ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ឡើង​តុលាការ​លើ​រឿង​ប្តូរ​ទីតាំង​យោធា​អាមេរិក​នៅ​លើ​កោះ​អូគីណាវ៉ា


ក្រុមបាតុករ​ប្រឆាំង​នឹង​មូលដ្ឋាន​យោធា​អាមេរិក​ កាន់​បដាប្រកាស​ដែល​មាន​ពាក្យស្លោក​សរសេរថា​ «និយាយ​ថា​ទេ ចំពោះ​មូលដ្ឋាន​ទ័ព​ថ្មី​នៅ​តំបន់​ Henoko» ក្នុង​អំឡុង​ពេល​ធ្វើបាតុកម្ម​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៥។
ក្រុមបាតុករ​ប្រឆាំង​នឹង​មូលដ្ឋាន​យោធា​អាមេរិក​ កាន់​បដាប្រកាស​ដែល​មាន​ពាក្យស្លោក​សរសេរថា​ «និយាយ​ថា​ទេ ចំពោះ​មូលដ្ឋាន​ទ័ព​ថ្មី​នៅ​តំបន់​ Henoko» ក្នុង​អំឡុង​ពេល​ធ្វើបាតុកម្ម​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

រដ្ឋាភិបាល​ជប៉ុន​ហើយ​និង​កោះ​អូគីណាវ៉ា​ភាគ​ខាង​ត្បូង​របស់​ខ្លួន ​បាន​ឡើងតុលា​ការ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ជជែក​ដេញដោលពី​ផែនការ​សាងសង់​មូលដ្ឋាន​យោធា​ថ្មី​របស់​សហរដ្ឋ​អាមេរិកនៅ​លើ​កោះ​នោះ​ ថ្វីបើ​មាន​ការ​ជំទាស់​ប្រឆាំង​ពី​អ្នក​ស្រុក​ក៏​ដោយ។

រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​លោក ​Takeshi Onaga​ អភិបាល​ក្រុង​អូគីណាវ៉ា​ដើម្បី​អនុញ្ញាត​ឲ្យ​ការ​សាងសង់​បន្ទាយ​កងទ័ព​នោះ​អាច​ដំណើរ​ការ​បាន។ ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ ​បាន​ព្យាយាម​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​ដើម្បី​រុះរើ​មូលដ្ឋាន​ទ័ព​អាកាស ​Futenma​ ចេញ​ពី​តំបន់ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ណែន​ណាន់​តាន់​តាប់នៃ​កោះ​អូគីណាវ៉ា​ ទៅ​កាន់​តំបន់​ Henoko Bay​ ដែល​មានការ​អភិវឌ្ឍ​តិច​តួច។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ពួក​អ្នក​ស្រុកជា​ច្រើន​បាន​ទាម​ទារ​ឲ្យរុះ​រើ​បន្ទាយ​កងទ័ព​នោះ​ចេញ​ពី​កោះ​នោះ​ទាំង​ស្រុង។

កោះ​អូគីណាវ៉ា​ មាន​ផ្ទៃដី​តិច​ជាង​មួយ​១​ភាគរយ​នៃ​ផ្ទៃ​ដី​សរុប​របស់​ជប៉ុន​ទាំង​មូល ​ក៏ប៉ុន្តែ ​ជា​ទីកន្លែង​នៃ​បន្ទាយ​យោ​ធា​សហរដ្ឋ​អាមេរិកប្រហែល​៧៤​ភាគរយនៅ​ក្នុង​ប្រទេស​ជប៉ុន។

លោក ​Onaga​ បាន​ជំរុញ​ឲ្យ​តុលាការ​ច្រាន​ចោល​រឿងក្តី​នោះ ​ដោយ​ជជែក​ឲ្យ​ហេតុផល​ថា ​វា​ជាការ​មិន​ត្រឹមត្រូវទេ​ ដែល​ឲ្យ​ពលរដ្ឋ​ក្នុង​កោះ​អូគីណាវ៉ារបស់​លោក​ជា​អ្នក​ទទួល​បន្ទុក​តែ​ម្នាក់​ឯងក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះសម្រាប់​ទីតាំង​យោធា​សហរដ្ឋ​អាមេរិក​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ជប៉ុន។

រដ្ឋាភិបាល​បាន​ជជែក​ឲ្យ​ហេតុ​ផល​ថា ​ការ​លុប​ចោល​កិច្ច​ព្រម​ព្រៀង​កាល​ពី​ដំបូង​របស់​លោក​ Onaga​ ដើម្បី​ទៅតាំង​បន្ទាយ​យោ​ធា​នៅ​ទីកន្លែង​ថ្មី ​គឺជា​រឿង​ខុស​ច្បាប់។

ទាហាន​ម៉ារីន​សហរដ្ឋ​អាមេរិក​ជាង​១៩.០០០​នាក់ ​បាន​បោះ​ទីតាំង​នៅ​លើ​កោះ​អូគីណាវ៉ា​ដើម្បី​ឆ្លើយ​តប​ដ៏​ឆាប់​រហ័ស​ទៅ​នឹងការ​គំរាម​កំហែង​ក្នុង​តំបន់​ហើយ​និង​ផ្តល់​ជំនួយគ្រោះ​មហន្តរាយ​ផ្សេងៗ៕

XS
SM
MD
LG