ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្រ្តី​បម្រើ​ផ្លូវ​ភេទ ​​រិះគន់​ដំណោះ​ស្រាយរវាង​ជប៉ុន​និង​ជាមួយ​កូរ៉េខាង​ត្បូង

  • Brian Padden

ក្រុម​និស្សិត​កាន់​រូប​ថត​របស់​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​កូរ៉េខាង​ត្បូង​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ ក្នុង​អំឡុង​ពេល​​ធ្វើ​បាតុកម្ម​ជារៀង​រាល់​សប្តាហ៍​នៅ​ឯ​រូប​សំណាក​របស់​ស្រ្តី​បម្រើ​ផ្លូវភេទ​កូរ៉េ​នៅ​មុខ​ស្ថាន​ទូត​ជប៉ុន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

ដំណោះ​ស្រាយ​ខាង​ការទូត​​កាល​ពី​ថ្ងៃ​ច័ន្ទ​​រវាង​ប្រទេស​​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​យូរ​អង្វែង​លើ​បញ្ហា​ការ​ធ្វើ​ជា​ទាសករ​ខាង​ផ្លូវ​ភេទ​របស់​ស្រ្តី​កូរ៉េ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ​បាន​ត្រូវ​ទទួល​រងការ​រិះគន់​ដោយ​ជន​រងគ្រោះ​ខ្លះ​ដែល​និយាយ​ថា ​វា​​ជា​ការ​លះបង់​យុត្តិ​ធម៌​ដើម្បី បញ្ចប់​រឿង​នយោ​បាយ។

ដំណោះ​ស្រាយ​ខាង​ការទូតកាល​ពី​ថ្ងៃ​ច័ន្ទរវាង​ប្រទេសជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​យូរ​អង្វែង​លើ​បញ្ហា​ការ​ធ្វើ​ជា​ទាសករ​ខាង​ផ្លូវ​ភេទ​របស់​ស្រ្តី​កូរ៉េ​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ​បាន​ត្រូវ​ទទួល​រងការ​រិះគន់​ដោយ​ជន​រងគ្រោះ​ខ្លះ​ដែល​និយាយ​ថា ​វាជា​ការ​លះបង់​យុត្តិ​ធម៌​ដើម្បី បញ្ចប់​រឿង​នយោ​បាយ។

​កិច្ច​ព្រម​ព្រៀង​ប្រវត្តិសាស្រ្ត ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចរចា​ខាង​នយោបាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែហើយ​បាន​ទទួល​ការ​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អន្តរជាតិ។

សម្រាប់​ប្រទេស​ជប៉ុន ​លោកនាយករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe បាន​ចេញសេចក្តី​ថ្លែងការណ៍​សុំ​អភ័យ​ទោសហើយ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ ​បាន​យល់​ព្រម​ផ្តល់​វិភាគ​ទាន​ជា​ប្រាក់​ប្រហែល៨​.៣០០.០០០​ដុល្លា​ដល់​មូល​និធិ​កូរ៉េខាង​ត្បូង​មួយ ​ដើម្បី​ជួយ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​បនស្រី​បេស្យា​យោធា​ជប៉ុន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្រ្តី Abe លោក ​បានសុំ​អភ័យទោស​ដ៏​ស្មោះ​ស្ម័គ្រនិង​មាន​វិប្ប​ដិសារី​ដ៏​ខ្លាំង​បំផុតដល់​ស្រ្តី​ទាំងអស់​ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​មិន​អាច​វាស់​បាន​និង​ការឈឺចាប់​បំផុត​ហើយ​នឹង​ការ​ឈឺចាប់លើ​រាងកាយ​ដែល​មិន​អាច​ព្យាបាល​បាន​និង​របួស​ខាង​ផ្លូវ​ចិត្ត។

ជាការតប​តវិញ ​កូរ៉េខាង​ត្បូង​បាន​យល់​ព្រម​ថា ​ដំណោះ​ស្រាយ​នេះ​ជា​លើក​ចុង​ក្រោយ​និង​ពុំ​អាច​ប្រែ​ក្រឡាស់​បាន ហើយ​ភាគី​ទាំង​២ ​បាន​សន្យា​ទប់​កុំ​ឲ្យ​មាន​ការ​រិះគន់​គ្នា​ជា​សា​ធារណៈ​ដល់​បញ្ហា​នេះ។

ក៏ប៉ុន្តែ ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​និង​ពួកអ្នកគាំទ្រ​ខ្លះ ​មាន​ការ​រកាំ​ចិត្តដល់​កិច្ច​ព្រម​ព្រៀង​ដែល​ពួកគេ​និយាយ​ថា ​មិន​បាន​តំណាង​ឲ្យ​ផល​ប្រយោជន៍​របស់​ជន​រងគ្រោះ​ឬ​ការទាម​ទារ​របស់​ខ្លួន​ ដើម្បី​ជប៉ុន​ទទួល​ខុសត្រូវចំពោះ​ការ​រំលោភ​ធ្វើ​បាបនៅ​ក្នុង​សង្គ្រាម​ពី​អតីត​កាលរបស់​ខ្លួន។

មាន​ការ​ប៉ាន់​ស្មាន​ថា ​មាន​ស្រ្តី​ជាង​២សែននាក់​នៅ​ទូទាំង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ត្រូវ​បាន​បង្ខំ​ដោយ​ទាហាន​ជប៉ុន​ឲ្យ​ធ្វើ​ជាទាសភាព​ផ្លូវ​ភេទ​ក្នុង​អំឡុងសង្គ្រាម​លោក​លើក​ទី២​និង​ការ​ធ្វើ​អាណា​និគម​របស់​ជប៉ុន​នៅតំបន់​អាស៊ី។

នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​ដែល​នៅ​រស់​រាន​មាន​ជី​វិត​៤៦​នាក់នៃ​ស្រ្តី​បម្រើ​ផ្លូវភេទ​ទាំងអស់​២៣៨​នាក់​ដែលចេញ​មុខ ​ហើយ​អាយុ​មធ្យម​របស់​ស្រ្តី​ទាំងអស់​នោះ​គឺ​៨៩​ឆ្នាំ។​ ក្រុម​មន្រ្តី​កូរ៉េខាង​ត្បូង ​អាចស្ទុះ​ស្ទារ​ស្វះស្វែង​រក​ដំណោះស្រាយ​មួយ​ដល់​បញ្ហា​នេះ​ ខណ:ដែល​នៅ​មាន​ជន​រងគ្រោះបម្រើ​នៅ​ផ្ទះ​បននៅ​រស់​រាន​មាន​ជី​វិត។

​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ខ្លះ ​បាន​ចោទ​សួរ​ពី​ភាព​ស្មោះ​ត្រង់​នៃ​ការ​សុំ​អភ័យ​ទោស​របស់​នាយករដ្ឋ​មន្រ្តី​ Abe ​ហើយ​បាន​រិះគន់​ការ​ខំ​ប្រឹងប្រែង​របស់​ជប៉ុន​ដើម្បី​កម្រិត​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ដោយ​មិន​បញ្ចេញ​ជា​សាធារណៈ​នូវ​ការ​ទូទាត់​សំណង​របស់​ខ្លួន​ថាជា​សំណងរដ្ឋ​ចំពោះ​អំពើ​ព្រៃផ្សៃ​និង​ការ​រំលោភ​ធ្វើ​បាប​កាល​ពី​អតីតកាល។

​លោកស្រី Cho Seung-hyun នៅ​អង្គការ​សាមគ្គីភាព​ដើម្បី​សន្តិភាព​និង​ការ​បង្រួប​បង្រួម​កូរ៉េ ​បាន​និយាយ​ថា ​«​ដំណោះស្រាយនៃ​បញ្ហារបស់​ជប៉ុន​ដែល​បង្ខំស្រ្តី​កូរ៉េខាង​ត្បូង​ឲ្យ​ធ្វើ​ជា​ទាស​ករផ្លូវ​ភេទ ​មិន​អាចពឹង​ផ្អែកលើ​តែ​ប្រាក់​មួយ​មុខ​ទេ ដំណោះស្រាយ​នោះ ​ត្រូវ​តែ​ផ្អែកលើ​កម្រិត​រដ្ឋ​និង​តាម​ផ្លូវ​ច្បាប់។

រយៈ​ពេល​២៣​ឆ្នាំ​ចុងក្រោយ​នេះ ជន​រងគ្រោះជាតិ​កូរ៉េ​ដែល​ធ្វើ​ការ​នៅ​ផ្ទះ​បន​បេស្យា​របស់​ជប៉ុន​ហើយ​និង​ពួក​អ្នកគាំទ្រ​គេ ​បាន​ធ្វើ​បាតុកម្ម​ជារៀង​រាល់​សប្តាហ៍​នៅ​ឯ​រូប​សំណាក​របស់​ស្រ្តី​បម្រើ​ផ្លូវភេទ​កូរ៉េ​នៅ​មុខ​ស្ថាន​ទូត​ជប៉ុន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ទាមទារ​ឲ្យ​មាន​ការ​សុំ​អភ័យទោស​និង​ការ​សង​ជំងឺ​ចិត្ត​ជា​ផ្លូវការ​ពី​ជប៉ុន។

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ​កូរ៉េខាង​ត្បូង​បានយល់​ព្រម​ធ្វើ​ការ​ជាមួយអង្គការ​សង្គម​ស៊ីវិល​ក្នុង​មូលដ្ឋាន​ដើម្បី​ដក​រូប​សំណាកចេញ។​ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ក្រុម​អ្នកគាំទ្រ​ជន​រងគ្រោះ បាន​សន្យា​ប្រយុទ្ធ​ប្រឆាំង​ការ​ខំ​ប្រឹងប្រែងឬ​ការ​ប៉ុនប៉ង​ដើម្បី​ទប់ស្កាត់​ការតវ៉ា​ប្រឆាំង​របស់​ពួកគេ។

ដោយ​សារមាន​ការ​សម្រប​សម្រួល​គ្នា​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ លោក Jeff Kingston​សាស្រ្តាចារ្យ​ខាង​ការ​សិក្សាពី​តំបន់​អាស៊ី​នៃ​សាកល​វិទ្យាល័យTemple ក្នុង​ទីក្រុង​តូក្យូ ​និយាយ​ថា សំឡេង​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ​នឹង​បន្ត​ថ្កោល​ទោស​ជប៉ុន​ចំពោះ​សង្គ្រាម​កាល​ពី​អតីតកាល​របស់​ខ្លួន។

លោក Hosaka Yuji ជា​សាស្រ្តាចារ្យ​ខាង​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ Sejong បាន​រិះគន់​សេចក្តី​ថ្លែងការ​ណ៍ដែល​បាន​ប្រើ​ប្រាស់​ពាក្យ​ពេជន៍ប្រយ័ត្ន​ប្រយ៉ែង​កាល​ពី​អតីត​កាល​របស់​លោកAbeពី​វិប្បដិសារី​សម្រាប់​ស្រ្តី​បម្រើ​ផ្លូវភេទ​ដែល​បាន​បញ្ចៀស​ការទទួល​ខុសត្រូវ​របស់​រដ្ឋ​ដល់​ការ​រំលោភ​ធ្វើ​បាប។​ ក៏​ប៉ុន្តែ ​លោក​និយាយ​ទៀត​ថា ​កិច្ច​ព្រ​ម​ព្រៀង​នេះ នឹង​ឆ្លើយ​តប​ហើយ​នឹង​ដោះ​ស្រាយ​ចំណុច​មិន​ស្រុះ​ស្រួល​គ្នាសំខាន់​ៗ​រវាង​កូរ៉េខាង​ត្បូង​និង​ជប៉ុន។

លោក Hosaka បាន​និយាយ​ថា «​មតិ​នានា​ស្តី​ពី​បញ្ហាស្រ្តី​បម្រើផ្លូវ​ភេទ ​នឹង​បន្តលេច​ចេញ​មក។​ក៏ប៉ុន្តែ ​គេ​អាច​និយាយ​ថា ​ការទាម​ទារ​របស់​កូរ៉េខាង​ត្បូង​ឲ្យ​ជប៉ុន​សុំ​ទោស​លើ​បញ្ហា​នេះ ​បាន​បញ្ចប់​ហើយ‍»។

ថ្វី​បើ ​មាន​ការ​ជំទាស់​ប្រឆាំង​ក្នុង​ចំ​ណោម​ភាគី​នានាក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ក៏ដោយ ​កិច្ច​ព្រម​ព្រៀង​នោះ ​បាន​ទទួល​ការ​សរសើរ​នៅ​បរទេស​។

នាយករដ្ឋ​មន្រ្តី​ជប៉ុន Abe បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា ​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ទាំង​២​នេះ ​ដៃ​គូ​ពាណិជ្ជកម្ម​ហើយ​នឹង​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​សហរដ្ឋ​អាមេរិកអាច​ចាប់ផ្តើម​លប់ចោល​គំនុំ​និង​ការ​មិន​ទុកចិត្ត​គ្នា​រាប់​ទសវត្សរ៍​។

លោកAbeបាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​នោះ ​បាន​ត្រូវ​ចុះ​ហត្ថលេខា​ថា «ខ្ញុំ​គិតថា ​យើង​បាន​បំពេញ​តួនាទី​របស់​យើង​សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន​នេះ​ ដោយធ្វើ​ឲ្យ​សម្រេច​ដំណោះ​ស្រាយ​ចុងក្រោយ​និងពុំ​អាចត្រឡប់​ក្រោយ​បាន‍»។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទជាមួយ​លោកAbe លោក​ស្រី Park Geun-hyeប្រធានាធិបតីកូរ៉េខាង​ត្បូង បាន​និយាយ​ថា ​លោកស្រី​រំពឹង​ថា​ ភាគី​ទាំង​២​នឹង​ធ្វើ​ការ​ដើម្បី​ស្ថាប​នា​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

លោកស្រី Susan Riceទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានា​ធិបតី បារ៉ាក់​អូបាម៉ា ​បាន​សរសើរ​មេដឹកនាំ​ទាំង​២​ចំពោះ​ការ​មាន​សេចក្តី​អង់​អាច​ក្លាហាន​និង​ទស្សនៈ​វិស័យធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​ជានិរន្ត​ដល់​បញ្ហា​ដ៏​លំបាក​នេះ។

សហរដ្ឋ​អាមេរិក​ ​ក៏​រំពឹងដែរ​ថា កិច្ច​ព្រម​ព្រៀង​នោះ​នឹង​សម្រួល​ឲ្យ​មានការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​សម្ព័ន្ធ​មិត្ត​សំ​ខាន់​ៗ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​ដើម្បី​ខ្ទប់​កម្មវិធី​នុយក្លែអ៊ែ​របស់​កូរ៉េ​ខាង​ជើង។

លោក​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ បាន ​គីមូន (Ban Ki-moon) ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​គាំទ្រ​កិច្ច​ព្រម​ព្រៀង​នោះ​ហើយ ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​និង​សេអ៊ូល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវចំណង​ទាក់​ទង​ទ្វេភាគី។

សូម្បី​តែ​ប្រទេស​ចិន ​ដែល​បាន​ទទួលការ​ឈឺចាប់​នៅ​ក្រោម​ការ​គ្រប់​គ្រង​តាម​បែប​អាណានិគម​ជប៉ុន​បាន​ស្វាគមន៍កិច្ច​ព្រម​ព្រៀង​នោះ ដោយ​ការ​ប្រយ័ត្ន​ប្រយ៉ែង​ ​ខណៈពេល​ជាមួយ​គ្នា​នោះ​ ​បាន​អំពាវនាវ​ដល់​ជប៉ុនឲ្យ​បង្ហាញនូវ​ប្រវត្តិសាស្រ្ត​នៃការ​ឈ្លាន​ពាន​របស់​ខ្លួន។ ​លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ចិន​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹម​ថា ​ដំណោះស្រាយ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG