ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធាន​ផ្នែក​ចារកម្ម​អាមេរិក៖ កូរ៉េខាង​ជើង​បាន​ប្រើប្រាស់​​​រ៉េអាក់ទ័រ plutonium ឡើង​វិញ​


លោក James Clapper ប្រធាន​ផ្នែក​ចារកម្ម​អាមេរិក ត្រៀម​ធ្វើ​សក្ខីកម្ម​នៅ​សភា​អាមេរិក Capitol Hill​ ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​ (AP Photo/Evan Vucci)

កាល​ពី​ថ្ងៃ​អង្គារ​ ប្រធាន​ផ្នែក​ចារកម្ម​ស.រ.អា.បាន​និយាយ​ប្រាប់​សភា​ស.រ.អា.ថា​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចាប់ផ្តើម​ប្រើប្រាស់រ៉េអាក់ទ័រ plutonium ជា​ថ្មី​ឡើង​វិញ​ដែល​អាច​ផ្តល់​ប្រេង​ឥន្ធនៈ​សម្រាប់​ការ​ផលិត​អាវុធ​បរមាណូ។​

លោក​ James​ Clapper នាយក​ផ្នែក​ស៊ើបការ​សម្ងាត់​ជាតិ​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បើក​ដំណើរ​ការ​រ៉េអាក់ទ័រ​នេះ​យូរ​ល្មម​មក​ហើយ​ដែល​អាច​ឱ្យ​ប្រទេស​នេះ​យក​សារធាតុ​ plutonium ពី​ប្រេង​ឥន្ធនៈ​ដែល​បាន​ប្រើ​រួច​ហើយ​របស់​រ៉េអាក់ទ័រ​នោះ​ «តែ​ក្នុង​រយៈពេល​ប៉ុន្មាន​អាទិត្យ​ទៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​»។​

លោក Clapper បាន​និយាយ​ថា​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​តាម​សេចក្តី​ប្រកាស​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៣​ ដែល​ថា​ខ្លួន​គ្រោង​នឹង​ប្រើប្រាស់​ឡើង​វិញ​នូវ​កន្លែង​បរមាណូ​របស់​ផង​ខ្លួន​ដោយ​រួម​មាន​បញ្ចូល​ទាំង​កិច្ច​ប្រតិបត្តិការ​សម្រិត​សម្រាំង​សារធាតុ​អ៊ុយរ៉ានីញ៉ូម​នៅ​ Yongbyon ដែល​ត្រូវ​បាន​បិទ​កាល​ពី​ឆ្នាំ​២០០៧។

ការស្ទង់​ប៉ាន់​មើល​របស់​លោក​មាន​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បង្ហោះ​រ៉ុក្កែត​មួ​យ​ ដែល​បាន​នាំ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ថែម​ទៀត​ ពី​សហគមន៍​អន្តរជាតិ។​

លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់​អូបាម៉ា​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Park Geun-hye កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​អំពី​ការ​បង្ហោះ​ថ្មីៗ​នេះ​ដោយ​កូរ៉េខាង​ជើង។

សេតវិមាន​បាន​និយាយ​ថា ​មេដឹកនាំ​ទាំង​ពីរ​នាក់នេះ​បាន​យល់​ស្រប​គ្នា​ថា​ ការ​បង្ហោះ​រ៉ុក្កែត​នេះ​ជា​ «សកម្មភាព​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​និង​ជា​ការ​បង្ក​រឿង​ផងដែរ»​ ដែល​រំលោភ​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ចំនួន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប. ដែល​មាន​គោលដៅ​ទប់ទល់​នឹង​មហិច្ឆតា​បរមាណូ​របស់​ប្រទេស​កូរ៉េ​ខាងជើង៕​

XS
SM
MD
LG