ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាជំរុញការប្រើប្រាស់យានយន្តអគ្គិសនីដើម្បីបរិស្ថាន តែបារម្ភថាខ្វះអ្នកប្រើ


ម៉ូតូអគ្គិសនីដែលបានដាក់តំាងក្នុងកម្មវិធី ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ម៉ូតូអគ្គិសនីដែលបានដាក់តំាងក្នុងកម្មវិធី ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កម្ពុជា​ជំរុញ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនី​កាន់​តែ​ច្រើន​ ដើម្បីពង្រឹង​ការការពារ​បរិស្ថាន និង​ថាមពល​បៃតង ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ពី​កង្វះ​ចំនួន​អ្នក​ប្រើ​ប្រាស់។

ថ្លែងក្នុង​កម្មវិធី​ពិព័រណ៍​យានយន្ត​អគិ្គសនី​ឆ្នាំ​ ២០២៣ នៅ​ថ្ងៃ​សុក្រ​នេះ លោក វ៉ាន់ មុន្នីនាថ ​អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ លើក​ឡើង​ថា កម្ពុជា​បាន​និង​កំពុងពង្រឹង​បន្ថែម​ទៅ​លើ​កំណើន​យាន​យន្ត​អគ្គិសនី​ ដែល​ជា​ផ្នែក​មួយក្នុងការ​ជួយពង្រឹង​ការការពារបរិស្ថាន និង​ថាមពល​បៃតង។

លោក​ថ្លែង​ថា៖ «ការ​បង្ហាញ​ពិព៍រណ៌​យាន​យន្ត​អគ្គិសនី​គឺ​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ថាមពល​ស្អាត។ វា​គឺ​ជា​វេទិកា​មួយ​ដើម្បី​កសាង​ភាព​ជា​ដៃ​គូ និង​សកម្មភាព​ទៅ​កាន់​ជំហាន​បន្ទាប់​នៃ​ការ​ធ្វើ​ដំណើរ​អគ្គិសនី​នេះ។ សម្រាប់​កម្មវិធី​ថ្ងៃនេះ​ គឺ​ដើម្បី​ស្វែង​រក​សកម្មភាព តម្រូវ​ឱ្យ​មាន​ការ​គៀង​គរ​ជំហាន​បន្ទាប់​សម្រាប់​ការ​អនុម័ត​យាន​យន្ត​អគ្គិសនី​នៅ​កម្ពុជា»។

លោក ហង្ស វុទ្ធីកា អគ្គ​នាយក​រង​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ក្នុង​កម្មវិធី​ជជែក​ដេញ​ដោល​ក្រោម​ប្រធាន​បទ «ការ​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ឆ្ពោះ​ទៅ​រក​ការ​អនុម័ត​ហេដ្ឋា​រចនា​សម្ព័ន្ធ​យាន​យន្ត​អគ្គិសនី​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ការ​ពិភាក្សា​លើ​បទ​ប្បញ្ញត្តិ ស្តង់ដារ និង​ហិរញ្ញវត្ថុ​» ដែល​ធ្វើ​ឡើង​ក្នុង​ពិព័រណ៍​នោះ​ដែរ​ថា កម្ពុជា​ជា​ប្រទេស​ថ្មី​មួយ​ក្នុង​ការ​យក​យាន​យន្ត​អគ្គិសនី​មក​អនុវត្ត និង​ដំណើរ​ការ​ក្នុង​ស្រុក​។ លោក​ថា កម្ពុជា​ត្រូវ​កា​រសិក្សា​ទៅ​លើ​ស្តង់ដារ​ផ្សេងៗ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​កម្ចី​វិនិយោគ​ពី​ធនាគារ​ពិភព​លោក។

លោក​ថ្លែង​ថា៖ «មាន​គម្រោង​សក្តានុពល​ដែល​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ ប៉ុន្តែ​ដៃ​គូ​អភិវឌ្ឍន៍​ដូច​ជា​ធនាគារ​ពិភព​លោក​សុខ​ចិត្ត​ផ្តល់​ប្រាក់​កម្ចី​មក​កម្ពុជា ប៉ុន្តែ​យើង​មិន​ទាន់​ត្រៀម​ខ្លួន​ក្នុង​ការ​ទទួល​យក​ប្រាក់​កម្ចី​នោះ​ទេ ព្រោះ​យើង​មិន​ដឹង​ថា​ពេល​ណា​យើង​វិនិយោគ​វា ​យើង​ទទួល​បាន​ផល​មក​វិញ​ពី​វា»។

ក្រុមអ្នកជំនាញជជែកដេញដោលក្នុងកម្មវិធី ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុមអ្នកជំនាញជជែកដេញដោលក្នុងកម្មវិធី ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
រថយន្តអគ្គិសនីដែលបានដាក់តំាងក្នុងកម្មវិធី ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
រថយន្តអគ្គិសនីដែលបានដាក់តំាងក្នុងកម្មវិធី ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោកបន្ថែម​ថា ការ​ដាក់​បញ្ចូល​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនី​នៅ​កម្ពុជា ​គឺ​តម្រូវ​ឱ្យ​មានការ​ប្រើប្រាស់ច្រើន​ ហើយ​ហេដ្ឋា​រចនា​សម័្ពន្ធ​ក៏​ជា​ផ្នែក​មួយ​សំខាន់ផង​ដែរ។

បើ​តាមទំព័រហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​យាន​យន្ត​អគ្គិសនី ដែល​បាន​ចុះ​បញ្ជី​គិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​ ២០២២ មាន​ចំនួន​សរុប ៧៣១ គ្រឿង ក្នុង​នោះ​រថយន្ត​មាន​ចំនួន ៣៦៩ គ្រឿង ត្រី​ចក្រ​យាន​យន្ត (ម៉ូតូ​កង់​បី) មាន​ចំនួន ៣៣៩ ​គ្រឿង និង​ទោ​ចក្រ​យាន​យន្ត​មាន​ចំនួន ២៣ គ្រឿង។

ការប្រើប្រាស់​យានយន្ត​អគ្គិសនី បាន​រួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​ទៅ​បរិយាកាស ដែល​នាំ​ឱ្យ​មាន​ការ​ប្រែប្រួលអាកាសធាតុ​ពិភពលោក។ នេះ​បើតាម​ កញ្ញា អ៊ុត សុខផល្គុន អ្នកគ្រប់គ្រង​កម្មវិធីនៃអង្គការ EnergyLab ។

កញ្ញា​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំគិតថា​ ទាក់ទង​នឹង​បរិស្ថាន​វា​ជួយ​ ដោយសារ​វា​ជួយ​កាត់​បន្ថយ បើ​យើង​និយាយ​ពី​ម៉ូតូ​យើង​ប្រើប្រាស់​រាល់ថ្ងៃ​យើង​ប្រើ​សាំង អ៊ីចឹង​ម៉ូតូ​ប្រើ​សាំង​វា​បញ្ចេញ​នូវ​ឧស្ម័ន​កាបូនិច និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ធ្វើ​ឱ្យ​មាន​ការកើន​ឡើង​កម្តៅ​ពិភពលោក។ អ៊ីចឹង​ងាក​មក​ការប្រើប្រាស់​ម៉ូតូ​អគ្គិសនី វា​ជួយ​កាត់​បន្ថយ​ឧស្ម័ន​ផល​ផ្ទះ​កញ្ចក់​នៅ​ក្នុង​ស្រទាប់​ផែនដី»។

ចំណែក​កញ្ញា Shomi Kim អ្នក​តំណាង​ប្រចាំ​ប្រទេស​នៃ​វិទ្យាស្ថាន​កំណើន​បៃតង​សាកល​ ក៏​បាន​ថ្លែង​ក្នុង​កម្មវិធី​ជជែក​ដេញ​ដោលនោះ​ដែរថា ការបញ្ជា​ទិញ​យានយន្ត​អគ្គិសនី​ត្រូវ​ចំណាយ​ថវិកាច្រើន បូករួម​នឹង​ការបង់​ពន្ធ​ផងដែរ។

កញ្ញាថ្លែង​ថា៖ «ដោយសារ​តែ​ការប្រឈម​មុខ​នឹង​ការអភិវឌ្ឍ​រថយន្ត​អេឡិចត្រូនិក​មុនៗ រថយន្ត​អេឡិច​ត្រូនិក​នៅតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថាមាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ម៉ាស៊ីន​បែប​បុរាណ ដូច្នេះ​ការយក​ពន្ធ​ច្រើន​មាន​នៅ​ទីនោះ ដើម្បី​បង្កើន​ការជ្រៀត​ចូល​នៃ​រថយន្ត​អគ្គិសនី»។

កញ្ញា​បន្ថែម​ថា ក្រុម​ហ៊ុន​អាជីវកម្ម​មួយ​ចំនួន​គួរ​តែ​មាន​ការ​ផ្តល់​កម្ចី​សាច់​ប្រាក់​ក្នុង​អត្រា​ប្រាក់​កម្រិត​ទាប​ ដើម្បី​ជា​ការ​ជំរុញឱ្យ​ការ​ផ្លាស់​ប្តូរ​យាន​យន្ត​ទៅ​ជា​យាន​យន្ត​អគិ្គសនី​។

កញ្ញា​ថ្លែង​ថា៖ «សម្រាប់​វិស័យ​ធុរកិច្ច ដូច្នេះ​ខ្ញុំ​មិន​គិត​ថា​យើង​បង្ខំ​ពួក​គេ​ឱ្យ​មាន​យាន​យន្ត​អគិ្គសនី​ ជា​អាជីវកម្ម​របស់​ពួក​គេ​នោះ​ទេ​ ដូច្នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ​គឺ​គំនិត​ផ្តួច​ផ្តើម​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​តែង​តែ​ដើរ​នៅ​ក្នុង​ទីផ្សារ​អាជីវកម្ម។ ខ្ញុំ​ដឹង​ថា​ អ្នក​ផ្គត់​ផ្គង់​យាន​យន្ត​អគិ្គសនី​មួយ​ចំនួន​ធ្វើ​ការ​ជាមួយ Food-Panda និង Nham-24 ដើម្បី​ផ្តល់​នូវ​ប្រភេទ​នៃ​គំរូ​ជាមួយ​នឹង​អត្រា​ការ​ប្រាក់​ទាប​ ដូច្នេះ​ពួក​គេ​អាច​ផ្លាស់​ប្តូរ​យាន​យន្ត​របស់​ពួកគេ​ទៅ​ជា​យានយន្ត​អគ្គិសនី​»។

បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ផែន​ការ​យុទ្ធ​សាស្រ្ត និង​វិធាន​ការ​ចំ​បាច់​នានា​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី ក្នុង​អត្រា​ ៤០% និង​ទោ​ចក្រ​យាន​យន្ត​អគ្គិសនី​ ក្នុង​អត្រា ​៧០% នៅ​ឆ្នាំ​ ២០៥០៕​

XS
SM
MD
LG