ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

៤​​​នាក់​​​ស្លាប់​​​ ​​​​​​ប្រាំមួយ​​​នាក់​​​​​របួស​​​​​​ក្រោយ​​​​​​ការ​​​វាយប្រហារ​​​​​​ចូល​​​ក្នុង​​​​​​អគារ​​​​​​សាសនានៅ​​​អ៊ីស្រាអែល​​​​​​​


បុគ្គលិក​សង្រ្គោះបន្ទាន់​អ៊ីស្រាអែល​ កំពុង​យក​សាកសព​ដែល​ប្រឡាក់​ដោយ​ឈាម​ចេញ​ពី​កន្លែង​វាយប្រហារ​នៅវិហារ Synagogue ទីក្រុង​Jerusalem នៅថ្ងៃទី១៨ ខែវិច្ឆិការ ២០១៤

​អ្នក​គោរព​សាសនា​ជ្វីសចំនួន​ ៤​នាក់​បាន​ស្លាប់​ និងប្រាំមួយ​នាក់​ទៀត​រង​របួសក្រោយការ​វាយប្រហារចូល​ក្នុងអគារសាសនា​ Synagogue​ ​នៅក្នុង​ទីក្រុង​យេ​រូសាឡឹម​(Jerusalem) កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​ នេះ​បើ​តាម​ការឲ្យ​ដឹង​របស់​មន្ត្រី​ប៉ូលិសអ៊ីស្រាអែល​។

អ្នកស្រី​ Luba Samri ​អ្នកនាំពាក្យ​របស់​ប៉ូលិសអ៊ីស្រាអែលនិយាយ​ថា ​ជន​ជាតិ​ប៉ាឡេស្ទីនពីរ​នាក់ ២ នាក់​បាន​ប្រើប្រាស់​កាំភ្លើង​និង​ពូថៅ​ដើម្បី​វាយ​ប្រហារ​លើ​ក្រុម​អ្នក​សូត្រ​ធម៌​ដែល​ភាគច្រើន​ជា​ជន​ជាតិ​ជ្វីស​។ អ្នកស្រី​ហៅជន​ជាប់សង្ស័យ​ទាំងនោះ​ថា​ជា​ភេរវជន ​ហើយ​ថា​ពួក​ប៉ូលិស​បាន​បាញ់​សម្លាប់​ជនទាំង​នេះ​ហើយ​។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benjamin Netanyahu ​បាន​បន្ទោ​ស​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​ការ​ញុះញង់​ដោយ​ពួក​ជន​សកម្មប្រយុទ្ធហាម៉ាស់​(Hamas)។​ ​

លោកនិយាយ​ថា​សហគមន៍​អន្តរជាតិ​បាន​ធ្វើ​មិន​ដឹងមិនឮ​ពី​បញ្ហា​នេះ។​ លោក Netanyahu ក៏បានសន្យា​ថា​នឹង​តប​ត​នឹង​ការ​វាយ​ប្រហារ​នេះ​វិញ​ដែរ​។

​ដោយ​ឡែកប្រធានាធិបតី​ប៉ាឡេស្ទីន​លោក​ Mahmoud Abbas ​បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​មួយ​ភ្លាម​ៗ​ផង​ដែរ​កាល​ពី​ម្សិល​មិញ​។ ​លោក​បាន​ថ្កោលទោស​ការ​វាយប្រហារ​ទាំង​នេះ​និង​ការ​វាយប្រហារ​ឯ​ទៀត​ៗ​ប្រឆាំង​នឹងជន​ស៊ីវិល​ ទោះជា​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក៏​ដោយ​។​

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អ.​ John Kerry ​បាន​មាន​ប្រសាសន៍​ជាមួយលោក​ Netanyahu ​តាម​ទូរស័ព្ទ​ដើម្បី​ចូលរួម​រំលែក​មរណទុក្ខ​។ ​លោក Kerry ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅក្នុង​ទី​ក្រុង​ Londres ថា​ការ​វាយ​ប្រហារ​នេះ​ជា​សកម្មភាព​ភេរវកម្ម​មួយ។​

ការ​វាយ​ប្រហារ​នេះ​ជា​ឧប្បត្តិហេតុ​ថ្មី​បំផុត​នៅ​ក្នុង​កំណើន​នៃ​អំពើ​ហិង្សា​ក្នុង​ក្រុង​Jerusaem ​និង​តំបន់​ត្រើយ​ខាង​លិច​នៃ​ទន្លេ​ Jordan ​កាល​ពី​ខែ​មុន​៕

XS
SM
MD
LG