​លើក​ហេតុផល​ថា​ ក្រុមហ៊ុន​ផ្គត់ផ្គង់​ស៊ុត បាន​កម្រិតការ​ផ្គត់ផ្គង់​ចែក​ចាយ​ស៊ុតនៅទី​ផ្សារ​ក្នុង​ស្រុក​អាមេរិក​ តាម​រយៈ​មធ្យោបាយ​ជា​ច្រើន​ ដើម្បី​បង្កើន​តម្លៃរបស់​វា។​ ​

ក្រុមហ៊ុន​ផ្គត់ផ្គង់​ស៊ុត​ចំនួន​២ ​បាន​បង្ហើប​ថា ពួក​គេ​នឹង​ប្តឹង​ទាស់​លើ​សាល​ក្រម​នេះ។​ ​

ពេល​វេលា​នៃ​ការ​ឃុបឃិត​គ្នាជា​បញ្ហា​មួយក្នុងក្តី​ក្តាំ​នេះ​ ប៉ុន្តែចុង​ក្រោយ​គណៈវិនិច្ឆ័យ​បានសម្រេច​កំណត់​សំណង​ខូច​ខាត​ ដែល​កើត​ឡើង​រវាង​ពីឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០០៨។​

សាលក្រម​បង្គាប់​ឲ្យ​បង់​សំណង​ជំងឺ​ចិត្តនេះ​ ត្រូវ​បាន​សម្រេច​នៅ​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ នៅតុលាការ​សាលា​ដំបូង​ថ្នាក់​សហព័ន្ធ​ប៉ែក​ខាង​ជើង​រដ្ឋ Illinois។

ឯកសារ​តុលាការបង្ហាញថា ចុងចម្លើយ​បាន​បដិសេធ​ការ​អះអាង​ទាំង​នោះ។ ​

​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស៊ុតរួម​មាន​ក្រុមហ៊ុន​ជា​លក្ខណៈ​គ្រួសារនៃ​អតីត​ប្រធាន​លោក John Rust ដែល​ពេល​នេះកំពុងឈរ​ឈ្មោះ​ជា​បេក្ខជនសមាជិក​ព្រឹទ្ធសភា​អាមេរិកតំណាងឱ្យ​រដ្ឋ Indiana។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ស្តី​ពី​សាលក្រម​នោះ​ ​ លោក Rust និយាយ​ថា​ សេចក្តី​សម្រេច​របស់​គណៈវិនិច្ឆ័យ​នេះ​ «នឹង​ត្រូវប្តឹង​ទាស់»។​

គណៈវិនិច្ឆ័យ​រក​ឃើញ​ថា​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ស៊ុត​ បាន​នាំ​ចេញស៊ុតទៅក្រៅ​ប្រទេស​ ដើម្បី​កាត់​បន្ថយ​ការផ្គត់ផ្គង់​ទូទៅក្នុង​ទី​ផ្សារ​អាមេរិក​ ក៏​ដូច​ជា​កំណត់​ចំនួនមាន់តាម​មធ្យោបាយ​ផ្សេងៗ​ ដូច​ជា​ទំហំ​ទ្រង់​មាន់​ ការ​សម្លាប់​មាន់​មុនពេល​កំណត់​ ​និង​កាត់​បន្ថយ​ការ​រស់​នៅ​ជា​ហ្វូង​នៃ​សត្វ​មាន់​ជា​ដើម។​ នេះ​បើ​យោង​ទៅ​លើឯកសាររបស់​តុលាការ៕

​ប្រែ​សម្រួល​ដោយ លោក​ ជ្រា វណ្ណារិទ្ធ​

XS
SM
MD
LG