ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អូស្ត្រាលី


ក្រុម​បាតុករ​លើក​បដា​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ក្នុង​ពេល​លោក​ចូល​រួម​កិច្ច​ប្រជុំ​សមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេស​ជាមួយ​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី នៅ​ថ្ងៃទី១៦ មីនា ២០១៨។
ក្រុម​បាតុករ​លើក​បដា​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ក្នុង​ពេល​លោក​ចូល​រួម​កិច្ច​ប្រជុំ​សមាគម​អាស៊ាន​ដែល​មាន​១០​ប្រទេស​ជាមួយ​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី នៅ​ថ្ងៃទី១៦ មីនា ២០១៨។

ខណៈ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អូស្ត្រាលី កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ក្រុម​អ្នក​តវ៉ា​និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តោត​ចំណាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បញ្ហា​នយោបាយ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​សិទ្ធិមនុស្ស​និង​ប្រជាពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ឯកិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​នៅ​ចុង​សប្តាហ៍​នេះ បាន​ទទូច​ឱ្យ​មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហុង លីម អ្នក​តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ និង​ជា​អ្នក​ដឹកនាំ​បាតុកម្ម​ម្នាក់ ប្រឆាំង​នឹង​វត្ត​មាន​របស់​លោក​ ហ៊ុន សែន​ ក្នុង​ទឹកដី​អូស្ត្រាលី បាន​ថ្លែង​ប្រាប់ ​VOA កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​សុក្រ ឈាន​ចូល​ថ្ងៃ​សៅរ៍​ទី​១៧​ខែ​មីនានេះ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០០​នាក់ ទាំង​នៅ​ក្នុង​ទីក្រុង​ស៊ីដនី និង​មក​ពី​រដ្ឋ​នានា​ទូទាំង​ប្រទេស​អូស្ត្រាលី នឹង​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន។

«‍ពួក​អ្នក​ទាំង​អស់​ហ្នឹង មាន​ប្រហែល​៥​ឡាន​ទៀត​ដោយ​មិន​គិត​ពី​ឡាន​តូចៗ​ទេ ហើយ​អ្នក​ខ្លះ គេ​ជិះ​កប៉ាល់ហោះ​មក​ដល់​ហើយ​ហ្នឹង។ អ្នក​ទាំង​អស់​ហ្នឹង នឹង​មក​ជួបជុំ​គ្នា​ស្អែក គឺ​ស្អែក​ធ្វើ​ធំ​ជាង​ថ្ងៃ​នេះ​ទៀត។ ថ្ងៃ​នេះ យើង​ធ្វើ​បាន​គគ្រឹកគគ្រែង​ខ្លាំង​ណាស់ ដោយ​មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ មក​ជួបជុំ​គ្នា ហើយ​ពិសេស​គឺ​ព្រះអង្គ​មក​ជួយ​ធ្វើ​ពិធី​ព័ទ្ធ​សីមា ការពារ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង។ ហើយ​ជាមួយ​គ្នា​ហ្នឹង ក៏​ធ្វើ​ដាក់​បណ្តាសារ​ទៅ​លើ​លោក ហ៊ុន សែន ឲ្យ​រលត់រលាយ ឱ្យ​មហារលត់​ មហា​រលាយ​ហ្នឹង»។

​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អូស្ត្រាលី​នេះ នឹងប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ស៊ីដនី​នៃ​ប្រទេស​អូស្រ្តាលី រយៈ​ពេល​៣​ថ្ងៃ​ ដោយ​បាន​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​មីនា។ កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ហើយ​ដែលអូស្ត្រាលី ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ពិភាក្សា​ជាសំខាន់ពី​បញ្ហា​ពាណិជ្ជកម្ម​និង​សន្តិសុខ​ក្នុង​តំបន់។

ប៉ុន្តែ ដោយ​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ជា​ពិសេស​គឺ​បញ្ហា​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា ក្នុង​ប្រទេស​ភូមា និង​ការ​ធ្វើ​ទុក្ខបុកម្មេញ​គណបក្ស​ប្រឆាំង​ និង​ការ​យាយី​សេរីភាព​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ដាដើម​នោះ ក្រុម​អ្នក​រិះគន់​ រំពឹង​ថា ប្រទេស​អូស្ត្រាលី​និងមេដឹកនាំ​អាស៊ាន​ខ្លះ​ដែល​ចូលរួម​កិច្ច​ប្រជុំកំពូល​នេះ នឹង​លើកឡើង​ពី​បញ្ហា​ទាំង​នេះ។

លោក Olof Blomqvist អ្នក​នាំពាក្យ ​អង្គការ​សិទ្ធិមនុស្ស Amnesty International ​បាន​ថ្លែង​ប្រាប់​VOA​ភាសា​ភូមា​ថា ស្ថានភាព​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​លក្ខណៈ​គួរ​ឲ្យ​បារម្ភ​យ៉ាង​ខ្លាំង។

«‍ដូច្នេះ យើង​ចង់​ឃើញ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅលើ​ស្ថានភាព​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មែន​ទែន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថានភាពនេះ​ ត្រូវ​តែ​បញ្ចប់​ឲ្យ​បាន​កាន់តែ​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន‍»។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់ខូម ថើនប៊ុល (Malcolm Turnbull) បាន​រង​ការ​រិះគន់​ពី​សំណាក់អ្នក​រិះគន់​និង​ក្រុម​អ្នក​តវ៉ា​ ​ដោយ​សារ​ការ​ស្វាគមន៍​មេដឹកនាំ​ភូមាគឺ​លោកស្រី អង់សាន ស៊ូជី​ និង​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហុង លីម ថ្លែង​ថា ៖

«‍ឥឡូវ​ហ្នឹងគេ​កំពុង​តែ​ឆ្ងល់​ហើយ​ដូច​ថា​លោក​នាយករដ្ឋមន្ត្រី [អូស្ត្រាលី] ដែល​ទៅ​ចាប់ដៃ​លោក ហ៊ុន សែន ដែល​ជា​ដៃ​ប្រឡាក់​ឈាម មិន​ដឹង​ថាតើ​ត្រូវ​លាង​ប៉ុន្មាន​ដង​ទេ។ ទាំង​អស់​គ្នា ទាំង​អ្នក​កាសែត​គេ​ចាប់ផ្តើម​សួរ​ហើយ​បាទ​ថាតើ ហេតុអី នាយករដ្ឋមន្ត្រី​ហ្នឹង ត្រូវ​តែ​ខាំ​មាត់​សង្កត់​ចិត្ត​ទទួល​លោក ហ៊ុន សែន​ហ្នឹង?»។

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ដែល​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​សុក្រ បាន​ថ្លែង​តាម​បណ្តាញ​ហ្វេសប៊ុករបស់​លោក​ថា រូប​លោក ត្រូវ​បាន​ស្វាគមន៍​«យ៉ាង​គគ្រឹកគគ្រែង» ដោយ​ពលរដ្ឋ​ខ្មែរ​ជាង​៨០០​នាក់​មក​ពី​ប្រទេស​អូស្ត្រាលី​និង​នូវ៉ែលសេឡង់ ហើយ​ក៏ត្រូវ​បាន​ស្វាគមន៍«យ៉ាង​កក់ក្តៅបំផុត‍»ដោយ​លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ផងដែរ៕

XS
SM
MD
LG