ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ដេច​ប៉ាប​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ និង​ឱ្យ​ដោះលែង​ចំណាប់​ខ្មាំង


សម្ដេចប៉ាប Francis ដឹកនាំ​ការ​អធិស្ឋាន​ Angelus នៅបុរី​វ៉ាទីកង់
សម្ដេចប៉ាប Francis ដឹកនាំ​ការ​អធិស្ឋាន​ Angelus នៅបុរី​វ៉ាទីកង់

សម្ដេចប៉ាប Francis បាន​អំពាវនាវ​កាលពី​ថ្ងៃ​អាទិត្យ​ទី២៩ ខែតុលា ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ ព្រមទាំង​បាន​អំពាវនាវ​ជាថ្មី​ម្ដង​ទៀត​ឱ្យ​មាន​ការដោះលែង​ចំណាប់​ខ្មាំង ដែល​ក្រុម​ជនសកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​បាន​ចាប់​នៅ​តំបន់​ហ្កាហ្សា។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

សម្ដេច​ប៉ាប​បាន​មាន​បន្ទូល​នៅ​ក្នុង​ពិធី​បួងសួង​ប្រចាំ​សប្ដាហ៍​ នៅ​ទីលាន St. Peter's Square ថា «យើង​មិន​ត្រូវ​បោះ​បង់​ចោល​នូវ​លទ្ធភាព​ក្នុង​ការឈប់​ប្រើប្រាស់​អាវុធ​នោះ​ទេ»។

ព្រះអង្គ​មាន​បន្ទូល​បន្ត​ថា «សូម​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា» ដោយ​ព្រះអង្គ​បាន​លើក​ឡើង​នូវ​ការអំពាវនាវ​របស់​លោក​មហា​បូជាចារ្យ ឬ​លោក​ឪពុកIbrahim Faltas ដែល​ធ្វើ​ឡើង​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​មហា​បូជាចារ្យ ឬ​លោក​ឪពុកIbrahim Faltas គឺជា​អ្នកតំណាង​មួយ​រូប​របស់​បុរី​វ៉ាទីកង់ ប្រចាំ​នៅ​តំបន់​ Holy Land។

បន្ទាប់​មក​សម្ដេច​ប៉ាប Francis ក៏​បាន​មាន​បន្ទូល​ដោយ​ផ្ទាល់​បន្ថែម​ថា៖ «យើង​ត្រូវ​តែ​និយាយ​ថា ឈប់​បាញ់​គ្នា ឈប់​បាញ់​គ្នា។ បងប្អូន​ប្រុស​ស្រី​ទាំងឡាយ​អ៊ើយ! សូម​ឈប់​ទៅ! សង្គ្រាម​ជានិច្ចកាល​តែងតែ​នាំ​មក​នូវ​ភាពបរាជ័យ»។

ដោយ​សំដៅ​ទៅ​លើ​«ស្ថានភាព​ដ៏​អាក្រក់ ទាំង​នៅ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល» សម្ដេច​ប៉ាប​បាន​មាន​បន្ទូល​ថា «នៅ​តំបន់​ហ្កាហ្សា​ជា​ពិសេស សូម​ផ្ដល់​ឱកាស​ដើម្បី​ធានា​ដល់​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ និង​សូម​ដោះលែង​ចំណាប់​ខ្មាំង​ជា​បន្ទាន់»។ សម្ដេច​ប៉ាប​មាន​បន្ទូល​បែប​នេះ សំដៅ​ទៅ​លើ​ចំណាប់​ខ្មាំង​អ៊ីស្រាអែល ដែល​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់ កាលពី​ថ្ងៃ​ទី៧ ខែតុលា កន្លង​ទៅ​នេះ។

មនុស្ស​ដែល​កំពុង​ស្រេកឃ្លាន​រាប់​ពាន់​នាក់​នៅ​តំបន់​ហ្កាហ្សា បាន​សម្រុក​ចូល​ទៅ​ក្នុង​ឃ្លាំង និង​មជ្ឈមណ្ឌល​ចែក​ជំនួយ​នានា​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន (UNRWA) ដោយ​បាន​ស្រវ៉ា​យក​ម្សៅ​សម្រាប់​ធ្វើ​នំ និង​«របស់​របរ​ចាំបាច់‍»​មួយ​ចំនួន។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​នេះ កាល​ពី​ថ្ងៃ​អាទិត្យ​ទី២៩ ខែតុលា។

ការអំពាវនាវ​របស់​សម្ដេចប៉ាប បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កងកម្លាំង​អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ​វាយលុក​ដោយ​ទ័ព​ថ្មើរជើង​ទៅ​លើ​ក្រុម​ហាម៉ាស់ នៅ​ក្នុង​តំបន់​ហ្កាហ្សា ដែល​ប្រតិបត្តិការ​នេះ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ហៅ​ថា​ជា​ដំណាក់​កាល​ទី២ នៃ​សង្គ្រាម​ដែល​មាន​រយៈ​ពេល ៣ សប្ដាហ៍​ មក​ហើយ​នេះ ដើម្បី​កម្ទេច​ក្រុម​ហាម៉ាស់៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG