ក្រុមមន្ត្រីយោធានៃប្រទេសអ៊ីស្រាអែល និយាយនៅថ្ងៃពុធនេះថា ភាពស្ងប់ស្ងាត់បានកើតមានឡើងនៅលើទឹកដីរបស់ខ្លួន និងតំបន់ហ្គាហ្សា ខណៈពេលដែលកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងនេះ និងប៉ាឡេស្ទីនបានរំលងទៅមួយថ្ងៃហើយ។ ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយកាលពីម្សិលមិញ។
យោធាអ៊ីស្រាអែលបានរាយការណ៍មកថា គ្មានការបាញ់ប្រហារគ្រាប់រ៉ុកកែតចេញពីតំបន់ហ្គាហ្សាដោយពួកហាម៉ាស់ចូលក្នុងទឹកដីអ៊ីស្រាអែលទេ ហើយក៏គ្មានការវាយប្រហារតាមអាកាសដោយកងទ័ពអ៊ីស្រាអែលលើដែនដីហ្គាហ្សាដែរ។
បទឈប់បាញ់គ្នាជាថ្មីនេះ បានចូលជាធរមានកាលពីល្ងាចថ្ងៃអង្គារ។ ពោលគឺ៥០ថ្ងៃ បន្ទាប់ពីមានភាពតានតឹងរវាងភាគីទាំងពីរផ្ទុះក្លាយជាជម្លោះប្រដាប់អាវុធ នឹងបណ្ដាលឲ្យមនុស្សច្រើនជាង២១០០នាក់ ដែលភាគច្រើនជាជនស៊ីវិលជនជាតិប៉ាឡេស្ទីនបានសម្លាប់បាត់បងជីវិត។
យោងតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ ប្រទេស អ៊ីស្រាអែលត្រូវបានបង្គាប់ឲ្យបើករបាំងស្កាត់ផ្លូវសម្រាប់ដឹកជញ្ជូនជំនួយមនុស្សធម៌ និងសម្ភារៈសំណង់ចូលទៅក្នុងតំបន់ហ្គាហ្សាដែលរងការខ្ទេចខ្ទាំដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលប្រឆាំងនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់៕