លោក Abdel Fattah el-Sissi ប្រធានាធិបតីអេហ្ស៊ីបបានព្រមានកាលពីថ្ងៃសៅរ៍ថា ជម្លោះនៅតំបន់ហ្កាហ្សាអាចរីករាលដាលកាន់តែធំ ដោយលោកហៅតំបន់នេះទាំងមូលថា «គ្រាប់បែកកំណត់ម៉ោងដែលជិតផ្ទុះ»។
អេហ្ស៊ីបក៏បានរាយការណ៍ផងដែរ អំពីការបាញ់ទម្លាក់ដ្រូនជាច្រើនគ្រឿងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយអះអាងថា ដ្រូនទាំងនោះត្រូវបានបញ្ជាដោយក្រុមជនសកម្មប្រយុទ្ធ Houthi គាំទ្រអ៊ីរ៉ង់ចេញពីប្រទេសយេម៉ែន។
ក្រុម Hezbollah នៅប្រទេសលីបង់ដែលជាក្រុមជីវពលគ្រប់គ្រងដោយអ៊ីរ៉ង ក៏បានបាញ់គ្រាប់រ៉ុក្កែតនិងកាំភ្លើងធំទៅលើភាគខាងជើងនៃប្រទេសអ៊ីស្រាអែលផងដែរចាប់តាំងពីជម្លោះនៅទីនោះបានកើតឡើង ខណៈមានការបារម្ភថា សង្គ្រាមអាចកើតឡើងរវាងអ៊ីស្រាអែលនិងលីបង់។
ក្រុមជនសកម្មប្រយុទ្ធ Hezbollah នៅប្រទេសលីបង់បានបាញ់មីស៊ីលពីដីទៅលើអាកាសសំដៅលើយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល នៅតាមបណ្ដោយព្រំដែនរវាងប្រទេសអ៊ីស្រាអែលនិងលីបង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈមានការបាញ់មីស៊ីលនិងគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមក ដោយបណ្ដាលឲ្យពលរដ្ឋលីបង់ជាច្រើនបារម្ភថា សង្គ្រាមនេះអាចកើតមានឡើងរវាងអ៊ីស្រាអែលនិងលីបង់។
កាលពីថ្ងៃសុក្រសប្តាហ៍មុន មានការវាយប្រហារដោយប្រើដ្រូននិងដោយគ្រាប់រ៉ុក្កែតនៅព្រំដែនភាគខាងជើងនៃប្រទេសអេហ្ស៊ីប ដោយបណ្ដាលឲ្យមនុស្សជាច្រើនរងរបួស។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi បានព្រមានកាលពីថ្ងៃសៅរ៍ថា ជម្លោះនៅតំបន់ហ្កាហ្សាដែលមកទល់ពេលនេះមានរយៈពេល ៣សប្ដាហ៍មកហើយនោះ អាចនឹងរីករាលដាលទៅផ្នែកផ្សេងទៀតនៃតំបន់មជ្ឈិមបូព៌ានេះ រួមទាំងអេហ្ស៊ីបផងដែរ។
លោកប្រធានាធិបតី Sissi បានថ្លែងជាភាសាអារ៉ាប់ថា៖ «មានដ្រូនជាច្រើនបានចូលទៅក្នុងទឹកដីអេហ្ស៊ីបកាលពីថ្ងៃសុក្រ ដែលបង្ហោះចេញពីប្រទេសយេម៉ែន ប៉ុន្តែដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់»។
លោកក៏បានព្រមានដែរថា ការរីករាលដាលនៃជម្លោះនេះ គ្មានផ្ដល់ផលប្រយោជន៍អ្វីសម្រាប់តំបន់នេះទេ។ លោកបញ្ជាក់ថា វាហាក់ដូចជាគ្រាប់បែកកំណត់ម៉ោងដែលអាចបំផ្លាញយើងទាំងអស់គ្នា។ លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសអេហ្ស៊ីប ជារដ្ឋអធិបតេយ្យ ហើយបានស្នើឱ្យគ្រប់ភាគីទាំងអស់គោរពអធិបតេយ្យភាពរបស់អេហ្ស៊ីបនិងទីតាំងដែលរបស់ខ្លួនដូចបានកំណត់នៅលើផែនទី»។
ក្រុមជីវពល Houthi នៅប្រទេសយេម៉ែនដែលគ្រប់គ្រងផ្នែកភាគច្រើនទៅលើតំបន់ខាងជើងនៃប្រទេសយេម៉ែន និងតំបន់ឆ្នេរនៃសមុទ្រក្រហម ជាសម្ព័ន្ធមិត្តទាំងអ៊ីរ៉ង់និងក្រុម Hezbollah នៅក្នុងប្រទេសលីបង់។
កាលពីពេលមុន ពួកគេធ្លាប់បានប្រើដ្រូនដែលផ្ដល់ដោយអ៊ីរ៉ង់ដើម្បីវាយប្រហារទៅលើទីក្រុងនានានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនៅជាប្រទេសជិតខាង។ ការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាការវាយប្រហារតាមដ្រូនលើកទី ១ ទៅលើប្រទេសអេហ្ស៊ីប។
ស្របពេលដែលអ៊ីស្រាអែលបង្កើនការវាយលុកទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់គាំទ្រដោយអ៊ីរ៉ង់ដែលគ្រប់គ្រងតំបន់ហ្កាហ្សា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បានព្រមានកាលពីថ្ងៃសៅរ៍ថា៖ «ក្រុមនានាដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ត្រៀមខ្លួនចេញប្រតិបត្តិការ ប្រសិនបើសង្គ្រាមនៅតំបន់ហ្កាហ្សាបន្តទៅមុខ»។ លោកបានបន្ថែមទៀតថា សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់មានគ្រាប់រ៉ុក្កែត កាំជ្រួចមីស៊ីលនិងដ្រូនគ្រប់គ្រាន់ដែលអាចយកមកប្រើបាននៅពេលចាំបាច់»។
លោក Amirabdollahian បានគំរាមអ៊ីស្រាអែលដោយថ្លែងថា ការបន្តសម្លាប់ស្ត្រីនិង កុមារ ក៏ដូចជាជនស៊ីវិលនៅតំបន់ហ្កាហ្សា និងនៅតំបន់ West Bank នឹងបើកទ្វារទៅកាន់អ្វីដែលលោកហៅថា «ជម្រើសផ្សេងៗហើយអ្វីៗអាចកើតមានឡើង»។ លោកបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ «បានហ្វឹកហាត់និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីរុលទៅមុខ ប្រសិនបើចាំបាច់»។
លោក Amirabdollahian ក៏បានអំពាវនាវឲ្យមាន «បទឈប់បាញ់គ្នាជាបន្ទាន់» នៅតំបន់ហ្កាហ្សា។ លោកក៏បានកត់សម្គាល់ដែរថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងធ្វើដំណើរទៅកាន់តំបន់នេះក្នុងពេលដ៏ខ្លីខាងមុខនេះ «ដើម្បីព្យាយាមស្វែងរកដំណោះស្រាយផ្នែនយោបាយ»។
លោក Khattar Abou Diab សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យប៉ារីស បានថ្លែងប្រាប់វីអូអេថា ប្រទេសអេហ្ស៊ីបនិងប្រទេសឯទៀតនៅក្នុងតំបន់កំពុងមានក្ដីបារម្ភកាន់តែខ្លាំងទៅលើសន្តិសុខនៅក្នុងប្រទេសរបស់ពួកគេ ដោយហេតុថា មានការគំរាមកំហែងទាំងក្នុងប្រទេសនិងមកពីខាងក្រៅ ដូចករណីវាយប្រហារទៅលើភាគខាងជើងនៃឧបទ្វីប Sinai កាលពីថ្ងៃសុក្រសប្តាហ៍មុនជាដើម។
លោក Abou Diab បាននិយាយជាភាសាបារាំងថា៖ «ការវាយប្រហារទៅលើប្រទេសអេហ្ស៊ីប ធ្វើឡើងចេញពីប្រទេសយេម៉ែន ឬចេញពីតំបន់ផ្សេងទៀតដែលមានព្រំដែនជាប់ប្រទេសអេហ្ស៊ីប។ ការវាយប្រហារនោះគឺជាការគំរាមកំហែងសម្រាប់សន្តិសុខជាតិអេហ្ស៊ីប។ ដូច្នេះហើយអេហ្ស៊ីបក៏ដូចជារដ្ឋនានានៅក្នុងតំបន់ មានការបារម្ភថាជម្លោះនេះអាចហៀរទៅដល់ដែនដីរបស់ពួកគេ និងបង្កការគំរាមកំហែងដល់សន្តិសុខនៅតាមព្រំដែននិង នៅក្នុងប្រទេសរបស់ពួកគេ»។
លោក Abou Diab បានចង្អុលបង្ហាញថា អេហ្ស៊ីបធ្លាប់បានគ្រប់គ្រងតំបន់ Gaza Strip ពីឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៦៧ ហើយប្រទេសនេះក៏ត្រូវប្រឈមមុខផងដែរជាមួយក្រុម ជ្រុលនិយមអ៊ិស្លាមចេញពីតំបន់ហ្កាហ្សា និងនៅភាគខាងជើងនៃឧបទ្វីប Sinai អស់រយៈពេលជាយូរមកហើយ។
លោកថ្លែងថា៖ «អេហ្ស៊ីបត្រៀមខ្លួនបញ្ឈប់ការបញ្ជូនជនប៉ាឡេស្ទីនទៅកាន់ឧបទ្វីប Sinai ដើម្បីការពារសន្តិសុខនៅក្នុងប្រទេសរបស់គេ»។
ទូរទស្សន៍ al Arabiya ដែលគ្រប់គ្រងដោយប្រទេសអារ៉ាប៊ីសាអូឌីត បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ក្បួនរថយន្តធំៗដឹកជំនួយលើកទី ៣ បានត្រៀមខ្លួនចូលទៅកាន់តំបន់ហ្កាហ្សា ដើម្បីជួយដល់ជនស៊ីវិលនៅទីនោះ។ យ៉ាងណាក៏ដោយ មិនមានព័ត៌មានច្បាស់ការណ៍ថា តើសម្ភារៈផ្គត់ផ្គង់អ្វីខ្លះដែលក្បួនរថយន្តធំៗទាំងនោះកំពុងដឹកជញ្ជូនទៅទីនោះទេ។
ប្រធានាធិតបីអេហ្ស៊ីបលោក Sissi ក៏បានថ្លែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនផងដែរថា អេហ្ស៊ីប«កំពុងធ្វើការសម្របសម្រួលដល់ការធ្វើដំណើររបស់ក្បួនរថយន្តដឹកជំនួយទាំងនោះដើម្បីចូលទៅក្នុងតំបន់ហ្កាហ្សា»៕
ប្រែសម្រួលដោយលោក នៀម ឆេង