សពរបស់លោក John Lewis ដែលជាសមាជិកសភា និងជានិមិត្តិរូបសិទ្ធិស៊ីវិលរបស់សហរដ្ឋអាមេរិក នឹងត្រូវបញ្ចុះនៅថ្ងៃព្រហស្បតិ៍នេះ នៅក្រោយពិធីបុណ្យសពរបស់លោកនៅទីក្រុង Atlanta រដ្ឋ Georgia។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកមួយចំនួនគឺលោក Barack Obama លោក Bill Clinton និងលោក George W. Bush ត្រូវគេរំពឹងថា ស្ថិតក្នុងចំណោមអ្នកកាន់ទុក្ខដែលនឹងចូលរួមនៅក្នុងពិធីបុណ្យសពរបស់លោក Lewis នៅព្រះវិហារគ្រិស្តសាសនា Ebenezer Baptist Church។ លោក Obama ត្រូវគេរំពឹងថា នឹងថ្លែងនៅក្នុងពិធីបុណ្យសពនោះ។
បន្ទាប់មក សពរបស់លោក Lewis នឹងត្រូវបញ្ចុះនៅទីបញ្ចុះសព South View Cemetery នៅក្នុងទីក្រុង Atlanta។
លោក Lewis បានស្លាប់កាលពីសប្ដាហ៍មុនដោយសារជំងឺមហារីកលំពែងនៅអាយុ ៨០ ឆ្នាំ។
លោក Lewis បានធ្វើជាសមាជិករដ្ឋសភាអស់រយៈពេល ៣៣ ឆ្នាំ តំណាងឲ្យសង្កាត់ទី ៥ នៃរដ្ឋ Georgia ដែលក្នុងនោះរួមមានទាំងទីក្រុង Atlanta ផងដែរ។
ពិធីបុណ្យសពរបស់លោក Lewisនៅថ្ងៃព្រហស្បតិ៍នេះ គឺជាពិធីចុងក្រោយនៃការរៀបចំពិធីបុណ្យសពរបស់លោករយៈពេលមួយសប្ដាហ៍។ សពរបស់លោកត្រូវបានគេដង្ហែរកាលពីថ្ងៃអាទិត្យឆ្លងកាត់ស្ពានមួយនៅក្នុងទីក្រុង Selma រដ្ឋ Alabama ដែលនៅទីនោះ កាលពីនៅជាយុវជនក្នុងឆ្នាំ ១៩៦៥ លោកស្ថិតក្នុងចំណោមអ្នកដើរក្បួនទាមទារសិទ្ធិស៊ីវិលនានា ដែលរងការវាយដំដោយប៉ូលិស។
សពរបស់លោកត្រូវបានគេតម្កល់អស់រយៈពេល ២ ថ្ងៃ នៅវិមានសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន មុនពេលដង្ហែរទៅកាន់រដ្ឋ Georgia៕