ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សាលា Zaman អះអាង​ថា​សាលា​របស់​លោក​មិន​ពាក់ព័ន្ធ​នឹង​ក្រុម​រដ្ឋប្រហារ​នៅ​តួកគីទេ


លោក​ ​Ilhan Kemal Tug ​ឯក​អគ្គរដ្ឋ​ទូត​សាធារណ​រដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ សាលា​ Zaman (ហ្សាម៉ាន់)​  ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ភេរវកម្ម​ Futhullah Gulen Terrorist Organization (FETO) កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​កក្កដា ឆ្នាំ២០១៦។ (រូបភាព​ដកស្រង់ Web Screenshot)
លោក​ ​Ilhan Kemal Tug ​ឯក​អគ្គរដ្ឋ​ទូត​សាធារណ​រដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ សាលា​ Zaman (ហ្សាម៉ាន់)​  ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ភេរវកម្ម​ Futhullah Gulen Terrorist Organization (FETO) កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​កក្កដា ឆ្នាំ២០១៦។ (រូបភាព​ដកស្រង់ Web Screenshot)

លោក​បណ្ឌិត ​ដេត សុខឧត្តម ​សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​កម្ពុជា​​ បាន​ប្រាប់​ VOA ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ គ្រឹះស្ថាន​អប់រំ​ Zaman (ហ្សាម៉ាន់)​ ​រាប់​ពី​កម្រិត​បឋម​រហូត​ដល់​មហាវិទ្យាល័យ​ មិនមាន​បំពេញ​មុខងារ​ណាមួយ​បម្រើ​ដល់​ផល​ប្រយោជន៍​នយោបាយ​ ឬ​សកម្មភាព​រដ្ឋ​ប្រហារ​ដែល​ទើប​តែ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​តួកគី​នោះ​ទេ។

កាល​ពី​សប្តាហ៍​មុន​នេះ ​មាន​ការ​ធ្វើ​ប្រហារ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​មួយ​នៅ​ក្នុង​ប្រទេស​តួកគី។​ រដ្ឋ​ប្រហារ​នេះ​ត្រូវ​បាន​បង្ក្រាប​ដោយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ Recep Tayyip Erdogan។ នៅ​រាជធានី​ភ្នំពេញ​ ឯក​អគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​តួកគី​បាន​ចាត់​ទុក​ ក្រុម​ Zaman group ថា​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​រដ្ឋ​ប្រហារ​នោះ។​ ក្រុម​នេះ​បាន​បង្កើត​សាលា​រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​កម្រិត​មតេ្តយ្យ​សិក្សា​រហូត​ដល់​មហា​វិទ្យាល័យ។​

មួយ​ថ្ងៃ​បន្ទាប់ពី​ លោក​ ​Ilhan Kemal Tug ​ឯក​អគ្គរដ្ឋ​ទូត​សាធារណ​រដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ សាលា​ Zaman (ហ្សាម៉ាន់)មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ភេរវកម្ម​ Futhullah Gulen Terrorist Organization (FETO) ​អ្នកចាត់​ចែង​គ្រឹះស្ថាន​អប់រំ​នេះ​ បាន​ប្រកាស​ការពារ​ភាព​ស្រប​ច្បាប់​នៃ​គ្រឹះស្ថាន​របស់​ខ្លួន នៅ​ក្នុង​ការ​ផ្តល់​សេវា​សិក្សាធិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​មាន​ធ្វើ​សកម្ម​ភាព​បម្រើ​ដល់​ចលនា​ភេរវកម្ម​ណា​នោះ​ទេ។

​ការ​ថ្លែង​ចោទ​ប្រកាន់​របស់​ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​តួកគី​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​អង្គការភេរវកម្ម​ FETO ​នេះ​ព្យាយាមធ្វើ​រដ្ឋ​ប្រហារ​ដែល​មិន​ជោគជ័យ​នៅ​ប្រទេស​តួកគី​កាលពី​សប្តាហ៍​មុន។​ រដ្ឋ​ប្រហារ​យោធា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ផង​ដែរ។​

រូបឯកសារ៖ លោកបណ្ឌិត ដេត សុខឧត្តម ព្រឹទ្ធបុរសផ្នែកកិច្ចការសិក្សាធិការនៃសាកលវិទ្យាល័យហ្សាម៉ាន់ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ «ការវិវត្តចុងក្រោយនិងទស្សនវិស័យនៃទំនាក់ទំនងកម្ពុជាថៃ» នៅ​ក្នុងកម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣ ខែមីនា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោកបណ្ឌិត ដេត សុខឧត្តម ព្រឹទ្ធបុរសផ្នែកកិច្ចការសិក្សាធិការនៃសាកលវិទ្យាល័យហ្សាម៉ាន់ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ «ការវិវត្តចុងក្រោយនិងទស្សនវិស័យនៃទំនាក់ទំនងកម្ពុជាថៃ» នៅ​ក្នុងកម្មវិធី Hello VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣ ខែមីនា ឆ្នាំ​២០១៦។

លោក​បណ្ឌិត ​ដេត សុខឧត្តម ​សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​កម្ពុជា បាន​ប្រាប់​ VOA ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ គ្រឹះស្ថាន​អប់រំ​ Zaman (ហ្សាម៉ាន់)​ ​រាប់​ពី​កម្រិត​បឋម​រហូត​ដល់​មហាវិទ្យាល័យ​ មិនមាន​បំពេញ​មុខងារ​ណាមួយ​បម្រើ​ដល់​ផល​ប្រយោជន៍​នយោបាយ​ ឬ​សកម្មភាព​រដ្ឋ​ប្រហារ​ដែល​ទើប​តែ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​តួកគី​នោះ​ទេ។​

«មែន​ទែន​ទៅ​ សាកលវិទ្យាល័យ​ Zaman (ហ្សាម៉ាន់)​ ​ឬក៏​សាលា​ Zaman (ហ្សាម៉ាន់)​ ​ជាទូទៅ​ អត់​មាន​អ្វី​ពាក់​ព័ន្ធទៅ​នឹង​ព្រឹត្តិ​ការណ៍​នៅតួគី​ទេ​ ព្រោះ​យើង​ជា​ស្ថាប័ន​ឯកជន​ ជាស្ថាប័ន​អប់រំ ​ដែល​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ ហើយ​ក៏​អត់​មាន​អី​ទាក់​ទងជាមួយ​អ្វី​នៅ​តួកគី​ដែរ​បាទ​ ហើយ​គោល​ជំហរ​របស់​យើង​គឺ​ថា ​បើសិន​ជា​លោក​ឯក​អគ្គរដ្ឋ​ទូត​គាត់​លើក​ឡើង​បែប​នេះ​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សាលា​យើង​ ហើយ​យើង​សុំ​ឲ្យ​គាត់​បង្ហាញ​នូវ​ភស្តុតាងអ្វី​ដែល​គាត់​លើក​ឡើង»។​

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ប្រតិបតិ្តការ​ដោយ​រដ្ឋ​អំណាច​ប្រទេស​តួកគី​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​នេះ​ មាន​មនុស្ស​ច្រើន​ជាង​៦០០០​នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ និង​អ្នក​រៀប​គម្រោង​ធ្វើ​ប្រហារ​១០០​នាក់​ទៀត​បាន​បាត់​បង់​ជីវិត។ ​មាន​ប្រជា​ពលរដ្ឋ​១៩០​នាក់​ក៏​បាន​ស្លាប់​ ហើយ​និង​ប្រជា​ពលរដ្ឋ​១៤០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។​ ​ នេះ​បើយោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​តួកគី។​

នៅ​ក្នុង​ស្ថានទូត​សាធារណរដ្ឋ​តួកគី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ ​Ilhan Kemal Tug ​ឯក​អគ្គ​រដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​រាល់​សកម្មភាព​របស់​ក្រុម​ Zaman (ហ្សាម៉ាន់)​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា ស្ថានទូត​តួកគី​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទាក់​ទិន​ដំណើរការ​សាលា​នេះ។​ ​

«យើង​បាន​ស្នើ​ឲ្យ​រាល់​បែប​ផែន​នៃ​ការ​គាំទ្រ​ទាំងអស់​ត្រូវ​បាន​បញ្ឈប់ ហើយ​ជា​ការណ៍​ពិត​ យើង​ចង់​ឃើញ​ក្រុម​ Zaman (ហ្សាម៉ាន់)​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ បញ្ចប់​រាល់​សកម្មភាព​របស់​ខ្លួន​នា​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ»។​

យ៉ាងណាក៏​ដោយ​ លោក​ ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ប្រាប់​ VOA ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រសួង​ពុំទាន់​ទទួល​បាន​ការ​ស្នើ​សុំ​ណា​មួយ​ពី​ភាគី​រដ្ឋាភិបាល​សាធារណរដ្ឋ​តួកគី​នៅ​ឡើយ​ នៅមុន​ និង​ក្រោយការធ្វើ​រដ្ឋ​ប្រហារ​នោះ​ទេ។

«រហូត​មក​ដល់​ពេលនេះ​គឺ​ក្រសួង​ការ​បរទេស​ពុំទាន់​ទទួល​បាន​នូវ​សំណើ​ផ្លូវការ​ណា​មួយ​ពី​ស្ថានទូត​របស់​តួកគី​ទេ​ ហើយ​នៅ​ពេល​ណា​ដែល​ក្រសួង​ការ​បរទេស​ទទួល​បាន​ ក្រសួង​ការបរទេសនឹង​ពិនិត្យ​ពិចារណា​ ដោយ​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​ប្រទេស​ម្ចាស់​ផ្ទះ​ ក្នុង​ការ​ពិនិត្យ​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំណើ​ផ្លូវការ​របស់​ស្ថានទូត​នៃ​ប្រទេស​ជាមិត្ត»។​

VOA ​ មិន​ទាន់​អាច​ទាក់​ទង​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ លោក​ ​Ilhan Kemal Tug​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​រដ្ឋប្រហា​រនោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​នរណា​ក្រៅពី​ក្រុម​អង្គការ​ភេរវកម្ម​ FETO នេះ​ ដែល​មេ​ដឹកនាំ​ក្រុមនេះ​គឺ​លោក ​Fethullah Gulen។​

លោក​ Ilhan Kemal Tug ​ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​តួគី​ប្រចាំ​នៅ​កម្ពុជា​ ធ្វើ​សន្និសីទ​ព័ត៌មាន​អំពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ដែល​មិន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​តួគី​កាល​ពីសប្តាហ៍​មុន​កាលពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ ​២០១៦​។
លោក​ Ilhan Kemal Tug ​ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​តួគី​ប្រចាំ​នៅ​កម្ពុជា​ ធ្វើ​សន្និសីទ​ព័ត៌មាន​អំពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ដែល​មិន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​តួគី​កាល​ពីសប្តាហ៍​មុន​កាលពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ ​២០១៦​។

លោក​ថ្លែង​ថា​ ក្រុម​នេះ​មាន​ភាព​សកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣​ ​តាម​រយៈ​ក្រុម​មួយ​ដែល​លោក​ហៅ​ថា​Zaman (ហ្សាម៉ាន់)​ group។​ លោក​បន្ត​ថា​ ក្រុម​នេះ​មាន​សាលា​ចាប់​ពី​ថ្នាក់​មតេ្តយ្យ​ រហូត​ដល់សាកល​វិទ្យាល័យ។​

ការ​អះអាង​របស់​លោក​ ​Ilhan Kemal Tug ​ ​ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​តួកគី​ប្រចាំ​នៅ​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​ចំពេល​ដែល​លោក​ Tom Malinowski ​ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​ និង​ការងារ បាន​មក​បំពេញ​ទស្សន​កិច្ច​រយៈពេល​ពីរថ្ងៃ​នៅ​កម្ពុជា។​

កាល​ពីថ្ងៃ​ច័ន្ទ លោក ​Ilhan Kemal Tug ​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​តួកគី​ ទោះបី​ជា​លោក​ Fethullah​ Gulen ​ដែល​ត្រូវ​គេ​ចោទ​ថា ​ជា​អ្នកនៅ​ពី​ក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នោះ ​បាន​ធ្វើ​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៩៩​ក្តី។​

សាលា​អន្តរជាតិ​ Zaman (ហ្សាម៉ាន់)​ ​នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​រដ្ឋ​ប្រហារ​នៅ​ប្រទេស​តួកគី ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ពី​១៥ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ត​ថា ក្រុមហ៊ុន Zaman (ហ្សាម៉ាន់)​ ​មិនមាន​ការ​គាំទ្រ​ ការ​ចូល​រារាំង​របស់​ក្រុម​យោធា​ណាមួយ​ ព្រោះ​អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​ប្រទេស​តួកគី​អាច​នឹង​ទទួល​គ្រោះថ្នាក់​ជាខ្លាំង​ចំពោះ​ការ​ប៉ុនប៉ង​ដ៏​សាហាវ​នេះ។​

ស្ថាបនិក​របស់​សាលា​អន្តរជាតិ​ Zaman (ហ្សាម៉ាន់)​ ​ បាន​ចាប់​ផ្តើម​ស្ថាបនា​សាលា​នេះ​ដោយ​ផ្អែក​លើ​ស្មារតី​ និង​ទស្សនៈ​វិស័យ​ពីលោក​ Fethullah​ Gulen។​ ប៉ុន្តែ​ លោក​ ​Gulen ​មិន​ដែល​មាន​ការ​ចូលរួម​ក្នុង​ការងារ​រដ្ឋ​បាល​ ឬ​ជា​ម្ចាស់​ស្រប​ច្បាប់​ណាមួយ​របស់​សាលា​ Zaman (ហ្សាម៉ាន់) ឡើយ​ គឺ​គាត់​មិន​ដែល​បាន​ផ្តល់​ការ​សម្រេច​ចិត្ត​ណាមួយ​ក្នុង​ការ​បង្កើត​ ឬ​ដំណើរការ​សាលា​នេះទេ។​ សរុបមក​ អ្វី​ដែល​ទាក់​ទង​នឹង​លោក Gulen​ គឺ​គ្រាន់​តែ​ស្មារតី​ និង​ទស្សនៈវិស័យ​តែ​ប៉ុណ្ណោះ។​

រហូតមក​ដល់​ពេល​នេះ​ សាលា​ Zaman ​(ហ្សាម៉ាន់)​ ​មាន​សិស្ស​ចុះ​ឈ្មោះ​ចំនួន​ប្រហែល​២០០០​នាក់​ ដែល​កំពុង​សិក្សា​ថ្នាក់​មតេ្តយ្យ​ ថ្នាក់​បឋម​សិក្សា​ ថ្នាក់​វិទ្យាល័យ​ និង​មហាវិទ្យាល័យ៕​

XS
SM
MD
LG