ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​តួកគី​បន្ត​បោស​សម្អាត​គ្រូបង្រៀន​និង​បុគ្គលិក​ដែលត្រូវ​ចោទ​ប្រកាន់​ថា​​ជាប់​ទាក់​ទិន​នឹង​រដ្ឋប្រហារ​​


ប៉ូលិស​បាន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ព្យាយាម​រារាំង​ហ្វូង​មនុស្ស​ដែល​​វាយ​ប្រហារ​ចៅក្រម​ម្នាក់ដែល​ពួក​គេ​ជឿ​ថា​ជា​អ្នក​រៀប​ចំ​គម្រោង​ធ្វើ​រដ្ឋ​ប្រហារ​ក្នុង​ទីក្រុង​ Erzurum ប្រទេស​តួកគី។

កាលពី​ថ្ងៃ​អង្គារ ​អាជ្ញាធរ​នៃ​ប្រទេស​តួកគី​បាន​បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន​លើ​ពួក​គ្រូ​បង្រៀន​ និង​ពួក​អ្នក​រដ្ឋការ​ដែល​ជាប់​សង្ស័យ​ថា ​មានទាក់​ទិន​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​បរាជ័យ​កាល​ពី​សប្តាហ៍​មុន ដោយ​បាន​បណ្តេញ​មនុស្ស​ជាង ​២៤០០០ ​នាក់​ចេញ​ពី​ការ​ងារ​ នៅ​ពេល​ដែល​បញ្ជូន​សំណុំ​ឯកសារ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​បាន​ចោទ​ប្រកាន់​បព្វជិត​ឥស្លាម​ម្នាក់​ដែល​រស់​និរទេស​ខ្លួន​ក្នុង​ស.រ.អា.​ថា ​ឋិត​នៅ​ពី​ក្រោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នោះ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​នៃ​ប្រទេស​តួកគី​បាន​រាយ​ការណ៍​ថា​ ក្រសួង​អប់រំ​បាន​បណ្តេញ​ចេញ​ពី​តំណែង​នូវ​គ្រូ​បង្រៀន​ ១៥២០០ ​នាក់​នៅ​ទូទាំង​ប្រទេស​ ចំណែក​ឯ​ក្រសួង​មហាផ្ទៃ​វិញ​បាន​ដក​អ្នក​ធ្វើ​ការ​ជិត ​៩០០០​ នាក់​ចេញ​ពី​តំណែង។ អ្នក​រដ្ឋការ​២៥៧​ នាក់​នៅ​ក្នុង​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ និង​ ៤៩២​ នាក់​ទៀត​នៅ​ក្នុង​នាយកដ្ឋាន​កិច្ចការ​សាសនា​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​ដែរ។ ​ក្រុម​ប្រឹក្សា​ឧត្តម​សិក្សា​របស់ប្រទេស​តួកគី​ ក៏​ទាម​ទារ​ឱ្យ​មាន​ការ​លាលែង​ចេញ​ពី​តំណែង​នូវ​ព្រឹទ្ធ​បុរស​សាកល​វិទ្យាល័យ ​១៥៧៧ នាក់។​

ការ​បណ្តេញ​ចេញ​ពី​តំណែង​នៃ​អ្នក​រដ្ឋការ​ទាំង​នេះ​គឺ​បន្ថែម​លើ​មនុស្ស​ប្រមាណ​៩០០០​នាក់​ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ បាន​ឃុំឃាំង​ដោយសង្ស័យ​ថា​មាន​ការ​ទាក់ទិ​នជាមួយ​ការ​ប៉ុន​ប៉ង​ទម្លាក់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ Recep Tayyip Erdogan ពី​អំណាច។

លោក​នាយករដ្ឋមន្ត្រី​ Binali Yildirim បាន​និយាយ​ថា​ ប្រទេស​តួកគី​ បាន​បញ្ជូន​សំណុំ​ឯកសារ​បួន​ទៅ​កាន់​ស.រ.អា.​អំពី​លោក ​Fethullah Gulen ​បព្វជិត​ឥស្លាម​ ដែល​រស់និរទេស​ខ្លួនក្នុង​ប្រទេស​អាមេរិក​ចាប់​តាំង​ពី​ឆ្នាំ១៩៩៩​ មក។

អាជ្ញាធរ​តួកគី​បាន​អះអាង​ថា​ លោក ​Gulen​ ដែល​មាន​អាយុ​៧៥​ឆ្នាំ​បាន​រៀបចំ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ចម្ងាយ​ ៨០០០គ.ម. ​ពី​ប្រទេស​តួកគី​ ដោយ​ចេញ​បញ្ជា​ពីផ្ទះ​លោក​មាន​កំផែង​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​តំបន់​ភ្នំ ​Poconos​ នា​រដ្ឋ​ Pennsylvania។​ទោះ​យ៉ាង​ណា​ លោក​បាន​បដិសេធការ​ចោទ​ប្រកាន់​ទាំង​នេះ។

ប្រទេស​តួកគី​ មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​សំណុំ​ឯកសារ​ទាំង​នេះទេ​ ក៏​ប៉ុន្តែ​ លោក Yildirim ​បាន​សុំ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ កុំ​ឱ្យ​ផ្តល់​ទី​ជ្រកកោន​ដល់​ភេរវជន​រូប​នេះ​តទៅ​ទៀត។​ លោក​ថ្លែង​ថា លោក Gulen ​គ្មាន​ផល​ប្រយោជន៍​អ្វី​ដល់​មនុស្សជាតិ​ទេ​ គាត់​គ្មាន​ផល​ប្រយោជន៍​អ្វី​ដល់​សាសនា​ឥស្លាម​ទេ។ ក៏​ប៉ន្តែ​ប្រទេស​តួកគី​ មិន​ទាន់​បាន​ស្នើ​សុំ​ជា​ផ្លូវការ​ឱ្យ​ធ្វើ​បត្យាប័ន​លោក ​Gulen​ នៅ​ឡើយ។

លោក​រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា.​ John Kerry ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ស.រ.អា.​នឹង​ពិចារណា​អំពី​បត្យាប័ន​លោក ​Gulen ​ក៏ប៉ុន្តែ​ទាល់​តែ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ បញ្ជូន «ភ័ស្តុតាង​គ្រប់​គ្រាន់​ ហើយ​មិន​មែន​ត្រឹម​តែ​ការ​ចោទ​ប្រកាន់​ទេ»៕

XS
SM
MD
LG