ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​មេធាវី​ជប៉ុន​ស្នើ​ឱ្យ​អាជ្ញាធរ​ក្រុងតូក្យូ​បញ្ឈប់​ការអភិវឌ្ឍន៍​ក្នុង​ឧទ្យាន​មួយ


រូបឯកសារ៖ ទិដ្ឋភាពនៃឧទ្យាន Jingu Gaien ដែលកំពុងត្រូវបានស្ថាបនា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ទិដ្ឋភាពនៃឧទ្យាន Jingu Gaien ដែលកំពុងត្រូវបានស្ថាបនា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤។

ស​មាគម​មេធាវី​ជប៉ុនជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​តូក្យូ​ផ្អាកការអភិវឌ្ឍន៍ឧទ្យានដ៏​មានប្រជាប្រិយភាព​មួយ​ឡើងវិញ​ ដោយ​និយាយថា ការវាយ​តម្លៃ​ខាងបរិស្ថាន​ដោយអ្នក​អភិវឌ្ឍន៍មិនមាន​គោលដៅ​ច្បាស់លាស់​និង​ខ្វះ​លក្ខណៈ​វិទ្យាសាស្ត្រ។

អាជ្ញាធរ​ក្រុង​តូក្យូកាលពី​ខែ​កុម្ភៈ ឆ្នាំ២០២៣ បាន​យល់ព្រម​ដល់គម្រោងអភិវឌ្ឍន៍ឧទ្យាន Jingu Gaien ឡើងវិញ​ ដោយ​ផ្អែក​លើការ​វាយតម្លៃខាងបរិស្ថាន​ស្នើដោយ​អ្នក​អភិវឌ្ឍន៍ ដោយ​អនុញ្ញាតឱ្យមាន​ការចាប់ផ្តើមការ​កសាង។

ផែនការនេះ​ទាក់ទិននឹង​ការ​វាយ​ចោលកីឡាដ្ឋាន baseball ល្បីឈ្មោះ​មួយ​និង​កសាង​វា​ជា​ថ្មី​ជា​ផ្នែកមួយនៃ​គម្រោងការ​កសាង​ធំមួយដែល​ក្រុមអ្នករិះគន់​និយាយ​ថា​នឹង​គំរាមកំហែង​ដើមឈើរាប់ពាន់ដើមនៅ​ក្នុង​ក្រុង​នេះដែលមានដើម​ឈើ​តិច។

ក្រុមអ្នកជំនាញខាងក្រៅរាប់រយ​នាក់ រូមមានស្ថាបត្យករ អ្នកបរិស្ថាននិងក្រុម​គ្រូបង្រៀន​សាកលវិទ្យាល័យ​ បាន​ទាមទារ​ឱ្យ​ផ្អាក​គម្រោងការនេះ​នៅ​ក្នុង​លិខិតចំហ​និងយុទ្ធនាការ​ដាក់ញត្តិ។

ក្រុម​អ្នក​អភិវឌ្ឍន៍រួម​មាន​ ក្រុមហ៊ុន​អចលនទ្រព្យ Mitsui Fudosan ទីសក្ការៈបូជា Meiji Jingu ក្រុមហ៊ុន Itochu Corp. និង​ក្រុមប្រឹក្សា​កីឡាជប៉ុនដែល​ជាសាខារបស់រដ្ឋាភិបាល។

នៅ​ក្នុងការជំទាស់​ថ្មីៗបំផុត​ប្រឆាំង​គម្រោងការនេះ សហព័ន្ធសមាគមមេធាវីជប៉ុនបានចេញផ្សាយ​សេចក្តី​ថ្លែងការណ៍មួយកាលពី​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនាដែល​ក្រុម​មេធាវី​នេះនិយាយថា ការវាយតម្លៃខាង​បរិស្ថាននេះខ្វះ​ទិន្នន័យ ហើយបាន​ប្រើវិធី​ស្រាវជ្រាវមិនត្រឹមត្រូវ។

រូបឯកសារ៖ ទិដ្ឋភាពនៃឧទ្យាន Jingu Gaien ដែលកំពុងត្រូវបានស្ថាបនា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ទិដ្ឋភាពនៃឧទ្យាន Jingu Gaien ដែលកំពុងត្រូវបានស្ថាបនា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍នេះចែងថា ជា​ឧទាហរណ៍មួយ របាយការណ៍នេះ​របស់​អ្នក​អភិវឌ្ឍន៍មិនបាន​និយាយ​អំពី​ស្ថានភាព​ដើមឈើ gingko ទេ ទោះជា​ក្រុម​បរិស្ថាន​មួយជា​សាខាអង្គការ​សហប្រជាជាតិបាន​រកឃើញ​ពី​ស្ថានភាព​ចុះ​ថមថយនៃ​សុខភាព​ដើម​ឈើ gingko នៅ​ក្នុង​តំបន់នោះក៏ដោយ។ ក្រុមអ្នក​បរិស្ថានថ្លែងថា អគារខ្ពស់ៗ​គ្រោង​នឹងសាងសង់ឡើង​ដែល​ជា​ផ្នែកមួយនៃ​ការអភិវឌ្ឍន៍​នេះ ស្ថិត​នៅជិតពេកនឹង​ដើមឈើ gingko។

សមាគម​មេធាវីនេះបានថ្លែងថា​ សាខា​ក្នុងប្រទេស​ជប៉ុន​នៃ​ក្រុមប្រឹក្សា​អន្តរជាតិខាង​អគារ​និង​វិមាន​អនុស្សាវរីយ៍ ​ឬ ICOMOS ដែលបានចេញ​ផ្សាយ «ការឱ្យប្រុងប្រយ័ត្នអំពី​កេរ្តិ៍ដំណែល»​ ឬ «heritage alert» សម្រាប់​តំបន់ Gaien នៃក្រុងតូក្យូ មិន​ត្រូវ​បានអញ្ជើញ​ឱ្យចូលរួម​ក្នុងការប្រជុំវាយតម្លៃ​ខាងបរិស្ថាន​ទេ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយថា៖ «យើងមិន​ចាត់ទុក​ថា​របាយការណ៍នេះ​មាន​គោលដៅ​ច្បាស់លាស់ឬ​មាន​លក្ខណៈ​វិទ្យាសាស្ត្រទេ»។

សេចក្តី​ថ្លែងការណ៍​នេះបាន​សុំ​ដល់អាជ្ញាធរ​ក្រុង​តូក្យូឱ្យផ្អាក​គម្រោងការនេះ សុំ​ឱ្យអ្នកអភិវឌ្ឍដាក់ស្នើការវាយ​តម្លៃខាងបរិស្ថានជា​ថ្មី​ ហើយ​សុំ​ឱ្យគណៈកម្មការមួយ​នៃពួក​អ្នកជំនាញ​ខាង​ស៊ើបអង្កេតពិនិត្យ​មើលឡើងវិញ​ផង​ដែរ។

អភិបាលក្រុង​តូក្យូ​ លោក​ស្រី Yuriko Koike បាន​និយាយ​ប្រាប់​សន្និសីទកាសែត​មួយ​កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា​ថា ​លោកស្រី​មិនបានដឹង​អំពី​សេចក្តី​លម្អិត​នៃ​សេចក្តីថ្លែងការណ៍​របស់​សមាគម​មេធាវីទេ ប៉ុន្តែ​លោកស្រីបានការពារ​ការយល់ព្រម​កាលពីឆ្នាំ ២០២៣ នៃ​រដ្ឋាភិបាលក្រុងដល់​ផែនការអភិវឌ្ឍន៍​នេះថា​សមស្រប៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG