ទីផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយភាគហ៊ុនរបស់ធនាគារបានរងគ្រោះខ្លាំងជាពិសេស បន្ទាប់ពីមានការធ្លាក់ចុះនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកនៅចំពេលដែលមានផលប៉ះពាល់បណ្ដាលមកពីការដួលរលំនៃធនាគារពីររបស់សហរដ្ឋអាមេរិក។
សន្ទស្សន៍ភាគហ៊ុន Nikkei 225 របស់ជប៉ុនបានបិទនៅថ្ងៃអង្គារនេះដោយធ្លាក់ចុះ ២,២% ដោយភាគហ៊ុនរបស់ធនាគារ Softbankរបស់អាមេរិកបានធ្លាក់ចុះ៤,១% ភាគ ហ៊ុនរបស់ក្រុមហ៊ុន Mizuho Financial Group បានធ្លាក់ចុះ ៧,១% និងភាគហ៊ុនរបស់ក្រុមហ៊ុនSumitomo Mitsui Financial Groupបានធ្លាក់ចុះ៩,៨%។ ចំណែកឯសន្ទស្សន៍ភាគហ៊ុន Hang Seng របស់ហុងកុងបានបិទនៅថ្ងៃអង្គារនេះដោយធ្លាក់ចុះ ២,៤%។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្វះស្វែងដើម្បីធានាចំពោះពលរដ្ឋអាមេរិកាំងថា ប្រព័ន្ធធនាគារនៅសហរដ្ឋអាមេរិកមានសុវត្ថិភាព និងថាពលរដ្ឋដែលជាអ្នកបង់ពន្ធនឹងមិនបោះបង់ចោលវិនិយោគិននៅធនាគារ Silicon Valley Bank នៅរដ្ឋ California និងធនាគារ Signature Bank នៅរដ្ឋ New York នោះទេ។
លោក Biden បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅឯសេតវិមានថា៖ «ពលរដ្ឋអាមេរិកាំងអាចមានទំនុកចិត្តថាប្រព័ន្ធធនាគារគឺមានសុវត្ថិភាព។ ប្រាក់ដម្កល់របស់អ្នកនៅធនាគារគឺមានសុវត្ថិភាព»។
លោកថា ប្រាក់តម្កល់របស់អតិថិជននឹងត្រូវបានធានាដោយមូលនិធិដែលធនាគារបានបង់ជាប្រចាំចូលគណនីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ស្ថានការណ៍បន្ទាន់ដូចនេះ។
លោក Biden បានសន្យាថា «យើងត្រូវតែទទួលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយអំពីអ្វីដែលបានកើតឡើង»នៅធនាគារទាំងពីរនេះ។
បើទោះបីជាមានការធានាដូចនេះក៏ដោយ ក៏ធនាគារសហរដ្ឋអាមេរិកនៅតែខាតបង់ប្រហែល៩០ ពាន់លានដុល្លារនៅក្នុងតម្លៃទីផ្សារភាគហ៊ុនកាលពីថ្ងៃចន្ទ ដោយសារ តែវិនិយោគិនខ្លាចធនាគារផ្សេងទៀតដួលរលំ។ ការខាតបង់ធំបំផុតគឺកើតឡើងចំពោះធនាគារធុនមធ្យមដូចទៅនឹងធនាគារ Silicon Valley Bank។
លោក Biden មិនបានឆ្លើយតបចំពោះសំណួររបស់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទេអំពីមូលហេតុនៃការដួលរលំធនាគារទាំងពីរនេះទេ ប៉ុន្តែអ្នកជំនាញហិរញ្ញវត្ថុនានាបាននិយាយថា ធនាគារទាំងពីរបានរងគ្រោះដោយសារការកើនឡើងនៃអត្រាការ ប្រាក់ខ្ពស់ ដែលបានប៉ះពាល់បែបអវិជ្ជមានលើតម្លៃទីផ្សារនៃចំណែកច្រើនគួរសមរបស់ទ្រព្យសកម្មរបស់ធនាគារទាំងពីរដូចជាសញ្ញាបណ្ណនិងមូលធនប័ត្រដែលគាំទ្រដោយកម្ចីអចលនទ្រព្យជាដើម៕