ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក John Kerry ​អំពាវនាវ​ឲ្យ​ប្រទេស​តួកគី​គោរព​នីតិ​រដ្ឋ


លោក Sergei Lavrov (ឆ្វេង) រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី និង​លោក​ John Kerry រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ បាន​ឈរ​ស្ងៀម​ស្ងាត់​មួយ​រយៈ​ខ្លី​ដើម្បី​គោរព​ដល់​ជន​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​នៅ Nice ប្រទេស​បារាំង។
លោក Sergei Lavrov (ឆ្វេង) រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី និង​លោក​ John Kerry រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ បាន​ឈរ​ស្ងៀម​ស្ងាត់​មួយ​រយៈ​ខ្លី​ដើម្បី​គោរព​ដល់​ជន​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​នៅ Nice ប្រទេស​បារាំង។

ដោយ​ពួក​អាជ្ញាធរ​តួកគី​បាន​ចាប់​ខ្លួន​និង​ឃុំខ្លួន​មនុស្ស​រាប់​ពាន់​នាក់​បន្ទាប់​ពី​រដ្ឋ​ប្រហារ​មិន​បាន​ទទួល​ជោគ​ជ័យ​នៅ​ចុង​សប្តាហ៍​កន្លង​មក​នេះ ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប ​កំពុង​ជំរុញ​ឲ្យ​ប្រធានា​ធិបតី Recep Tayyip Erdogan នៃ​ប្រទេស​តួកគី​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ។

សារ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​និង​រដ្ឋាភិបាល​ក្រុង​ប៊្រុចសែល​ មាន​ភាព​ច្បាស់​លាស់​ដែល​បាន​គាំទ្រ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​តួកគី​បន្ទាប់ពី​រដ្ឋ​ប្រហារ​មិនបាន​ទទួល​ជោគ​ជ័យ។ រដ្ឋាភិបាល​ទាំង​២ ក៏​បាន​ប្រយ័ត្ន​ប្រយែង​លើ​វិធានការ​បន្ទាប់​ទៀត​របស់​តួកគី​ដែរ។

លោក​ John Kerry ​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​មាន​ជំនួប​ជាមួយ​សមភាគី​អឺរ៉ុប​របស់​លោក​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​បែលហ្ស៊ិក។

«យើង​នឹង​គាំទ្រ​ការ​នាំ​ជន​ដៃ​ដល់​ធ្វើ​រដ្ឋ​ប្រហារ​ឡើង​តុលាការ ​ក៏ប៉ុន្តែ ​យើង​ក៏នឹង​ព្រមាន​ប្រឆាំង​ការចាប់​ខ្លួន​ហួស​ពី​ជន​ដៃ​ដល់​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ដែរ។ ហើយ​យើង ផ្តោត​លើសារៈ​សំខាន់​នៃ​ការពង្រឹងការ​គ្រប់​គ្រង​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ»។ លោកស្រី​ Federica Mogherini ​ប្រធាន​គោល​នយោបាយ​ការបរទេសរបស់​សហភាព​អឺរ៉ុប ​ក៏​បាន​ព្រមានប្រឆាំង​នឹង​សេចក្តី​រាយការណ៍​ដែល​ថា ​រដ្ឋាភិបាល​តួកគី​កំពុង​ពិចារ​ណាដាក់​ឲ្យ​ប្រើ​ប្រាស់​ឡើងវិញ​នូវ​ទោស​ប្រហារ​ជីវិត។ លោកស្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា តួកគី​មិនមែន​ត្រឹម​តែ​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​សិទ្ធិ​មនុស្ស​របស់​អឺរ៉ុប​ដែល​ហាម​ឃាត់ទោស​ប្រហារ​ជីវិត​ប៉ុណ្ណោះទេ ​ក៏ប៉ុន្តែ ​វិធានការ​បែប​នេះ​អាច​បញ្ចប់​សេចក្តី​សង្ឃឹម​ដើម្បី​ក្លាយ​ជាសមា​ជិករបស់​សហភាព​អឺរ៉ុប​របស់​ខ្លួន​ទៀត​ផង។

«គ្មាន​ប្រទេស​ណា​មួយ​អាច​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុបបាន​ទេ ​បើ​ខ្លួនដាក់​ឲ្យប្រើ​ទោស​ប្រហារ​ជី​វិត​នោះ។ ការណ៍​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​គោល​បំណង​របស់​យើង»។

ការ​ចរចារ​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​ រវាង​លោក ​John Kerry ​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ និង​ពួក​មន្រ្តី​សហភាព​អឺរ៉ុប ​ក៏បាន​ផ្តោត​លើ​ការ​ព្រួយ​កង្វល់​ខាង​ផ្នែក​សន្តិសុខ​និងការ​ការ​ពារ​ប្រទេសបន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង Niceនៃ​ប្រទេស​បារាំង​ផង​ដែរ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ធ្វើ​ជាម្ចាស់ផ្ទះ​រៀប​ចំ​ជំនួប​សំខាន់​មួយ​នៅ​សប្តាហ៍​នេះ​ស្តី​ពី​ផែន​ការ​របស់​ក្រុម​ចម្រុះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារនៅ​ក្នុង​ទីក្រុង Nice៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG