ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​ព្រមាន​បញ្ចប់​មុខរបរ​អ្នកកាសែត​ដែល​នៅ​បន្ត​ទារ​ប្រាក់​ពីកាស៊ីណូ Top Diamond ក្នុង​ខេត្តតាកែវ


រូប​ឯកសារ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ផ្តល់បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មានជាតិ​និង​អន្តរជាតិនៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ (ហ្វេសប៊ុក/ក្រសួងព័ត៌មាន/AKP/ហ៊ុន យុទ្ធគុណ)
រូប​ឯកសារ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ផ្តល់បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មានជាតិ​និង​អន្តរជាតិនៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ (ហ្វេសប៊ុក/ក្រសួងព័ត៌មាន/AKP/ហ៊ុន យុទ្ធគុណ)

ក្រសួង​ព័ត៌មាន​ព្រមាន​បញ្ចប់​អាជីព​អ្នក​សារព័ត៌មាន​ និង​ប្រតិបត្តិការ​របស់អង្គភាព​សារ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​បន្ត​ស្នើសុំ​លុយ ​ឬទារ​លុយ​ពី​កាស៊ីណូ​ Top Diamond ដោយថា​ ទង្វើ​នេះ​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌​មាន​ដទៃ​ទៀត​នៅ​កម្ពុជា​។ នេះ​បើតាម​លិខិត​មួយច្បាប់​របស់​ក្រសួង​ដែល​ត្រូវបាន​ចេញផ្សាយ​កាល​ពីថ្ងៃពុធ។

ការព្រមាន​របស់ក្រសួង​ព័ត៌មានធ្វើឡើង​ក្រោយ​កាស៊ីណូ​ឈ្មោះ​ ថប ដាយអឹម៉ិន​ (Top Diamond Casion) ដែល​មាន​ទីតាំង​នៅ​ជិត​ព្រំ​ដែន​កម្ពុជា​វៀតណាម ​ស្ថិត​ក្នុង​ឃុំ​ភ្នំដិន ​ស្រុក​គិរី​វង់ ​ខេត្ត​តាកែវ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុះ ថ្ងៃ​ទី៥ ​ខែ​កញ្ញា​ ដោយ​ចោទ​ថា​ អ្នក​សារ​ព័ត៌មាន​មក​ពី​អង្គ​ភាព​ចំនួន​ ៧០០​ ទៅ​ ៩០០​ អង្គភាព​បាន​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​កាស៊ីណូ​ខ្លួន​ជា​រៀង​រាល់​ខែ។ ​

​លិខិត​របស់ក្រសួង​ព័ត៌មាន​ចុះថ្ងៃ​ទី​៤ ខែ​តុលា បាន​បរិហារ​អ្នកកាសែត​ដែល​បន្ត​ទារ​ប្រាក់​ពី​កាស៊ីណូ Top Diamond ក្នុងន័យ​ដើមថា៖ «​ក្នុងករណី​មិន​ព្រម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ដែល​ទង្វើប្រាសចាក​ពី​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ និង​គោលការណ៍​នៃ​ក្រម​សីលធម៌​ ដែលមាន​ចែង​ក្នុងច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ អ្នក​សារព័ត៌មាន​ទាំង​នោះ​នឹង​ត្រូវ​បញ្ឈប់​លែង​ឱ្យ​ប្រកប​មុខរបរ​ជាអ្នក​សារព័ត៌មាន​បន្ត​ទៅ​ទៀត​»។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ នេត្រ ភ័ក្រ្តា បាន​បន្ថែម​ថា៖ «អ្នកសារព័ត៌មាន​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹងការប្រព្រឹត្ត​អំពើ​នេះ​ ត្រូវ​ចូល​ខ្លួន​មករាយការណ៍​នៅអគ្គ​នាយកដ្ឋាន​ព័ត៌មាន​ និង​សោត​ទស្សន៍​ ក្នុង​រយៈពេល​១ខែ​ យ៉ាង​យូរ​ដោយ​គិត​ចាប់​ពី​ថ្ងៃចុះ​ហត្ថលេខា​នេះ​តទៅ​»។

ក្រៅ​ពី​ព្រមាន​ទៅកាន់​អ្នកសារព័ត៌មាន​ទាំង​នោះ​ ​ក្រសួង​ព័ត៌មានក៏​ជំរុញ​ឱ្យ​ម្ចាស់​អង្គ​ភាព​សារព័ត៌មាន​ ដែល​មាន​អ្នកសារព័ត៌មាន​របស់ខ្លួន​ជាប់​ពាក់ព័ន្ធ​ ត្រូវ​ធានា​ទប់​ស្កាត់​ និង​បញ្ឈប់​ឱ្យខាន​តែបាន​នូវ​ការប្រព្រឹត្ត​ខុសឆ្គង​ទាំងនេះ​ ដោយ​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​បញ្ជូន​មក​ក្រសួង​។

ក្រសួងក៏បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ខាង​លើ​ធ្វើ​របាយ​ការណ៍​បំភ្លឺ​អំពីមូលហេតុ​ ឬករណី​នៃការ​ផ្តល់​លុយ​កាក​ ឬការឧបត្ថម​នីមួយៗ​ រួចបញ្ជូនមក​ក្រសួង​ព័ត៌មាន​ក្នុង​រយៈពេល​២សប្តាហ៍យ៉ាង​យូរ​ចាប់ពី​ថ្ងៃ​ចេញ​លិខិតរបស់​ក្រសួងកាល​ពីថ្ងៃពុធ​កន្លង​ទៅ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថា​ធិប្បា​យ​ពី​លោក​ ងួន ឌីណា​ អភិបាល​ស្រុក​គិរីវង់​បាន​នៅ​ឡើយ​ទេ​។

នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា​ ខេម​បូចា​ លោក ណុប វី ​ថ្លែង​ថា ការ​យក​លុយនានា​របស់​អ្នក​កា​សែត​ ជា​កំហុស​ក្នុង​វិជ្ជាជីវៈ​សារ​ព័ត៌​មាន​។​ លោក​ជំរុញ​ឱ្យក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើនការ​ហ្វឹក​ហ្វឺន​និង​ពង្រឹង​សមត្ថ​ភាព​ដល់​អ្នក​សារព័ត៌មាន ខ​ណៈ​ថា ​ស្ថា​ប័ន​សារ​ព័ត៌​មានទាំងឡាយ​ ត្រូវ​ជួយ​ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​ពី​វិជ្ជាជីៈនិង​ច្បាប់​នានា​ពាក់ព័ន្ធ​ក្រម​សីលធម៌​របស់​អ្នក​សារព័ត៌​មាន​។

លោក​ថ្លែង​ថា៖ «យើ​ងគួរ​តែ​ធ្វើ​ឱ្យ​បាន​ច្រើន​ដើម្បី​ធានា​ថា ​អ្នក​សារព័ត៌មាន​ទាំង​អស់​គាត់​បាន​យល់​អំពី​ច្បាប់​ អំពី​វិធាន​ទាំងអស់​ហ្នឹង​ ហើយ​យល់​ដឹង​អំពី​រឿងក្រម​សីល​ធម៌​អ្នក​សារព័ត៌មាន​ហ្នឹង​»។​

​ចាងហ្វាង​គេហ​ទំព័រ​កម្ពុជា​ថ្ងៃ​នេះ​ លោក​ ទូច​ យុទ្ធា ​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ករណី​ដែល​បាន​កើត​ឡើង​នៅ​កាស៊ី​ណូ​ Top Diamond និង​ថា ​ទង្វើ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នកការ​សែត​អាជីព​មាន​វិជ្ជាជីវៈ​។

លោក​ថ្លែ​ងថា៖ «អ៊ី​ចឹង​ខ្ញុំ​យល់ថា ​បញ្ហា​ដែល​កាស៊ី​ណូចេញ​សេចក្តី​ជូន​ដំណឹង​ ចេញ​អី​ម​ក​ហ្នឹង និ​យា​យ​រួម​ជា​ភាព​អា​ម៉ាស់​រប​ស់​អ្នក​កា​សែត​ ហើយ​បាន​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​ដល់​អ្នក​កា​សែត​អាជីព​ដែល​គេ​ប្រកប​រប​រ​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​»។

កាល​ពី​ថ្ងៃទី​ ១​ ខែ​កញ្ញា ​ឆ្នាំ​ ២០២២​ ​អតីត​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក​ មាស សុភ័ណ្ឌ ​បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​ ២០២២​ អង្គ​ភាព​សារ​ព័ត៌មាន​ជាតិ​និង​បរទេស ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​ ២,១៥៤ ​អង្គ​ភាព ​ដោយ​ក្នុង​នោះ​មាន​ គេហទំព័រ​និង​ TV Online ​ចំនួន​ ៨៦១​ អង្គ​ភាព កាសែត​ចំនួន​ ៤៤៦​ អង្គ​ភាព ស្ថានីយ​វិទ្យុ​ FM​ ចំនួន​ ៨៣​ ស្ថានីយ​នៅ​រាជ​ធានី​ភ្នំពេញ ​និង​តាម​បណ្ដាខេត្ត​ចំនួន​ ១៣៧ ស្ថានីយ ​ក្រៅ​ពី​នោះ​ជា​ សមាគម​សារ​ព័ត៌មាន ​ទស្សនាវដ្ដី ​រោងពុម្ព ​និង​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ជា​ដើម។

ខណៈ​ចំនួន​អង្គ​ភាព​សារ​ព័ត៌មាន​ច្រើន​បែប​នេះ ​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ លោក​ ណុប វី ​ចង់​ឃើញ​ការ​បង្កើត​ជាផ្លូវការ​នូវ​ក្រុម​ប្រឹក្សា​ព័ត៌មាន​ជាតិ​កម្ពុជា​ ​ដើម្បីបើក​ផ្លូវ​ឱ្យ​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​សារព័ត៌មានអាច​តាម​ដាន ​ឃ្លាំ​មើល ​និង​ដាក់​ពិន័យ​លើ​អ្នក​សារ​ព័ត៌មាន​ដែល​ធ្វើ​ខុស​វិជ្ជាជីវៈ​ និងក្រម​សីលធម៌​របស់​អ្នក​កាសែត​អាជីព​៕

XS
SM
MD
LG