នៅពេលដែលការស្លាប់របស់ជនស៊ីវិលកើនឡើងនិងស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងតំបន់ហ្កាហ្សា (Gaza) អ៊ីស្រាអែលបានប្តេជ្ញាថានឹងលុបបំបាត់ក្រុមហាម៉ាស់ (Hamas)។ ក្រុមហាម៉ាស់នេះត្រូវបានអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកថាជាអង្គការភេរវកម្ម។
អតីតរដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Marwan Muasher បានប្រាប់កិច្ចពិភាក្សារៀបចំដោយវិទ្យាស្ថាន Carnegie Mideast តាមអនឡាញកាលពីពេលថ្មីៗនេះថា ការលុបបំបាត់ពួកសកម្មប្រយុទ្ធហាម៉ាស់អាចជាការលំបាក ដោយសារក្រុមហាម៉ាស់ «បានក្លាយទៅជាមនោគមវិជ្ជាមួយ មិនមែនគ្រាន់តែជាចលនាទេ»។
លោក Muasher បានព្រមានថា៖ «ប្រសិនបើក្បាលម៉ាស៊ីនយោធារបស់ក្រុមហាម៉ាស់ត្រូវបានបំផ្លាញ ខ្ញុំខ្លាចតែមានក្រុមហាម៉ាស់ជាច្រើនទៀតនឹងផុសឡើង»។
លោក Muasher បានថ្លែងថា៖ «ដំណោះស្រាយយោធាប្រភេទនេះមិនអាចដោះស្រាយបញ្ហានេះបានទេ។ មានតែដំណើរការនយោបាយទេដែលអាចដោះស្រាយបាន។ មានបញ្ហាចំពោះដំណើរការនយោបាយ។ ខ្ញុំមិនឃើញថាអ្នកណានឹងដឹកនាំដំណើរការនយោបាយនេះទេ»។
ប្រទេសហ្ស៊កដានីបានដឹកនាំការអំពាវនាវរបស់បណ្តាប្រទេសអារ៉ាប់ឱ្យមានបទឈប់បាញ់គ្នាសម្រាប់សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ហើយប្រទេសនេះនិងប្រទេសអេហ្ស៊ីបដែលជាដៃគូសន្តិភាពរបស់អ៊ីស្រាអែលបានប្រឆាំងរាល់ការផ្លាស់ទីណាមួយរបស់ប្រជាជនប៉ាឡេស្ទីនចូលទៅក្នុងប្រទេសរបស់ពួកគេ។
លោក Muasher និយាយថា ប្រសិនបើអ៊ីស្រាអែលមិនចូលរួមក្នុងដំណើរការសន្តិភាពដែលនាំទៅដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន ឬមិនចង់គ្រប់គ្រងប្រជាជនប៉ាឡេស្ទីនភាគច្រើននៅក្នុងប្រទេសនោះទេ វាអាចនឹងនាំឱ្យមានការផ្ទេរប្រជាជនប៉ាឡេស្ទីនយ៉ាងច្រើនទៅកាន់ប្រទេសហ្ស៊កដានីនិងប្រទេសអេហ្ស៊ីប ហើយការណ៍នេះគឺមិនអាចទទួលយកបានទេ។
លោក Muasher បានថ្លែងបន្ថែមថា៖ «ការសន្និដ្ឋានសមហេតុផលដែលហ្ស៊កដានីនិងអេហ្ស៊ីបមានគឺថា ប្រសិនបើអ៊ីស្រាអែលមិនចង់បានជម្រើសពីរដំបូងទេ នោះមានតែជម្រើសទី ៣ ដែលនោះគឺការព្យាយាមកម្ចាត់ជនជាតិប៉ាឡេស្ទីនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នោះគឺជាការព្រួយបារម្ភពិតប្រាកដ»។
អតីតសមាជិកសភាអេហ្ស៊ីបលោក Amr Hamzawy បាននិយាយថា ខណៈពេលដែលអេហ្ស៊ីបកំពុងធ្វើការដើម្បីអនុញ្ញាតឱ្យមានជំនួយសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា អេហ្ស៊ីបក៏មាន «ការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេណារីយ៉ូនៃការផ្លាស់ទីលំនៅណាមួយដែរ»។
លោក Hamzawy បានថ្លែងថា៖ «ជំហររដ្ឋាភិបាលអេហ្ស៊ីបត្រូវបានគាំទ្រទាំងស្រុងដោយមនោសញ្ចេតនារបស់ពលរដ្ឋ។ យើងនឹងមិនអនុញ្ញាតឱ្យអធិបតេយ្យភាពជាតិរបស់យើងឬព្រំដែនត្រូវបានរំលោភបំពានដើម្បីដោះស្រាយបញ្ហាអ៊ីស្រាអែលនៃការមិនទទួលយកដំណោះស្រាយរដ្ឋពីរ ការមិនទទួលយកការបញ្ចប់ការកាន់កាប់ និងការកម្ចាត់បញ្ហាប៉ាឡេស្ទីនឡើយ»។
កាលពីថ្ងៃទី ២៦ ខែតុលា រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអេហ្ស៊ីប ហ្ស៊កដានី គុយវ៉ែត បារ៉ែន ម៉ារ៉ុក អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសអ្វីដែលពួកគេហៅថាជាការវាយប្រហារសំដៅលើជនស៊ីវិលនិងការបំពានច្បាប់អន្តរជាតិនៅក្នុងតំបន់ហ្កាហ្សា។
ពួកគេបាននិយាយថា សិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលមិនអាចផ្តល់ភាពសមស្របដើម្បីបំពានច្បាប់និងមិនអើពើលើសិទ្ធិរបស់ប៉ាឡេស្ទីនបានឡើយ។ ពួកគេក៏បានសម្តែងការព្រួយបារម្ភអំពីការវិវត្តទៅជាជម្លោះក្នុងតំបន់កាន់តែធំផងដែរ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ីស្រាអែល «គ្មានចំណាប់អារម្មណ៍ក្នុងការពង្រីកសង្គ្រាមទេ»៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង