ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​គណៈវិនិច្ឆ័យ​កាត់​ក្តី​ឱ្យ​អតីត​ប្រធាន​ក្រុម​​ឃោសនា​បោះ​ឆ្នោត​​លោក​ត្រាំ​ជាប់​ទោស​នៅ​ពេល​​អតីត​មេធាវី​របស់​លោក​សារភាព


លោក Paul Manafort (ឆ្វេង) ​អតីត​ប្រធាន​ក្រុម​​ឃោសនា​បោះ​ឆ្នោត​​លោក​ត្រាំ​ និង​លោក Michael Cohen អតីត​មេធាវី​របស់​លោកត្រាំ។

លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ បាន​សោក​ស្តាយ​ដល់​ការ​ផ្តន្ទា​ទោស​កាល​ពី​ថ្ងៃ​អង្គារ​អំពី​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋសហព័ន្ធ​ទៅ​លើ​លោក​ Paul Manafort ​អតីត​អ្នក​ចាត់​ចែង​ការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ដែល​នៅ​ពេល​នេះ​ប្រឈម​នឹង​ការ​ជាប់​គុក​រាប់​ទសវត្សរ៍។

លោក ​ត្រាំ​ បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ឯ​ចំណត​យន្ត​ហោះ ​Yeager​ ក្នុង​ក្រុង Charleston​ រដ្ឋ​ West Virginia ​ថា​ វា​ជា​អ្វី​មួយ​គួរ​ឱ្យ​សោក​ស្តាយ​ណាស់​ដែល​បាន​កើត​មាន​ឡើង។ លោក​បាន​និយាយ​បន្ថែម​ថា​ លោក​មាន​អារម្មណ៍​មិន​ល្អ​សោះ​ចំពោះ​លោក ​Manafort ​ដែល​គណៈ​វិនិច្ឆ័យ​មួយ​បាន​រក​ឃើញ​ថា​ លោក​មាន​ទោស​ពីបទ​ចោទ​ប្រកាន់​៨ខ អំពី​ការ​លួច​បន្លំ។

នៅ​ក្រោយ​រយៈ​ពេល​ពិភាក្សា​គ្នា​បួន​ថ្ងៃ​មក​ គណៈ​វិនិច្ឆ័យ​នៅ​ក្នុង​ក្រុង​ Alexandria​ រដ្ឋ​ Virginia មិន​អាច​សម្រេច​ជា​ឯកច្ឆ័ន្ទ​អំពី​ការ​ចោទ​ប្រកាន់​១០​ខ​ទៀត​ទេ​ ហើយ​ចៅ​ក្រមា​បាន​ប្រកាស​អំពី​ការ​ជម្រះ​ក្តី​មិន​ត្រូវ​អំពី​ខ​នៃ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

បញ្ហា​ខាង​ផ្លូវ​ច្បាប់​មួយ​ទៀតដែល​អាច​មាន​ភាព​ធ្ងន់ធ្ងរ​សម្រាប់​លោក ត្រាំ​ មាន​ឡើងនៅ​ពេល​ជា​មួយ​គ្នា​នឹង​ការ​ដាក់​ទោស​លោក​ Manafort ​នៅ​ពេល​ដែល​លោក ​Michael Cohen​ ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​យូរ​មក​ហើយ​របស់​លោក​បាន​សារភាព​ថា​ មាន​ទោស​អំពី​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ ហើយ​លោក​បាន​និយាយ​ថា​ ការ​បង់​ប្រាក់​បំបិទ​មាត់​ស្ត្រីពីរនាក់សម្រាប់​គោល​បំណង​ចម្បង​ក្នុង​ការ​ធ្វើ​ឱ្យមាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត ​បាន​ត្រូវ​បញ្ជា​ឱ្យ​ធ្វើ​ឡើង​ដោយ​លោក ត្រាំ​ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ឆ្នាំ​២០១៦៕

XS
SM
MD
LG