កងទ័ពជើងអាកាសអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារចំទីតាំងរបស់ក្រុមហាម៉ាស់ (Hamas) ជាង ៦០០ កន្លែងនៅក្នុងតំបន់ហ្កាហ្សា (Gaza) ក្នុងរយៈពេល ២៤ ម៉ោង។
អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនក៏បានវាយប្រហារផងដែរលើគោលដៅនានានៅក្នុងប្រទេសស៊ីរី និងប្រទេសលីបង់។ យោធាអ៊ីស្រាអែលបានលើកឡើងនៅថ្ងៃចន្ទនេះថា ការវាយប្រហារទាំងនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលធ្វើឡើងចេញពីប្រទេសទាំងពីរនេះ។
កងកម្លាំងការពារអ៊ីស្រាអែលបានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយនឹងក្រុមភេរវករនៅក្នុងតំបន់ហ្កាហ្សា ទាហាននៃកងកម្លាំងការពារអ៊ីស្រាអែលបានសម្លាប់ភេរវកររាប់សិបនាក់ដែលលាក់ខ្លួននៅក្នុងអគារនិងរូងក្រោមដីនិងដែលបានប៉ុនប៉ងវាយប្រហារលើពួកគេ»។ ក្រុមហាម៉ាស់ក៏បានរាយការណ៍អំពីការប្រយុទ្ធគ្នាខ្លាំងក្លានៅក្នុងផ្នែកពាយ័ព្យនៃតំបន់ហ្កាហ្សាផងដែរ។
អង្គការ Save the Children បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ចំនួនកុមារដែលត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាក្នុងរយៈពេល ៣ សប្ដាហ៍ «បានកើនលើសចំនួនកុមារដែលត្រូវបានសម្លាប់ប្រចាំឆ្នាំនៅក្នុងតំបន់សង្គ្រាមនានានៅទូទាំងពិភពលោកតាំងពីឆ្នាំ ២០១៩ មក»។ កុមារជាង ៣.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះ។
អ៊ីស្រាអែលបានផ្សព្វផ្សាយរូបភាពនៃរថក្រោះរបស់ខ្លួនស្ថិតនៅលើមាត់សមុទ្រភាគខាងលិចនៃតំបន់ហ្កាហ្សាក្នុងរយៈពេល ៤៨ ម៉ោងក្រោយមកបន្ទាប់ពីខ្លួនបានបញ្ជាឱ្យមានការលុកលុយតាមផ្លូវគោកទ្រង់ទ្រាយធំឆ្លងព្រំដែនភាគខាងកើតរបស់ខ្លួន។
ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានប្រើមីស៊ីលវាយប្រហារលើរថក្រោះអ៊ីស្រាអែលនៅផ្នែកខាងជើងក្នុងតំបន់ហ្កាហ្សានិងបានចំអកដាក់សេចក្ដីរាយការណ៍នានាដែលថាទាហានអ៊ីស្រាអែលបានរុលចូលជ្រៅទៅក្នុងតំបន់ហ្កាហ្សា។
ការអះអាងរបស់ភាគីទាំងពីរមិនអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។
កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានចេញការអំពាវនាវម្ដងទៀតឱ្យពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាជម្លៀសខ្លួនចេញទៅកាន់តំបន់ភាគខាងត្បូងជាបណ្ដោះអាសន្ន គឺចេញឱ្យឆ្ងាយពីចំណុចកណ្ដាលនៃសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់។
អ៊ីស្រាអែលក៏បានរាយការណ៍ផងដែរថា កងទ័ពជើងគោករបស់ខ្លួនបានសម្លាប់ជនសកម្មប្រយុទ្ធហាម៉ាស់ជាច្រើននាក់នៅពេលដែលពួកគេបានចេញពីរូងក្រោមដីមួយកន្លែងនៅជិតច្រកឆ្លងកាត់ Erez ដែលជាច្រកឆ្លងកាត់សម្រាប់អ្នកថ្មើរជើងតែមួយគត់ពីតំបន់ហ្កាហ្សាចូលទៅអ៊ីស្រាអែលមុនពេលដែលច្រកនេះត្រូវបានបំផ្លាញនៅក្នុងការប្រយុទ្ធគ្នាថ្មីៗនេះ។
ក្រុមហាម៉ាស់បានពង្រីកបណ្ដាញរូងក្រោមដីនៅក្រោមតំបន់ហ្កាហ្សាដែលគេជឿថារូងទាំងនោះគឺសម្រាប់ស្តុកសព្វាវុធ ស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀត៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។